en     km
en     km

​អ្នកគាំទ្រ​ CNRP​ នៅ​អា​មេ​រិ​ក​នឹង​ធ្វើ​បាតុកម្ម​ស្នើ​ឲ្យ​ជប៉ុន​បញ្ឈប់​ផ្តល់​ជំនួយ​ដល់​គ​.​ជ​.​ប​

Share

​ភ្នំពេញ​៖​ អ្នកគាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​សហរដ្ឋអាមេរិក​គ្រោង​ធ្វើ​បាតុកម្ម​នៅ​ទីក្រុង​ញូយ៉ក​ដើម្បី​ ស្នើ​សុំ​ឲ្យ​ជប៉ុន​ដកខ្លួន​និង​បញ្ឈប់​ការ​ផ្តល់​ជំនួយ​ដល់​ដំណើរការ​បោះ​ឆ្នោត​នៅ​កម្ពុជា​។​ តែ​រឿង​នេះ​ មន្ត្រីជាន់ខ្ពស់​បក្ស​កាន់​អំណាច​ ថា​ ការ​ធ្វើ​បាតុ​កម្ម​របស់​ក្រុមប្រឆាំង​គ្មាន​ទម្ងន់​លើ​ប្រទេស​ជប៉ុន​នោះ​ទេ​ ហើយ​ផ្ទុយ​ទៅ​វិញ​ជប៉ុន​នៅ​តែ​គាំទ្រ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​។​

                                          ពលរដ្ឋខ្មែរអាមេរិកតវ៉ាកាលពីអំឡុងខែកញ្ញា ឆ្នំា ២០១៧។ រូបភាព៖ VOA/ ប៉ូច រាសី

​បើ​តាម​សេចក្តី​ប្រកាស​ព័​ត៌​របស់​ក្រុម​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ចេញផ្សាយ​ជា​សាធារណៈ​កាលពី​ម្សិលមិញ​ ឲ្យ​ដឹង​ថា​ ក្រុមគាំទ្រ​របស់​គណបក្ស​នេះ​ប្រកាស​ធ្វើ​មហា​បាតុកម្ម​នៅ​មុខ​ស្ថាន​បេស​កម្ម​អចិន្ត្រៃយ៍​ជប៉ុន​ប្រចាំ​អង្គការសហប្រជាជាតិ​ ក្នុង​ទីក្រុង​ញូយ៉ក​ នៅ​ថ្ងៃ​ទី​ ១​ ខែ​ មិថុនា​ខែ​ក្រោយ​នេះ​។​

​ការ​ប្រកាស​ធ្វើ​បាតុកម្ម​នេះ​ ដើម្បី​ស្នើ​សុំ​ឲ្យ​ប្រទេស​ជប៉ុន​ដកខ្លួន​ និង​បញ្ឈប់​ការ​ផ្តល់​ជំនួយ​ដល់​ដំណើរការ​បោះ​ឆ្នោត​ នឹង​ប្រព្រឹត្តិ​ទៅ​ចុងខែ​ កក្កដា​ ឆ្នាំ​ ២០១៨​នេះ​។​

​ជប៉ុន​ជា​មហាអំណាច​សេដ្ឋកិច្ច​មួយ​នៅ​តំបន់​អាស៊ី​ បាន​ផ្តល់​ជំនួយ​ហិប​ឆ្នោត​ជាង​ ១​ ម៉ឺន​ ៥​ពាន់​ ដោយ​មាន​តម្លៃ​ប្រមាណ​ ៧​ លាន​ដុល្លារ​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ខណៈ​គ​.​ជ​.​ប​ត្រូវការ​ហិប​ឆ្នោត​ប្រមាណ​ ២​ម៉ឺន​ ៤​ ពាន់​ ដើម្បី​ស​មាត្រ​ជាមួយនឹង​មណ្ឌលបោះឆ្នោត​នីតិកាល​ទី​ ៦​ ក្នុង​ការ​បោះ​ឆ្នោត​ចុងខែ​កក្កដា​ ឆ្នាំ​២០១៨​នេះ​។​

​ក្រៅពី​ជំនួយ​ពី​ជប៉ុន​ កាលពី​ចុងឆ្នាំ​ ២០១៧​ ប្រទេស​ចិន​បាន​ផ្តល់​ជំនួយ​ជា​សម្ភារ​ប្រមាណ​ ៣០​ មុខ​ដល់​ គ​.​ជ​.​ប​។​ ជំនួយ​ទាំងនោះ​រួម​មាន​ រថយន្ត​ និង​សម្ភារ​ប្រើប្រាស់​ក្នុង​កិច្ចការ​បោះ​ឆ្នោត​។​

​ឆ្លើយ​តប​នឹង​គំរោង​ធ្វើ​បាតុកម្ម​នៅ​ក្រៅប្រទេស​របស់​អ្នកគាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ សុខ​ ឥ​សាន​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ជឿ​ថា​ការ​ធ្វើ​បាតុកម្ម​របស់​ក្រុមគាំទ្រ​គណបក្សប្រឆាំង​ នៅ​ក្រៅប្រទេស​គ្មាន​ទម្ងន់​អ្វី​ ក្នុង​ការ​ដាក់​សម្ពាធ​ឲ្យ​ប្រទេស​ជប៉ុន​ធ្វើ​តាម​ការ​ការ​ទាមទារ​នោះ​ទេ​ ហើយ​ផ្ទុយ​ទៅ​វិញ​ជប៉ុន​នៅ​តែ​គាំទ្រ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​។​

​លោក​ សុខ​ ឥ​សាន​៖​ «​ជា​ឆ្លើយ​តប​ជាក់ស្តែង​អនុរដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន​លោក​បាន​សម្តែង​ទី​១​ កោត​ស​សើរ​អំពី​ការ​រីក​ចម្រើន​របស់​ប្រទេស​ជាតិ​ក្រោម​ការ​ដឹក​របស់​គណបក្ស​ប្រជាជន​។​ទី​២​លោក​គាំទ្រ​វិធានការ​ផ្លូវច្បាប់​ដើម្បី​ថែរក្សា​សន្តិភាព​ ស្ថេ​រ​ភាព​នយោបាយ​ ហើយនឹង​ទី​៣​លោក​គ្រាំ​ដល់​ដំណើរការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​នៅ​កម្ពុជា​។​បង្ខំ​ឲ្យ​ជប៉ុន​បោះបង់​ចោល​ ឯករាជ្យ​ភាព​និង​អធិបតេយ្យភាព​របស់​ខ្លួន​ទៅ​មិន​រួច​ទេ​បាទ​។​»​

​តែ​បែប​នេះ​ក្តី​ជប៉ុន​បន្ត​អំពាវនាវ​ឲ្យ​កម្ពុជា​ធានា​ការ​បោះ​ឆ្នោត​ប្រកបដោយ​សេរី​ ត្រឹមត្រូវ​ និង​ យុត្តិធម៌​ ហើយ​ក៏​អំពាវនាវ​កម្ពុជា​ត្រូវ​រៀបចំ​ការ​បោះ​ឆ្នោត​គោរព​តាម​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​។​នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ជប៉ុន​ NHK​ កាលពី​ថ្ងៃ​ទី​ ១២​ ខែ​ ឧសភា​ ក្នុង​ជំនួប​មួយ​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​ជប៉ុន​ និង​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​។​

​លោក​ ហង្ស​ ពុទ្ធា​ អ្នកនាំពាក្យ​ គ​.​ជ​.​ប​ កាលពី​ស​ប្តា​ហ៍​មុន​អះ​អា​ថា​ ការ​រៀបចំ​ការ​បោះ​ឆ្នោត​នឹង​ប្រ​ព្រ​ត្តិ​ទៅ​ជា​ធម្មតា​ បើ​ទោះបីជា​ សហភាព​អឺរ៉ុប​ និង​អា​មេ​រិ​ក​ផ្អាក​ផ្តល់​ជំនួយ​ ព្រោះ​រដ្ឋ​សភាជាតិ​អនុម័ត​ថវិកា​ប្រមាណ​ ៥០​ លាន​ដុល្លារ​ សម្រាប់​ចំណាយ​លើ​ការ​បោះ​ឆ្នោត​អាណត្តិ​នេះ​។​

​លោក​ ហង្ស​ ពុទ្ធា​៖«​គ​.​ជ​.​ប​មាន​ស្ថេ​រ​ភាព​ខាង​ថវិកា​ការ​ដំណើរការ​បោះ​ឆ្នោត​រហូត​ដល់​ចប់​ជា​ស្ថាពរ​។​ គ​.​ជ​.​ប​ ចំណាយ​ជាង​ ៥០​ លាន​ដុល្លារ​។​»

​ការ​បោះ​ឆ្នោត​នៅ​អាណត្តិ​ថ្មី​នេះ​នឹង​មាន​គណបក្ស​នយោបាយ​ចំនួន​ ២០​ ចូលរួម​ ខណៈ​អវត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​រំលាយ​កាលពី​ចុងឆ្នាំ​២០១៨​។​ ទាក់ទិន​រឿង​សហរដ្ឋអាមេរិក​បង្ហាញ​ការ​ខកចិត្ត​ចំពោះ​អវត្តមាន​ CNRP​ ក្នុង​ការ​បោះ​ឆ្នោត​នេះ​។​តែ​បែប​នេះ​ក្ដី​ សម្ដេច​ នាយក​រដ្ឋមន្ត្រី​ ដែល​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ អះអាង​ទោះជា​បក្ស​ប្រឆាំង​មិន​បាន​ចូលរួម​ក៏​ដោយ​ ក៏​ពលរដ្ឋ​កម្ពុជា​ច្រើន​លាន​នាក់​នឹង​ចេញ​ទៅ​បោះ​ឆ្នោត​ហើយ​បោះ​ឆ្នោត​អោយ​ បក្ស​ប្រជាជន​ច្រើន​លើសលុប​។​ សម្ដេច​ថា​ នេះ​គឺជា​ឆន្ទៈ​របស់​ពលរដ្ឋ​តាម​ គោលការណ៍​ប្រជាធិបតេយ្យ​និង​ពហុបក្ស​៕

Share

Image
Image
Image