en     km
en     km

ADB  ៖ សេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០១៧- ២០១៨នឹងកើនឡើងជាងឆ្នាំមុន

Share

 

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃនេះ   បានបង្ហាញថា សេដ្ឋកិច្ចកម្ពុជា និងបន្ដកើនឡើងខ្លាំងនៅឆ្នាំ ២០១៨ ខណៈដែលធនាគារមួយនេះ បានអះអាងថា សេដ្ឋកិច្ច​កម្ពុជា ឆ្នាំ ២០១៧ កើនឡើងជាងឆ្នាំមុន។

តាមការធ្វើបច្ចុប្បន្នភាពរបាយការណ៍សេដ្ឋកិច្ចប្រចាំឆ្នាំរបស់ខ្លួនដែលមានឈ្មោះថា ទស្សនៈវិស័យអភិវឌ្ឍន៍អាស៊ី (ADB) ឆ្នាំ ២០១៧ ធនាគារនេះបានបន្ដរក្សាការព្យាករកំណើនសេដ្ឋកិច្ចក្នុងអត្រាខ្ពស់ជាងឆ្នាំមុនបន្ថិច ពោលគឺ ៧,១ % សម្រាប់ឆ្នាំ ២០១៧ និង ២០១៨ ស្របតាមកំណើនដ៏ខ្លាំងក្លា ដែលសម្រេចបាននៅតាមប្រទេសកំពុងអភិវឌ្ឍនៅអាស៊ី និងការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់បណ្ដាប្រទេសឧស្សហកម្មធំៗ។

លោក Samiuela Tukuafu នាយកធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជាមានប្រសាសន៍ថា ៖«សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាបន្ដមានកំណើនក្នុងសន្ទុះដ៏ខ្លាំងមួយ ដោយសារមានការជម្រុញពីការធ្វើពិពិធកម្មការនាំចេញ កំណើនខ្ពស់នៃវិស័យសំណង់និងទេសចរណ៍ អាកាសធាតុមានលក្ខណៈអំណោយផល និងគោលនយោបាយសារពើពន្ធដែលជួយជម្រុញកំណើនសេដ្ឋកិច្ច»។

លោកមានប្រសាសន៍បន្ដទៀតថា “ការបន្ដរក្សានិរន្ដភាពកំណើនសេដ្ឋកិច្ចឲ្យនៅតែខ្ពស់ប្រកប ដោយបរិយាប័ន្ន និងការកាត់បន្ថយភាពក្រីក្រ និងភាពងាយរងគ្រោះរបស់ប្រជាពលរដ្ឋ គឺ ពឹងអាស្រ័យលើលទ្ធភាពរបស់ប្រទេសកម្ពុជា ក្នុងការបន្ដរក្សាសមត្ថភាពប្រកួតប្រជែងរបស់ខ្លួន តាមរយៈការបង្កើនផលិតភាពនៃកម្លាំងពលកម្ម”

បើតាមទិន្នន័យរបស់គយ ការនាំចេញទំនិញកើនឡើង ៧,៧ % ហើយការនាំចូលកើនឡើង ៨,១ % ក្នុងឆមាសទីមួយឆ្នាំ ២០១៧ ខណៈពេលដែលទិន្នន័យជញ្ជីងទូទាត់បង្ហាញថា ការនាំចេញទំនិញកើនឡើង ២០,៧% ហើយការនាំចូលកើនឡើង១១,១% ។

ឱនភាពសម្រាប់ឆ្នាំនេះ និងឆ្នាំក្រោយ ដោយមិនទាន់គិតបញ្ចូលការផ្ដល់ជំនួយឥតសំណងថយចុះពី ១០,៨ % នៃផសស ក្នុងឆ្នាំ ២០១៦​ប៉ុន្ដែកើនលើសការព្យាករក្នុងរបាយការណ៍ទស្សនៈវិស័យអភិវឌ្ឍន៍អាស៊ីឆ្នាំ ២០១៧ បន្ដិច។

និន្នាការសារពើពន្ធក្នុងរយៈពេល ៦ខែ ដំបូងនៃឆ្នាំ ២០១៧ នៅបន្ដបង្ហាញពីការរក្សាភាពប្រុងប្រយ័ត្ន និងផ្ដល់ការគាំទ្រយ៉ាងទូលំទូលាយដល់កំណើនសេដ្ឋកិច្ច ទៅតាមអ្វីដែលបានគ្រោងទុកក្នុងច្បាប់ថវិកាឆ្នាំ ២០១៧ ហើយឱនភាពសារពើពន្ធ សម្រាប់ឆ្នាំ ២០១៧ នឹងមានអត្រាកៀកទៅនឹងចំណុចដែលបានកំណត់ក្នុងច្បាប់ថវិកាពោលគឺប្រហាក់ប្រហែលនឹង ៤,៣ % នៃផសស។

បន្ទាប់ពីការអនុវត្តវិធានការប្រុងប្រយ័ត្នកម្រិតម៉ាក្រូសេដ្ឋកិច្ច ដោយធនាគារជាតិនៃកម្ពុជា កំណើនឥណទានធនាគារផ្ដល់ដល់វិស័យឯកសជនបន្ដថយចុះមកនៅអត្រា ១៦,៥% ក្នុងខែមិថុនា ឆ្នាំ២០១៧ បើធៀបនឹងអត្រា ២៨,១% កាលពីខែមិថុនា ឆ្នាំ ២០១៦។

តាមនាយកធនាគារអភិវឌ្ឍន៍អាស៊ី គឺធនាគារនេះ កំពុងពង្រីកការផ្ដល់ជំនួយយដល់ប្រទេសកម្ពុជា ចាប់ពីឆ្នាំនេះ តទៅដើម្បីជួយដល់រដ្ឋាភិបាលក្នុងការបង្កើនផលិតភាព អភិវឌ្ឍខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងវិស័យកសិកម្ម បង្កើនការភ្ជាប់ទំនាក់ទំនងក្នុងតំបន់ បន្ដលើកកម្ពស់ការអប់រំកម្រិតមូលដ្ឋាន និងជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ក៏ដូចជាបង្កើនចំណាយសម្រាប់ទ្រទ្រងដល់ការអភិវឌ្ឍសំដៅបន្ដកែលំអការផ្ដល់សេវាសាធារណៈ៕

Share

Image
Image
Image