en     km
en     km

​វៀតណាម​ សាទរ​សម្ដេច​ ហ៊ុន​ សែន​ ត្រូវ​បាន​ព្រះមហាក្សត្រ​តែងតាំង​ជា​នាយក​រដ្ឋមន្ត្រី​

Share

​រដ្ឋាភិបាល​សង្គមនិយម​ នៃ​ប្រទេស​វៀតណាម​ បាន​សម្ដែង​ការ​អបអរសាទរ​ សម្ដេច​នាយក​រដ្ឋមន្ត្រី​ ដែល​ត្រូវ​បាន​ព្រះមហាក្សត្រ​ តែងតាំង​ជា​ធ្មី​ម្ដងទៀត​ ឲ្យ​បាន​បន្ត​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​ អាណត្តិ​ថ្មី​ទៀត​។​

​តាម​សារព័ត៌មាន​ វៀតណាម​ News​ ការ​ថ្លែង​សាទរ​សម្ដេច​ ហ៊ុន​ សែន​ ដោយ​រដ្ឋាភិបាល​ វៀតណាម​ ធ្វើ​ឡើង​តាម​រយៈ​ អ្នកនាំពាក្យ​ ក្រសួងការបរទេស​។​

​លោកស្រី​ Lê​ Thị​ Thu​ Hằng​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​កាលពី​ថ្ងៃ​ទី​ ១៨​ ខែសីហា​ថា​ ឋានៈ​ជា​ប្រទេស​ជិតខាង​ជាមួយ​កម្ពុជា​ វៀតណាម​ សូម​សាទរ​សម្ដេច​ ហ៊ុន​ សែន​ ចំពោះ​ការ​តែងតាំង​ជា​នាយក​រដ្ឋមន្ត្រី​ ដោយ​ ព្រះមហាក្សត្រ​ កាលពី​ថ្ងៃ​ទី​១៧​ ខែសីហា​។​ ការ​កាន់​តំណែង​ជា​ថ្មី​ម្ដងទៀត​នេះ​ គឺជា​បេសកកម្ម​នៃ​ការ​បង្កើត​រាជរដ្ឋាភិបាល​ ដើម្បី​សុំ​ការ​អនុម័ត​ពី​រដ្ឋសភា​។​

​អ្នកនាំពាក្យ​បាន​បញ្ជាក់​ថា​ ក្នុង​នាម​ជា​ប្រទេស​ជិតខាង​ វៀតណាម​ មានការ​ជឿជាក់​ថា​ រាជរដ្ឋាភិបាល​ និង​ សភា​ថ្មី​ នៃ​ប្រទេស​កម្ពុជា​ នឹង​បន្ត​ដឹកនាំ​ពុះពារ​ និង​ចូលរួម​ចំណែក​ដើម្បី​សន្តិភាព​ ស្ថិរភាព​ សហប្រតិបត្តិការ​ និង​ការ​អភិវឌ្ឍ​ សម្រាប់​តំបន់​និង​ពិភពលោក​។​

​នៅ​ក្នុង​ការ​បោះ​ឆ្នោត​សភា​កាលពី​ទី​ ២៩​ ខែកក្កដា​ មាន​តែ​គណបក្ស​ប្រជាជន​កម្ពុ​ជាមួយ​គត់​ បាន​ឈ្នះ​អាសនៈ​សភា​ ទាំង​១២៥​ ខណៈ​ បក្ស​១៩​ទៀត​ ក្នុង​នោះ​មាន​ទាំង​ គណបក្ស​ហ្វ៊ុ​ន​ស៊ី​ន​ប៉ិច​ ដែល​ធ្លាប់​ ឈ្នះ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​អាណត្តិ​ដំបូង​ក៏​មិន​បាន​ទទួល​អាសនៈ​ដែរ​។​

​ជា​ការ​កត់សម្គាល់​ ការ​អបអរសាទរ​ និង​ ការ​បន្ថោក​ការ​បោះ​ឆ្នោត​ បាន​ធ្លាក់​មក​ នៅ​តំណាលគ្នា​។​ ប្រទេស​ចិន​ វៀតណាម​ ឡាវ​ បាន​សាទរ​មុនគេ​ ចំពោះ​ជ័យជម្នះ​របស់​បក្ស​ប្រជាជន​កម្ពុជា​។​ ក្រោយមក​ទៀត​មាន​ តំណាង​ ថៃ​ សិង្ហ​បុរី​ និង​ហ្វី​លី​ពី​ន​ ឥណ្ឌា​ ជាដើម​។​ តែ​ចំពោះ​រដ្ឋាភិបាល​ បរទេស​ដែល​មិន​បាន​សាទរ​ហើយ​សម្ដែង​ការ​ខកចិត្ត​ដោយ​ចាត់​ទុក​ការ​បោះ​ឆ្នោត​ មិន​ស្រប​នឹង​ឆន្ទៈ​របស់​ពលរដ្ឋ​កម្ពុជា​ មាន​សហរដ្ឋអាមេរិក​ សហភាព​អឺរ៉ុប​ ២៧​ប្រទេស​ ស៊ុ​យ​អ៊ែ​ត​ កា​ណា​ដា​ និង​រដ្ឋាភិបាល​ជប៉ុន​។​

​តាម​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ពលរដ្ឋ​ចេញ​ទៅ​បោះ​ឆ្នោត​មាន​ ជាង​៨៣​ភាគរយ​ ហើយ​អ្នកបោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ជិត​៥​លាន​នាក់​។​ តែ​បែប​នេះ​ក្ដី​ ការ​បោះ​ឆ្នោត​អាណត្តិ​ថ្មី​នេះ​ ពុំ​មាន​វត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ​ ដោយសារ​បក្ស​ប្រឆាំង​ធំ​នេះ​ ត្រូវ​បាន​រំលាយ​ខណៈ​មេ​បក្ស​នេះ​ គឺ​លោក​ កឹ​ម​ សុខា​ រង​បទ​ចោទ​ពាក់ព័ន្ធ​នឹង​អំពើ​ក្ប​តិ​ជាតិ​៕​

Share

Image
Image
Image