en     km
en     km

តំណាង​កម្មករ​​ និយោជិត​​ ស្នើរ​រដ្ឋាភិបាល​​​បញ្ឈប់​​ការ​រឹតត្បិត​​សិទ្ធ​សេរីភាព​កម្មករ​

Share

​ភ្នំពេញ ៖ តំណាង​កម្មករ​ សហជីព​ និង​និយោជិត​ ប្រមាណ​ជាង​ ១០០០​ នាក់​ នៅ​ព្រឹក​ថ្ងៃ​ អាទិត្យ​ នេះ​ បាន​ប្រមូលផ្ដុំ​គ្នា​នៅ​ក្នុង​ពហុ​កីឡាដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ច​ ដើម្បី​ចូលរួម​រម្លឹក​ខួប​ទិវា​ពលកម្ម​អន្ដរជាតិ​ ០១​ ឧសភា​ លើក​ទី​ ១៣០​ ក្រោម​ប្រធានបទ​ «​សិទ្ធិ​កម្មករ​ និង​ សេរីភាព​សហ​គម​»​ ។​ ក្នុង​ការ​ប្រមូលផ្ដុំ​នេះ​ ពួក​គាត់​បាន​ថ្លែង​ពី​ទុក្ខ​លំបាក​របស់​ពួក​គាត់​ដែល​ជួប​ប្រទះ​ក្នុង​វិស័យ​ការងារ​នា​ពេល​កន្លង​មក​ ។​ ក្រុម​តំណាង​កម្មករ​ សហជីព​ និង​និយោជិត​ ក៏​បាន​ដាក់​ញត្តិ​ស្នើ​ដល់​រាជរដ្ឋាភិបាល​ឲ្យ​បញ្ឈប់​ការ​រឹតត្បិត​សិទ្ធ​សេរីភាព​កម្មករ​ផង​ដែរ​។

1may-text
​តំណាង​កម្មករ​ កម្ម​ការ​នី​ ដែល​បាន​ទៅ​ចូលរួម​ក្នុង​ទិវា​ពលកម្ម​អន្ដរជាតិ​ ថ្ងៃ​ ១​ ឧសភា ២០១៦

​សេចក្ដី​ថ្លែ​ការណ៍​រួម​របស់​តំណាង​កម្មករ​ កម្ម​ការ​នី​ ដែល​បាន​ទៅ​ចូលរួម​ក្នុង​ទិវា​ពលកម្ម​អន្ដរជាតិ​ ថ្ងៃ​ ១​ ឧសភា​ នេះ​ ដែល​មាន​ប្រមាណ​ ៧​ចំណុច​ ស្នើរ​ទៅ​កាន់​រដ្ឋាភិបាល​ដើម្បី​សុំ​ឲ្យ​បញ្ឈប់​ការ​រឹតត្បិត​សិទ្ធ​សេរីភាព​ការ​សម្ដែង​មតិ​របស់​ក្រុម​តំណាង​កម្មករ​ និង​និយោជិត​។

​លោក​ ថេ​ង​ សា​វឿ​ន​ ប្រធាន​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ (CCFC)​ បាន​ថ្លែង​ថា​ រដ្ឋាភិបាល​គួរតែ​បញ្ឈប់​ការ​រើសអើង​លើ​សហជីព​បន្ដ​ទៀត​ ព្រោះ​នា​ពេល​កន្លង​មក​ លោក​ និង​ក្រុមការងារ​ទាំងអស់​តែង​ទទួល​រង​នៅ​ការ​គាបសង្កត់​ ការ​គំរាម​គំ​ហែង​គ្រប់​រូបភាព​នៅ​ពេល​ដែល​ចុះ​សហគមន៍​ម្ដងៗ​។​

​ប្រធាន​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​រូប​នេះ​ បាន​បន្ថែម​ទៀត​ថា​ រាជរដ្ឋាភិបាល​គួរតែ​បញ្ឈប់​ការ​គាបសង្កត់​ ការ​បិទ​សិទ្ធិ​សេរីភាព​របស់​កម្មករ​ និយោជិត​បន្ដ​ទៀត​។​ លោក​ ថេ​ង​ សា​វឿ​ន​ ក៏​បាន​ស្នើ​ដល់​រាជរដ្ឋាភិបាល​ ត្រូវ​តែ​គិត​គួរ​រៀបចំ​ឲ្យ​មាន​កញ្ចប់​ថវិការ​សម្រាប់​ជួយ​ដល់​កសិករ​ ដែល​បច្ចុប្បន្ន​នេះ​ កសិករ​ ក្រីក្រ​ភាគច្រើន​បាន​បោះបង់​ស្រែ​ចម្ការ​ចោល​ហើយ​ចំណាកស្រុក​ទៅ​ធ្វើ​ពលករ​នៅ​ក្រៅប្រទេស​។​

​លោក​បន្ថែម​ថា​ «​ពួក​យើង​ក៏​សូម​ស្នើរ​សុំ​ផង​ដែរ​ដល់​រាជរដ្ឋាភិបាល​បញ្ឈប់​ការ​គម្រៀម​គំ​ហែង​ដល់​ប្រជាពលរដ្ឋ​ជាមួយនឹង​សមាគម​ សហ​គម​នៅ​តាម​មូលដ្ឋាន​ ឥឡូវនេះ​ក្រោយ​ពី​ច្បាប់​សមាគម​ អង្គរការ​មិនមែន​រដ្ឋាភិបាល​ចេញ​មក​ យើង​ធ្វើការ​នៅ​មូលដ្ឋាន​ត្រូវ​បាន​រើសអើង​ និង​ រឹតត្បិត​ខ្លាំង​»​។​

​ចំណែក​លោក​ វន់​ ពៅ​ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ (IDEA)​ ដែល​មាន​វត្ដមាន​ចូលរួម​ក្នុង​ពិធី​រម្លឹក​ខួប​ទិវា​ពលកម្ម​អន្ដរជាតិ​ លើក​ទី​ ១៣០​ នេះ​ដែរ​ បាន​មាន​ប្រសាសន៍​ថា​ ការ​ចូលរួម​របស់​លោក​ និង​ តំណាង​កម្មករ​ និយោជិត​ផ្សេង​ទៀត​ គឺ​ដើម្បី​ផ្ញើរ​សារ​ទៅ​កាន់​រាជរដ្ឋាភិបាល​ និង​រដ្ឋមន្ដ្រីក្រសួង​ការងារ​ឲ្យ​យកចិត្ដទុកដាក់​ទៅ​លើ​ប្រាក់​ឈ្នួល​របស់​កម្មករ​។​ លោក​ វន់​ ពៅ​ បញ្ជាក់​បន្ថែម​ថា​ ក្នុង​នាម​លោក​ជា​ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ លោក​ស្នើរ​ដល់​មន្ដ្រី​អាជ្ញាធរ​ទាំងអស់​ទាំង​នៅ​រាជធានី​ភ្នំពេញ​ និង​តាម​បណ្ដាល​ខេត្ដ​ផ្សេងៗ​ទៀត​ ត្រូវ​តែ​បញ្ឈប់​ជា​បន្ទាន់​នៅ​ការ​រើសអើង​ និង​ ការ​រំលោភ​សិទ្ធ​របស់​កម្មករ​។​

​លោក​បន្ថែម​ថា​«​ឈ្លៀត​ក្នុង​ឱកាស​នៃ​ទិវា​នេះ​ដែរ​តំណាង​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ក៏​សូម​អំពាវនាវ​ដល់​អាជ្ញាធរ​រដ្ឋ​ជា​ពិសេស​អាជ្ញាធរ​គ្រប់​តាម​បណ្ដា​ខ​ណ្ខ​ក្នុង​រាជធានី​ភ្នំពេញ​ ក៏​ដូច​ជា​តាម​បណ្ដា​ខេត្ដ​មេត្ដា​បញ្ឈប់​ជា​បន្ទាន់​នៅ​ការ​រើស​អើ​ស​របស់​អាជ្ញាធរ​ជាមួយ​សមាគម​»​។​

​ដូច​គ្នា​នេះ​ដែរ​ អ្នកស្រី​ យ៉ាង​ សោ​ភ័​ណ្ឌ​ ប្រធាន​សហភាព​សហជីព​កម្ពុជា​ (CCU)​ បាន​លើក​ឡើង​ថា​ កម្មករនិយោជិត​សព្វថ្ងៃ​គឺ​កំពុង​តែ​រង​ការ​ជិះជាន់​ ការ​បិទ​សិទ្ធិ​សេរីភាព​ និង​ ការ​រើសអើង​ស្ទើរ​គ្រប់​រូបភាព​។ ​អ្នកស្រី​បន្ថែម​ទៀត​ថា​ បើ​ទោះបីជា​ប្រាក់​ឈ្នួល​របស់​ក្រុម​កម្មករ​ កម្ម​ការ​នី​ ទទួល​បាន​រហូត​ដល់​ ១៤០​ដុល្លារ​ក្ដី​ ក៏​ជីវភាព​ពួក​គាត់​ មិន​ទាន់​បាន​សមរម្យ​នៅឡើយ​ទេ​។​ អ្នកស្រី​បាន​សំណូមពរ​ដល់​រាជរដ្ឋាភិបាល​គួរតែ​រក​ដំណោះស្រាយ​សម្រាប់​ជួយ​ដល់​កម្មករ​ កម្ម​ការ​នី​ដែល​តែងតែ​ជួប​បញ្ហា​ក្នុង​វិស័យ​ការងារ​ ប្រសើរ​ជា​ជាង​ការ​ព្យាយាម​បំបិទ​សិទ្ធិ​របស់​កម្មករ​។​

​អ្នកស្រី​បន្ថែម​ថា​«​នាង​ខ្ញុំ​សូម​ឲ្យ​រដ្ឋាភិបាល​មើល​ភ្នែក​ប្រមើល​ មើលទៅ​ដល់​ប្រជាពលរដ្ឋ​ក៏​ដូច​ជា​កម្មករ​កម្ម​ការ​នី​ ដែល​កំពុង​បំរើ​ការ​ធ្វើ​ការងារ​សព្វ​ថ្ងៃនេះ​ ថា​ពួក​យើង​កំពុង​តែ​ទទួល​រង​ការ​ជិះជាន់​វេទនាណាស់​»​។​

​ជាមួយ​គ្នា​នេះ​ដែរ​ លោក​ អ៊ិ​ត​ ម៉េ​ង​ ដែល​ជា​អ្នក​រត់​រ៉ើ​ម៉ក​កង់​បី​ ចូលរួម​អបអរសាទរ​ទិវា​ ពលកម្ម​អន្តរជាតិ​នេះ​ដែរ​ មើលឃើញ​ថា​ សព្វថ្ងៃ​មន្ដ្រី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ តែងតែ​រើសអើង​លើ​ក្រុម​សហជីព​ក្រៅ​ប្រព័ន្ធ​ ហើយ​ភាគច្រើន​សមត្ថកិច្ច​តែងតែ​ធ្វើទុក្ខ​មុ​ក​ម្នេញ​ទៅ​លើ​ពួក​គេ​ជា​ញឹកញាប់​ ជា​ពិសេស​នោះ​គឺ​ការ​រឹតត្បិត​សេរីភាព​បញ្ចេញមតិ​តែ​ម្ដង​។​

​លោក​ អ៊ិ​ត​ ម៉េ​ង​ បាន​បញ្ជាក់​ដែរ​ថា​ លោក​ហាក់ដូចជា​គ្មាន​ក្ដី​សង្ឃឹមថា​ រាជរដ្ឋាភិបាល​និង​ជួយ​ដល់​ពួក​គាត់​នោះ​ទេ​ តែ​លោក​ថា​ បើ​ទោះបីជា​រាជរដ្ឋាភិបាល​មិន​ខ្វល់​យ៉ាងណា​ក៏​ដោយ​ លោក​ និង​កម្មករ​ដទៃ​ទៀត​នៅ​តែ​បន្ដ​ការ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​រឹតត្បិត​សិទ្ធ​សេរីភាព​លើ​កម្មករ​បន្ដ​ទៀត​។​

​លោក​បន្ថែម​ថា​ «​ចំពោះ​ការ​ទាមទារ​ (​ឲ្យ​បញ្ឈប់​ការ​រឹតត្បិត​សិទ្ធ​)​ ក្នុង​នេះ​ខ្ញុំ​មាន​សង្ឃឹម​តិច​តូច​ណាស់​ចំពោះ​រដ្ឋាភិបាល​យើង​ ប៉ុន្ដែ​ទោះបីជា​មាន​សង្ឃឹម​ ឬ​ ក៏​គ្មាន​សង្ឃឹម​ក៏​ដោយ​ខ្ញុំ​នៅ​តែ​បន្ដ​ការ​ទាមទារ​ដែរ​ ដោយសារ​យើង​ឃើញ​ស្រាប់​ហើយ​សង្គម​យើង​សព្វ​ថ្ងៃនេះ​បើ​មានការ​ជួបជុំ​គេ​តែងតែ​បំបែក​ ដូចនេះ​ការ​សង្ឃឹម​របស់ខ្ញុំ​គឺ​មាន​តែ​តិច​តូច​ណាស់​»​។​

​លោក​ ឯម​ រុក្ខា​ផល​ មន្ដ្រី​ទំនាក់ទំនង​នៃ​ក្រសួង​ការងារ​ និង​ បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ បាន​ទទួល​ញ្ញត្ដិ​ពី​ក្រុម​តំណាង​កម្មករ​ និង​ និយោជិត​នៅ​ពហុ​កីឡាដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ច​  ជា​កន្លែង​ដែល​ពួក​គេ​ប្រមូលផ្តុំ​។​ ញ្ញាត្ដិ​របស់​ក្រុម​តំណាង​កម្មករ​ និង​ និយោជិត​នោះ​មាន​ ៧​ចំណុច​ដែល​ស្នើរ​ទៅ​កាន់​រាជរដ្ឋាភិបាល​ មាន​ជា​អាទិ៍​ ត្រូវ​ធានា​ថា​លក្ខខណ្ឌ​ការងារ​របស់​កម្មករ​និង​មាន​លក្ខណៈ​ល្អ​ប្រសើរ​ឡើង​ ត្រូវ​រៀបចំ​ឲ្យ​មាន​ថ្លៃ​ឈ្នួល​ថ្នាក់​ជាតិ​មួយ​ឲ្យ​បាន​សមរម្យ​សម្រាប់​កម្មករ​ និង​ត្រូវ​ពិនិត្យ​ច្បាប់​សហជីព​ឡើង​វិញ​ជាដើម​ ៕

Share

Image
Image
Image