en     km
en     km

​សមាជិក​ព្រឹទ្ធសភា​អា​មេ​រិ​ក​ដាក់​ឱសានវាទ​ឱ្យ​សម្ដេច ​ហ៊ុន ​សែន ​ដោះ​លែង​លោក ​កឹ​ម ​សុខា ​មុន​ថ្ងៃ​៩​វិច្ឆិកា​

Share

ភ្នំពេញ៖​សមាជិក​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​លោក​ Ted​ Cruz​ បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ ដើម្បី​ឲ្យ​សម្ដេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ដោះ​លែង​ប្រធាន​គណបក្សប្រឆាំង​​លោក​ ​កឹ​ម​ សុខា​ ឲ្យ​បាន​​មុនទី​៩​ ខែវិច្ឆិកា​។​​តែ​យ៉ាងនេះ​ក្ដី​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​មិន​ផ្តល់​តម្លៃ​ចំពោះ​លិខិត​សមាជិក​ព្រឹទ្ធសភា​អា​មេ​រិ​ក​រូប​នេះ​ទេ​។​

​លិខិត​របស់​លោក​ Ted​ Cruz​ សមាជិក​ព្រឹទ្ធសភា​អា​មេ​រិ​ក​ដែល​ជា​អ្នកនយោបាយ​មាន​ឥទ្ធិពល​ម្នាក់​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៣​តុលា​ បាន​បញ្ជាក់​ថា​ដំណើរការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ឆ្នាំ​២០១៨​នឹង​មិន​សេរី​ ត្រឹមត្រូវ​ និង​យុត្តិធម៌​ទេ​ ប្រសិនបើ​លោក​ កឹ​ម ​សុខា ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ត្រូវ​បាន​ដោះ​លែង​មុន​ថ្ងៃ​ទី​៩​ ខែវិច្ឆិកា​ ដែល​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ដំណើរការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​។​

​ឆ្លើយ​តប​ទៅ​នឹង​លិខិត​ប្រតិកម្ម​អា​មេ​រិ​ក​លោក​ ផៃ​ ស៊ី​ផា​ន​ អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​បញ្ជាក់​ថា​ការ​ទាមទារ​របស់​សមាជិក​ព្រឹទ្ធ​អា​មេ​រិ​ក​គឺ​គ្មាន​តម្លៃ​សម្រាប់​ឲ្យ​កម្ពុជា​គោរព​តាម​នោះ​ទេ​។​លោក​ ផៃ​ ស៊ី​ផា​ន​ បន្ថែម​ថា​ទ​ង្វើ​របស់​សមាជិក​ព្រឹទ្ធ​អា​មេ​រិ​ក​ទាំងនោះ​កំពុង​ធ្វើ​ឲ្យ​ឥទ្ធិពល​សហរដ្ឋអាមេរិក​ធ្លាក់​ចុះ​នៅ​តំបន់​អាស៊ាន​។​
«​សហរដ្ឋអាមេរិក​គ្រាន់តែ​ជា​ភាគី​ដៃគូ​សន្ទនា​ក៏​ដូច​ជា​ដៃគូ​អភិវឌ្ឍន៍​ជាមួយ​កម្ពុជា​ដើម្បី​រក្សា​ឥទ្ធិពល​របស់​ខ្លួន​នៅ​តំបន់​អាស៊ាន​ដូច្នេះ​ការ​បង្គាប់​វា​មិន​មាន​តម្លៃ​ជា​ផ្លូវការ​អត់​មាន​តម្លៃ​ជា​ផ្លូវច្បាប់​ចំពោះ​កម្ពុជា​ជា​រដ្ឋ​ អធិបតេយ្យ​មួយ​។​»

​លិខិត​របស់​ព្រឹទ្ធ​សមាជិក​សភា​រូប​នេះ​ត្រូវ​បាន​បង្ហោះ​ផ្សព្វផ្សាយ​ជា​សាធារណៈ​លើ​បណ្ដាញ​សង្គម​បាន​បញ្ជាក់​ទៀត​ថា​ក្នុង​នាម​លោក​និង​ សមាជិក​ព្រឹទ្ធិ​សភា​និង​រដ្ឋសភា​ដទៃ​ទៀត​បានដឹង​យ៉ាង​ច្បាស់​អំពី​ការ​រារាំង​និង​សកម្មភាព​ទាំងឡាយ​ដើម្បី​ធ្វើការ​ចោទប្រកាន់​ទៅ​លើ​លោក​ កឹ​ម​ សុខា​ ដោយ​យក​ច្បាស់​ ព្រហ្មទណ្ឌ​មក​អនុវត្ត​ហើយ​ឈាន​ដល់​ការ​ធ្វើទុក្ខបុកម្នេញ​ទៅ​លើ​គណបក្ស​សង្គ្រោះ​ជាតិ​។​

​ការ​សម្របសម្រួល​ផ្លូវច្បាប់​របស់​បក្ស​កាន់​អំណាច​នេះ​ មាន​ផែនការ​ដើម្បី​យក​អាសនៈ​ បក្ស​ប្រឆាំង​ក្នុង​រដ្ឋសភា​ដោយ​ការ​រំលាយ​គណបក្ស​នេះ​ដែល​លោក​ថា​នេះ​ជា​ហេតុផល​មួយ​របស់​ លោកនាយក​រដ្ឋមន្ដ្រី​ហ៊ុន​សែន​ព្យាយាម​បំផ្លាញ​ស្ថាប័ន​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។​

​តាម​រយៈ​នេះ​លោក​ព្រឹទ្ធសភា​ទី​ន​ហ្ក្រោ​ស​(Ted​ Cruz)​បញ្ជាក់​ថា​មិន​អាច​ទទួលយក​បាន​ទេ​ ព្រោះ​ជា​ការ​ ប៉ុន​ប៉ន​បំផ្លាញ​ជំនឿ​ទុកចិត្ត​របស់​ប្រជាជន​ក្នុង​ដំណើរការ​ប្រជាធិបតេយ្យ​ដែល​លោក​ថា​ត្រូវ​តែ​បញ្ឈប់​ជា​បន្ទាន់​។​

​លោក​សមាជិក​ព្រឹទ្ធសភា​បាន​បញ្ជាក់​ទៀត​ថាបើ​មិន​ដោះ​លែង​លោក​កឹ​ម​សុខា​នៅ​មុន​ថ្ងៃ​៩​វិច្ឆិកា​ទេ​គឺ​ក្នុង​នាម​លោក​និង​សមាជិក​ព្រឹទ្ធសភា​និង​សមាជិក​រដ្ឋសភា​ដទៃ​ទៀត​រួម​ទាំង​រដ្ឋការ​របស់​លោក​ ដូ​ណា​ល់​ ត្រាំ​ផង​ដែរ​នឹង​មាន​វិធាន​ការណ៍​ជាក់ស្ដែង​លើ​មន្ដ្រី​របស់​រដ្ឋាភិបាល​កម្ពុជា​ មួយ​ចំនួន​គឺ​ ការ​ឃា​ឃាំង​ មិន​ឱ្យ​ចូល​សហរដ្ឋអាមេរិក​។​

​លិខិត​របស់​សមាជិក​ព្រឹទ្ធសភា​ Ted​ Cruz​ បាន​បន្ថែម​ទៀត​ថា​ក្នុង​នាម​សហរដ្ឋអាមេរិក​ជា​ ភាគី​មួយ​នៃ​ ហត្ថលេខី​កិច្ចព្រមព្រៀង​សន្ដិភាព​ក្រុងប៉ារីស​១៩៩១​ រួម​ជាមួយនឹង​សហភាព​អឺរ៉ុប​បណ្ដាញ​ ហិរញ្ញវត្ថុ​ដទៃ​ទៀត​ដូច​ជា​ធនាគារពិភពលោក​ធនាគារអភិវឌ្ឍន៍អាស៊ី​ហើយ​សម្រាប់​អា​មេ​រិ​ក​ផ្ទាល់​ដែល​មាន​វិនិយោគទុន​ជាមួយ​កម្ពុជា​នោះ​ នឹង​ពិនិត្យ​ឡើង​វិញ​ចំពោះ​ផលប្រយោជន៍​ខ្លួន​ជាមួយនឹង​កម្ពុជា​។​

​សូម​ជម្រាប​ថា​លិខិត​របស់​ព្រឹទ្ធ​សមាជិក​សភា​អា​មេ​រិ​ក​លោក​ទី​ន​ហ្ក្រោ​ស​(Ted​ Cruz)​បាន​ធ្វើ​ឡើង​ បន្ទាប់​ពី​ សមាជិក​សភា​អា​មេ​រិ​ក​និង​សមាជិក​ព្រឹទ្ធសភា​ច​ន​ម៉ាក​ខេន​ដែល​ជា​ប្រធាន​គណៈ​ ក​ម្មា​ធិ​ការ​ សេវាកម្ម​ អាវុធ​ក៏​បាន​ចេញ​លិខិត​ដូច​គ្នា​នេះ​ផង​ដែរ​ជំរុញ​ព្រឹទ្ធសភា​អា​មេ​រិ​ក​ទាំងមូល​រៀបចំ​វិធាន​ការណ៍​ ជាក់ស្ដែង​ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​កម្ពុជា​ករណី​ដែល​សមាជិក​ព្រឹទ្ធសភា​ច​ន​ម៉ាក​ខេន​នេះ​លើក​ឡើង​ថាបើ​ពុំ​មាន​វិធាន​ការណ៍​ទេ​គឺ​កម្ពុជា​មិន​អាច​វិល​ថយក្រោយ​បាន​ឡើយ​។​

​កាលពី​ស​ប្ដា​ហ៍​មុន​សហភាព​សភា​អន្ដរជាតិ​IPU​បាន​ចេញ​សេចក្ដីសម្រេច​ឱ្យ​កម្ពុជា​បញ្ឈប់​យន្ដការ​ច្បាប់​ដើម្បី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ហើយ​ត្រូវ​ដោះ​លែង​លោក​កឹ​ម​សុខា​ឱ្យ​មាន​សេរីភាព​ឡើង​វិញ​។​ក្រុម​សមា​ជិក​សភា​របស់​ស្ថាប័ន​អន្ដរជាតិ​នេះ​បាន​ប្រាប់​ថា​គេ​នឹង​បញ្ជូន​គណៈកម្មាធិការ​ស្វែងរក​ការ​ពិត​មួយ​ក្រុម​មក​កាន់​កម្ពុជា​ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ​នេះ​។​

​យ៉ាងនេះ​ក្ដី​ កាលពី​ថ្ងៃ​ទី​២២​ តុលា​ ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​​ស្បែកជើង​ សម្ដេច​ហ៊ុន​ សែន​ បាន​ ទស្សន៍​ទាយ​ថា​គឺ​៩៩​ភាគរយ​ គណបក្ស​សង្គ្រោះ​ជាតិ​ នឹង​ត្រូវ​បាន​រំលាយ​ ហើយ​លោក​ កឹ​ម​ សុខា​ ត្រូវ​តែ​ឆ្លង់កាត់​ជំនុំ​ជម្រះក្តី​ករណី​អំពើ​ក្បត់ជាតិ​៕

Share

Image
Image
Image