en     km
en     km

មេធាវីលោកកឹមសុខាថាលោក កឹម សុខា ពុំមានបុព្វសិទ្ធិជាប្រធានបក្សCNRPតែអ្នកគាំទ្រនៅចាត់ទុកលោកជាប្រធាន  

Share

នៅក្នុងរយៈពេលចុងក្រោយ មានការប៉ះទង្គិចគ្នា រវាងក្រុមអ្នកគាំទ្រខាងលោកសមរង្ស៊ី និង លោកកឹមសុខា។ក្រុមលោកកឹមសុខាបានចោទថា លោក សម រង្ស៊ី ដែលបានឡើងធ្វើជាប្រធានស្ដីទីជំនួសលោកកឹមសុខាថាជាអំពើនៃបក្សប្រហារ។ ដោយសារករណីនេះ បណ្ដាលអោយអ្នកលេងបណ្ដាញសង្គម ជាពិសេសសកម្មជននៃអតីតគណបក្សសង្រ្គោះជាតិគាំទ្រ ខាងលោក សម រង្ស៊ី បានបញ្ចេញមតិរិះគន់ ជនណាឬអតីតតំណាងរាស្ត្រណា ដែលចាត់ទុក លោកសមរង្ស៊ីជាមេបក្សថ្មីដែលកើតចេញពីបក្សប្រហារ។ ទាក់ទិនរឿងនេះ លោកស្រី ម៉េង សុភារី ជាមេធាវីលោក កឹម សុខា បានអះអាងថា លោក កឹម សុខា ពុំមានបុព្វសិទ្ធិជាប្រធានបក្ស CNRP ទៀតទេតែអ្នកគាំទ្រនៅចាត់ទុកលោកជាប្រធានបក្សដដែល។

លោក សោមលាភរាយការណ៍៖

 

ក្នុងបទសម្ភាសខ្លីមួយជាមួយ វិទ្យុស្រ្តីនៃមណ្ឌលព័ត៌មានស្រ្តីកម្ពុជានៅថ្ងៃទី២៤ធ្នូនេះ   លោកស្រី ម៉េងសុភារី ជាមេធាវី ម្នាក់ក្នុងចំណោម៤នាក់ ការពារក្ដីឱ្យលោក កឹមសុខា បានអះអាងថាក្នុងសា្មរតី ជាអ្នកស្រឡាញនិងគាំទ្រ លោកកឹមសុខា គឺ ពួកគាត់នៅតែចាត់ទុកថា លោកកឹមសុខា នៅតែជាប្រធានគណបក្សសង្រ្គោះជាតិ ។តែបើតាមកាលៈទេសជាក់ស្ដែង និងតាមផ្លូវច្បាប់ គឺគណបក្សសង្រ្គោះជាតិ ត្រូវបានរំលាយហើយ ដែលនាំឱ្យមេបក្សក៏គ្មានបុព្វសិទ្ធដែរ។

ដោយឡែក ករណីសេរីភាពរបស់លោក កឹមសុខាវិញ គឺស្ថិតនៅការត្រួតពិនិត្យនៅឡើយ ក្រោម អំណាចរបស់តុលាការ។ តែយ៉ាងណាលោកស្រីសង្ឃឹមថា តុលាការនឹងទម្លាក់ចោលបទចោទ លើកូនក្ដីរបស់លោកស្រី នៅពេលឆាប់ៗនេះ។

ក្នុងពេលជាមួយគ្នានេះ លោកស្រី បានចាត់ទុកការចុះផ្សាយរបស់សារព័ត៌មាន CBN Khmer ថា លោក កឹម សុខា ត្រូវបានដោះលែងឲ្យមានសេរីភាពវិញ កាលពីយប់មិញនោះ ថាជាព័ត៌មានមិនពិត។ លោកស្រី ម៉េង សុភារី បានថ្លែងថា កូនក្តីរបស់លោកស្រី ពុំទាន់ត្រូវបានដាក់ឲ្យរួចផុតពីការត្រួតពិនិត្យពីផ្លូវតុលាការនៅឡើយ ។

លោក កឹម សុខា ត្រូវបានឃុំខ្លួននៅក្នុង ពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ រយៈពេលជាងមួយឆ្នាំ ហើយត្រូវបានប្ដូរកន្លែង ឃុំខ្លួនពីត្រពាំងផ្លុង “ម៣” យកមកឃុំខ្លួនក្នុងផ្ទះរបស់ គាត់នៅទួលគោក ភ្នំពេញ នាម៉ោងជាង៣ ទៀបភ្លឺ ពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ។

ក្នុងករណីដែលកឹមសុខា កំពុងត្រូវបានឃុំខ្លួនក្នុងផ្ទះ  គេសង្កេតឃើញ លោកបានបញ្ចេញលិខិត ចំនួនពីរ មកខាងក្រៅគឺទីមួយលិខិត ចូលរួមរំលែកទុក្ខ ជូនគ្រួសារ សពលោក ជាមច័ន្ននីអតីតតំណាងរាស្រ្ត ។ លោកកឹមសុខា បានរៀបរាប់ជាលក្ខណៈឯកជន និងគ្រួសារ។ ចំណែក លិខិតទីពីរ លោកបានសរសេរលិខិតចេញមកក្រៅ ដើម្បីចូលរួមអបអរសាទរ ទិវាបុណ្យឯរាជ្យជាតិ ៩វិច្ឆិកា។តែលោក មិនបានប្រើតួនាទីលោកអ្វីក្នុងលិខិតនេះ។

ករណី ការវាយប្រហាររបស់ក្រុមគាំទ្រមេបក្សទាំងពីរនេះ បាននាំឱ្យអ្នកវិភាគព្រមានពីការបែកបាក់ ការសាមគ្គីភាព ហើយអាចអោយបក្សនេះ ធ្លាក់ការគាំទ្រ នាំអោយ អន្តរជាតិ ក៏ពិបាកជួយអន្តរាគមន៍ដែរ។ យ៉ាងណា លោកសមរង្ស៊ីដែលទទួលបានការគាំទ្រអោយធ្វើជាប្រធានស្ដីទីតាមរយៈសន្និសីទពិភពលោក នៅអាមេរិកកាលពីថ្ងៃទី ២ធ្នូឆ្នាំ២០១៨ អះអាងថា លោក គ្រាន់តែជាប្រធានបណ្ដោះអាសន្នតែប៉ុណ្ណោះ ហើយបើលោកកឹមសុខាត្រូវបានដោះលែង ពេលណា គឺលោក នឹងប្រគល់តំណែងនេះ ជូនលោកកឹមសុខាវិញ ៕

 

Share

Image
Image
Image