en     km
en     km

​អាជ្ញាធរ​ព្រមាន​ចាត់វិធានការ​អ្នកលក់​អាហារ​បំប៉ន​និង​គ្រឿងសម្អាង​ផ្សព្វផ្សាយ​ហួស​ពី​ការ​ពិត​

Share

​ភ្នំពេញ​៖​ ក្រសួងមហាផ្ទៃ​ និង​ក្រសួងសុខាភិបាល​ព្រមាន​ចាត់​វិធាន​ផ្លូវច្បាប់​ចំពោះ​ម្ចាស់​អាជីវកម្ម​ផ្សព្ វផ្សាយ​លក់​ឱសថ​ អាហារ​បំប៉ន​ និង​ផលិតផល​គ្រឿងសម្អាង ​ដោយ​គ្មាន​ការ​ទទួលស្គាល់​គុណភាព​ និង​បញ្ជី​ការ​ពី​ក្រសួង​។​ ការ​ព្រមាន​របស់​ក្រសួង​ទាំង​ពីរ​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​មានការ​រឹបអូស​ឱសថ​និង​គ្រឿងសម្អាង​ក្លែងក្លាយ​រាប់រយ​តោន​កាលពី​ថ្មី​នេះ​។​

​លោក​ ធូ​ វិ​រៈ​ ជូន​សេចក្តីរាយការណ៍

ផលិតផលឱសថបំប៉នផ្លូវភេទ និងគ្រឿងសម្អាងប្រភេទនេះត្រូវបានក្រសួងសុខាភិបាលហាមឃាត់ចែកចាយលក់បន្ត ព្រោះគ្មានចុះបញ្ជីការនិងគុណភាព។

ក្រោយ​ពី​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា​ ឱសថ​ អាហារ​បំប៉ន និង​ផលិតផល​គ្រឿងសម្អាង​ដែល​ម្ចាស់​ក្រុមហ៊ុន​មួយ​ចំនួន​ បាន​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​ ដោយ​ពុំ​បាន​ចុះបញ្ជី​ការ​ពី​ក្រសួង​ធ្វើ​អោយ​ប៉ះពាល់​សុខភាព​របស់​អ្នក​ប្រើប្រាស​។​ ករណី​នេះ​ ក្រសួងសុខាភិបាល​ និង​ក្រសួងមហាផ្ទៃ​ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ​ក្រុមហ៊ុន​ទាំងនោះ​ ព្រោះ​ការ​ផ្សព្វផ្សាយ​ផលិតផល​គ្មាន​គុណភាព​។​

​ក្រសួង​បាន​ធ្វើការ​ព្រមាន​ដូចនេះ​ ធ្វើ​ឡើង​នៅ​ក្នុង​កម្មវិធី​សិក្ខាសាលា​ផ្សព្វផ្សាយ​ច្បាប់​ស្តី​ពី«​ការ​គ្រប់គ្រង​ឱសថ»​ កាលពី​ថ្ងៃ​ទី​ ២​ កញ្ញា​ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។

​លោក​វេជ្ជបណ្ឌិត​ ង៉ែត​ វ៉ា​ន​ថក​ ប្រធាន​សេវា​ឯកជន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​ ថ្លែង​ថា​ អ្នកលក់​ផលិត​ផល​អាហារ​បំប៉ន និង​គ្រឿងសម្អាង​មួយចំនួន ផ្សព្វផ្សាយ​លក់​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​បាន​ឃោសនា​ហួស​ពី​ការ​ពិត ​ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ប្រើប្រាស់ ហើយ​ ​ប្រឈម​មុខ​ចំពោះ​មុខ​ច្បាប់​។

​លោក​អំពាវនាវ​ឱ្យ​ម្ចាស់​អាជីវកម្ម​ត្រូវ​ចុះបញ្ជី​ផលិតផល​អាហារ​បំប៉ន់ ​និង​គ្រឿងសម្អាង​ឱ្យ​បាន​ត្រឹមត្រូវ​ហើយត្រូវ​មានការ​ទទួលស្គាល់​គុណភាព​ពី​ក្រសួងសុខាភិបាល​។​

​លោក​វេជ្ជបណ្ឌិត​ ង៉ែត​ វ៉ា​ន​ថក​៖​ «​សព្វថ្ងៃ​គឺ​វា​បញ្ហា​ឡេ​ បញ្ហា​ការ​ផ្សាយ​លើ​ហ្វេ​ស​ប៊ុ​ក​ដែល​អត់​មាន​ប្រភព​ច្បាស់​លាស់​ជា​ពិសេស​ថ្នាំ​ ឡេ​ អត់​បាន​ចុះបញ្ជី​ការ​ ឬ​គ្រឿងសម្អាង​មួយ​ចំនួន​ដែល​ក្រសួង​មិន​បាន​អនុញ្ញាត​កន្លែង​នេះ​ហើយ​គាត់​ធ្វើការ​ផ្សព្វផ្សាយ​ដោយ​ចិត្ត​ឯង​។​ក្រសួង​ពាក់ព័ន្ធ​នឹង​សហ​ការណ៍​ជាមួយ​សាលា​រាជ​ធានី​​ភ្នំពេញ​នឹង​រឹត​បណ្តឹង​លើ​ចំណុច​នេះ​ មិន​ឱ្យ​មានការ​ផ្សព្វផ្សាយ​ប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ​ ហើយ​ក៏​ដូច​ធ្វើ​ឱ្យ​ខូច​កិត្យានុភាព​ក្នុង​វិស័យ​សុខាភិបាល​របស់​យើង​»​។​

​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ក្រសួងមហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ អាជ្ញា​ធរមាន​សមត្ថកិច្ច​សម្រេច​កិនកម្ទេច​គ្រឿងសម្អាង​ កែសម្ពស្ស​លាយ​សារធាតុ​គីមី​ទម្ងន់​ជាង​ ៦០​ តោន​ និង​ គ្រឿងផ្សំ​ផលិត​ផល​ចំណីអាហារ​ជា​សារធាតុ​គីមី​ជាង​៥០​តោន​ កាលពី​ខែ​ មេ​សា​ ឆ្នាំ​ ២០១៨​នេះ​។​

​ពាក់​ករណី​នេះ​ មនុស្ស​យ៉ាងតិច​ ១០​ នាក់​ត្រូវ​ក្រសួងមហាផ្ទៃ​បាន​ឃាត់ខ្លួន​និង​បញ្ជូន​ទៅ​តុលាការ​ ហើយ​បាន​រឹប​អួ​ស​ផលិតផល​គ្រឿងសម្អាង​ក្លែងក្លាយ​ និង​គ្រឿង​ឧបភោគ​ជាង​ ១០០​ តោន​ ក្នុង​រយៈពេល​ ពាក់កណ្តាល​ឆ្នាំ​២០១៨​នេះ​។​

​លោក​ឧត្តម​ស​នី​យ​ន៍​ទោ​ ជា​ ប៊ុ​ន​ថុ​ល​ អនុប្រធាន​នាយកដ្ឋាន​កណ្តាល​នគរបាល​យុត្តិធម៌​ ឱ្យ​ដឹង​ ក្នុង​កម្មវិធី​សិក្ខាសាលា​ថា​ ដើម្បី​ទប់ស្កាត់​ការ​លក់​ឱសថ​និង​គ្រឿងសម្អាង​ក្លែងក្លាយ​ក្រសួងមហាផ្ទៃ​នឹង​ផ្សព្វផ្សាយ​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ឱសថ​ទៅ​ដល់​អាជីវករ​នៅ​ទូ​ទាំង​ប្រទេស​។​ លោក​ថ្លែង​បន្ត​ថា​ ក្រសួងមហាផ្ទៃ​ក៏​នឹង​ទប់ស្កាត់​ការ​ផ្សព្វផ្សាយ​អាហារ​បំប៉ន់​ និង​គ្រឿងសម្អាង​គ្មាន​គុណភាព​នៅ​លើ​បណ្តាញ​សង្គម​នានា​ផង​ដែរ​។

​លោក​ឧត្តម​ស​នី​យ​ន៍​ទោ​ ជា​ ប៊ុ​ន​ថុ​ល​៖​ «​ទី​១​ យើង​នឹង​ចេញ​ជា​លិខិត​របស់​ក្រសួងសុខាភិបាល​។​ ទី​២​យើង​សុំ​ពី​ការ​គាំទ្រ​ពី​អាជ្ញាធរ​មូលដ្ឋាន​ផ្សព្វផ្សាយ​បញ្ហា​នេះ​ ហើយ​ទី​៣​ យើង​ធ្វើការ​ត្រួតពិនិត្យ​ទៅ​លើ​ទីតាំង​ទាំងឡាយ​ដែល​ធ្វើការ​ផ្សព្វផ្សាយ​អាហារ​បំប៉ន់​ដែល​មិន​ស្របច្បាប់​»​។​

​សមត្ថកិច្ច​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ កាលពី​ថ្ងៃ​ទី​២៧​ ខែសីហា​នេះ​ បាន​ចុះ​បង្ក្រាប​ទីតាំង​ផលិត​ និង​វេច​ខ្ចប់​ប៊ី​ចេ​ង​ក្លែងក្លាយ​មួយ​កន្លែង​ ស្ថិត​នៅ​សង្កាត់​ទួល​សង្កែ​ទី​២​ ខណ្ឌឫស្សីកែវ​ ដោយ​រឹបអូស​បាន​ប៊ី​ចេ​ង​ក្លែងក្លាយ​ប្រមាណ​ ៧០០​បាវ​ និង​ប៊ី​ចេ​ង​រាយ​មិន​ទាន់​វេច​ខ្ចប់​ទម្ងន់​ ១៧​តោន​ផ្សេង​ទៀត​។​

​ជាមួយ​គ្នា​នេះ​ លោក​ ឡី​ សុភាព​ ប្រធាន​សហព័ន្ធ​វិនិយោគិន​ និង​ជា​ប្រធាន​សមាគម​អ្នកលក់​ឱសថ​កម្ពុជា​បាន​និយាយ​ថា​លោក​នឹង​ជួយ​ជំរុញ​ផ្សព្វផ្សាយ​ច្បាប់​ស្តី​ពី​ឱសថ​ និង​ការ​ចុះបញ្ជី​ការ​ឱ្យ​បាន​ត្រឹមត្រូវ​នៅ​ច្រក​ចេញចូល​តែ​មួយ​នៅ​តាម​បណ្តា​ខណ្ឌ​នានា​នៅ​រាជធានី​ភ្នំពេញ​។​ លោក​សង្កេត​ឃើញ​ថា​ អ្នកលក់​ផលិតផល​អាហារ​បំប៉ន់​សុខភាព​នៅ​បណ្តាញ​អ៊ិ​ន​ធ័​រ​ណិ​ត​មួយ​ចំនួន​ផ្សព្វផ្សាយ​ហួស​ពី​ការ​ពិត​ដោយ​គ្មាន​ការ​ទទួល​គុណភាព​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​នោះ​ទេ​។​

​លោក​ ឡី​ សុភាព​៖​ «​ធ្វើការ​ផ្សព្វផ្សាយ​ផ្លូវច្បាប់​ដែល​ពាក់ព័ន្ធ​វិស័យ​សុខាភិបាល​ ជា​ពិសេស​ទៅ​លើ​ផ្នែក​ឱសថ​ គ្រឿងសម្អាង​ អាហារ​បំប៉ន់​ ចំណីអាហារ​ ហើយ​ផ្តោត​សង្កត់ធ្ងន់​គឺ​ទៅ​លើ​ផ្នែក​ឱសថ​ ហើយ​និង​គ្រឿងសម្អាង​ អាហារ​បំប៉ន់​ជា​រឿង​សំខាន់​ណាស់​ ទៅ​តាម​ក្រុមហ៊ុន​ទីផ្សារ​បណ្តាញ​មួយ​ចំនួន​គឺ​វា​មាន​អ្នកលក់​បន្ត​គឺ​ចេះ​តែ​នាំ​គ្នា​និយាយ​មិន​មាន​យាម​តាម​ក្បាច់​ផែន​ មិន​បាន​ឆ្លងកាត់​ការ​រៀនសូត្រ​ត្រឹមត្រូវ​»​។​

​កាលពី​ថ្ងៃ​ទី​ ១៨​ ខែ​ សីហា​ គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​នៃ​ក្រសួងមហាផ្ទៃ​បាន​បង្ក្រាប​ឱសថ​ក្លែងក្លាយ​ជាង​ ១​លាន​គ្រាប់​ ដែល​ចែកចាយ​ដោយ​ក្រុមហ៊ុន​នាំ​ចូល​ឈ្មោះ​ រស្មី​ សួគ៌​។​ ក្នុង​នោះ​អាជ្ញាធរ​រក​ឃើញ​ឱសថ​ចំនួន​ ២៣​ មុខ​ មាន​ ៥០០​កេស​ ស្មើនឹង​ជាង​១​លាន​ ៣​សែន​គ្រាប់​ ឬ​ស្មើ​ជិត​៧​ម៉ឺន​កញ្ចប់​។​ក្នុង​នោះ​ឱសថ​ផុតកំណត់​មាន​ចំនួន​ ១២​មុខ​ សរុប​ ២០​ កេស​។​

​ក្នុង​សេចក្តីជូនដំណឹង​មួយ​របស់​ខ្លួន​ គណៈកម្មាធិការ​ចម្រុះ​បាន​សន្និដ្ឋាន​ថា​ ទីតាំង​ខាងលើ​សង្ស័យ​មាន​ វេ​ខ​ខ្ចប់​ឱសថ​ក្លែងក្លាយ​ និង​កែ​សុពលភាព​ឱសថ​ រក្សា​ទុក​ និង​ចែកចាយ​ផលិតផល​ឱសថ​ក្លែងក្លាយ​ និង​ផុត​​សុពលភាព​ គ្មាន​លិខិតអនុញ្ញាត​ឱ្យ​ចែកចាយ​ ក្រុមហ៊ុន​ដំណើរការ​ដោយ​មិន​អនុ​ឡោម​តាម​ច្បាប់​។​

​លោក​វេជ្ជបណ្ឌិត​ ង៉ែត​ វ៉ា​ន​ថក​ ប្រធាន​សេវា​ឯកជន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​អំពាវនាវ​ឱ្យ​អ្នក​ប្រើប្រាស់​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ ត្រូវ​រាយការណ៍​មក​ក្រសួង​និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ ដើម្បី​ធ្វើការ​ទប់ស្កាត់​ការ​ចែកចាយ​អាហារ​បំប៉ន​គ្មាន​គុណភាព​និង​ខុសច្បាប់​៕​

Share

Image
Image
Image