loader

សង្គមស៊ីវិលសាទររដ្ឋាភិបាលបង្កើនចំនួនស្រ្តីថ្នាក់ក្រោមជាតិ

ភ្នំពេញ៖សង្គមស៊ីវិលសាទររដ្ឋាភិបាលបង្កើនចំនួនស្រ្តីថ្នាក់ក្រោមជាតិក្រុមអង្គការក្រៅរដ្ឋាភិបាលដែលធ្វើការលើកស្ទួយសិទ្ធិស្រ្តីស្វាគមន៍ចំពោះរដ្ឋាភិបាលគ្រោងនឹងបង្កើនចំនួនស្រ្តីក្នុងរដ្ឋបាលមូលដ្ឋាន។មន្ត្រីក្រសួងមហាផ្ទៃឲ្យដឹងរដ្ឋាភិបាលគ្រោងនឹងបង្កើនចំនួនស្ត្រីនៅក្នុងរដ្ឋបាលខេត្តនិងរាជធានីរហូតដល់២៥ភាគរយនៅឆ្នំាក្រោយ។

មន្ត្រីអង្គការក្រៅរដ្ឋាភិបាលចាត់ទុកថាការបង្កើនចំនួនស្ត្រីក្នុងរដ្ឋបាលមូលដ្ឋានដូចជានៅថ្នាក់ខេត្ត រាជធានីនិងស្រុកខណ្ឌ័ នឹងជួយជម្រុញការអភិវឌ្ឍថ្នាក់ក្រោមជាតិកាន់តែប្រសើរព្រមទាំងជាការរួមចំណែកយ៉ាងសំខាន់ក្នុងការការពារផលប្រយោជន៍ស្ត្រី។

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃបានឲ្យដឹងនៅក្នុងសប្តាហ៍នេះថារាជរដ្ឋាភិបាលមានគម្រោងបង្កើនចំនួនស្ត្រីក្នុងការដឹកនាំថ្នាក់រាជធានី ខេត្ត ស្រុកនិងខណ្ឌឲ្យកើនដល់ចំនួន២០ទៅ២៥ភាគរយក្នុងឆ្នាំ២០១៨ខាងមុខ។

លោកស្រី ហ៊ុយ សុជីវ៉ាន់នី ប្រធានអង្គការបំលាស់ប្តូរជាវិជ្ជាមានសំរាប់កម្ពុជា ហៅថាPositive Change for Cambodia(PCC) ដែលធ្វើការដើម្បីការលើកកម្ពស់អំពីសិទ្ធិស្រ្តី ក្នុងសហគម មានប្រសាសន៍ថាបើចំនួនស្រ្តីកាន់ឡើងនៅក្នុងថ្នាក់មូលដ្ឋាននឹងជួយដោះស្រាយបញ្ហា ស្រ្តីឲ្យកាន់តែល្អប្រសើរដូចជា ដោះស្រាយបញ្ហាអំពើហិង្សាក្នុងគ្រួសារ និងបញ្ហាសុខភាពស្រ្តីជាដើម។

ដូចគ្នានេះដែរ លោកស្រី លឹម គីមលី អគ្គនាយិកាអង្គការសហគមន៍គ្រួសារអភិវឌ្ឍន៍កសិកម្ម ដែលធ្វើការងារជួយស្រ្តីអំពីកសិកម្មជាង១០ឆ្នំា មកហើយជឿថា ការបង្កើនចំនួនស្រ្តីច្រើននៅ ថ្នាក់មូលដ្ឋាននឹងជួយរកទីផ្សារកសិកផលឲ្យសហគមកាន់ទូលំទូលាយ។

អនុប្រធានប្រតិបត្តិលេខាធិការដ្ឋាន គ.ជ.អ.ប និងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ង៉ាន់ ចំរើន អះអាងរដ្ឋាភិបាលមានផែនការយុទ្ធសាស្រ្តការត្រៀមស្រ្តីសម្រាប់មុខតំណែងថ្នាក់ ដឹកនំាថ្នាក់មូលដ្ឋានសម្រាប់ឆ្នាំក្រោយ។

បច្ចុប្បន្នមានស្ត្រីដែលមានតួនាទីដឹកនាំក្នុង២៥ ខេត្ត រាជធានីនៅទូទាំងប្រទេសប្រមាណជា៥០០មុខតំណែងឬស្មើនឹងប្រមាណ១២ភាគរយ។ ដោយឡែកស្រ្តីដឹកនាំនៅថ្នាក់ស្រុកនិងខណ្ឌ័មានជាង ១៧០០មុខតំណែង ស្មើនិង២២ភាគរយ។នេះបើផ្អែកតាមលោកង៉ាន់ ចំរើន។

ទោះបីយ៉ាងលោកបញ្ជាក់ថារដ្ឋាភិបាលកំពុងពិចារណាដាក់បញ្ជូលស្រ្តីនៅក្នុងថ្នាក់រាជធានីខេត្តចំនួន១០០មុខតំណែងជំនួសបុរសដែលនឹងចូលនិវត្តន៍ក្នុងឆ្នំា២០១៨។ ដំណាលគ្នានោះដែរមន្ត្រីនៃអង្គការក្រៅរដ្ឋាភិបាលចង់ឃើញរដ្ឋាភិបាលបង្កើនចំនួនស្ត្រីក្នុងរដ្ឋបាលឃុំសង្កាត់បន្ថែមទៀត។

យោងតាមលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ខែមិថុនាឆ្នាំ២០១៧បង្ហាញថាស្ត្រីដែលបានជាប់ឆ្នោតឡើងកាន់តួនាទីជាមេឃុំនិងចៅសង្កាត់កើនបានចំនួន ៣៣ រូប បើធៀបនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាលពីឆ្នាំ២០១២។

ប៉ុន្តែចំនួន ស្ត្រីដែលជាប់ឆ្នោតក្នុងក្រុមប្រឹក្សាឃុំសង្កាត់បានធ្លាក់ចុះវិញ។ គឺបានធ្លាក់ចុះពីចំនួន ២០៣៨ នាក់ នៅឆ្នាំ២០១២ មកត្រឹមចំនួន ១៩៤០ នាក់ នៅឆ្នាំ២០១៧។ ពោលគឺចំនួនស្ត្រីក្នុងក្រុម ប្រឹក្សាឃុំសង្កាត់បានធ្លាក់ចុះចំនួន ៩៨នាក់។

ទោះយ៉ាងណាយោងតាមក្រសួងកិច្ចការនារីនិងអតីតយុទ្ធជនស្ត្រីកំពុងកាន់កាប់មុខដំណែងក្នុងរដ្ឋបាលសាធារណៈបច្ចុប្បន្នមានចំនួន ៦៣០២នាក់។ គឺស្មើនឹង២២ភាគរយនៃរាជការដែលមានមុខដំណែងសរុបចំនួន២៨០៤៥នាក់៕

Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានទាក់ទង

កញ្ញា​ សាន​ ស្រី​មុំ​ សិស្ស​និទ្ទេស​ “A”​ ខេត្ដកំពង់ធំ​ បាន​ពិន្ទុ​គណិត​វិទ្យា​ខ្ពស់​ជា​គេ​ទូ​ទាំង​ប្រទេស​ ១២៥/១២៥

កញ្ញា សាន ស្រី​មុំ​ ​អះអាង​ថា​ ការប្រឡងបាននិទ[...]

ស្ដ្រី​អ្នកជំនាញ​កសិកម្ម​ចំណាយពេល​ ៩​ឆ្នាំ​ក្នុង​ការ​ជំរុញ​កសិ​ករ​បញ្ឈប់​ការ​ប្រើ​ជីគីមី​

អ្នកស្រី​ លី​ ប៉ោ​ជូ ​អ្នក​ជំនាញការ​ប្រើប្រាស[...]

នាយក​វិទ្យាល័យ​ ៖​ សិស្ស​ស្រី​ខិតខំ​សិក្សា​ជាង​សិស្ស​ប្រុស​ទើប​សាលា​របស់​លោក​និទ្ទេស​ “A”​ សិស្ស​ស្រី​ជាប់​ច្រើន​ជាង​ប្រុស​

​ភ្នំពេញ​៖​ នាយក​វិទ្យាល័យ​ចំនួន​ ៣​ បង្ហាញ​ក[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត