en     km
en     km

​អ្នកវិភាគ​ និង​សង្គម​ស៊ី​វិល​ថា​ សេដ្ឋកិច្ច​កម្ពុជា​នឹង​រីក​លូតលាស់​ពេល​មាន​រោងចក្រ​ថាមពល​ នុយក្លេអ៊ែរ​

Share

HunSen-Dmitry Mevedev_Cover
លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ពេលទទួលបដិសណ្ឋារកិច្ច និងជួបពិភាក្សាទ្វេភាគីជាមួយ លោក Dmitry Medvedev នាយករដ្ឋមន្ត្រីនៃសហព័ន្ធរុស្ស៊ី

​អ្នកវិភាគ​ផ្នែក​សេដ្ឋកិច្ច​ និង​សង្គម​ស៊ី​វិល​មួយ​ចំនួន​មាន​សុទិដ្ឋិនិយម​ថា​ សេដ្ឋកិច្ច​កម្ពុជា​នឹង​មានការ​រីក​លូតលាស់​លឿន​ជាង​មុន​ ប្រសិនបើ​រោងចក្រ​នុយក្លេអ៊ែរ​ត្រូវ​បាន​ដំណើរការ​ក្នុង​ប្រទេស​កម្ពុជា​មែន​នោះ​ ។​ ការ​លើក​ឡើង​របស់​អ្នកវិភាគ​ និង​សង្គម​ស៊ី​វិល​នៅ​ពេល​នេះ​ គឺ​ស្រប​ពេល​ ដែល​ប្រមុខ​ក្រុមហ៊ុន​នុយក្លេអ៊ែរ​របស់​ប្រទេស​រុ​ស្ស៊ី​លោក​ បាន​មាន​ប្រសាសន៍​ថា​ ប្រទេស​រុ​ស្ស៊ី​នឹង​ជួយ​ប្រទេស​កម្ពុជា​ ធ្វើ​ការងារ​ឆ្ពោះទៅ​រក​ការ​បង្កើត​រោងចក្រ​ថាមពលនុយក្លេអ៊ែរ​មួយ​ នៅ​ក្រោម​កិច្ចព្រមព្រៀង​មួយ​ ដែល​ប្រទេស​ទាំង​ពីរ​បាន​ចុះហត្ថលេខា​នៅ​ដើម​ស​ប្តា​ហ៍​នេះ​។​

​ប្រទេស​កម្ពុជា​ និង​ប្រទេស​រុ​ស្ស៊ី​បាន​ចុះ​កិច្ចព្រមព្រៀង​មួយ​ ដែល​គ្រង​ឆ្ពោះទៅ​បង្កើត​រោងចក្រ​ថាមពលនុយក្លេអ៊ែរ​នៅ​ក្នុង​ប្រទេស​កម្ពុ​ជានា​ពេល​ខាង​មុខ​។​

​កិច្ចព្រមព្រៀង​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​អំឡុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​នាយក​រដ្ឋមន្ត្រី​រុ​ស្ស៊ី​ លោក​ ដេ​មី​ទ្រី​ មេ​ដ​វេ​ដេ​វ​ (Dmitry​ Mevedev)​ នៅ​កម្ពុជា​ ចន្លោះ​ពី​ថ្ងៃ​ទី​២២​ ដល់​ថ្ងៃ​២៤​ វិច្ឆិកា​កន្លង​ទៅ​ ។​

​ពាក់ព័ន្ធ​រឿង​នេះ​ដែរ​ លោក​ កង​ ចាន់​តារា​រ័​ត្ន​ អ្នកវិភាគ​សេដ្ឋកិច្ច​បាន​ប្រាប់​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃ​សុក្រ​ ទី​២៧​ ខែវិច្ឆិកា​នេះ​ថា​ នៅ​ពេល​ដែល​ប្រទេស​កម្ពុជា​ មាន​រោងចក្រ​ថាមពលនុយក្លេអ៊ែរ​នេះ​មែន​ នោះ​តម្លៃ​នៃ​ថាមពល​អគ្គិសនី​នឹង​ចុះថោក​ ដែល​អាច​ជំរុញ​ឲ្យ​តម្លៃ​នៃ​ផលិតផល​កម្ពុជា​ អាច​ទៅ​ប្រកួតប្រជែង​ជាមួយនឹង​ប្រទេស​ជិតខាង​បាន​ស្រួល​។​

​លោក​ កង​ ចាន់​តារា​រ័​ត្ន​ បន្ថែម​ថា​ កម្ពុជា​គួរ​ណាស់​តែ​មាន​ថាមពលនុយក្លេអ៊ែរ​នេះ​ជា​យូរ​មក​ហើយ​ ព្រោះ​វត្តមាន​នៃ​រោងចក្រ​ថាមពលនុយក្លេអ៊ែរ​នេះ​នឹង​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​មានការ​ផ្លាស់​ប្តូរ​ពី​ការ​ពឹងផ្អែក​លើ​កសិកម្ម​សុទ្ធសាធ​ មក​ជា​ប្រទេស​បែប​ឧស្សាហកម្ម​ទំនើប​វិញ​ ។​

HunSen-Dmitry Mevedev
​ចំណែក​ លោក​សន​ ជ័យ​ តំណាង​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​ប្រចាំ​អាស៊ី​បូព៌ា​ និង​ប៉ា​ស៊ី​ហ្វិ​ក​ និយាយ​ថា​ កម្ពុជា​នឹង​អាច​ទាញ​បាន​ផលប្រយោជន៍​ច្រើន​ពី​ការ​បង្កើត​រោងចក្រ​ថាមពលនុយក្លេអ៊ែរ​ ព្រោះ​ថាមពលនុយក្លេអ៊ែរ​នេះ​ ជា​ចំណែក​មួយ​ដ៏​ធំ​ ក្នុង​ការ​ផ្គត់ផ្គង់​តម្រូវការ​អគ្គិសនី​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​កម្ពុជា​នឹង​អាច​កាត់​បន្ថយ​ការ​ចំណាយ​ពី​ការ​ទិញ​អគ្គិសនី​ពី​ប្រទេស​ជិតខាង​មក​ប្រើប្រាស់​ផង​ដែរ​។​

​ទន្ទឹម​និង​អត្ត​ប្រយោជន៍​នេះ​ លោក​ សន​ ជ័យ​ ក៏​បាន​លើក​ឡើង​ពី​ហានិភ័យ​មួយ​ចំនួន​ ដែល​អាច​កើត​ចេញពី​ថាមពលនុយក្លេអ៊ែរ​នេះ​ ជាក់ស្តែង​ការ​បាត់​បង់ជីវិត​ប្រជាពលរដ្ឋ​ ការ​ខូចខាត​បរិស្ថាន​ និង​ធនធានធម្មជាតិ​ផ្សេងៗ​ទៀត​នៅ​ក្នុង​ប្រទេស​ជប៉ុន​ជាដើម​ ដែល​ប្រការ​នេះ​ទាមទារ​ឲ្យ​ភាគី​កម្ពុជា​ និង​រុ​ស្ស៊ី​ត្រូវ​សិក្សា​ឲ្យ​បាន​ច្បាស់លាស់​ មុន​ឈាន​ដល់​ការ​សាងសង់​រោងចក្រ​នុយក្លេអ៊ែរ​នោះ​។​

​ទាក់ទង​បញ្ហា​នេះ​ អ្នកនាំពាក្យ​ក្រសួង​រ៉ែ​ និង​ថាមពល​ លោក​ ទុន​ លាង​ បាន​បដិសេធ​មិន​ផ្តល់​កិច្ច​សម្ភាសន៍​តាម​ខ្សែ​ទូរស័ព្ទ​ដល់​វិទ្យុ​ស្ត្រី​ FM102​ នៃ​ WMC​ ទេ​ ។​

​សូម​បញ្ជាក់​ថា​ បើ​តាម​រយៈ​កិច្ចព្រមព្រៀង​នេះ​ ប្រទេស​រុ​ស្ស៊ី​ នឹង​ផ្ដល់​ជា​ជំនួយ​បច្ចេកទេស​ ការ​សិក្សា​ស្រាវជ្រាវ​ និង​ការ​បណ្តុះបណ្តាល​ដល់​ប្រទេស​កម្ពុជា​ ដើម្បី​រៀបចំ​ដំឡើង​រោងចក្រ​នេះ​ ដោយ​ប្រទេស​កម្ពុជា​ ត្រូវការ​ថវិកា​ប្រមាណ​ ៣​ពាន់​លាន​ដុល្លារ​ពី​គម្រោង​វិនិយោគ​បរទេស​ ត្រឹម​ឆ្នាំ​២០១៨​ ដើម្បី​សាងសង់​រោងចក្រ​វា​រី​អគ្គិសនី​ ខណៈ​កម្ពុជា​ មាន​តម្រូវការ​ថាមពល​អគ្គិសនី​កាន់តែ​ច្រើន​៕

Share

Image
Image
Image