en     km
en     km

​លោក​ សម​ រ​ង្ស៊ី​ ចោទសួរ​ថា​ បើ​គេ​ប្ដឹង​បក​ផែនការ​“​ក​៥”​ ថា​តើ​លោក​ ហេង​ សំ​រិ​ន​ ហ៊ាន​ចេញ​មុខ​ដែរ​ទេ​?

Share

ភ្នំពេញ៖ ​ប្រធាន​គណបក្សប្រឆាំង​ធំ​ជាងគេ​នៅ​កម្ពុជា​លោក​ សម​ រង្សី​ បាន​សរសេរ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ដោយ​លើក​ឡើង​ថា​ ប្រសិនជា​សម្ដេច​ ហេង​ សំ​រិ​ន​ ប្ដឹង​លោក​ក្នុង​តាង​នាម​ឲ្យ​របប​សាធារណៈរដ្ឋ​ប្រជាមានិត​កម្ពុជា​ ថា​តើ​សម្ដេច​ ហេង​ សំ​រិ​ន​ ហ៊ាន​ចេញ​មុខ​មក​ទទួលខុសត្រូវ​ក្នុង​ចំពោះ​ជន​រង​គ្រោះ​ដែល​ស្លាប់​ក្នុង​ផែនការ​ «​ក​៥»​ នៃ​របប​សាធារណៈរដ្ឋ​ប្រជាមានិត​កម្ពុជា​ដែរ​ឬទេ​ នៅ​ពេល​ដែល​មាន​អ្នក​ប្ដឹង​សម្ដេច​ ។​

​ជុំវិញ​ការ​លើក​ឡើង​ដូច្នេះ​ អ្នកនាំពាក្យ​រដ្ឋសភា​ថ្លែង​ឆ្លើយ​តប​ថា​ ប្រសិនជា​មាន​អ្នក​ប្ដឹង​មែន​សម្ដេច​ ហេង​ សំ​រិ​ន​ និង​គោរព​ទៅ​តាម​ច្បាប់​ ។​ ទន្ទឹម​គ្នា​នេះ​ដែរ​អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​យល់​ថា​ អ្នកនយោបាយ​គួរ​បញ្ឈប់​វប្បធម៌​ យក​រឿង​បុគ្គល​មក​វាយប្រហារ​គ្នា​ដើម្បី​កេង​ចំណេញ​តទៅ​ទៀត​ ហើយ​ត្រូវ​ងាក​មក​ធ្វើការ​អភិវឌ្ឍ​ជាតិ​វិញ​ទើប​ជា​ការ​ប្រសើរ​ ។​

 

ស្តាប់សំឡេង៖


(ពីឆ្វេង) លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ និង សម្ដេច​ប្រធានរដ្ឋសភា ហេង សំរិន។
(ពីឆ្វេង) លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ និង សម្ដេច​ប្រធានរដ្ឋសភា ហេង សំរិន។

ប្រធាន​គណបក្សប្រឆាំង​ដែល​ត្រូវ​បាន​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ កាត់ក្ដី​ឱ្យ​ចាញ់ក្ដី​ សម្ដេច​ហេង​ សំ​រិ​ន​ ប្រធាន រដ្ឋសភា​ បាន​ប្រតិកម្ម​ចំពោះ​សេចក្ដី​ស​ម្រ​ចនេះ​ ដោយ​បាន​ដាក់​ជា​ការ​ចោទសួរ​វិញ​ថា​ បើ​មាន​តុលាការ​ឯករាជ្យ​គេ​ប្ដឹង​សម្ដេច​ ហេង​ សំ​រិ​ន​ ករណី​ “​ក​៥”​ ថា​តើ​សម្ដេច​ ហេង​ សំ​រិ​ន​ ហ៊ាន​ចេញ​មុខ​មក​តតាំង​ក្ដី​ដែរ​ទេ​។​

​ប្រតិកម្ម​របស់​លោក​ សម​ រ​ង្ស៊ី​ ធ្វើ​ឡើង​ភ្លាមៗ​បន្ទាប់​ពី​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​២៨​ កក្កដា​ កាត់ក្ដី​ឱ្យ​លោក​ចាញ់ក្ដី​សម្ដេច​ ហេង​ សំ​រិ​ន​ ប្រធាន​រដ្ឋ​ដោយ​ពិន័យ​ជា​ប្រាក់​សរុប​ ១៦០​លាន​រៀល​ ក្នុង​នោះ​បង់​ចូល​រដ្ឋ​ ១០​លាន​រៀល​ និង​ បង់​សំណង​រដ្ឋប្បវេណី​ជូន​សម្ដេច​ ហេង​ សំ​រិ​ន​ ១៥០​លាន​រៀល​ ។​

​ប៉ុន្តែ​សវនាការ​ជំនុំ​ជម្រះក្ដី​លើ​មេ​បក្ស​ប្រឆាំង​រូប​នេះ​ បាន​ប្រព្រឹត្ត​ទៅ​ដោយ​គ្មាន​វត្តមាន​លោក​ សម​ រ​ង្ស៊ី​ និង​មេធាវី​របស់​លោក​ឡើយ​ ហើយ​បាន​ប្រព្រឹត្ត​ទៅ​មួយ​ព្រឹក​។​

​អ្វី​ដែល​នាំ​ឱ្យ​សម្ដេច​ ហេង​ សំ​រិ​ន​ រក​មេធាវី​ប្ដឹង​លោក​ សម​ រ​ង្ស៊ី​ គឺ​ដោយសារ​មេ​បក្ស​ប្រឆាំង​រូប​នេះ​ បាន​ សរសេរ​លើ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​កាល ពី​ខែ​ វិច្ឆិកា​ ឆ្នាំ​២០១៥​ ដោយ​សរសេរ​ថា​៖«​យើង​ចាំ​ថា​របប​កើត​ថ្ងៃ​៧​ មក​រា​ ១៩៧៩​ បានឱ្យ​តុលាការ​របស់​គេ​កាត់ទោស​ប្រហារជីវិត​សម្ដេច​នរោត្តម​ សីហ​នុ​ ដោយ​ចោទ​ព្រះ​អង្គជា​ជន​ក្បត់ជាតិ​»​។​

​ជាមួយ​គ្នា​នេះ​ លោក​បាន​បង្ហោះ​វិ​ឌី​ដេ​អូ​ឃ្លិប​ ដែល​សម្ដេច​នរោត្តម​សីហ​នុ​ មាន​បន្ទូល​រៀបរាប់​ពី​កងទ័ព​ វៀតណាម​ចូល​កម្ពុជា​ និង​ការ​ពាក់ព័ន្ធ​សម្ដេច​ ហេង​ សំ​រិ​ន​។​

​សេចក្ដីថ្លែងការណ៍​របស់​លោក​ សម​ រ​ង្ស៊ី​ ដែល​បាន​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​នៅ​ថ្ងៃ​ ២៨​ កក្កដា​ បាន​ដាក់​ចំណងជើង​ថា​៖«​ហេង​សំ​រិ​ន​ និង​ សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​»​។​

​លោក​ សម​ រ​ង្ស៊ី​ បាន​ធ្វើការ​កត់សម្គាល់​ ២​ ចំនុចៗ​ ដែល​ជា​ការ​ប្រតិកម្ម​បែប​នយោបាយ​សំដៅ​វាយបក​វិញ​ លើ​ប្រព័ន្ធ​តុលាការ​ និង​ សម្ដេច​ ហេង​ សំ​រិ​ន​។​

​ចំនុច​ទី​១៖​ លោក​សរសេរ​ថា​ របប​រាជា​និយម​ត្រូវ​បាន​រំលាយ​ដោយ​របប​សាធារណរដ្ឋ​ខ្មែរ​ លន់​ ន​ល់​ ខណៈ​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ មិន​បាន​ធ្វើ​របប​រាជា​និយម​រស់​ឡើង​វិញ​ទេ​។​ លោក​បញ្ជាក់​ថា​របប​ លន់​ ន​ល់​ បាន​កាត់ទោស​ប្រហារជីវិត​ព្រះ​អង្គ​ហើយ​។​ សរុប​មក​អតីត​របប​ទាំង​ ២​ នេះ​មាន​បំណង​វាយបំបាក់​ស្មារតី​ និង​នយោបាយ​របស់​អតីត​ព្រះមហាក្សត្រ​អង្គ​នេះ​។​

​ចំនុច​ទី​២៖​ លោក​សរសេរ​ថា​ លោក​មិន​បាន​និយាយ​លើ​បុគ្គល​ណាមួយ​ តែ​លោក​ថា​ លោក​និយាយ​យោង​លើ​របប​ ៧​ កម​រា​ ១៩៧៩​។​ យ៉ាង ណា​ក៏​ដោយ​លោក​ថា​ សម្ដេច​ ហេង​ សំ​រិ​ន​ ឋានៈ​ជា​នីតិបុគ្គល​ ប្រធានរដ្ឋសភា​នៃ​រាជាណាចក្រ​សព្វ​ថៃ្ង​ បាន​ប្ដឹង​លោក​តាង​នាម​ឱ្យ​របប​សា ធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ទៅ​វិញ​។​ លោក​ចោទសួរ​ថា​ តើ​ប្ដឹង​លោក​ផ្អែក​លើ​ប្រព័ន្ធ​យុត្តាធិការ​អ្វី​ និង​ច្បាប់​អ្វី​។​ លោក​សួរ​ថា​ តើ​តុលាការ​កាត់ ទោស​លោក​ដូចនេះ​ ក្នុង​នាម​លោក​ក្នុង​របប​ ៧​ មក​រា​ ១៩៧៩​។​

​ក្នុង​ចំនុច​ទី​ ២​ នេះ​ លោក​ សម​ រ​ង្ស៊ី​ សរសេរ​ថា​៖«​នៅ​ថ្ងៃ​ណាមួយ​ ជន​រង​គ្រោះ​ស្លាប់​ក្នុង​ផែនការ​“​ក​៥”​ នៃ​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ ត្រូវ​បាន​អនុញ្ញាត​ប្ដឹង​នៅ​ចំពោះ​តុលាការ​ឯករាជ្យ​ ដែល​នឹង​កំណត់​ប្ដឹង​ ប្រឈម​មុខ​តុលាការ​ ហើយ​ត្រូវ​ឆ្លើយ​ការ​ចោទប្រកាន់​ប្រឆាំង​ឧក្រិដ្ឋកម្ម​មនុស្សជាតិ​ ។​ តើ​លោក​ ហេង​ សំ​រិ​ន​ បង្ហាញខ្លួន​ទេ​នៅ​ពេល​នោះ​?»​។​

​តើ​មន្ត្រី​អ្នក​ច្បាប់​ខាង​រដ្ឋាភិបាល​ យល់​ឃើញ​យ៉ាងណា​ចំពោះ​ប្រតិក​មុ្ម​នៃ​សេចក្ដីថ្លែងការណ៍​របស់​លោក​សម​ រ​ង្ស៊ី​ និយាយ​ដល់​ឈ្មោះ​សម្ដេច​ ហេង​ សំ​រិ​ន​ ដូចនេះ​?

​លោក​ ជិន​ ម៉ា​លី​ន​ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​មាន​ប្រសាសន៍​ជាមួយ​ វិទ្យុ​ស្ត្រី​FM102​ ថា​ អ្វី​ដែល​សម្ដេច​ ហេង​ សំ​រិ​ន​ ប្ដឹង​លោក​ សម​ រ​ង្ស៊ី​ គឺ​ដោយសារ​លោក​ សម​ រ​ង្ស៊ី​ វាយប្រហារ​លើ​បុគ្គល​ ហើយ​បុគ្គល​នោះ​មាន​ឋានៈ​ខ្ពង់ខ្ពស់​ទៀត​ផង​ ដែល​លោក​ថា​ច្បាប់​បើកផ្លូវ​ឱ្យ​ប្ដឹង​បែប​នេះ​។​
​លោក​ ជិន​ ម៉ា​លី​ន​៖​ «​សម្ដេច​ ហេង​ សំ​រិ​ន​ គាត់​មាន​តំណែង​ជា​ថ្នាក់ដឹកនាំ​ វា​ប៉ះពាល់​ វា​រឹតតែ​ធ្ងន់​ហើយ​ ហើយ​បើ​ទោះបី​យើង​មិន​មាន​តំណែង​ថ្នាក់ដឹកនាំ​អី​ក៏​ដោយ​ បើសិន​គេ​ធ្វើការ​បរិហា​កេរ្ដិ៍​ប៉​ពាល់​ដល់​កិត្ដិយស់​យើង​ ក៏​មាន​សិទ្ធិ​ប្ដឹង​ដែរ​ ច្បាប់​ក៏​ការពារ​ដែរ​ ឲ្យ​តែ​យើង​បំពាន​សិទ្ធិ​សេរី ភាព​ឯកជន​របស់​គេ​ គឺ​គេ​មាន​សិទ្ធិ​ប្ដឹង​ដែល​ការពារ​ដោយ​ច្បាប់​»​។​

​តែ​សម្រាប់​លោក​ ឡេ​ង​ ប៉េង​ឡុ​ង​ ជា​អ្នកនាំពាក្យ​រដ្ឋសភា​មាន​ប្រសាសន៍​ឆ្លើយ​តប​ សំនួរ​អ្នក​ព័ត៌មាន​ថា​ ពុំ​មាន​អ្វី​ត្រូវ​ព្រួយបារម្ភ​ទេ​ចំពោះ​ការ​ចង់​ប្ដឹង​សម្ដេច​ហេង​សំ​រិ​ន​ ទាក់ទិន​ផែនការ​ក​៥​ ដែល​លោក​ សម​ រ​ង្ស៊ី​ លើក​ឡើង​នោះ​។​ លោក​ ឡេ​ង​ ប៉េង​ឡុ​ង​៖«​ខ្ញុំ​យល់​ថា​គាត់​ (​សម្ដេច​ ហេង​ សំ​រិ​ន​)​ ប្ដឹង​ក្នុង​នាម​ប្រមុខរដ្ឋ​ កាលពី​គាត់​ធ្វើ​ប្រមុខរដ្ឋ​ ដែល​មានការ​កាត់ក្ដី​ពួក​ឧក្រិដ្ឋជន​កាលនោះ​កាត់​តែ​ពីរ​នាក់​ទេ​ ប៉ុន្ដែ​លោក​សម​ រង្សី​ ថា​ ថែម​ព្រះករុណា​ទៀត​នោះ​គឺ​មិន​ត្រឹមត្រូវ​បាទ​ គឺ​(​ប្ដឹង​)​ ក្នុង​នាម​លោក​ទទួលខុសត្រូវ​ដឹកនាំ​រដ្ឋ​ពេល​នោះ​មិនមែន​ពេល​នេះ​បាទ​ មិន​បញ្ហា​ទេ​បើ​គេ​ចង់​ប្ដឹង​អី​ប្ដឹង​ទៅ​ ហើយ​បើ​គេ​ប្ដឹង​សម្ដេច​ ហេង​ សំ​រិ​ន​ គាត់​នឹង​គោរព​ទៅ​តាម​ច្បាប់​ »​។​

លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា អង្គុយនៅកណ្ដាល។
លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា អង្គុយនៅកណ្ដាល។

​ផែនការ​ “​ក​៥”​ កើត​នៅ​ក្នុង​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ ដែល​កាល​ណោះ​ សម្ដេច​ ហេង​ សំ​រិ​ន​ ជា​ប្រមុខរដ្ឋ​ ហើយ​ពេល​នោះ​អាជ្ញាធរ​បាន​កេណ្ឌ​ប្រជាពលរដ្ឋ​ខ្មែរ​ ឲ្យ​ទៅ​កាប់​ព្រៃ​នៅ​តាម​ព្រំដែន​ថៃ​ ដែល​បាន​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​ និង​របួស​ជា​ច្រើន​ដោយសារ​ជាន់​មីន​ ឬ​ជំងឺ គ្រុនចាញ់​។​ ផែនការ​ “​ក​៥”​ នេះ​ ជា​យុទ្ធសាស្ត្រ​មួយ​ ដែល​អ្នកខ្លះ​ថា​ជា​ផែនការ​របស់​ប្រទេស​វៀតណាម​ ។​ ទោះជា​យ៉ាង​ មក​ដល់​ពេល​នេះ​មិន​មាន​ឯកសារ​ណា​ផ្លូវការ​បញ្ជាក់​ថា​ផែនការ​ “​ក​៥”​ នេះ​យុទ្ធសាស្ត្រ​ វៀតណាម​ ឬ​កម្ពុជា​ខ្លួនឯង​ទេ​ ហើយ​ក៏​មិន​មាន​ ការ​បញ្ជាក់​ថា​ពលរដ្ឋ​ខ្មែរ​បាន​ស្លាប់​នៅ​ពេល​នោះ​ ប៉ុន្មាន​នាក់​ដែរ​។​  

​តែ​បែប​នេះ​ក្ដី​ អ្នកវិភាគ​បញ្ហា​សង្គម​លោក​ មាស​ នី​ មិន​ចង់​ឃើញ​អ្នកនយោបាយ​ប្ដឹង​គ្នា​ ហើយ​មិន​គិតគូ​បញ្ហា​ជាតិ​ធំៗ​គឺ​មិន​ចំណេញ​ជាតិ​ទេ​ ។​ លោក​ថា​ ការ​ប្ដឹង​មេ​បក្ស​ប្រឆាំង​រាប់​បណ្ដឹង​មិន​អស់នេះ​ គឺជា​រឿង​ដែល​គេ​មិន​គួរ​ចាប់អារម្មណ៍​ច្រើន​ឡើយ​។​ មាស​ នី​៖«​បើ​ខ្ញុំ​វិញ​ក៏​មិន​ចាប់ អារម្មណ៍​ដែរ​ព្រោះ​រឿង​ប្ដឹង​ហ្នឹង​មិន​ចេះ​ចប់​ទេ​ ក្នុង​ចំណោម​អ្នកដឹកនាំ​ខ្មែរ​នៅ​តែ​យក​កត្ដា​ផ្ទាល់ខ្លួន​មក​គិត​គួ​ដើម្បី​បំបាក់​គ្នា​ជា​ជាង​គិត​រឿង​ជាតិ​ ប៉ុន្ដែ​ដល់​ពេល​កិច្ចការ​ខ្លះ​ដែល​ត្រូវ​រក​ការ​ពិត​ឃើញ​អត់​បាន​បង្ហាញ​ឲ្យ​ពិត​ទេ​ អ​ញ្ចឹ​ង​ចេះ​តែ​ចោទ​គ្នា​ទៅ​វិញ​ទៅ​មក​អត់​មានអី​ក្រៅពី​រឿង​បង្ខូច​កេរ្ដិ៍ឈ្មោះ​គ្នា​ប៉ុណ្ណឹង​»​

លោក​ សម​ រ​ង្ស៊ី​ ដែល​មិន​អាច​វិល​ចូល​ស្រុក​បាន​ពេល​នេះ​ គឺ​ដោយសារ​លោក​បាន​ទទួល​ដី​ចាប់ខ្លួន​ផង​ និង​ដីកា​កោះហៅ​ឡើង​តុលាការ​ ៤​ ករណី​ទៀត​ ដោយ​រាប់​ទាំង​ករណី​បណ្ដឹង​របស់​សម្ដេច​ ហេង​ សំ​រិ​ន​ ដែល​តុលាការ​ កាត់ក្ដី​លោក​ដោយ​ពិន័យ​ជា​ប្រាក់​ ១៦០​លាន​រៀល​ ។​ មេ​បក្ស​ប្រឆាំង​រូប​នេះ​ ធ្លាប់​ជាប់​ពាក្យបណ្ដឹង​ជា​ច្រើន​មក​ហើយ​ កាលពី​អាណត្តិ​មុនៗ​ មាន​ទាំង​បញ្ហា​ព្រំដែន​ដែរ​ ប៉ុន្តែ​លោក​តែងតែ​ទទួល​បានការ​លើកលែងទោស​ពី​ព្រះមហាក្សត្រ​ តាម​រយៈ​ការ​ស្នើ​សុំ​លើកលែងទោស​ពី​សម្ដេច​នាយ​រដ្ឋមន្ត្រី​ហ៊ុន​ សែន​។​ កាលពី​ខែ​មុន​លោក​ សម​ រ​ង្ស៊ី​ ប្រកាស​ថា​ លោក​ត្រូវ​តែ​វិល​ចូល​ប្រទេស​វិញ​ ឱ្យ​បាន​មុន​ព្រឹត្តិការណ៍​បោះ​ឆ្នោត​ ឆ្នាំ​២០១៧-២០១៨​ ចូល​មក​ដល់​ ។​ តែ​លើក​នេះ​ សម្ដេច​ ហ៊ុន​ សែន​ ថា​លោក​នឹង​មិន​សរសេរ​លិខិត​សុំ​លើកលែងទោស​មេ​បក្ស​ប្រឆាំង​រូប​នេះ​ជា​ដាច់ខាត​ ទោះជា​កាលៈទេសៈ​ណា​ក៏​ដោយ​ បើ​លោក​យល់ព្រម​គឺ​លោក​កាត់​ដៃ​លោក​ម្ខាង​ក្រវាត់​ចោល​៕

Share

Image
Image
Image