en     km
en     km

លោកសម រង្ស៊ីអំពាវនាវឱ្យមន្ត្រីបក្សរបស់លោកបញ្ចប់ការមិនទុកចិត្តគ្នាត្រឹមឆ្នាំ២០១៨ តែអ្នកវិភាគថាមិនអាចទេ

Share

ភ្នំពេញ៖​ លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានបញ្ចេញសារជូនពរ ក្នុងឱកាសបុណ្យគ្រីស្មាស់ និងបុណ្យឆ្លងឆ្នាំសកលឆ្នាំ ២០១៩ ជូនដល់ប្រជាពលរដ្ឋខ្មែរ និងលោក កឹម សុខា។ យ៉ាងណា លោក សម រង្ស៊ី អំពាវនាវឱ្យ អ្នកគាំទ្រ និងថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ បញ្ចប់ការមិនទុកចិត្ត ការវាយប្រហារ លាបពណ៌គ្នាឱ្យអស់ត្រឹមឆ្នាំ ២០១៨ ។ តែអ្នកវិភាគ យល់ថា ករណីនេះថាពិបាកផ្សះផ្សាបន្តិច លើកលែងជាល្បិចរបស់បក្សនេះ។

លោកសោមលាភ រាយការណ៍៖

សារជូនពរនេះ​ បង្ហាញតាមរយៈទំព័រហ្វេសបុករបស់លោក សម រង្ស៊ី ចុះថ្ងៃទី ២៣ ខែ ធ្នូ ​ឆ្នាំ ២០១៨ ខណៈពេលដែលបក្សកាន់អំណាចមិនទាន់មានសារជូនពរនៅឡើយណាមួយទេ។

ក្នុងសាររបស់លោក សម រង្ស៊ីនោះ សរសេរចង់បានន័យថា បុណ្យគ្រីស្មាស់ និងបុណ្យឆ្លងឆ្នាំសាកល២០១៨ ផ្លាស់ចូលឆ្នាំថ្មីសាកល ២០១៩ លោក សូមជូនពរសេចក្ដីនឹករលឹកដល់ជនរួមជាតិកម្ពុជា និងសមាជិក សមាជិកា អ្នកគាំទ្រគណបក្សសង្គ្រោះជាតិទាំងក្នុង និងក្រៅប្រទេស ។

លោក សម រង្ស៊ី សរសេរដោយជូនពរឱ្យបានជួបតែសេចក្ដីសុខ សុភមង្គល  និងរក្សាសាមគ្គីភាពជាតិ ដោយមេត្តាធម៌ រម្ងាប់ចិត្តមារព្យាបាទ ឯកភាពជាតិ ជាឆ្នាំដែលមហាគ្រួសារខ្មែរអាចជួបជុំគ្នាវិញ ក្នុងកំណត់ត្រាជាប្រវត្តិសាស្ត្រសំរាប់កូនខ្មែរជំនាន់ក្រោយ ដើម្បីបានចូលរួមកសាង និងការពារប្រទេសជាតិ សាសនា និងការពាររាល់ផលប្រយោជន៍ជាតិខ្មែរឱ្យបាន ព្រមទាំងមានការឯកភាពជាតិពិតប្រាកដ មិនយកខ្មែរណាជាសត្រូវ។

ជាងនេះ លោកជូនពរឱ្យជនរួមជាតិ ធ្វើដំណើរកំសាន្ត តាមយានយន្ត ឬថ្មើរជើងក្តីសូមអោយមានការប្រុងប្រយត្ន័ទាំងអស់គ្នាជៀសវាងគ្រោះថ្នាក់ដោយប្រការណាមួយជាយថាហេតុ រួមទាំងពរជ័យសិរីសួស្ដីចូរកើតមានដល់លោក កឹម សុខា និងពលរដ្ឋខ្មែរគ្រប់រូបកុំខានឡើយ។

សារនោះធ្វើឡើងក្នុងឋានៈរបស់លោក សម រង្ស៊ី ជាប្រធានស្ដីទីនៃអតីតគណបក្សសង្គ្រោះជាតិ។

សារនោះទៀតសោត បង្ហាញថា លោក សម រង្ស៊ី នៅតែមានក្តីសង្ឃឹមយ៉ាងមុតមាំថា គណបក្សសង្គ្រោះជាតិ នឹងអាចដំណើរការជាប្រក្រតីដូចដើមវិញ ហើយលោក កឹម សុខា និងមានសេរីភាពពេញលេញវិលមកដឹកនាំគណបក្សនេះ ដើម្បីឈានទៅរកភាពជោគជ័យ និងការផ្លាស់ប្តូរជាវិជ្ជមាន តាមយន្តការប្រជាធិបតេយ្យ។  

លោក សម រង្ស៊ី នៅតែរំលឹកអំពីអ្វីដែលលោកបានទាមទារដល់រាជរដ្ឋាភិបាលកម្ពុជា នូវ ៥ ចំណុចសំខាន់ៗ ធ្វើឱ្យមានដំណោះស្រាយនយោបាយសំរាប់អ្នកប្រជាធិបតេយ្យ និងគណបក្សសង្គ្រោះជាតិ។

លោកបង្ហាញគំនិតសុទិដ្ឋិនិយមថា លោក និងលោក កឹម សុខា ជាដៃគូនយោបាយស្មោះត្រង់សំរាប់កម្ពុជា។  

លោក បញ្ជាក់ម្ដងហើយម្ដងទៀតថា សម រង្ស៊ី និង កឹម សុខា ជាមនុស្សតែមួយ សម្លុតមិនខ្លាច បំបែកមិនបាន។

ប្រធានស្ដីទីនៃគណបក្សសង្គ្រោះជាតិរូបនេះ បន្តអំពាវនាវដល់ថ្នាក់ដឹកនាំ និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិទាំងអស់ កុំមានការយល់ច្រឡំ ការជេរប្រមាថ ការវាយប្រហារគ្រប់រូបភាពចាប់ពីឆ្នាំថ្មីនេះតទៅ។

យ៉ាងណាមិញ អ្នកវិភាគបញ្ហាសង្គម និងនយោបាយនៅកម្ពុជា ថា ការនេះវាមិនមែនជាការងាយស្រួលនោះទេ។

កញ្ញា លី ស្រីស្រស់ ប្រាប់វិទ្យុស្ត្រីនៃមណ្ឌលព័ត៌មានស្ត្រីកម្ពុជាថា ការអំពាវនាវរបស់លោក សម រង្ស៊ី បែបនេះ អាចនឹងមិនទទួលបានផលជោគជ័យទេត្រឹមបំណាច់ឆ្នាំ ២០១៨ នេះ។

កញ្ញា លី ស្រីស្រស់៖ បើសិនជាការបែកបាក់នេះវា ជាឆន្ទៈរបស់បុគ្គលម្នាក់ៗ នៅក្នុងបក្ស ខ្ញុំមើលឃើញថា រយៈពេលប្រមាណចុងឆ្នាំ ២០១៨ នេះ គឺមិនមានលទ្ធភាពក្នុងការបង្រួបបង្រួមបានទេ មានន័យថា ស្ថានភាព និងទំហំនៃការប្រេះស្រាំ ឥឡូវរហូតដល់ចុងឆ្នាំ ២០១៨ វាអាចនៅតែមានលក្ខណៈដូចគ្នាជាមួយអ្វីដែលកំពុងកើតឡើងនៅពេលបច្ចុប្បន្ន។

ផ្ទៃក្នុងរបស់គណបក្សសង្គ្រោះជាតិ ហាក់ដូចជាបង្ហាញនូវការបែកបាក់គ្នា ពីក្រុម អ្នកកឹម សុខា និយម និងអ្នកសម រង្ស៊ីនិយម។

កញ្ញាថាបន្ថែមថា ផ្ទៃក្នុងគណបក្សនេះ អាចនឹងគេចផុតពីការប្រេះស្រាំបាន បើកាលណាគណបក្សនេះ មានគោលនយោបាយល្អឱ្យបានទាន់ពេល ព្រោះករណីនេះ មិនទាន់ដល់ដំណាក់កាលធ្ងន់ធ្ងរនៅឡើយនោះទេ។

កញ្ញ លី ស្រីស្រស់៖  ស្ថានភាពរវាងអ្នកឆ្លើយឆ្លងអ្នកកឹម សុខា និយម ឬក៏អ្នកសម រង្ស៊ី និយម ខ្ញុំមើលឃើញថា វាជាសញ្ញាណមួយ ដែលបង្ហាញអំពីការបែកបាក់ហើយ ប៉ុន្តែ ស្របគ្នានេះដែរ ខ្ញុំមើលឃើញថា អាការបែកបាក់មកដល់ស្ថានភាពនេះ បើសិនជាគណបក្សសង្គ្រោះជាតិ មានយុទ្ធសាស្ត្ររឹងមាំ ខ្ញុំជឿថាស្នាមប្រេះនឹងវា​លិចបាន នៅក្នុងស្ថានការណ៍នេះនឹង មានន័យថា វាមិនអាចទាន់មានទំហំធំខ្លាំងទេ ចឹងវាអាចនៅមានទំហំតូចមួយ វាមិនដល់ថ្នាក់រហូតដល់មិនអាចលុបបំបាត់ទៅលើការបែកបាក់នៅក្នុងកម្រិតនឹងបានទេ។

អត្តបទមួយដោយឡែកទៀតរបស់លោក សម រង្ស៊ី បានរំលឹកដល់អ្នកគាំទ្រគណបក្សសង្គ្រោះជាតិឱ្យចងចាំនៅចំណុចមួយចំនួនដូច

– ក្នុងរដ្ឋសភា ឆ្នាំ ២០០៨ គណបក្ស សម រង្ស៊ី ដឹកនាំដោយលោក សម រង្ស៊ី មាន ២៦ កៅអី ហើយគណបក្សសិទ្ធិមនុស្ស ដឹកនាំដោយលោក កឹម សុខា មាន ៣ កៅអី។

– ក្នុងរដ្ឋសភា ឆ្នាំ ២០១៣ បន្ទាប់ពីគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ច្របាច់ចូលគ្នារួចមក គណបក្សសង្គ្រោះជាតិ ទទួលបាន មិនមែន ២៦ + ៣ = ២៩ កោអី ទេ តែទទួលបានដល់ទៅ ៥៥ កៅអី ទោះបីគណបក្សលោក ហ៊ុន សែន លួចបំបាត់សម្លេងឆ្នោតរបស់យើង ដ៏សន្ធឹកសន្ធាប់ យ៉ាងណាក៏ដោយ។

ជាសន្និដ្ឋាន ពាក្យស្លោកដែលបញ្ជាក់ថា “សម រង្ស៊ី និង កឹម សុខា ជាមនុស្សតែមួយ” គឺជាជយឃោសផង ជានិមិត្តរូបផង និងជាជំហរដាច់ខាតរបស់យើងផង ដើម្បីសង្គ្រោះជាតិយើងទាំងអស់គ្នា ក្នុងឆ្នាំ ២០១៩ នេះ។

ផ្ទៃក្នុងអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានគេមើលឃើញថា មានភាពមិនសូវជាចុះសម្រុងគ្នាបន្ទាប់ពីលោក សម រង្ស៊ី បានធ្វើជាប្រធានចលនាសង្គ្រោះជាតិ។ ក្រោយមក ដោយហេតុថា លោក សម រង្ស៊ី ត្រូវបានអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅបរទេសបានជ្រើសតាំងលោក ឱ្យធ្វើជាប្រធានស្ដីទីនៃគណបក្សសង្គ្រោះជាតិ។

ស្ថានភាពនៃការឯកភាព និងបង្ហាញគោលនយោបាយរួមរបស់មន្ត្រីគណបក្សនេះ កាន់តែឃ្លាតឆ្ងាយបន្ទាប់ពីរដ្ឋសភាកម្ពុជាចាប់ផ្ដើមធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ដែលអាចផ្ដល់ឱ្យនូវនីតិសម្បទាធ្វើនយោបាយវិញ ចំពោះអ្នកដែលត្រូវហាមឃាត់សិទ្ធិធ្វើសកម្មភាពពាក់ព័ន្ធនឹងនយោបាយ។ វិសោធនកម្មនេះ ត្រូវបានអ្នកវិភាកថា ជាដំណោះស្រាយនយោបាយមួយចំនុចតូច ដែលមានចរិតបំបែកបំបាក់គណបក្សសង្រ្គោះជាតិ ពីសំណាក់បក្សកាន់អំណាច។

វិសោធនកម្មច្បាប់នេះ បើកផ្លូវឱ្យអ្នកចង់ធ្វើនយោបាយស្នើទៅនាយករដ្ឋមន្ត្រីហ៊ុន សែន ឬរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីឱ្យនាយករដ្ឋមន្ត្រីស្នើទៅព្រះមហាក្សត្រ ឡាយព្រះហស្ថលេខាដកបម្រាមធ្វើនយោបាយ។

យ៉ាងណាមិញ លោក សម រង្ស៊ីប្រកាសយ៉ាងច្បាស់ថា អ្នកដែលទៅសុំសិទ្ធិធ្វើនយោបាយ គឺជាអ្នកក្បត់បក្ស។

អ្នកវិភាគថា វាជាការត្រឹមត្រូវព្រោះក្នុងអន្តរកាលនៃការមិនទាន់ឱ្យគណបក្សសង្គ្រោះជាតិរស់ឡើងវិញ ដូច្នេះ មន្ត្រីបក្សនេះបើមានសិទ្ធិធ្វើនយោបាយ ក៏មិនដឹងធ្វើដើម្បីអ្វីដែរ៕

អត្តបទដោយ៖ សោម លាភ

 

 

Share

Image
Image
Image