en     km
en     km

​អង្គការ​មួយ​បារម្ភ​ថា​ សេចក្តីព្រាងច្បាប់​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​ប៉ះពាល់​ដល់​ស្ត្រី​ខ្លាំង​ជាង​បុរស​

Share

ថ្លែង​ក្នុង​សិក្ខាសាលា​ស្តី​ពី​ «​សេរីភាព​អ៊ី​ន​ធឺ​ណេ​ត​នៅ​កម្ពុជា​»​ នៅ​ព្រឹក​ថ្ងៃ​ទី​២៩​ ខែកញ្ញា​ ឆ្នាំ​២០១៥​នេះ​ នាយិកា​ប្រតិបត្តិ​ អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​ និង​តំណាង​អង្គការ​ធ្វើការ​លើ​វិស័យ​បច្ចេកវិទ្យា​ សារ​គមនាគមន៍​ និង​ព័ត៌មានវិទ្យា​សម្រាប់​ការ​អភិវឌ្ឍន៍​ លោកស្រី​ជឺ​ម​ មាណវី​ មាន​ប្រសាសន៍​ថា​ ការ​ប្រើប្រាស់​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​ មាន​ទាំង​ផលប្រយោជន៍​ និង​ផល​ប៉ះពាល់​ ហើយ​អ្នក​ដែល​រង​ផល​ប៉ះពាល់​ជាងគេ​គឺ​ស្ត្រី​ ។​ លោកស្រី​ថា​ ក្នុង​នាម​ជា​អ្នក​ប្រើ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​ លោកស្រី​ចង់បាន​ច្បាប់​មួយ​ដែល​ការពារ​អ្នក​ប្រើប្រាស់​ ជា​ពិសេស​ការពារ​ ការ​លួច​ចូល​ទិន្នន័យ​របស់​អ្នក​ប្រើ​។​

150929-Nata-News-01-dara-ed-pix-1​ឆ្លើយ​តប​បញ្ហា​នេះ​ មន្ត្រី​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ បានឱ្យ​ដឹង​ថា​ ក្រសួង​មិន​បាន​ចាត់​ទុក​ច្បាប់​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​ ជា​ច្បាប់​អាទិភាព​ទេ​ ដោយ​ក្រសួង​មានច្បាប់​ដទៃ​ទៀត​ ដែល​សំខាន់​ជាង​ច្បាប់​នេះ​ ក្នុង​ការ​រៀបចំ​តាក់តែង​ ។​

​លោក​ស៊ិ​ន​ រ៉ា​ពី​ដ​ ប្រធាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍​ និង​គមនាគមន៍​ បានឱ្យ​ដឹង​ថា​ រហូត​មក​ដល់​ពេល​នេះ​ ច្បាប់​ស្តី​ពី​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​ ដែល​សង្គម​ស៊ី​វិល​តែងតែ​សម្តែង​ការ​ព្រួយបារម្ភ​នោះ​ ក្រសួង​ប្រៃសណីយ៍​ និង​គមនាគមន៍​ មិន​ទាន់​បាន​រៀបចំ​ និង​ផ្តួចផ្តើម​ធ្វើ​សេចក្តី​ព្រាង​នៅឡើយ​ទេ​។​

​បើ​ទោះបីជា​ច្បាប់​ឧក្រិដ្ឋកម្ម​អ៊ី​ន​ធឺ​ណែ​ត​ មិន​ស្ថិត​ក្នុង​របៀបវារៈ​ដែល​នឹង​ ត្រូវធ្វើ​សេចក្ដី​ព្រាង​ក៏​ដោយ​ ក៏​ប៉ុន្តែ​កាលពី​ពេល​ថ្មីៗ​នេះ​ នាយកដ្ឋាន​ថ្មី​មួយ​ដែល​មានឈ្មោះ​ថា​ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​តាម​បច្ចេកវិទ្យា​ ត្រូវ​បាន​ក្រសួងមហាផ្ទៃ​បង្កើត​ឡើង​។​ នាយកដ្ឋាន​ថ្មី​ដែល​ទើបនឹង​បង្កើត​នេះ​ ត្រូវ​បាន​មន្ត្រី​សង្គម​ស៊ី​វិល​សម្តែង​ព្រួយបារម្ភ​ខ្លាចក្រែង​មានការ​អនុវត្ត​ច្បាប់​មិន​ស្នើរ​គ្នា​រវាង​ អ្នក​ដែល​មាន​និន្នាការ​ប្រឆាំង​រដ្ឋាភិបាល​ និង​អ្នកគាំទ្រ​រដ្ឋាភិបាល​។​
​ប្រធាន​គម្រោង​អភិបាលកិច្ច​ល្អ​ នៃ​ក្រសួងមហាផ្ទៃ​ លោក​ប៊ុត​ ជិ​ មាន​ប្រសាសន៍​ក្នុង​សិក្ខាសាលា​នោះ​ដែរ​ថា​ ជា​ជំហរ​របស់​ក្រសួងមហាផ្ទៃ​ គឺ​ចង់បាន​ការ​អនុវត្ត​ស្នើ​គ្នា​ ប៉ុន្តែ​វា​អាស្រ័យ​ទៅ​លើ​ករណី​ខ្លះ​ ក្រសួង​មាន​សមត្ថភាព​ និង​ករណី​ខ្លះ​ទៀត​ក្រសួង​គ្មាន​សមត្ថភាព​ ។​ លោក​បន្ត​ថា​ លោក​ទទួលស្គាល់​ថា​ ការ​អនុវត្ត​របស់​ក្រសួងមហាផ្ទៃ​នៅ​ក្នុង​កម្រិត​ត​បច្ចេកវិទ្យា​នៅ​មាន​កម្រិត​នៅឡើយ​។​

​ទាក់ទង​នឹង​ការ​ព្រួយបារម្ភ​របស់​អង្គការ​ខាងលើ​ អនុប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស​ និង​មេធាវី​តំបន់​នៃ​សមាគម​អា​ដ​ហុ​ក​ លោក​ ណៃ​ វ៉ង់​ដា​ បាន​ថ្លែង​យ៉ាង​ដូច្នេះ​ដែរ​ថា​ បើ​ទោះបីជា​ច្បាប់​នេះ​មិន​ទាន់​លេច​ចេញ​ជា​រូបរាង​ក៏​ដោយ​ ក៏​ប៉ុន្តែ​អ្វី​ដែល​សង្គម​ស៊ី​វិល​តែងតែ​មានការ​ព្រួយបារម្ភ​នោះ​ គឺ​ខ្លាចក្រែង​មាត្រា​មួយ​ចំនួន​ ចែង​មក​គ្មាន​ភាព​ច្បាស់លាស់​ ដែល​ធ្វើ​ឱ្យ​មានការ​ពិបាក​ក្នុង​ការ​អនុវត្ត​នូវ​សេរីភាព​ និង​ការ​គោរព​សិទ្ធិ​មនុស្ស​។​

​លោក​បន្ត​ថា​ លោក​ចង់ឱ្យ​ច្បាប់​នេះ​ កើតឡើង​ផ្តោត​តែ​ទៅ​លើ​បទល្មើស​ នៅ​លើ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​ ដូច​ជា​ការ​ចាប់ជំរិត​ទា​ប្រាក់​តាម​អន​ឡាញ​ សកម្មភាព​ឧក្រិដ្ឋកម្ម​តាម​រយៈ​អ៊ី​ន​ធឺ​ណែ​ត​ ឬ​ការ​បរិហារកេរ្តិ៍​តាម​អន​ឡាញ​ប៉ុណ្ណោះ​។​

​គួរ​រម្លឹក​ថា​ កាលពី​ថ្ងៃ​ទី​១៤​ ខែកញ្ញា​ ឆ្នាំ​២១៥​កន្លង​ទៅ​នេះ​ អង្គការក្រៅរដ្ឋាភិបាល​ ដែល​មាន​វត្ត​មាននៅ​ក្នុងស្រុក​ចំនួន​១៩​អង្គការ​ បាន​ចេញ​សេចក្ដីថ្លែងការណ៍​រួម​គ្នា​មួយ​ ដោយ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ បញ្ចូល​គោលការណ៍​៩​ចំណុច​ទៅ​ក្នុង​ច្បាប់​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​នេះ​។​ ការ​ចេញ​សេចក្ដីថ្លែងការណ៍​នោះ​ធ្វើ​ឡើង​ ក្នុង​បំណង​ស្នើ​ឲ្យ​រដ្ឋាភិបាល​ បញ្ចូល​គោលការណ៍​ នៃ​សិទ្ធិ​ដែល​ខ្លួន​បាន​ពិភាក្សា​ចប់​សព្វគ្រប់​នោះ​ ទៅ​ក្នុង​សេចក្ដីព្រាងច្បាប់​ស្ដី​ពី​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​ ដោយ​ធ្វើ​យ៉ាងណា​ឲ្យ​ច្បាប់​នោះ​ ចូលរួម​ការពារ​ការ​បញ្ចេញមតិ​ របស់​សា​ធារ​ជន​ ច្រើន​ជាង​ការ​ចាប់​ ដាក់ទោស​៕

Share

Image
Image
Image