en     km
en     km

ACF​ ប្រគល់​រង្វាន់​ជូន​ក្រុម​ផលិត​ខ្សែភាពយន្ដ​អប់រំ​ខ្នាត​ខ្លី​ស្ដី​ពី​ “​ដំណោះស្រាយ​វិវាទ​ការងារ​”

Share

​ភ្នំពេញ​ ៖​ ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ ហៅ​កាត់​ថា​ ACF​ នៅ​ថ្ងៃ​ទី​១០​ ខែតុលា​ នេះ​ បាន​រៀបចំ​ពិធី​ប្រគល់​រង្វាន់​ជ័យ​លា​ភី​ ជូន​ក្រុម​ផលិតករ​ ដែល​ផលិត​ខ្សែភាពយន្ដ​អប់រំ​ខ្នាត​ខ្លី​ មាន​ចំណងជើង​ថា​ “​គ្រូ​អាគម​”​ ។​ ក្រុម​ផលិត​មាន​សមាជិក​ ០៨​ រូប​ ស្ដ្រី​០៤​រូប​។​ ពួក​គេ​សង្ឃឹមថា​ កម្មករ​ កម្មការិនី​ និយោជិត​ និង​និយោជក​ ក្រោយ​ពី​បាន​មើល​ខ្សែភាពយន្ដ​អប់រំ​ខ្នាត​ខ្លី​នេះ​ហើយ​ ពួក​គេ​នឹង​រួម​គ្នា​ដោះស្រាយ​វិវាទ​ការងារ​ ដោយ​សន្ដិវិធី​ ស្រប​តាម​ច្បាប់​ការងារ​កម្ពុជា​ ពិសេស​គឺ​ស្វែងរក​អន្ដរាគមន៍​ពី​ក្រសួង​ការងារ​ ឬ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ ដែល​មាន​ភារៈ​ដោះស្រាយ​វិវាទ​ការងា​រួម​។​ លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ព័ត៌មាន​នេះ​ ៖



​ពិធី​ប្រគល់​ពានរង្វាន់​ជូន​ម្ចាស់​ជ័យ​លា​ភី​ ដែល​ផលិត​ខ្សែភាពយន្ដ​អប់រំ​ខ្នាត​ខ្លី​ លើកទឹកចិត្ដ​ដល់​កម្មករ​ និយោជិត​ និង​ន​យោជក​ ឲ្យ​ដោះស្រាយ​វ​វិវាទ​ការងារ​រួម​ដោយ​សន្ដិវិធី​នេះ​គឺ​ប្រារព្ធ​ឡើង​នៅ​ទីស្នាក់ការ​ ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ នៅ​រាជធានី​ភ្នំពេញ​។​ ជាង​នេះ​ខ្សែភាពយន្ដ​អប់រំ​ខ្នាត​ខ្លី​នេះ​ ក៏​បាន​បង្ហាញ​ពី​ទីកន្លែង​ដែល​ផ្ដល់​សេវា​ ដោះស្រាយ​វិវាទ​ការងារ​ ដោយ​ឯករាជ្យ​ និង​ឥត​បង់ថ្លៃ​ ជួន​ដល់​កម្មករ​ និយោជិត​ និង​និយោជក​ ផង​ដែរ​ នោះ​គឺ​ “​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​”​។​ តាម​លោក​ ម៉ែ​ន​ និម្មិត​ នាយក​ប្រតិបត្ដិ​ នៃ​មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ មូល​ដែល​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​រៀបចំ​ឲ្យ​មានការ​ប្រកួត​ បង្កើត​ជា​ខ្សែភាពយន្ដ​អប់រំ​ខ្នាត​ខ្លី​នេះ​ឡើង​ ព្រោះតែ​វា​មាន​អត្ថប្រយោជន៍​ច្រើន​ក្នុង​ការ​ផ្ដល់​ព័ត៌មាន​ទៅ​គ្រប់​ទីកន្លែង​ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ ពិសេស​កម្មករ​ កម្មការិនី​ និយោជិត​ និង​និយោជក​ បានដឹង​កាន់តែ​ច្បាស់​ពី​កន្លែង​ដើម្បី​ផ្ដល់​សេវា​ដោះស្រាយ​វិវាទ​ការងារ​រួម​ជួន​ពួក​គេ​ដោយ​ឥត​បង់ថ្លៃ​។​

​ការ​បង្កើត​កម្មវិធី​ ផលិត​ខ្សែភាពយន្ដ​អប់រំ​ខ្នាត​ខ្លី​នេះ​គឺជា​លើក​ដំបូង​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ ដែល​ស្ថាប័ន​ដោះស្រាយ​វិវាទ​ការងារ​រួម​ជួន​កម្មករ​មួយ​នេះ​ ក៏​មាន​គម្រោង​បង្កើត​កម្មវិធី​ដូច​គ្នា​នេះ​តទៅ​ឆ្នាំ​ក្រោយៗ​ទៀត​ផង​ដែរ​។​

លោក ម៉ែន និម្មិត នាយកប្រតិបត្ដិ នៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល

​លោក​ ម៉ែ​ន​ និម្មិត​ បង្ហាញ​ក្ដី​សង្ឃឹមថា​ នឹង​មានការ​ចូលរួម​ទាំងអស់​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ជួន​កម្មករ​ កម្មការិនី​ និយោជិត​ និង​និយោជក​ ដោយ​សន្ដិវិធី​ ប្រយោជន៍​ដើម្បី​ទាក់ទាញ​ការ​ចូល​វិនិយោគ​ក្នុង​ប្រទេស​កាន់តែ​ច្រើន​ដើម្បី​ជួយ​ពង្រីក​ការ​អភិវឌ្ឍន៍​ក្នុង​ប្រទេស​។​

​ក្រុម​ផលិតករ​ ដែល​បាន​បញ្ជូន​ខ្សែភាពយន្ដ​អប់រំ​ខ្នាត​ខ្លី​ ទៅ​ចូលរួម​ប្រកួតប្រជែង​នៅ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​នា​ពេល​នេះ​ គឺ​មាន​ចំនួន​ ៨​ក្រុម​ ក៏​ប៉ុន្ដែ​ជាប់​បាន​ត្រឹមតែ​ ៤​ក្រុម​ប៉ុណ្ណោះ​។​ គណៈកម្មការ​ពិនិត្យ​ឃើញ​ថា​ ខ្លឹមសារ​ នៃ​ខ្សែភាពយន្ដ​អប់រំ​ខ្នាត​ខ្លី​ទាំង​ ៤​នោះ​ គឺ​ឆ្លុះ​បញ្ចាំ​ពី​ភាព​ជាក់ស្ដែង​នៃ​សកម្មភាព​របស់​ កម្មករ​ កម្មការិនី​ និង​និយោជិត​ ខណៈ​ពួក​គេ​មាន​ទំនាក់​ការងារ​។​
​ក្រុម​ដែល​ទទួល​ជ័យ​លា​ភី​លេខ​ ១​សម្រាប់​ការ​ប្រកួត​ផលិត​ ខ្សែភាពយន្ដ​អប់រំ​ខ្នាត​ខ្លី​ ក្នុង​ចំណោម​ ៤​ក្រុម​ចុង​ក្រោយ​នេះ​ គឺ​បាន​ទៅ​លើ​ក្រុម​របស់​លោក​ វណ្ណ​ ស៊ី​ដា​រ៉ូ​ ដែល​ជា​ផលិតករ​វ័យក្មេង​ មាន​សមាជិក​ ៨​រូប​ ស្ដ្រី​ ៤​រូប​។​

​ក្រុម​ម្ចាស់​ជ័យ​លា​ភី​លេខ​ ១​ លើ​ការ​ផលិត​ខ្សែភាពយន្ដ​អប់រំ​ខ្នាត​ខ្លី​នេះ​ មាន​ចំណងជើង​ថា​ “​គ្រូ​អាគម​”​។​ វិ​ដេ​អូ​នេះ​ បាន​រៀបចំ​ឡើង​ដោយ​ប្រើប្រាស់​ ទ​ង្វើ​ជា​ញឹកញាប់​របស់​កម្មករ​ កម្មការិនី​ និយោជិត​ ដែល​តែងតែ​ធ្វើ​ខណៈ​ពួក​គេ​មាន​វិវាទ​ការងារ​ណាមួយ​កើតឡើង​។​

លោក វណ្ណ ស៊ីដារ៉ូ ប្រធានក្រុមផលិតខ្សែភាពយន្ដខ្នាតខ្លីដែលទទួលជ័យលាភី

​លោក​ វណ្ណ​ ស៊ី​ដា​រ៉ូ​ ប្រធាន​ក្រុម​ផលិត​ខ្សែភាពយន្ដ​អប់រំ​ខ្នាត​ខ្លី​មួយ​នេះ​ បាន​ឲ្យ​ដឹង​ថា​ ការ​ចូលរួម​ប្រកួត​ផលិត​ខ្សែភាពយន្ដ​អប់រំ​ខ្នាត​ខ្លី​ ស្ដី​ពី​ កន្លែង​ផ្ដល់​សេវា​ដោះ​ស្រាវ​វិវាទ​ការងារ​ សម្រាប់​កម្មករ​ និយោជិត​ និង​និយោជក​នេះ​ ពីព្រោះ​តែ​លោក​ចង់​ចូលរួម​លើកទឹកចិត្ដ​ដល់​ គ្រប់​ភាគី​ ដែល​មាន​វិវាទ​ការងារ​រួម​ ឲ្យ​ស្វែងរក​ដំណោះស្រាយ​ ដោយ​សន្ដិវិធី​ តាម​រយៈ​ក្រសួង​ការងារ​ ឬ​ក៏​តាម​រយៈ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​។​

​យ៉ាងណា​ផលិតករ​វ័យក្មេង​លោក​ វណ្ណ​ ស៊ី​ដា​រ៉ូ​ សង្ឃឹមថា​ ក្រោយ​ពេល​ដែល​កម្មករ​ កម្មការិនី​ និយោជិត​ ក៏​ដូច​ជា​និយោជក​ បាន​មើល​ខ្សែភាពយន្ដ​អប់រំ​ខ្នាត​ខ្លី​នេះ​ហើយ​ ពួក​គេ​នឹង​បញ្ឈប់​សកម្មភាព​ដោះស្រាយ​ទំនាស់​ដោយ​ហិង្សា​ ហើយ​ងាក​មក​រក​ដំណោះស្រាយ​តាម​សន្ដិវិធី​វិញ​។​

​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដា​គឺជា​ស្ថាប័ន​ឯករាជ្យ​ត្រីភាគី​មួយ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០០៣​ ដើម្បី​ដោះស្រាយ​វិវាទ​ការងារ​រួម​ ជួន​កម្មករ​ ។​ ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​គឺជា​ស្ថាប័ន​តែ​មួយ​ដំបូង​គេ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ផ្ដល់​សេវា​ដោះស្រាយ​វិវាទ​ការងារ​រួម​ដោយ​មិន​គិតថ្លៃ​។​ កម្មករ​ និយោជិត​ និង​ន​យោជក​ ទទួល​បាន​ជំនួយ​ដោយ​ផ្ទាល់​ពី​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ ក្នុង​ការ​ដោះស្រាយ​វិវាទ​ការងារ​របស់​ពួក​គេ​។​ ការ​សម្របសម្រួល​ និង​ការ​ធ្វើ​អាជ្ញាកណ្ដាល​ជា​កិច្ចការ​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ ដើម្បី​ធានា​នូវ​សុ​ខុ​ដុម​នី​យ​កម្ម​ និង​ទំនាក់ទំនង​ល្អ​នៅ​កន្លែងធ្វើការ​៕​

Share

Image
Image
Image