en     km
en     km

លោកគង់គាំអះអាងថា មានតែលោក សម រង្ស៊ី ទេដឹងរឿងលោកកឹមសុខាច្រើនជាងលោក

Share

ភ្នំពេញ៖ លោក គង់ គាំ អតីតទីប្រឹក្សាគណបក្សសង្រ្គោះជាតិ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ បានចូលបំភ្លឺនៅចំពោះមុខចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ជុំវិញសំណុំរឿង សន្ទិដ្ឋិភាពឬអំពើក្បត់ជាតិ នៃសំណុំរឿងលោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ តែលោកអះអាងថា ករណីលោកកឹមសុខាគឺលោកសមរង្ស៊ីទេ ដែលដឹង​ ច្រើនជាងលោក។

កញ្ញា ឆោម ពៅនិកា រាយការណ៍!

 

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីបញ្ចប់ការបំភ្លឺនៅសាលាដំបូងលោកគង់គាំ ទីប្រឹក្សាដែល ជាទីប្រឹក្សាឲ្យគណបក្សឆន្ទៈខ្មែរ របស់កូនប្រុសលោកឲ្យដឹងថា ប្រសាសន៍របស់ លោក កឹម សុខា ថ្លែងក្នុង វីដេអូ នៅប្រទេសអូស្ត្រាលីកាលពីឆ្នាំ២០១៣គឺជារឿងភ្ញាក់ផ្អើល ដែលលោកថាធ្វើឲ្យលោកកឹមសុខារងការចោទប្រកាន់និងចាប់ឃុំខ្លួន។

តែបែបនេះក្ដីលោក បញ្ជាក់ទៀតថាលោកមិនបានដឹងអ្វីទេចំពោះការទំនាក់ទំនងរវាងលោក កឹម សុខាជាមួយបរទេស។លោកថានេះជារឿងអាថកំបាំងមួយដែរ។

ទោះជាយ៉ាងណា លោក គង់ គាំ បញ្ជាក់ទៅអ្នកសារព័ត៌មានថាករណីលោកកឹមសុខាគឺ មានតែ​លោក សម រង្ស៊ី  ដែលដឹងរឿងនេះច្រើនជាងលោកដែលលោកសមរង្ស៊ីជា​ប្រធាន​គណបក្ស​​សង្រ្គោះជាតិកាលនោះ។

លោក គង់ គាំ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ ត្រូវបាន លោក គី ឫទ្ធី ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាកោះហៅសាកសួរក្នុងនាមសាក្សី ក្នុងសំណុំរឿងដែលមានជនត្រូវចោទ កឹម សុខា ជាប់ចោទពីបទសន្និដ្ឋិភាពជាមួយបរទេស (ក្បត់ជាតិ)។

លោកបានបញ្ជាក់ថា លោកគ្រាន់តែមកបំភ្លឺនិងផ្តល់ព័ត៌មានដើម្បីឱ្យតុលាការរកយុត្តិធម៌ជូនជនត្រូវចោទ។

លោកគង់គាំ ដែលបានសុំសិទ្ធិធ្វើនយោបាយឡើងវិញ ជាមួយកូនប្រុសម្នាក់របស់លោកគឺលោកគង់បូរ៉ា បានសន្យាថាលោកនឹងចូលខ្លួនទៅបំភ្លឺសំណុំរឿងនេះតាមដីកាកោះរបស់តុលាការ។ អ្នកនយោបាយ ជើងចាស់ដែលធ្លាប់ជា អនុរដ្ឋមបន្ត្រីការបរទេសកម្ពុជា នៃសម័យសាធារណរដ្ឋប្រជាមនិត បានវាយប្រហារធ្ងន់ៗទៅលើលោកសមរង្ស៊ីអតីតមេដឹកនាំរបស់លោក។

លោកសមរង្ស៊ីបានប្រកាសថាចង់ធ្វើជាសក្សីអោយលោកកឹមសុខា ព្រោះលោកជាប្រធានលោកកឹមសុខា ផង និងជាប្រធានលោកគង់គាំផង។ តែសំណើរបស់លោកសមសរង្ស៊ីមិនមានការឆ្លើយតបឡើយពីតុលាការនិងក្រសួងយុត្តិធម៌។

តែសូមរំលឹកថាលោក កឹម សុខា ត្រូវបាន​តុលាការចោទ​ប្រកាន់​ពីបទ សន្ធិដ្ឋិភាព​ជាមួយ​បរទេស តាម​មាត្រា ៤៤៣នៃ​ក្រម​ព្រហ្មទណ្ឌ។ បទ​សន្ធិដ្ឋិភាព​ជាមួយ​បរទេស គឺជា​អំពើ​ត្រូវរ៉ូវ​គ្នា​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស ដើម្បី​បង្កើត​ឱ្យ​មាន​អំពើ​ប្រទូស្តរ៉ាយ ឬ​ឱ្យ​មាន​អំពើ​ឈ្លានពាន​ប្រឆាំង​នឹង​ព្រះ​រាជាណាចក្រ​កម្ពុជា។ បទល្មើស​នេះ ត្រូវជាប់​ពន្ធនាគារ​ពី ១៥ឆ្នាំ​ដល់៣០​ឆ្នាំ​។តែយ៉ាងណា ដើមគេថា អាមេរិកនៅពីក្រោយ លោកកឹមសុខា តែក្រោយមកគេមិនដែលឃើញ មានការចោទទៅអាមេរិកជាផ្លូវការឡើយ។

លោក កឹម សុខា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន ​នៅ​ពាក់​កណ្តាល​អាធ្រាត្រ ឈានចូល​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧។ ក្រោយ​ឃាត់​ខ្លួន​ សមត្ថកិច្ច​បាន​បញ្ជូន​លោក កឹម សុខា ទៅឃុំ​បណ្តោះ​អាសន្ន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​ត្បូងឃ្មុំ ​នៅថ្ងៃទី​៤ ខែ​កញ្ញា ឆ្នាំ​២០១៧។ បច្ចប្បន្ននេះ លោកកំពុងត្រូវបានឃុំខ្លួនក្នុងផ្ទះក្រោមការត្រួតពិនិត្យដោយតុលាការ។ទាំងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក បានទាមទារអោយដោះលែងលោកកឹមសុខាជាបន្ទាន់និងគ្មានលក្ខខណ្ឌ។ករណីលោកកឹមសុខា និងការរំលាយគណបក្សសង្រ្គោះជាតិ ក្រោមហេតុផលលោកកឹមសុខារងបទចោទដូចនេះ បានាំអោយ កម្ពុជា មានការប្រឈមជាមួយសហភាពអឺរ៉ុបដែលកំពុងដំណើរការដកហូតប្រព័ន្ធអនុគ្រោះពន្ធEBA ពីកម្ពុជា៕

Share

Image
Image
Image