en     km
en     km

ក្រសួងដែនដីរឹតបន្តឹងច្បាប់លើក្រុមហ៊ុននិងអ្នកប្រកបអាជីវកម្មសំណង់

Share

ភ្នំពេញ៖ យ៉ាងហោចណាស់ឱសានវាទចំនួនជិត ៣០ ចំណុចដែលក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញតាមរយៈសេចក្តីប្រកាសព័ត៌មាន ក្នុងការពង្រឹងលើការគ្រប់គ្រង ការគោរពច្បាប់ និងបទដ្ឋានបច្ចេក ទេស ដើម្បីធានានូវសុវត្ថិភាព គុណភាព និងសោភ័ណភាពនៃសំណង់។ យ៉ាងណាសង្គមស៊ីវិល មើលឃើញថា ការចេញវិធានការនេះ គ្រាន់តែជាការក្រើនរំលឹកតែប៉ុណ្ណោះ តែដើម្បីឱ្យប្រសិទ្ធភាពក្រសួង និងស្ថាប័នពាក់ព័ន្ធត្រូវហ៊ានចុះអនុវត្ត បង្ក្រាបឱ្យបានម៉ឹងម៉ាត់ចំពោះសំណង់ខុសច្បាស់ដែលមានខ្នងបង្អែកជាអ្នកមានអំណាច។

 (អត្ថបទដោយ៖ កែវ សុខា និង កញ្ញា ញឹក សំអូន ,រាយការណ៍ដោយ ញឹក សំអូន)

តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងដែនដីចេញផ្សាយកាលពីថ្ងៃទី០៤ កក្កដា ម្សិលមិញ បានដាក់ចេញនូវវិធានការណ៍រឹតបន្ដឹងជាង ៣០ចំណុច ក្នុងន័យពង្រឹងគុណភាពសំណង់ និងការសាងសង់នានា ជៀងវាងការបាក់រលំ បង្កការគ្រោះថ្នាក់ដល់អាយុជីវិត និងសុវត្ថិភាពប្រជាពលរដ្ឋ។

សំណង់ក្នុងបុរីមួយនៅរាជធានីភ្នំពេញ។

វិធានការ ឬឱសានវាទរបស់ក្រសួងដែនដី ក្នុងន័យដាស់តឿនដល់ក្រុមហ៊ុនប្រកបអាជីវកម្មសាងសង់ និងក្រុមជាងសំណង់ត្រូវបំពេញកាតព្វកិច្ច និងលក្ខខណ្ឌច្បាប់ ស្តង់ដាបច្ចេកទេស និងក្រមសីលធម៌វិជ្ជាជីវៈ។ ក្រុមហ៊ុនរកស៊ីលើការសាងសង់ត្រូវមានអាជ្ញាប័ណ្ឌពីក្រសួងនិងស្ថាប័នពាក់ព័ន្ធ។ ក្រសួងក៏តម្រូវឱ្យក្រុមហ៊ុនរកស៊ីត្រូវមានកិច្ចសន្យាជាមួយម្ចាស់គម្រោង និងកិច្ចសន្យាជាមួយបុគ្គលិក និងកម្មករផងដែរ។ ក្នុងន័យនេះក្រុមហ៊ុនមិនត្រូវទទួលម៉ៅការសាងសង់សំណងដោយមិនមានលិខិតអនុញ្ញាតពីក្រសួងមានសមត្ថកិច្ចនោះឡើយ។

ក្រសួងក៏ក្រើនរំលឹកដល់ក្រុមហ៊ុន និងអ្នករកស៊ីលើការសាងសង់សំណង់ទាំងអស់ត្រូវមាន វិញ្ញាបនបត្រធានារ៉ាប់រងលើការដ្ឋានសំណង់ មានប្លង់បច្ចេកទេសត្រឹមត្រូវ ត្រូវធានាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងបរិស្ថាននៅការដ្ឋាន។ ត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចចុះត្រួតពិនិត្យសំណង់ជាប្រចាំ ហើយក្រុមហ៊ុនត្រូវទទួលខុសត្រូវចំពោះព្យសនកម្មដែលបង្កឡើងដោយប្រតិបត្តិការ ការងារសាងសង់ ឬការរុះរើរបស់ខ្លួន។

ការចេញវិធានការរបស់ក្រសួងដែនដីនេះ បន្ទាប់ពីមានហេតុការណ៍បាក់រលំអគារកម្ពស់ ៧ ជាន់នៅខេត្តព្រះសីហនុបានកើតឡើង ដែលបណ្តាលឱ្យមានអ្នកស្លាប់និងអ្នករងរបួស ជាច្រើននាក់ដែលកំពុងសម្រាកនៅលើអគារនោះ។

លោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេណ្យភាពសង្គមកម្ពុជា យល់ថា ការដាក់ចេញសេចក្តីប្រកាសព័ត៌មាននេះ គឺគ្រាន់តែជាការក្រើនរំលឹកដាស់តឿនដែលទំនងគ្មានប្រសិទ្ធភាពនោះទេ ពិសេសគឺមិនមានឥទ្ធិពលលើសំណង់ដែលជារបស់អ្នកអំណាច។ លោកបន្តថា ការបាក់រលំសំណង់អគារនាពេលកន្លងមក បានឆ្លុះបញ្ចាំយ៉ាងច្បាស់ពីភាពឆល្វែងរបស់ក្រសួង និងអាជ្ញាធរពាក់ព័ន្ធលើក្រុមហ៊ុនសំណង់ ដែលលោកចង់ឱ្យស្ថាប័នពាក់ត្រូវពង្រឹងវិធានការច្បាប់ពិសេសហ៊ានចុះបង្ក្រាបឱ្យទាន់ពេលវេលាចំពោះសំណង់ខុសស្តង់ដា ដើម្បីការពារផលប្រយោជន៍អ្នកវិនិយោគ និងប្រជាពលរដ្ឋ។

លោក សន ជ័យ​៖«នៅពេលដែលសំណង់មិនសូវបានត្រួតពិនិត្យបានម៉ាត់ចត់ ហើយការអនុវត្តច្បាប់ធូររលូង ធ្វើឱ្យអ្នកទិញអចលនព្រទ្យដូចជា សំណង់ ដីធ្លី ផ្ទះជាដើមហ្នឹង ជួបប្រទះការខាតបង់ ហើយវានាំមកនូវទុក្ខលំបាកក៏ដូចជាការខាតបង់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋដែរ។ ហើយការខាតបង់ផលប្រយោជន៍ធ្ងន់ធ្ងរ សម្រាប់អ្នកក្រ ហើយពេលខ្លះទៅបញ្ហាសំណង់ហ្នឹងវាជាឃាតករសម្លាប់មនុស្សដែរ ដូច្នេះយើងត្រូវបង្ការហានិភ័យសម្រាប់មនុស្ស​»។

កាលពីពេលថ្មីៗនេះ សំណង់មួយកម្ពស់ ៧ជាន់ នៅខេត្តព្រះសីហនុបានបាក់រលំបណ្តាលឱ្យមានអ្នកស្លាប់ចំនួន ២៨ ម្នាក់​និងអ្នករងរបួស ២៦ នាក់។ ហេតុការណ៍នេះអភិបាលខេត្តព្រះសីហនុដែលលាលែងពីដំណែងលោក យន្ត មីន បានដាក់ការស្តីបន្ទោសចំពោះក្រុមហ៊ុនសាងសង់សំណង់នេះ ថាបានសង់ល្មើសការអនុញ្ញាត ដោយសង់លើសពីរជាន់។

យោងតាមប្រភពព័ត៌មានក្នុងស្រុកដែលបានស្រង់សម្តីលោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងដែនដីក្នុងកិច្ចប្រជុំស្តីពីការសិក្សាគម្រោងប្លង់ និងសាងសង់អគារកាលពថ្ងៃម្សិលមិញថា ទុនវិនិយោគក្នុងវិស័យសំណង់កាលពីឆ្នាំ២០១៨ មានតម្លៃជាង ៥,២ ពាន់លានដុល្លារ និងផ្តល់ការងារដល់យុវជនជាង ២០ ម៉ឺននាក់។ ដោយឡែកសម្រាប់គម្រោងអគារខ្ពស់ៗនៅទូទាំងប្រទេសដោយរាប់ចាប់ពី ៥ជាន់ឡើងមានជាងមួយពាន់អគារ។ គម្រោងបុរីលំនៅឋាន និងបណ្តុំលំនៅឋានមិនមែនជាលក្ខណៈបុរីមាន ២៥៨ទីតាំង៕

Share

Image
Image
Image