en     km
en     km

​សង្គម​ស៊ី​វិល​ ស្នើ​ឱ្យ​បង្កើត​គណៈកម្មការ​ឯករាជ្យ​សម្រាប់​ទទួល​ និង​ដោះស្រាយ​ពាក្យបណ្តឹង​របស់​អ្នក​សារព័ត៌មាន​

Share

Media-Person-Cover

​ខណៈ​ក្រសួង​ព័ត៌មាន​ កំពុង​ធ្វើ​សេចក្តីព្រាងច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ សង្គម​ស៊ី​វិល​ ដែល​ធ្វើការ​ពាក់ព័ន្ធ​បញ្ហា​នេះ​ បាន​ស្នើ​ទៅ​កាន់​ក្រសួង​ព័ត៌មាន​ ឲ្យ​ដាក់​បញ្ចូល​មាត្រា​ដាច់​ដោយឡែក​មួយ​ ស្តី​ពី​ពាក្យបណ្តឹង​ ហើយ​ក្នុង​មាត្រា​នោះ​ដែរ​ សង្គម​ស៊ី​វិល​ចង់ឱ្យ​បង្កើត​សា្ថ​ប័ន​ ឬ​គណៈកម្មការ​ឯករាជ្យ​មួយ​ ដើម្បី​ទទួល​ពាក្យបណ្តឹង​របស់​អ្នក​ព័ត៌មាន​ នៅ​ពេល​ដែល​គ្មាន​ការ​ផ្តល់​ព័ត៌មាន​តាម​ការ​ស្នើ​សុំ​របស់​ពួក​គេ​។​

 សង្គម​ស៊ី​វិល​ស្នើ​ឱ្យ​រដ្ឋាភិបាល​ បង្កើត​ស្ថាប័ន​ ឬ​គណៈកម្មការ​ឯករាជ្យ​ដាច់​ដោយឡែក​មួយ​ សម្រាប់​ទទួល​ពាក្យបណ្តឹង​ របស់​អ្នក​សារព័ត៌មាន​ នៅ​ពេល​ដែល​ពួក​គេ​ចង់​ប្តឹង​ស្ថាប័ន​ណាមួយ​ដែល​មិន​ចង់​ផ្តល់​ព័ត៌មាន​ដល់​ពួក​។​

​នាយក​វិទ្យាស្ថាន​តស៊ូ​មតិ​ និង​គោលនយោបាយ​ លោក​ ណែ​ប​ ស៊ី​ន​ថៃ​ បាន​លើក​ឡើង​បែប​នេះ​ នៅ​ក្នុង​កម្មវិធី​កិច្ច​សន្ទនា​ជាន់ខ្ពស់​ស្តី​ពី​ សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ ដែល​រៀបចំ​ឡើង​នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​ ជប៉ុន​ នៅ​ថ្ងៃ​ទី​០៨​ ខែធ្នូ​ ឆ្នាំ​២០១៥​នេះ​។​

Neb-Sin-Thai
លោក​ ណែ​ប​ ស៊ី​ន​ថៃ

​នាយក​វិទ្យាស្ថាន​តស៊ូ​មតិ​ និង​គោលនយោបាយ​រូប​នេះ​ បានឱ្យ​ដឹង​ទៀត​ថា​ អាជ្ញាធរ​សាធារណៈ​មាន​សិទ្ធិ​ផ្សព្វផ្សាយ​ និង​ផ្តល់​ព័ត៌មាន​តាម​ការ​ស្នើ​សុំ​របស់​អ្នក​សា​ព័ត៌មាន​ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ ហេតុ​ដូច្នេះ​លោក​ចង់ឱ្យ​សេចក្តីព្រាងច្បាប់​ ដែល​កំពុង​ស្ថិត​ក្នុង​ដៃ​ក្រសួង​ព័ត៌មាន​ គួរតែ​មាន​មាត្រា​មួយ​ដាច់​ដោយឡែក​ និយាយ​ឱ្យ​កាន់តែ​ច្បាស់​ពី​ការ​ដាក់​ពាក្យបណ្តឹង​របស់​អ្នក​សារព័ត៌មាន​ ហើយ​ជា​ពិសេស​នោះ​គួរតែ​បង្កើត​ឱ្យ​មាន​ស្ថាប័ន​ ឬ​គណៈកម្មការ​ឯករាជ្យ​មួយ​ ដើម្បី​ទទួល​ និង​ដោះស្រាយ​ពាក្យបណ្តឹង​របស់​អ្នក​សារព័ត៌មាន​។​

​មន្ត្រី​ទំនាក់ទំនង​ និង​តស៊ូ​មតិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ (CCIM)​ លោក​ សូ​ សោ​ទ្ធី​ បាន​ថ្លែង​ថា​ អ្នក​សារព័ត៌មាន​គឺជា​បណ្តាញ​ប្រមូល​ព័ត៌មាន​ ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ទៅ​ដល់​ប្រជាពលរដ្ឋ​ ។​ លោក​ថា​ ការ​ខ្វះ​នូវ​សិទ្ធិ​ទទួល​ព័ត៌មាន​ សម្រាប់​អ្នក​សារព័ត៌មាន​ គឺជា​កង្វះ​នូវ​សិទ្ធិ​ទទួល​ព័ត៌មាន​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ​។​

​លោក​សូ​ សោ​ទ្ធី​បន្ត​ថា​ កន្លង​មក​ អ្នក​សារព័ត៌មាន​ពិបាក​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ពី​អ្នក​ពាក់ព័ន្ធ​ ដោយ​សំណើសុំ​ព័ត៌មាន​ពី​មន្ត្រី​ ឬ​អាជ្ញាធរ​ត្រូវ​បាន​គេ​ទុក​ចោល​ ឬ​បដិសេធ​មិន​ឆ្លើយ​តែ​ម្តង​។​

​លោក​ សូ​ សោ​ទ្ធី​បន្ថែម​ថា​ បើ​តាម​សេចក្តីព្រាងច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ ដែល​កំពុង​ធ្វើ​សេចក្ដី​ព្រាង​នេះ​ បាន​កំណត់​ថា​ មន្ត្រី​រដ្ឋាភិបាល​មិន​អាច​បដិសេធ​ចំពោះ​ការ​ស្នើ​សុំ​ព័ត៌មាន​របស់​អ្នក​សារព័ត៌មាន​ ឬ​ប្រជាពលរដ្ឋ​បាន​នោះ​ទេ​។​

​លោក​ថ្លែង​ទៀត​ថា​ប្រសិនបើជា​ព័ត៌មាន​ ដែល​អ្នក​សារព័ត៌មាន​ស្នើ​ហើយ​ មន្ត្រី​ទទួល​បន្ទុក​ព័ត៌មាន​មិន​ដោះស្រាយ​ ឬ​យក​ទៅ​ទុក​ចោល​ ហើយ​គ្មាន​ការ​ដាក់​ទោសទណ្ឌ​ទៅ​លើ​មន្ត្រី​ទាំងនោះ​ទេ​ មន្ត្រី​ដែល​ប្រព្រឹត្ត​ខុស​ទាំងនោះ​ នឹង​នៅ​តែ​បន្ត​ធ្វើ​បែប​ហ្នឹង​។​ ដូចនេះ​លោក​ស្នើ​ឱ្យ​មាន​ដាក់​វិន័យ​ចំពោះ​មន្ត្រី​ទទួល​បន្ទុក​ព័ត៌មាន​ទៅ​តាម​ផ្លូវច្បាប់​ បើសិនជា​ពួក​គេ​ទទួល​ការ​សុំ​ព័ត៌មាន​ហើយ​ ប៉ុន្តែ​បែរជា​មិន​ព្រម​ផ្តល់​ព័ត៌មាន​ឱ្យ​ក្នុង​កាលកំណត់​ណាមួយ​ឱ្យ​ច្បាស់​។​ លោក​ថា​ រដ្ឋាភិបាល​ គួរតែ​បង្កើត​ស្ថាប័ន​ឯករាជ្យ​មួយ​ ដើម្បី​វិនិច្ឆ័យ​លើ​ការ​បដិសេធ​មិន​ផ្តល់​ព័ត៌មាន​ ពី​មន្ត្រី​ទទួល​បន្ទុក​ព័ត៌មាន​ផង​ដែរ​។​

​ចំណែក​លោក​ប៉ែន​ បូ​ណា​ ប្រធាន​ក្លឹ​ប​អ្នកកាសែត​កម្ពុជា​ មាន​ប្រសាសន៍​ថា​ លោក​គាំទ្រ​ចំពោះ​ការ​ស្នើ​ឱ្យ​បង្កើត​ស្ថាប័ន​ឯករាជ្យ​មួយ​ ក្នុង​ការ​ដោះស្រាយ​បញ្ហា​ពាក្យបណ្តឹង​របស់​អ្នក​សារព័ត៌មាន​៖«​ក្នុង​ក្របខ័ណ្ឌ​ច្បាប់​ហ្នឹង​ បើសិនជា​យើង​មាន​យន្តការ​មួយ​ផ្សេង​ទៀត​សម្រាប់​ដោះស្រាយ​រាល់​បញ្ហា​ដែល​កើតឡើង​ ដែល​ថា​យើង​ដាក់​ទៅ​វា​មិន​បាន​ដូច​ចិត្ត​អី​ត្រូវ​ដោះស្រាយ​តាម​យន្តការ​អី​មួយ​ផ្សេង​ទៀត​ ដែល​វា​ងាយស្រួល​ជាង​ទៅ​តុលាការ​ ខ្ញុំ​គិត​ថា​ល្អ​យើង​ក៏​គាំទ្រ​ ហើយ​យើង​ចង់បាន​យន្តការ​បែប​ហ្នឹង​ដែរ​»​។​

​សូម​ជម្រាប​ថា​ សេចក្តីព្រាងច្បាប់​ចុង​ក្រោយ​ នៃ​ច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នា​ពេល​បច្ចុប្បន្ន​នេះ​ មាន​ចំនួន​៩​ជំពូក​ និង​៣៤​មាត្រា​៕

Share

Image
Image
Image