en     km
en     km

ព័ត៌មានសម្ងាត់ជាចំណុចស្មុគស្មាញក្នុងសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន

Share

ភ្នំពេញ៖ ស្របពេលដែលក្រសួងព័ត៌មាន គ្រោងបញ្ចប់ការពិភាក្សាមាត្រានីមួយៗក្នុងសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាននៅចុងឆ្នាំ២០១៧ នេះ មន្ត្រីជាន់ខ្ពស់ក្រសួងបានឱ្យដឹងថា សេចក្តីព្រាងច្បាប់នេះមានភាពស្មុគស្មាញខ្លាំងត្រង់ចំណុចព័ត៌មានសម្ងាត់។ ការលើកឡើងនេះ នៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីសិទ្ធិទទួលបានព័ត៌មាន ដល់អ្នកសារព័ត៌មាននៅវិទ្យាស្ថានសារគមនាគមន៍កម្ពុជា នាព្រឹកថ្ងៃទី១៨⁣ ខែតុលា⁣នេះ ។

សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន មានប្រាំបួនជំពូក ៣៦មាត្រា ផ្តើមពង្រាងឡើងនៅក្នុងឆ្នាំ២០១៤ ហើយគ្រោងបញ្ចប់ការពិភាក្សាលើពង្រាងនេះនៅចុងឆ្នាំ⁣២០១៧ ។ ត្រង់មាត្រា២០ ជំពូក៤ នៃសេចក្តីព្រាងច្បាប់នេះ ចែងអំពីព័ត៌មានសម្ងាត់។ មាត្រានេះចែងថា ស្ថាប័នសាធារណៈអាចបដិសេធ⁣ មិនផ្តល់ព័ត៌មានដល់សាធារណជន ប្រសិនបើព័ត៌មាននោះបណ្តាលឲ្យអន្តរាយដល់សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ អន្តរាយដល់ទំនាក់ទំនងជាមួយប្រទេសដទៃ អន្តរាយដល់ស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈជាតិ។ 

លោក អ៊ុក គឹមសេង អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន មានប្រសាសន៍ថា⁣ រហូតមកដល់ពេលនេះ ក្រសួងបានពិភាក្សាលម្អិតទៅលើមាត្រនីមួយៗក្នុងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន ប៉ុន្តែជំពូក៤ នៃសេចក្តីព្រាងច្បាប់នេះមានលក្ខណៈស្មុគស្មាញខ្លាំង ទាមទារឱ្យក្រសួងសិក្សាស្រាវជ្រាវ និងស្វែងរកអ្នកជំនាញពិភាក្សាលើបញ្ហាទាំងអស់នេះ។

លោកបានបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាននេះ នឹងគ្របដណ្តប់ស្ទើរគ្រប់វិស័យទាំងអស់ ដែលតម្រូវឱ្យក្រសួងកំណត់ឱ្យច្បាស់ពីអ្វីដែលហៅថាព័ត៌មានសម្ងាត់ និងព័ត៌មានដែលមិនអាចផ្សព្វផ្សាយជាសាធារណៈបាន។ ទន្ទឹមគ្នានេះ អ្នកនាំពាក្យក្រសួងព័ត៌មានរូបនេះ ជឿជាក់ថា⁣ក្រសួងព័ត៌មាន និងស្ថាប័នពាក់ព័ន្ធទាំងអស់ដែលរៀបចំតាក់តែងពង្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន រួមមានអង្គការ យូណេស្កូ ជាដើម នឹងរៀបចំខ្លឹមសារលម្អិតពីព័ត៌មានសម្ងាត់ឱ្យស្របតាមលក្ខណៈរបស់ស្ថាប័ននានានៅកម្ពុជា⁣ ដោយគោរពតាមបទដ្ឋានច្បាប់អន្តរជាតិ ។

សូមបញ្ជាក់ថា⁣ ច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន ដែលកំពុងស្ថិតនៅក្នុងពង្រាងនេះ គោលបំណងធានាឲ្យសាធារណជនគ្រប់រូបមានសិទ្ធិ និងសេរីភាពក្នុងការទទួលព័ត៌មាន។ ក្នុងនោះដែរច្បាប់នេះ ចែងពីភារកិច្ចដែលស្ថាប័នសាធារណៈនានាត្រូវផ្តល់ និងធ្វើការផ្សព្វផ្សាយព័ត៌មានជាសាធារណៈ ដោយអនុលោមតាម រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា១៩ នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស៕

Share

Image
Image
Image