en     km
en     km

​វិមាន​ឈ្នះ​ឈ្នះ​គ្រោង​នឹង​សម្ពោធ​នៅ​ចុងឆ្នាំ​នេះ​ដោយ​ការ​តាំងពិព័រណ៍​សមិទ្ធផល​កងទ័ព​

Share

​ភ្នំពេញ​៖​ កងទ័ព​គ្រោង​នឹង​សម្ពោធ​វិមាន​ឈ្នះ​ឈ្នះ​នៅ​ចុងឆ្នាំ​២០១៨​នេះ​ ដើម្បី​រំលឹក​អំពី​គោលនយោបាយ​ឈ្នះ​ឈ្នះ​របស់​រាជរដ្ឋាភិបាល​និង​ការ​បញ្ចប់​សង្គ្រាមស៊ីវិល​កាលពី​២០​ឆ្នាំ​មុន​។​ នេះ​បើ​តាម​មន្ត្រី​នាំពាក្យ​ក្រសួង​ការពារ​។​

ស្តូបវិមានាឈ្នះ ឈ្នះ ចាប់ផ្តើមសាងសងកាលពីខែកុម្ភៈ ឆ្នំា ២០១៦។ វិមានឈ្នះឈ្នះសាងសងលើទំហំដី ៨ ហិចតា ស្ថិតនៅខណ្ឌ ជ្រោយចង្វារ រាជធានីភ្នំពេញ។ រូបភាព៖ ធូ វិរៈ

យោង​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​នៃ​បញ្ជាការដ្ឋាន​វិស្វកម្ម​អគ្គបញ្ជាការ​កងទ័ព​នៃ​ក្រសួងការពារជាតិ​បាន​បង្ហោះ​កាលពី​ថ្ងៃ​ទី ​២៤ ​តុលា​ ម្សិលមិញ​ បានអោយ​ដឹង​ថា ​ក្រសួង​បាន​បើក​កិច្ចប្រជុំ​រៀបចំ​ផែនការ​តាំងពិព័រណ៍​សមិទ្ធផល​កងកម្លាំង​វិស្វកម្ម​ ដើម្បី​ចូលរួម​អបអរសាទរ​ក្នុង​ពិធី​សម្ពោធ​វិមាន​ឈ្នះ​ ឈ្នះ​។​

​ក្នុង​កិច្ចប្រជុំ​នោះ​ លោកនាយ​ឧត្តមសេនីយ៍​ ខ្វាន់​ ស៊ា​ម​ អគ្គមេបញ្ជាការ​រង​កង​យុទ្ធ​ពល​ខេមរភូមិន្ទ​បាន​ដឹកនាំ​កិច្ចប្រជុំ​បញ្ជាក់​ថា​ កងទ័ព​នឹង​ដាក់​តាំងពិព័រណ៍​សមិទ្ធផល​នានា​នៃ​កងកម្លាំង​វិស្វកម្ម​ចាប់តាំងពី​ការ​បង្កើត​ឡើង​រហូត​ដល់​ពេល​បច្ចុប្បន្ន​នេះ​ ដើម្បី​អបអរសាទរ​ខួប​២០​ឆ្នាំ​នៃ​ការ​អនុវត្ត​គោលនយោបាយ​ឈ្នះ​ឈ្នះ​ ចាប់ពី​ឆ្នាំ​ ១៩៩៨​ ដល់​ ឆ្នាំ​ ២០១៨​នេះ​។​ លោកនាយ​ឧត្តមសេនីយ៍​ ខ្វាន់​ ស៊ា​ម​ បន្ថែម​ថា​ ការ​តាំងពិព័រណ៍​នេះ​ក៏​ត្រៀម​រៀបចំ​ទទួល​គណៈប្រតិភូ​វៀតណាម​នៅ​ពេល​ខាង​មុខ​ផង​ដែរ​។​

​លោកនាយ​ឧត្តមសេនីយ៍​ ឈុំ​ សុ​ជាតិ​ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ បញ្ជាក់​បន្ថែម​ថា​ វិមាន​ឈ្នះ​ ឈ្នះ​ គ្រោង​ដាក់​សម្ពោធ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​ ២៩​ ខែ​ ធ្នូ​ ឆ្នាំ​ ២០១៨​ ខាង​មុខ​នេះ​។​ ក្នុង​កម្មវិធី​សម្ពោធ​នេះ​នឹង​មានការ​ដាក់​តាំងពិព័រណ៍​សមិទ្ធផល​កងទ័ព​ដូច​ជា​ ស្តង់​ដាក់​បង្ហាញ ​សមិទ្ធផល​នានា​របស់​កង​វិស្វកម្ម​ និង​សមិទ្ធផល​របស់​កងរាជអាវុធហត្ថ​ដែល​សម្រេច​បាន​ចាប់តាំងពី​ការ​ករ​កើតឡើង​រហូត​ដល់​បច្ចុប្បន្ន​នេះ​។​

​លោកនាយ​ឧត្តមសេនីយ៍​ ឈុំ​ សុ​ជាតិ​៖​ «​ចាប់ផ្តើម​ម៉ោង​៦​ព្រឹក​ទៅ​រហូត​ដល់​យប់​ថ្ងៃ​ទី​ ៣១​ ខែធ្នូ​ ផ្តាច់ព្រ័ត្រ​នៃ​ឆ្លង​ឆ្នាំ​សកល​។​ការ​ពិព័រណ៍​គេ​មាន​ស្តង់​របស់​គេ​ស្តង់​ខាង​ទាហាន​មាន​ដូច​ពីរ​ស្តង់​វិស្វកម្ម​ និង​កងរាជអាវុធហត្ថ​ចូល​គ្នា​។​វិស្វកម្ម​ដូច​ជា​ធ្វើ​ថ្នល់​ ធ្វើ​ផ្លូវ​ ដោះ​មីន​ មាន​អ្វី​គេ​ដាក់​ឱ្យ​យើង​ឃើញ​ទាំំ​ង​អស់​ សម្ភារ​គេ​ សម​ទ្ធ​ផល​របស់​គេ​»​។​

សូម​រំលឹក​ថា​ ស្តូប​វិមាន​ឈ្នះ​ ឈ្នះ​ ចាប់ផ្តើម​សាងសង​កាលពី​ខែកុម្ភៈ​ ឆ្នាំ​ ២០១៦​។​ វិមាន​ឈ្នះ​ឈ្នះ​សាងសង​លើ​ទំហំ​ដី​ ៨​ ហិច​តា​ ស្ថិត​នៅ​ខណ្ឌ​ ជ្រោយចង្វារ​ រាជធានី​ភ្នំពេញ​ ដែល​ជា​អំណោយ​របស់​លោក​ឧ​ញ៉ា​ លី​ យ៉ុ​ង​ផាត់​ ជា​សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​។​

​ចាប់តាំងពី​ឆ្នាំ​១៩៧៩​មក​ ប្រទេស​កម្ពុជា​ បាន​សាងសង់​ រូបសំណាក​ជា​ច្រើន​ ដើម្បី​ បញ្ជាក់​ការ​ដឹកនាំ​ប្រទេស​ ក្នុង​នោះ​ វិមាន​ អនុស្សាវរីយ៍​ នៃ​កងទ័ព​វៀតណាម​ចូល​មក​រំដោះ​កម្ពុជា​ ពី​របប​ កម្ពុជា​ ប្រជា​ធិ​ន​តេ​យ្យ​ផង​ដែរ​។​ រូបសំណាក​ឬ​ស្តូប​អនុស្សាវរីយ៍​នេះ​ ត្រូវ​បាន​សង់​ឡើង​ នៅ​គ្រប់​ខេត្ត​ ក្រុង​នៃ​ប្រទេស​កម្ពុជា​៕​

Share

Image
Image
Image