loader

ពលរដ្ឋ​នៅ​ភ្នំពេញ​មួយ​ចំនួន​ចង់ទៅ​លេង​ស្រុក​កំណើត​ជា​ជាង​ទៅ​លេងតំបន់​ផ្សេង​ក្នុង​ថ្ងៃ​បុណ្យចូលឆ្នាំ​ខ្មែរ​(មានសំឡេង)

ភ្នំពេញ៖ នៅសល់តែពីរទៀតប៉ុណ្ណោះ ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនឹងចាប់ផ្តើម។ ស្របពេលជាមួយគ្នានេះ ពលរដ្ឋនៅរាជធានីភ្នំពេញមួយចំនួនមានផែនការរួចហើយ។ នោះគឺពួកគាត់នឹងទៅលេងស្រុកកំណើត ជាជាងទៅដំណើរកំសាន្ដនៅកន្លែងផ្សេង។កញ្ញា ជុំ ជោគជាតា ជូនសេេចក្ដីពិស្ដារ!

នៅថ្ងៃទី១៤ខែមេសា ឆ្នាំ២០១៨នេះ ពិធីចូលឆ្នាំប្រពៃណីខ្មែរនឹងមកដល់ហើយ។ ក្នុងផ្នត់គំនិតពលរដ្ឋខ្មែរភាគច្រើន ក្នុងឱកាសគឺជាពេលវេលាដែលពួកគេត្រូវទៅជួបជុំក្រុមគ្រួសារនៅឯស្រុកកំណើតមុននឹងចាប់ផ្តើមធ្វើដំណើរកំសាន្តទៅទីកន្លែងផ្សេងៗ។

នៅផ្សារ ៧មករា ខណ្ឌទួលគោក អ្នកស្រី ម៉ា លីស កំពុងអង្គុយលក់អង្ករហាក់ ដូចជា ចាប់ផ្តើមរាប់ថយក្រោយសំរាប់រង់ចាំអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។ សំរាប់ អ្នកស្រី ម៉ាលីស ការជួបជុំសមាជិកគ្រួសារ និងឱពុកម្តាយ គឺជាកាតព្វកិច្ចមួយក្នុងឱកាសចូលឆ្នាំខ្មែរនេះ។

អ្នកស្រី ម៉ា លីស៖«ទៅលេងប៉ាម៉ាក់ និងយកចង្ហាន់ទៅប្រគេនលោក »។

អ្នកស្រី ម៉ាលីស មានស្រុកកំណើតនៅស្រុកគីរីវង្ស ខេត្តតាកែវ ភាគខាងត្បូងរាជធានីភ្នំពេញ។

ប្រទេសកម្ពុជានឹងប្រារព្ធពិធីបុណ្យចូលឆ្នាំសំរាប់រយៈពេលបីថ្ងៃចាប់ពីថ្ងៃទី ១៤ ខែមេសា ដល់ថ្ងៃទី ១៦ ខែមេសា ។ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ គឺជាថ្ងៃឈប់សំរាកសំរាប់បុគ្គលិករដ្ឋ និងបុគ្គលិកក្រុមហ៊ុនឯកជននានា។ ប៉ុន្តែដោយសារការឈប់សំរាកនៃពិធីបុណ្យចូលឆ្នាំនៅថ្ងៃទី២ ចំថ្ងៃអាទិត្យ ដូច្នេះ រាជរដ្ឋាភិបាលបានសំរេចឲ្យមានការឈប់សំរាកជាផ្លូវការមួយថ្ងៃទៀតគឺនៅថ្ងៃអង្គារ៍ ទី១៧ ខែមេសា។

ឱកាសនៃការឈប់សំរាកមិនដូចគ្នាទេសំរាប់អ្នកជំនួញផ្សេងទៀត។

លោក ហៃ ម៉េង អ្នកបើកបររថយន្តឈ្នួលចល័ត រំពឹងថា លោកនឹងទទួលបានអតិថិជនច្រើនក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរដែលជាហេតុធ្វើឲ្យគាត់ពិបាកនឹងឆ្លៀតពេលសំរាប់ទៅលេងស្រុកកំណើតនៅឯខេត្តព្រៃវែង។

«ថ្ងៃចូលឆ្នាំរវល់ដឹកអ្នកដំណើរដែរ ប៉ុន្ដែប្រហែលទៅ(ស្រុកកំណើត) មុនចូលឆ្នាំ »។

អ្នកបើករថយន្តឈ្នួលវ័យកណ្តាលរូបនេះ មិនមានគម្រោងធ្វើដំណើរកំសាន្តនៅទីណាមួយនោះឡើយ ក្រៅពីប្រាថ្នាចង់ទៅលេងស្រុកកំណើតនោះ ។

លោក ហៃ ម៉េង ៖«មានអារម្មណ៍សប្បាយរីករាយ ស្រស់ថ្លា ដែលបានជួបជុំក្រុមគ្រួសារឱពុកម្ដាយទីមួយយើងអត់បានទៅដល់ពេលទៅសប្បាយរីករាយ ហើយបានជូនលុយកជូនកាក់គាត់ខ្លះ »។

និស្សិតសកលវិទ្យាល័យបៀលប្រាយ កញ្ញា មករា ហាក់ដូចជា មានផែនការច្បាស់លាស់មួយ  ដើម្បីអាចដើរកំសាន្តបានផង និងអាចទៅជួបជុំក្រុមគ្រួសារសាច់ញាតិផង ។ កញ្ញា មករា ត្រូវចំណាយពេលដើរកំសាន្ត រយៈបីថ្ងៃ មុននឹងត្រឡប់ស្រុកកំណើតនៅខេត្តកំពង់ស្ពឺ ។

កញ្ញា មករា៖ «ខ្ញុំទៅសៀមរាបបីថ្ងៃ ទៅមុនចូលឆ្នាំថ្ងៃ១០ ថ្ងៃ១៣មកវិញ »។

មានប្រជាពលរដ្ឋកម្ពុជារាប់លាននាក់បានធ្វើដំណើរកំសាន្តផ្ទៃក្នុង និងពលរដ្ឋរាប់ពាន់នាក់ទៀតធ្វើដំណើរទៅកំសាន្តនៅក្រៅប្រទេសជារៀងរាល់ឆ្នាំ។

នៅពីមុខរោងកុនលុច្ស លោក ប៉ែន ប៊ុនថា កំពុងឈររង់ចាំដឹកអ្នកដំណើរ។ អ្នករត់រម៉ូតូឌុបរូបនេះ នឹងចំណាយពេលចំនួនបីថ្ងៃនៅស្រុកកំណើត នៅឯស្រុកបារាយណ៍ ខេត្តកំពង់ធំ។

លោក ប៉ែន ប៊ុនថា ៖ «ទៅលេងនឹងប្រហែលជារយៈពេល ៣ថ្ងៃ ប្រហែលជាថ្ងៃទីបួន(ថ្ងៃទី១៧ មេសា) មកវិញ»។

ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ គឺជាឱកាសចាយលុយរបស់ប្រជាពលរដ្ឋកម្ពុជា ។ ហេតុនេះហើយ ទំនិញនានាថ្លៃសេវាដឹកជញ្ជូននិងផ្នែកសេវាកម្មផ្សេងៗដូចជា ផ្ទះសំណាក់ និងសណ្ឋាគារជាដើមតែងតែតម្លើងថ្លៃ ។រដ្ឋាភិបាលបានអំពាវនាវជារៀងរាល់ឆ្នាំកុំឲ្យក្រុមឈ្មួញតម្លើងថ្លៃទំនិញ និងថ្លៃសេវាកម្ម។ ប៉ុន្តែការអំពាវនាវទាំងនោះមិនមានប្រសិទ្ធិភាពនោះទេ។ដោយឡែកឆ្នាំនេះ រាជរដ្ឋាភិបាលបានសម្រេចបង្កើតរថយន្ដក្រុងសាធារណៈដឹកអ្នកដំណើរទៅលេងស្រុក ចំនួន ៦០គ្រឿង ដោយពុំមានបង់ប្រាក់៕

 

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ព្រះមហាក្សត្រតែងតាំង សម្ដេច ហ៊ុន សែន ជានាយករដ្ឋមន្ត្រីអាណត្តិថ្មី

ភ្នំពេញ៖ ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្តេ[...]

ការអបអរជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជាបានបន្តធ្លាក់មកបណ្ដើរៗ

សហជីពចំនួន៦ កាលពីថ្ងៃទី ១៦សីហា បានចេញសេចក្តីថ[...]

អ្នកវិភាគគឹម សុខ ត្រូវបានដោះលែងបន្ទាប់ពីអនុវត្តទោសគ្រប់ចំនួន

ភ្នំពេញ ៖ អ្នកវិភាគនយោបាយ និងសង្គម លោក​ គឹម ស[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត