en     km
en     km

​លោក​ សុខ​ ទូច​ថា​ ការ​បោះ​បង្គោលព្រំ​ដែនកម្ពុជា​-​វៀត​ណា​ ចូល​ដី​គ្នា​ទៅ​វិញ​ទៅ​មក

Share

sok-touch-cover

​ប្រធាន​ក្រុម​ស្រាវជ្រាវ​កិច្ចការ​ព្រំដែន​លោក​ សុខ​ ទូច​ ថ្លែង​ថា​ វៀតណាម​បាន​បោះបង្គោល​ព្រំដែន​ចូល​ក្នុង​ទឹកដី​កម្ពុជា​ ប៉ុន្តែ​កន្លែង​ខ្លះ​បង្គោលព្រំ​ដែនកម្ពុជា​ ក៏​បាន​បោះបង្គោល​ចូល​ក្នុង​ទឹកដី​វៀតណាម​វិញ​ដែរ​។ ​ការ​ថ្លែង​របស់​សុខ​ ទូច​នេះ​ ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តី​ពី​ ដំណើរការ​ទូទៅ​នៃ​ការ​សិក្សា​ស្រាវជ្រាវ​ព្រំដែន​កម្ពុជា​-​វៀតណាម​ នា​ព្រឹក​ថ្ងៃ​ទី​៤​ កុម្ភៈ​ ឆ្នាំ​ ២០១៦​នេះ​។​

​លទ្ធផល​របស់​ក្រុម​សិក្សា​ស្រាវជ្រាវ​កិច្ចការ​ព្រំដែន​ នៃ​រាជបណ្ឌិត្យសភាកម្ពុជា​ ក្នុ​យ​រយៈពេល​ជាង​៧​ខែ​មកនេះ​ បាន​រក​ឃើញ​បង្គោល​ព្រំដែន​១០០០​បង្គោល​ ក្នុង​ចំងាយ​ប្រមាណ​៥០០​គីឡូម៉ែត្រ​ ក្នុង​ចំណោម​ខេត្ត​ចំនួន​៤​ រួម​មាន​ ខេត្តកំពត​ កណ្តាល​ ស្វាយ​រៀង​ និង​ត្បូង​ឃុំ​។​

​លោក​ សុខ​ ទូច​ បាន​ឲ្យ​ដឹង​ថា​ បន្ទាប់​ពី​រក​ឃើញ​ការ​បោះបង្គោល​ចូល​ដី​គ្នា​ទៅ​វិញ​ទៅ​មកនេះ​ រាជរដ្ឋាភិបាល​កម្ពុជា​ និង​ រដ្ឋាភិបាល​វៀតណាម​ នឹង​ធ្វើការ​ដោះ​ដូរ​គ្នា​ជា​កញ្ចប់​ ។​ ប៉ុន្តែ​លោក​មិន​ទាន់​បាន​បញ្ជាក់​ថា​ និង​ត្រូវ​ដោះ​ដូរ​គ្នា​នៅ​កន្លែង​ណា​ និង​ចំនួន​ប៉ុន្មាន​នោះ​ទេ​ ព្រោះ​កិច្ចការ​នេះ​ស្ថិត​នៅ​ក្នុង​ដៃ​គណ​ក​ម្មា​ការ​កិច្ចការ​ព្រំដែន​កម្ពុជា​។​

​លោក​ សុខ​ ទូច​មាន​ប្រសាសន៍​ថា​៖«​មាន​បង្គោល​មួយ​បាន​ចូល​ដី​ខ្មែរ​នៅ​ខេត្ត​ត្បូងឃ្មុំ​គឺ​ បង្គោល​ ៩៤​ ៩៥​ និង​១០៩​ ចូល​ដី​ខ្មែរ​រាប់​សិប​ហិច​តា​ និង​កន្លែង​ខ្លះ​ ៥​ម៉ែត្រ​ ១០​ម៉ែត្រ​ និង​៥០​ម៉ែត្រ​»​។​
slide-border-01

ទោះបី​យ៉ាងណា​ក៏​ដោយ​ លោក​ សុខ​ ទូច​ មិន​ធ្វើការ​អត្ថាធិប្បាយ​ថា​ កម្ពុជា​ចំណេញ​ ឬ​មួយ​វៀតណាម​ចំណេញ​ ពី​ការ​ស្រាវជ្រាវ​ នោះ​ទេ​ តែ​លោក​បញ្ជាក់​ថា​ អ្វី​ដែល​ប្រទេស​កម្ពុជា​ចង់បាន​នោះ​ គឺ​ភាព​សុក្រឹត​រវាង​ខ្សែបន្ទាត់​ព្រំដែន​ប្រទេស​ទាំង​ពីរ​។​
​អ្នក​សិក្សា​ស្រាវជ្រាវ​កិច្ចការ​ព្រំដែន​បាន​បង្ហាញ​ថា​ នៅ​ក្នុង​ចំណោម​១០០០​បង្គោល​នេះ​ មាន​បង្គោល​បី​ប្រភេទ​ផ្សេង​គ្នា​ រួម​មាន​៖​ បង្គោល​ព្រំដែន​សម័យ​បារាំង​ បង្គោល​សម័យ​សាធារណៈរដ្ឋ​ប្រជាមានិត​កម្ពុជា​ និង​ បង្គោល​សម័យ​បច្ចុប្បន្ន​ ដែល​បោះ​ដោយ​រាជរដ្ឋាភិបាល​កាន់​អំណាច​សព្វថ្ងៃ​។​

​ជុំវិញ​ការ​សិក្សា​ស្រាវជ្រាវ​កិច្ចការ​ព្រំដែន​នៃ​រាជបណ្ឌិត​សភា​ថា​ កម្ពុជា​ និង​វៀតណាម​បាន​បោះបង្គោល​ព្រំដែន​ចូល​ក្នុង​ទឹកដី​គ្នា​ទៅ​វិញ​ទៅ​មកនេះ​ លោក​ អ៊ុំ​ សំ​អាន​ តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ធ្វើការ​ពាក់ព័ន្ធ​ និង​បញ្ហា​នេះ​ បាន​លើក​ឡើង​ថា​ មាន​តែ​ភាគី​វៀតណាម​ទេ​ ដែល​បោះបង្គោល​ព្រំដែន​ចូល​ដី​កម្ពុជា​យ៉ាង​ជ្រៅ​ ដោយឡែក​កម្ពុជា​មិន​បាន​បោះបង្គោល​ចូល​ដី​វៀតណាម​នោះ​ទេ​។​ លោក​ជឿជាក់​ថា​ រដ្ឋាភិបាល​វៀតណាម​ មិន​ព្រម​ឲ្យ​កម្ពុជា​បោះបង្គោល​ព្រំដែន​ចូល​ទឹកដី​ខ្លួន​ឡើយ​។​

​លោក​ សុខ​ ទូច​ បន្ត​ថា​ ការ​ស្រាវជ្រាវ​ប្រមូល​ទិន្នន័យ​បង្គោលព្រំ​ដែនកម្ពុជា​-​វៀតណាម​នេះ​ នឹង​ត្រូវ​បញ្ចប់​នៅ​ក្នុង​ឆ្នាំ​ ២០១៧​ ខាង​មុខ​ បន្ទាប់​មក​ក្រុម​សិក្សា​ស្រាវជ្រាវ​កិច្ចការ​ព្រំដែន​ ធ្វើការ​ផ្ទៀងផ្ទាត់​ផែនទី​ជាមួយ​ផែនដី​រួច​។​ លោក​បន្ថែម​ថា​ ក្រៅពី​ផ្ទៀងផ្ទាត់​ផែនទី​ជាមួយ​ផែនដី​រួចរាល់​ហើយ​ ក្រុមការងារ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​ គ្រោង​នឹង​បោះ​ពុ​ម្ភ​សៀវភៅ​ ទុកជា​ឯកសារ​សម្រាប់​អ្នក​ជំនាន់​ក្រោយ​។​

​ឮ​ប្រធាន​ក្រុម​ស្រាវជ្រាវ​រូប​នេះ​បាន​អះអាង​ថា​ ក្រុម​របស់​លោក​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ព្រំដែន​កម្ពុជា​-​វៀតណាម​ ដោយ​ផ្អែក​ទៅ​តាម​ផែនទី​ប៉ោ​ន​ខ្នាត​១/១០០០០០​។​

​សូម​ជម្រាប់​ថា​ ព្រំដែន​ដីគោក​កម្ពុជា​មាន​ប្រវែង​ប្រមាណ​១២៧០​គីឡូម៉ែត្រ​។​ បើ​តាម​រាជរដ្ឋាភិបាល​បាន​អះអាង​ថា​ ការ​បោះ​បង្គោលព្រំ​ដែនកម្ពុជា​-​វៀតណាម​បាន​ជាង​៨៥​ភាគរយ​ហើយ​៕

Share

Image
Image
Image