en     km
en     km

ស្រ្តីមេដឹកនាំសហគមន៍មួយនៃខេត្តសៀមចាប់ផ្ដើមមានឥទ្ធិពលក្នុងការប្រាស់សិទ្ធិរបស់ពួកគេ

Share

ក្រុងសៀមរាប៖ ក្រុមស្រ្តីជាអ្នកដឹកនាំនៅក្នុងសហគមន៍មួយនៅខេត្តសៀមរាប យល់ឃើញថា សំឡេងស្រ្តីនៅក្នុងសហគមន៍របស់ពួកគាត់​ ហាក់មានឥទិ្ធពលច្រើន។ មានន័យថាបញ្ហាដែលស្រ្តីក្នុងសហគមន៍លើកឡើងគឺទទួលបានការយកចិត្តទុកដាក់ និង ការដោះស្រាយ ។ការចេះប្រើ់ប្រាសសិទ្ធិរបស់ក្រុមស្រ្តីទាំងនោះបន្ទាប់ពួកគាត់ទទួលបានការបណ្តុះបណ្តាលជំនាញផ្សេងៗ រៀបចំដោយអង្គការបន្ទាយស្រី។

ក្រុមស្រ្តីជាអ្នកដឹកនាំនៅក្នុងសហគមន៍ដូនអុន ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប បានលើកឡើងថា សេរីភាពនៃការបញ្ជេញមតិ និង សំឡេងស្រ្តីនៅក្នុងសហគមន៍ហាក់មានភាពប្រសើរមួយកម្រិត បន្ទាប់ពី ក្រុមស្រ្តីជាអ្នកដឹកនាំបានចូលក្នុងវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ វគ្គបណ្តុះបណ្តាលជំនាញប្រាស្រ័យទាក់ទង និង វគ្គបណ្តុះបណ្តាលផ្សេងៗ ដែលរៀបចំដោយអង្គការបន្ទាយស្រី ក្រោមជំនួយថវិការរបស់សហភាពអឺរ៉ុប។ ​​​​​​​​​​​​​​​​​​​​​​​

ក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មានវិទ្យុស្រ្តី អ្នកស្រី ឆាយ សាត​ ជាជំទប់ទី២នៃឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប បាននិយាយថា ស្រ្តីនៅក្នុងសហគមន៍ហាក់មានទំនុកច្រើនជាងមុន ដោយទទួលបានចំណាប់អារម្មណ៍ និង ការយកចិត្តទុកដាក់នូវកង្វល់ដែលស្រ្តីលើកឡើង ក៏ដូចជាការដោះស្រាយបញ្ហា បន្ទាប់ពីស្រ្តីនៅក្នុងសហគមន៍ បង្ហាញពីភាពខ្នះខ្នែង ក្លាហាន និង វៀងវៃក្នុងការដឹកនាំសហគមន៍មិនចាញ់អ្នកដឹកនាំជាបុរស។

ស្រ្តីជាជំទប់ទី២ រូបនេះ លើកឡើងថា៖ «ពេលដែលខ្ញុំទទួលយកមក (ចំណេះដឹងវគ្គបណ្តុះបណ្តាលពីអង្គការបន្ទាយស្រី) គឺខ្ញុំយកទៅផ្សព្វផ្សាយទៅដល់ស្រ្តីចាស៎។ដូចខ្ញុំទទួលបន្ទុកកិច្ចការនារី និង​ កុមារ ថ្នាក់ឃុំ គឺខ្ញុំចុះញឹកជាងគេ ព្រោះការងារយើងគឺផ្តោតទៅលើ រឿងអត្រានុកូលដ្ឋាន ចាស៎។អញ្ជឹង យើងបានផ្សព្វផ្សាយដល់សហគមន៍ ឲ្យពលរដ្ឋក្នុងសហគមន៍បានយល់ដឹងចាស៎! ហើយរឿងដែលខ្ញុំបានជំនាញចំណេះនេះមក ពេលនិយាយទៅគេស្តាប់ ហើយគេនិយាយថា យី! យាយនេះ និយាយបានល្អ ហើយពន្យល់ក្បោះក្បាយទៀត អញ្ជឹងហើយ បានយើងថា ស្រ្តីមានភាពស្មើគ្នាជាមួយបុរស។»

អ្នកស្រីបានសរសើរដល់សកម្មភាពរបស់អង្គការបន្ទាយស្រីថា ចាប់តាំងពីអង្គការនេះបានចូលមកដល់សហគមន៍របស់អ្នកស្រី គឺស្រ្តីភាគច្រើនយល់ដឹងពីសិទ្ធិ និង ការដឹកនាំនៅក្នុងសហគមន៍។ អ្នកស្រីថា ស្រ្តីភាគច្រើននៅក្នុងសហគមន៍មានអាជីព ក្នុងការដឹកនាំនៅក្នុងសហគមន៍ ដែលអ្នកស្រីថា បន្ទាប់ពីវត្តមានរបស់អង្គការបន្ទាយស្រីបានចូលមកដល់សហគមន៍របស់អ្នកស្រី។អ្នកស្រីបញ្ជាក់ថា សំឡេងស្រ្តីនៅក្នុងសហគមន៍ចាប់ផ្ដើមមានឥទិ្ធពល ហើយ។  

សំឡេង អ្នកស្រី ឆាយ សាត៖  «ចាស៎! ខ្ញុំសូមសរសើរសកម្មភាពអង្គការបន្ទាយស្រី ស្រ្តីឥឡូវមានការងារធ្វើ ក្លាហាន ហ៊ាននិយាយ មិនដូចចាស់ពីជំនាន់មុនថា ស្រ្តីវិលតែចង្ក្រាន្តមិនជុំ។ តែឥឡូវស្រ្តីគេមានសហគមន៍របស់គេ ខ្លះជាជំទប់ដូចខ្ញុំ ខ្លះជាមេឃុំ ខ្លះទៀតបង្កើតបានសហករស្រូវ ហើយនេះហើយគឺជាអ្វីដែលស្រ្តីអាចធ្វើបាន។»

មិនខុសគ្នាពីការលើកឡើងនេះ អ្នកស្រី សួន ម៉ន អ្នកស្ម័គ្រចិត្តថ្នាក់ឃុំនៃឃុំដូនកែ​វ បាននិយាយដោយមើលឃើញថា ការគោរព និងទទួលស្គាល់ការបញ្ចេញមតិរបស់សិទ្ធិស្រ្តី គឺមានភាពប្រសើរច្រើន តែមិនមែនមានន័យថា បាន១០០ ភាគរយពេញនោះទេ។

តែយ៉ាងណា​ អ្នកស្រីថា បច្ចុប្បន្ននេះ​រាល់ការបញ្ជេញសិទ្ធិក្នុងការបញ្ជេញមតិ និង ការសម្រេចចិត្តរបស់ស្រ្តីនៅក្នុងសហគមន៍ ភាគច្រើនគឺទទួលបានការដោះស្រាយ និង ការយកចិត្តទុកដាក់ពីអ្នកដឹកនាំនៅក្នុងសហគមន៍ ជាពិសេស អ្នកដឹកនាំជាបុរស។

សំឡេង អ្នកស្រី សួន ម៉ន៖ «វគ្គបណ្តុះបណ្តាលបន្ទាយស្រី ហ្នឹងបង្រៀនខ្ញុំម្តងបន្តិចៗ ឲ្យក្លាយជាស្រ្តីរឹងមាំ ក្លាហាន ហើយរាល់ការបញ្ជេញជាសំឡេង មតិ និង គឺភាគច្រើនបានជោគជ័យ ដូចថាពេលខ្ញុំលើកនៅពេលអង្គប្រជុំថ្នាក់ឃុំរឿងកិច្ចការនារី ស្រ្តី ក្រីក្រ ហ្នឹងគឺមានដំណោះស្រាយចាស៎!»។

ក្រុមស្រី្តអ្នកដឹកនាំនេះចាត់ទុកវគ្គបណ្តុះបណ្តាលទាំងនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់ស្រ្តីនៅក្នុងសហគមន៍។ ស្ត្រីជាមេដឹកនាំសហគមន៍ទាំងនេះ ទទូចសុំឱ្យមានវគ្គបណ្តុះបណ្តាលនេះ ឲ្យបានជាប់លាប់ ដើម្បីជាប្រយោជន៍ក្នុងការបញ្ជ្រៀបការយល់ដឹងរបស់ស្ត្រីក្នុងការតស៊ូមតិ លើកកម្ពស់សំឡេងស្រ្តីនៅក្នុងសហគមន៍។

សូមបញ្ជាក់ថា អង្គការបន្ទាយស្រី ក្រោមការគាំទ្រពី សហភាពអឺរ៉ុប ក្នុងគម្រោងវគ្គបណ្តុះបណ្តាលដល់ស្រ្តីនៅក្នុងសហគមន៍ក្នុងនោះមានដូចជា វគ្គបណ្តុះបណ្តាលស្តីពីភាពជាអ្នកដឹកនាំ វគ្គបណ្តុះបណ្តាលស្តីពីការប្រាស្រ័យទាក់ទងរបស់ស្រ្តី វគ្គបណ្តុះបណ្តាលស្តីពីការគៀងគរពលរដ្ឋ និង ការបញ្ជ្រៀបព័ត៌មានដល់ពលរដ្ឋ និង វគ្គបណ្តុះបណ្តាលផ្សេងៗទៀត។ គម្រោងនេះ មានរយៈពេល ៣ ឆ្នាំ រាប់ចាប់ពីឆ្នាំ​២០១៦ ដល់ ឆ្នាំ ២០១៨។ 

អង្គការបន្ទាយស្រី គឺជាអង្គការខ្មែរមិនមែនរដ្ឋាភិបាលនៃកម្ពុជា ដែលមានបទពិសោធន៍ជាងម្ភៃឆ្នាំធ្វើការជាមួយស្ដ្រីកម្ពុជា និងសហគមន៍ក្រីក្រងាយ រងគ្រោះក្នុងតំបន់ជនបទ ដោយនាំមកនូវការកែប្រែទាំងផ្នែក នយោបាយ សេដ្ឋកិច្ចនិងសង្គម៕

Share

Image
Image
Image