en     km
en     km

​អ្នកវិភាគ​ថា​ សំណើ​របស់​យោធិន​ឲ្យ​ដក​តំណែង​លោក​ កឹ​ម​ សុខា​ គឺជា​ការ​រំលោភច្បាប់​

Share

hunsenandkimsokha

កាលពី​ថ្ងៃ​ទី​២៦​ម្សិលមិញ​នេះ​ គណៈ​បញ្ជាការ​ឯកភាព​សមរភូមិ​ព្រំដែន​ កម្ពុជា​-​ថៃ​ ដែល​រួម​មាន​នាយទាហាន​ នាយទាហានរង​ និង​ពល​ទាហាន​ទាំងអស់​ បាន​ធ្វើ​ញត្តិ​ស្នើ​ឱ្យ​ប្រធានរដ្ឋសភា​ លោក​ហេង​ សំ​រិ​ន​ ដក​តំណែង​លោក​ កឹ​ម​ សុខា​ពី​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​។​ អ្នកវិភាគ​សង្គម​លើក​ឡើង​ថា​ ការ​ដាក់​ញត្តិ​ស្នើ​សុំ​ គឺជា​រំលោភច្បាប់​ទាំងស្រុង​ ព្រោះ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​ កងកម្លាំងប្រដាប់អាវុធ​ត្រូវ​រក្សា​ជំហរ​ឯករាជ្យ​ ក្នុង​ការ​បំពេញ​តួនាទី​ភារកិច្ច​របស់​ខ្លួន​ សម្រាប់​ប្រជាពលរដ្ឋ​ទាំងមូល​ដោយ​គ្មាន​ការ​រើសអើង​។​

​ទាក់ទង​នឹង​ការ​ដាក់​ញត្តិ​របស់​កងទ័ព​នេះ​ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​ និង​ជា​អ្នក​តាមដាន​ស្ថានការណ៍​សង្គម​ លោក​សូ​ ច​ន្ថា​បាន​មាន​ប្រសាសន៍​ជាមួយ​វិទ្យុ​ស្ត្រី​នៃ​WMC​ នៅ​ថ្ងៃ​អង្គារ​ ទី​២៧​ ខែតុលា​នេះ​ថា​ ការ​ធ្វើ​ញត្តិ​ដក​មន្ត្រីជាន់ខ្ពស់​ណាមួយ​ ជា​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ ក៏​ប៉ុន្តែ​ចំពោះ​នាយទាហាន​ ឬ​ក៏​កង​យោធពល​ខេ​ម​ភូមិន្ទ​ មិន​អាច​ធ្វើ​ដូច្នេះ​បាន​ឡើយ​។​

​លោក​សាស្ត្រាចារ្យ​សូ​ ច​ន្ថា​ បន្ត​ថា​ ដោយសារ​នៅ​ក្នុង​ច្បាប់​ស្តី​លក្ខន្តិក​យោធិន​ ចែង​យ៉ាង​ច្បាស់​អំពី​អព្យាក្រឹតភាព​របស់​កងទ័ព​ថា​ កងទ័ព​មិន​អាច​ជ្រៀតជ្រែក​កិច្ចការ​របស់​អំណាច​និ​តិ​បញ្ញតិ​បាន​ឡើយ​។​ លោក​ថា​ ៖​ «​ជា​ការ​ពិត​នៅ​ក្នុង​ច្បាប់​បាន​ចែង​យ៉ាង​ច្បាស់​អំពី​ឯករាជ្យ​ភាព​របស់​កងទ័ព​ អ​ញ្ចឹ​ង​ការ​ដូច្នេះ​គឺ​ខុស​យ៉ាងធ្ងន់ធ្ងរ​ជាមួយនឹង​ច្បាប់​ ដែល​យើង​គិត​ថា​សភា​គួរតែ​ចោទសួរ​ទៅ​លើ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អំពី​ឯករាជ្យ​ភាព​របស់​កងទ័ព​»​។​

​លោក​សាស្ត្រាចារ្យ​ សូ​ ច​ន្ថា​ សរសេរ​បញ្ជាក់​ទៀត​ថា​ តាម​រយ​:​ញត្តិ​នេះ​ អាច​សង្កេត​ឃើញ​ថា​ ការ​បែងចែក​អំណាច​នៅ​កម្ពុជា​មាន​តែ​ លើ​ក្រដាស​ប៉ុណ្ណោះ​ ដែល​ការណ៍​នេះ​នឹង​នាំ​ទៅ​ដល់​ភាព​អាណា​ធិ​ប​តេ​យ្យ​ និង​អ​ស្ថិរភាព​សង្គម​យ៉ាងធ្ងន់ធ្ងរ​។​

​ចំណែក​ លោក​ អំ​ សំអាត​ ប្រធាន​បច្ចេកទេស​ឃ្លាំមើល​ការ​រំលោភសិទ្ធិ​មនុស្ស​ របស់​អង្គការ​លី​កាដូ​ បាន​ប្រាប់​យ៉ាង​ដូច្នេះ​ថា​ កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​ គឺជា​កងកម្លាំង​អព្យាក្រឹត​ និង​មាន​តួនាទី​ថែរក្សា​បូរណភាព​ដែនដី​ របស់​ជា​ប្រទេស​ជាតិ​ទាំងមូល​ ។​

​លោក​អំ​ សំអាត​ បន្ត​ថា​  ការ​ស្នើ​ឱ្យ​ដក​តំណែង​លោក​កឹ​ម​ សុខា​គឺជា​រឿង​នយោបាយ​ គួរតែ​ឱ្យ​អ្នកនយោបាយ​ជា​អ្នក​ដោះស្រាយ​ ។​ «​ចែក​ឱ្យ​ដាច់​គ្នា​ ការ​សម្តែង​មតិ​របស់​ពលរដ្ឋ​ ទោះបីជា​គាត់​ជា​នាយទាហាន​ ទាហាន​ក៏​ដោយ​ ត្រូវ​គាត់​សម្តែង​នៅ​ក្នុង​នាម​ជា​បុគ្គល​ ជា​ប្រជាពលរដ្ឋ​មួយ​រូប​ អាហ្នឹង​ជា​ការ​ត្រឹមត្រូវ​ បើសិន​សម្តែង​ក្នុង​នាម​ជា​កងទ័ព​ ហើយ​សូម​ឱ្យ​ដក​នូវ​បេក្ខភាព​គណបក្ស​នយោបាយ​នេះ​ នយោបាយ​នោះ​ អាហ្នឹង​ធ្វើ​ឱ្យ​អន្តរជាតិ​គេ​រិះគន់​ថា​ យើង​អត់​មាន​អព្យាក្រឹតភាព​ទាក់ទង​នឹង​ផ្នែក​នយោបាយ​»​។​

​មាត្រា​៩​នៃ​ច្បាប់​ស្តី​ពី​លក្ខ​ន្ត​កៈ​ទូទៅ​ចំពោះ​យោធិន​ នៃ​កង​យោធពលខេមរៈភូមិន្ទ​ បាន​ចែង​ថា​ យោធិន​មាន​សិទ្ធិ​ និង​សេរីភាព​ ដូច​ប្រជាពលរដ្ឋ​ដទៃ​ទៀត​ ក៏​ប៉ុន្តែ​ការ​ប្រើ​សិទ្ធិ​ និង​សេរី​ខ្លះ​ ត្រូវ​មាន​កម្រិត​ស្រប​តាម​លក្ខខណ្ឌ​ ដែល​មាន​ចែង​ក្នុង​ច្បាប់​នេះ​។​ យោធិន​ត្រូវ​មាន​អព្យាក្រឹតភាព​ក្នុង​មុខ​នាទី​ ក្នុង​សកម្មភាព​ការងារ​ និង​ហាមឃាត់​ការ​ប្រើ​មុខងារ​ និង​ប្រើប្រាស់​សម្ភារៈ​របស់​រដ្ឋ​ ដើម្បី​បម្រើ​សកម្មភាព​នយោបាយ​ណាមួយ​។​

​មាត្រា​១០​នៃ​ច្បាប់​នេះ​ដែរ​ បាន​បង្ហាញ​ថា​ យោធិន​ម្នាក់ៗ​អាច​មានគំនិត​ ឬ​ជំនឿ​ ដែល​មាន​លក្ខណៈ​ជា​ទស្សនៈវិជ្ជា​ ឬ​នយោបាយ​ផ្ទាល់ខ្លួន​បាន​ ប៉ុន្តែ​ពុំ​អាច​សម្ដែង​ជា​សាធារណៈ​បាន​ឡើយ​ វិធាន​នេះ​មិន​ហាមឃាត់​ ដល់​ការ​ប្រតិបត្តិ​ដោយ​ សេរី​នូវ​ជំនឿ​សាសនា​ នៅ​ក្នុង​បរិវេណ​យោធា​ និង​នៅ​លើ​នាវា​នៃ​កងទ័ពជើងទឹក​បាន​ឡើយ​ ។​ យោធិន​ដែល​ចង់​បកស្រាយ​ជា​សាធារណៈ​ជា​អាទិ៍​ ការ​សរសេរ​ ការ​ធ្វើ​សន្និសីទ​ ឬ​សេចក្តីថ្លែងការណ៍​បញ្ហា​នយោបាយ​ ការ​សម្ងាត់​យោធា​ ឬ​ការ​ចោទប្រកាន់​ជនបរទេស​ ឬ​អង្គការ​អន្តរជាតិ​ណាមួយ​ត្រូវ​មានការ​អនុញ្ញាត​ពី​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​។​

​សូម​រំឭក​ថា​ កាលពីដើម​ខែឧសភា​ ឆ្នាំ​២០១៥​នេះ​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ព្រមាន​ដក​តំណែង​លោក​ កឹ​ម​ សុខា​ អនុប្រធាន​ទី​១​រដ្ឋសភា​ តាម​រយៈ​ការ​បោះ​ឆ្នោត​ក្នុង​សភា​។​

​ជា​ការ​កត់សម្គាល់​ផង​ដែរ​ នៅ​ថ្ងៃ​ទី​២៥​ ខែតុលា​ ឆ្នាំ​២០១៥​ គឺ​មួយ​ថ្ងៃមុន​ពេល​មាន​បាតុកម្ម​ទាមទារ​ឲ្យ​ដក​តំណែង​លោក​កឹ​ម​ សុខា​ ជា​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ថ្លែង​នៅ​ប្រទេស​បារាំង​ ក្នុង​ន័យ​ចោទប្រកាន់​ថា​ ការ​ធ្វើ​បាតុកម្ម​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​បារាំង​ គឺជា​ការ​រៀបចំ​ឡើង​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​។​ លោក​ថា​៖​ «​បើ​លេង​កុំ​ខឹង​ បើ​ខឹង​កុំ​លេង​ បើ​ស្អែក​គេ​លេង​នៅ​ភ្នំពេញ​វិញ​ កុំ​ខឹង​នឹង​គេ​ ហើយ​លេង​ហ្នឹង​ប្រហែលជា​អស់តំណែង​អនុប្រធាន​សភា​ទៀត​»​។​

​សូម​ជម្រាប​ថា​ កាលពី​ថ្ងៃ​ទី​២៦​ តុលា​ ម្សិលមិញ​នេះ​ នាយទាហាន​ និង​កងទ័ព​ដែល​កំពុង​បំពេញភារកិច្ច​ នៅ​សមរភូមិ​ព្រំដែន​កម្ពុជា​ ថៃ​ បាន​ដាក់​ញត្តិ​ស្នើ​សុំ​ឱ្យ​ដក​ លោក​កឹ​ម​ សុខា​ចេញពី​តំណែង​ជា​អនុប្រធាន​ទី​១​រដ្ឋសភា​។​ ពួក​គេ​អះអាង​ថា​ លោក​ កឹ​ម​ សុខា​ អនុប្រធាន​រដ្ឋសភា​ និង​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ កំពុងធ្វើការ​ឃោសនា​បោកប្រាស់​ប្រជាពលរដ្ឋ​ ញុះញង់​អុជអាល​លាប​ពណ៌​ បង្ក​កំហឹង​រើសអើង​ ពូជសាសន៍​ និង​ឈាន​ទៅ​បង្ក​សង្គ្រាម​ផ្ទៃក្នុង​ ដែល​មិន​សមជា​ទ​ង្វើ​របស់​ថ្នាក់ដឹកនាំ​ នៃ​ស្ថាប័ន​កំពូល​របស់​ជាតិ​។​ ញត្តិ​បន្ត​ថា​ ដើម្បី​ សុខ​សន្តិភាព​របស់​ប្រទេស​ជាតិ​ និង​ការ​រស់នៅ​ដោយ​សុខសាន្ត​របស់​ប្រជាពលរដ្ឋ​ ពួក​គេ​ស្នើ​ឱ្យ​ដក​តំណែង​លោក​កឹ​ម​ សុខា​ឱ្យ​បាន​ឆាប់រហ័ស​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​៕

Share

Image
Image
Image