en     km
en     km

​​​កម្ពុជាសិក្សាពីចំណុចខ្វះខាតដើម្បី​ពង្រឹងពាណិជ្ជកម្ម​ហក់ចូលប្រទេសមានចំណូលធម្យមកម្រិត​ទាប

Share

ក្នុង​ពិធី​បើកកិច្ច​ប្រជុំ​ក្រុមប្រឹក្សា​ភិបាល​នៃកម្មវិធី​ពង្រឹង​ក្របខណ្ឌ​សមាហរណកម្ម​ (EIF)​ លើកទី២៥​ នៅ​សណ្ឋាគារ​ភ្នំពេញនៅព្រឹកថ្ងៃទី​១១ តុលានេះ ​ ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោកប៉ាន សូរស័ក្ដិ ​បានថ្លែងថា​ កម្ពុជាកំពុងសិក្សា​​រក​​​ចំណុចខ្វះខាត និងបញ្ហាប្រឈមនៃវិស័យមួយចំនួន ដើម្បីឱ្យ​EIFជួយរក​ដំណោះស្រាយ និងបន្តផ្តល់ជំនួយ ដើម្បីឱ្យកម្ពុជាហក់ចូលប្រទេស​ដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប។

លោកបន្តថា ចាប់ពីឆ្នាំ២០០១មក​កម្ពុជាបានទទួលជំនួយពី EIF បានប្រមាណ​៨០០លានដុល្លារ ដែលជំនួយទាំងនោះ​កម្ពុជាបានយក​មក​រៀបចំដំណើរការដើម្បី​ចូលជាសមាជិក អង្គការពាណិជ្ជកម្មពិភពលោក និង​យកមកពង្រឹងវិស័យមួយ​ចំនួនទៀត ដូចជា វិស័យជលផល កសិកម្ម ការផលិតសូត្រ និងវិ​ស័យបដិសណ្ឋាកិច្ច។

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មរូបនេះ បានថ្លែងបន្តថា ទោះបីកម្ពុជាកំពុងស្ថិត​​ជាប្រទេសអភិវឌ្ឍន៍តិចតួច ប៉ុន្តែកម្ពុជាគឺជាប្រទេសគម្រូឈានមុខគេ ក្នុងការពង្រឹងសមាហរណកម្មពាណិជ្ជកម្មរបស់ខ្លួន។

យ៉ាងណាមិញលោកថា កម្ពុជានៅជួបបញ្ហាប្រឈមជាច្រើនទៀត ដែលត្រូវឱ្យ EIF បន្តជួយ​ដើម្បីឱ្យកម្ពុជា​​ឈានចូលប្រទេសដែលមានចំណូលធម្យមកម្រិត​ទាប។

ជម្រាបថា កម្មវីធី​​ពង្រឹង​ក្របខណ្ឌសមារណកម្ម​ ហៅកាត់ថា EIF គឺជាកម្មវិធីមួយដែលបានបង្កើតឡើង ដើម្បីជួយ​​​​ប្រទេស​​​អភិវឌ្ឍតិចតួច​ទាំងឡាយ ក្នុងការ​​អភិវឌ្ឍ និងប្រើប្រាស់វិស័យពាណិជ្ជកម្មជាយានកាត់បបន្ថយ​ភាពក្រីក្រ​ និងជំរុញកំណើនសេដ្ឋ​​កិច្ចជាតិ។ កម្ពុជាបានចូលកម្មវិធីនេះ នៅឆ្នាំ២០០១។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម កញ្ញា សឹង សុផារី បានឱ្យដឹងថា បន្ទាប់ពីកម្ពជាបានចូល EIF គឺកម្ពុជាទទួលបានផលប្រយោជន៍​ជាច្រើនពីកម្មវីធីនេះ ​ដូចជាការ​​កសាងធនធានមនុស្ស និង ការពង្រីកការនាំចេញផលិតផលជាដើម។

កម្មវិធី EIF ដែលបានអនុវត្តនៅកម្ពុជានាពេលកន្លងមក​មាន កម្មវិធីពិពិធ​កម្ម និងពង្រីកការនាំ​ចេញ​ជា​ជំហានទី១ ឆ្នាំ២០១​២ ដល់ ឆ្នាំ២០១៦ ​ដោយផ្តោតសំខាន់ ​​លើសមាសភាគ​ អង្ករ សូត្រប្រណិត។ ​ចំណែក​ជំហានទី២ ពីឆ្នាំ​​២០១៤ ដល់ឆ្នាំ២០១៨ ផ្តោតសំខាន់លើ​សមាសភាគ​ ដំឡូងមី ផលនេសាទ​សមុទ្រ និងបដិសណ្ឋាកិច្ច។ ទាំងពីរជំហាននេះ បានរួមចំណែកយ៉ាងសំខាន់​ដល់កំណើននាំចេញរបស់កម្ពុជា ដែលឆ្លើយតប​​យ៉ាង​ល្អ​ទៅនឹងគោលដៅ​យុទ្ធសាស្រ្តសមាហរណកម្មកម្ពុជា​។

​ឯកអគ្គរដ្ឋ​ទូតអឺរ៉ុប​ប្រចាំនៅកម្ពុជា លោក​ ចច អ៊ីហ្គា ​ បានថ្លែងថា ចាប់​តាំងពីឆ្នាំ​២០០៧ ​ដល់២០១៥ ​សហគមន៍អឺរ៉ុប ​និង​រដ្ឋសមាជិក​ បាន​ផ្តល់​ ជំនួយ​សម្រាប់​ពាណិជ្ជកម្ម(AfT) ​ដល់ប្រទេស​ ​អភិវឌ្ឍតិចតួចចំនួន ៩៦,៨ប៊ីលានអឺរ៉ូ ​ដែលចំនួន​នេះ ស្មើនឹង ​១/៣ ​នៃទឹក​ប្រាក់ AfT ពិភពលោក​។ ​​​ លោកបន្តថា សហគមន៍​អឺរ៉ុប​ក៏បាន​អនុញ្ញាតឲ្យ​ប្រទេស​អភិវឌ្ឍតិចតួច ចំនួន ៤៧ ​រួមទាំង​កម្ពុជា អាចនាំ​ចេញទំនិញ​ ទៅកាន់​ទីផ្សារអឺរ៉ុប ​ក្រោម​ប្រព័ន្ធ​អនុគ្រោះព័ន្ធ​ ​ ចាប់​តាំង​ពីឆ្នាំ ​២០០១​មក៕

Share

Image
Image
Image