en     km
en     km

​អ្នកវិភាគ​៖​ពលរដ្ឋ​ជិត​២​លាន​នាក់​ចូលរួម​ហែសព​លោក​ កែម​ ឡី​ សបញ្ជាក់​ថា​ ពលរដ្ឋ​មិន​គាំទ្រ​ហិង្សា​ដើម្បី​ដោះស្រាយ​ជំ​លោះ​នោះ​ទេ​?

Share

ភ្នំពេញ៖ ចំនួន​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កកកុញ​កាលពី​ថ្ងៃ​ទី​ ២៤​ កក្កដា​ ដែល​បាន​មក​ចូលរួម​ក្បួន​ដង្ហែ​សព​លោក​បណ្ឌិត​ កែម​ ឡី​ ពលរដ្ឋ​ទាំង នោះ​ចាត់​ទុក​លោក​ កែម​ ឡី​ ជា​វីរៈបុរស​ជាតិខ្មែរ​ ដែល​ពួក​គេ​គោរព​និង​កោតសរសើរ​។​

ជុំវិញ​ការ​ចូលរួម​របស់​ពលរដ្ឋ​ច្រើន​ដូចនេះ​ អ្នកវិភាគ​យល់​ថា​ នេះ​គឺជា​សញ្ញា​ដែល​បង្ហាញ​ពី​សាមគ្គី​ជាតិ​ របស់​ពលរដ្ឋ​គ្រប់​រូប​ ដែល​អ្នកនយោ បាយ​គួរតែ​បញ្ឈប់​ការ​ទាស់ទែង​គ្នា​ ឬ​ក៏​លាប​ព​ណ៍​គ្នា​ ដើម្បី​កុំ​ឲ្យ​មានការ​បាត់បង់​អ្នកចេះ​ដឹង​បន្ដ​ទៀត​។​ ​តែ​អ្នកនាំពាក្យ ​រាជរដ្ឋាភិបាល​ស្នើ​កុំ​យក​រឿង​នេះ​ធ្វើ​ជា​រឿង​នយោបាយ​ ។​

 

អ្នកចូលរួមដង្ហែសពលោកបណ្ឌិត កែម ឡី កាលពីម្សិលមិញ។
អ្នកចូលរួមដង្ហែសពលោកបណ្ឌិត កែម ឡី កាលពីម្សិលមិញ។

​លោក​ អ៊ូ​ វី​រៈ​ ប្រធាន​វេទិកា​អនាគត​ មាន​ប្រសាសន៍​ជាមួយ​វិទ្យុ​ស្ដ្រី​នៅ​ថ្ងៃ​ អាទិត្យ​ ទី​ ២៤​ កក្កដា​ នេះ​ថា​ ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​ពិធី​ហែសព​លោក​បណ្ឌិត​ កែម​ ឡី​ ដូចនេះ​ គឺជា​ការ​បង្ហាញ​ការ​គោរព​ស្រលាញ់​របស់​ប្រជាពលរដ្ឋ​លើ​ទ​ង្វើ​ល្អ​របស់​អ្នកវិភាគ​សង្គម​រូប​នេះ​។​ លោក​បន្ដ​ថា​ ការ​ចូលរួម​ពី​ពលរដ្ឋ​ដូចនេះ​ ក៏​ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​ភាព​ក្លាហាន​ ដែល​ពលរដ្ឋ​ខ្មែរ​កាត់​បន្ថយ​ការ​បាក់ស្បាត​បាន​ច្រើន​។​ ប៉ុន្ដែ​លោក​យល់​ថា​ ដោយសារ​តែ​វប្បធម៌​លាប​ព​ណ៍​គ្នា​ បំភ័យ​គ្នា​ បន្លាច​គ្នា​និង​ សម្លុត​គ្នា​ រវាង​អ្នកនយោបាយ​ខ្មែរ​ ដែល​ធ្វើ​ឲ្យ​នយោ បាយ​ខ្មែរ​នៅ​មាន​បញ្ហា​ប្រឈម​ច្រើន​នៅ​ឡើងៗ​។​ តែ​លោក​សង្ឃឹមថា​ ពលរដ្ឋ​ខ្មែរ​នឹង​បង្កើន​ការ​ស្រលាញ់​គ្នា​ច្រើន​ដើម្បី​អភិវឌ្ឍន៍​ប្រទេស​ឲ្យ​រីក​ចម្រើន​។​ លោក​ អ៊ូ​ វីរ​៖«​ប្រសិនជា​យើង​ចាប់ផ្ដើម​យក​បេះដូង​ពុក​រលួយ​ ឬ​មួយ​លោភលន់​ចេញ​ យើង​យក​បេះដូង​នៃ​ភាព​លំអៀង​ដែល​ការ​ស្អប់​គ្នា​ ខឹង​គ្នា​ចេញ​នោះ​យើង​នឹង​មើល​ដំណោះស្រាយ​នៅ​មុខ​យើង​តែ​ម្ដង​»​។​

​ចំណែក​លោក​បណ្ឌិត​ មាស​ នី​ អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍន៍​សង្គម​មាន​ប្រសាសន៍​ថា​ ចំពោះ​ទិដ្ឋភាព​ដែល​ប្រជាពលរដ្ឋ​ចូលរួម​មរណៈទុក្ខ​លោក​បណ្ឌិត​ កែម​ ឡី​ នៅ​ថ្ងៃនេះ​គឺជា​រឿង​មួយ​ដែល​បង្ហាញ​ថា​ ពលរដ្ឋ​មានចិត្ដ​ផុសផុល​ពិតប្រាកដ​ចំពោះ​ ការ​សម្លាប់​លោក​បណ្ឌិត​ដោយ​ខ្មាន់កាំភ្លើង​នេះ​។​ លោក​ថា​ ការ​បាត់បង់​លោក​បណ្ឌិត​ កែម​ ឡី​ នេះ​គឺ​ដោយសារ​តែ​ការ​ទាស់ទែង​គ្នា​រវាង​អ្នក​យោ​បាយ​ខ្មែរ​ ដែល​លោក​យល់​ថា​ ប្រសិនជា​អ្នកនយោបាយ​ខ្មែរ​បាន​បញ្ចប់​ហិង្សា​នយោបាយ​មុន​នេះ​ ក៏​មិន​មានការ​បាត់បង់​អ្នកមាន​ចំណេះដឹង​ខ្មែរ​ដូចនេះ​ដែរ​។​

​អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍន៍​សង្គម​រូប​នេះ​បន្ដ​ថា​ អ្នក​យោ​បាយ​ខ្លះ​គួរតែ​បញ្ឈប់​ការ​យល់​ឃើញ​ថា​ ក្រុម​អ្នកវិភាគ​សុទ្ធសឹងតែ​ជា​អ្នកប្រឆាំង​តទៅ​ទៀត​ ព្រោះ​អ្នកវិភាគ​តែងតែ​ចង់​ឲ្យ​ប្រទេស​រីក​ចម្រើន​មិនមែន​ ជា​ក្រុម​ដែល​ចាំ​យក​តែ​កំហុស​មក​ស្ដីបន្ទោស​នោះ​ទេ​។​ លោក​ថា​ ប្រសិនជា​អ្នក នយោបាយ​នៅ​តែ​រក្សា​គោល​ជំហរ​មិន​ទទួល​ការ​រិះគន់​ពី​អ្នកវិភាគ​ នោះ​នឹង​នាំ​ឲ្យ​ប្រទេស​កម្ពុជា​ ជួប​វិបត្ដិ​នៅ​ថ្ងៃ​ណាមួយ​មិន​ខាន​។​

kem-ley-k

​លោក​បណ្ឌិត​យល់​ថា​ ពលរដ្ឋ​បច្ចុប្បន្ន​មានការ​យល់​ដឹង​ច្រើន​ ជុំវិញ​រឿងរ៉ាវ​សង្គម​ជាក់ស្ដែង​ដូច​ការ​មក​ចូលរួម​ដង្ហែ​សព​លោក​បណ្ឌិត​ កែម​ ឡី​ ជាដើម​។​ លោក​ មាស​ នី​៖«​ចំនួន​មនុស្ស​ចូលរួម​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការ​បង្ហាញ​ការ​ឯកភាព​ជាតិ​ខ្ញុំ​គិត​ថា​ស្ថានការណ៍​នេះ​ប្រសិនជា​អ្នក នយោបាយ​កុំ​ទាស់​គ្នា​ប្រហែល​រឿង​មិន​ដល់​ប៉ុណ្ណឹង​ពេក​ទេ​ ប៉ុន្ដែ​ដោយ​អ្នកនយោបាយ​ខ្មែរ​ហ្នឹង​រវល់​គ្នា​ច្រើន​ពេក​ទើប​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ធុញថប់​»​។​

​ផ្ទុយ​ពី​ការ​យល់​ឃើញ​របស់​អ្នកវិភាគ​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​ សុខ​ ឥ​សាន្ដ​ ថ្លែង​ថា​ គេ​មិន​ត្រូវ​យក​រឿង​ឃាតកម្ម​លើ​លោក​បណ្ឌិត​ កែម​ ឡី​ ទាញ​ចូល​រឿង​នយោបាយ​ ។​ លោក​បន្ថែម​ថា​ ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​ដង្ហែ​សព​លោក​បណ្ឌិត​គឺជា​ឆន្ទៈ​របស់​ពលរដ្ឋ​។​ លោក​ សុខ​ ឥ​សាន្ដ​៖«​រឿង​ហ្នឹង​ (​ឃាតកម្ម​លើ​លោក​ បណ្ឌិត​ កែម​ ឡី​)​ ទុក​ឲ្យ​សមត្ថកិច្ច​គេ​ស្រាវជ្រាវ​សិន​ទើប​យើង​អាច​សន្និដ្ឋាន​បាន​ មិន​អាច​យក​បញ្ហា​ឃាតកម្ម​មក​ស្របស្រួល​នយោបាយ​បាន​ទេ​ ព្រោះ​មួយ​រឿង​នយោបាយ​ ព្រោះ​មួយ​រឿង​ផ្លូវច្បាប់​វា​ខុស​គ្នា​»​។​

តាម​រូបភាព​ជាក់ស្ដែង​ នៃ​ការ​ហែ​ក្បួន​សព​លោក​ កែម​ ឡី​ ទៅ​កាន់​ស្រុក​កំណើត​លោក​ នៅ​ស្រុក​ត្រាំកក់​ ខេត្តតាកែវ​ កាល​ព្រឹក​មិ​ញ​នេះ​ គឺ​បើ​តាម​គណៈកម្មការ​បុណ្យ​ថា​ មាន​មនុស្ស​រួម​ជិត​ ២​លាន​នាក់​។​ តាម​រយៈ​នេះ​អ្នកវិភាគ​យល់​ឃើញ​ថា​ ឆន្ទៈ​របស់​ប្រជាជន​ ដែល​ស្ដែង​ចេញ​បែប​នេះ​ គឺជា​ការ​បង្ហាញ​ពី​កម្លាំង​សាមគ្គីភាព​មួយ​ដ៏​រឹង​មាំ​ ហើយ​ជា​ការ​បង្ហាញ​ថា​ ប្រជាជន​មិន​គាំទ្រ​ ការ​ប្រើ​ហិង្សា​ដើម្បី​ដោះស្រាយ​ជំ​លោះ​នោះ​ទេ​ ៕

ពលរដ្ឋឈរអមសងខាងផ្លូវជូនដំណើរលោកបណ្ឌិត កែម ឡី។
ពលរដ្ឋឈរអមសងខាងផ្លូវជូនដំណើរលោកបណ្ឌិត កែម ឡី។

Share

Image
Image
Image