en     km
en     km

​លោក​ ម៉​ម​ សូណ​ង់​ដូ​ ចង់ឱ្យ​ព្រះសង្ឃ​ ប៊ុត​ ប៊ុ​ន​តិ​ញ​ សុំ​ទោស​ជា​សាធារណៈ​ គឺ​លោក​នឹង​ដក​ពាក្យបណ្ដឹង​មក​វិញ​ (មានសំឡេង)

Share

​ភ្នំពេញ​ ៖​ ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​លោក​ ម៉​ម​ សូណ​ង់​ដូ​ នៅ​ថ្ងៃ​ទី​ ០៨​ វិច្ឆិកា​នេះ​បាន​បញ្ជាក់​ថា​ លោក​មិន​ចង់​ឈ្នះ​ចាញ់​លើ​រឿង​ប្ដឹងផ្ដល់​គ្នា​ជាមួយ​ព្រះសង្ឃ​នោះ​ទេ​។​ លោក​ថា​ ប្រ​សិន​ព្រះ​តេជគុណ​ ប៊ុត​ ប៊ុ​ន​តិ​ញ​ ព្រម​សរសេរ​លិខិត​ជា​សាធារណៈ​ទទួល ស្គាល់​ថេរ​ដីកា​របស់​ខ្លួន​ថា​ មិន​ពិត​ជុំវិញ​ការ​ដែល​បាន​ចោទប្រកាន់​លោក​នោះ​ លោក​នឹង​បញ្ចប់រឿង​។​ ប៉ុន្ដែ​ព្រះ​តេជគុណ​ ប៊ុត​ ប៊ុ​ន​តិ​ញ​ មាន​ថេរ​ដីកា​ថា​ ព្រះ​អង្គ​មិន​ចង់​ចំណាយពេល​ធ្វើ​រឿង​ឥតប្រយោជន៍​នោះ​ទេ​។លោក លៀ ស៊ីណា រាយការណ៍


ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​លោក​ ម៉​ម​ សូណ​ង់​ដូ
ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​លោក​ ម៉​ម​ សូណ​ង់​ដូ

​លោក​ ម៉​ម​ សូណ​ង់​ដូ​ ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​និយាយ​ថា​ អ្វី​ដែល​នាំ​ឱ្យ​លោក​ប្ដឹង​គឺ​ដោយសារ​តែ​បាន​ប៉ះពាល់​ខ្លាំង​ដល់​កិត្ដិយស់​លោក​ ក៏​ដូច​ជា​គណបក្ស​លោក​ផ្ទាល់​ ព្រោះ​អាច​នឹង​បាត់បង់​ការ​គាំទ្រ​ពី​ពលរដ្ឋ​ព្រោះ​ ថេរ​ដីកា​របស់​ព្រះ​អង្គ​ ជា​ការ​មូល​បង្កាច់​លោក​ទាំងស្រុង​។​

 

​លោក​បន្ត​ថា​ ប្រសិនបើ​ព្រះ​តេជគុណ​ ប៊ុត​ ប៊ុ​ន​តិ​ញ​ មិន​ព្រម​បកស្រាយ​បំភ្លឺ​ទេ​ លោក​នៅ​តែ​បន្ដ​ប្ដឹង​ព្រះ​អង្គ​ពី​បទ​បរិហា​កេរ្ដិ៍​ដដែល​។​

​លោក​ ម៉​ម​ សូណ​ង់​ដូ​៖«​ប្រ​សិន​គាត់​ហ៊ាន​សរសេរ​លិខិត​មក​សុំ​ទោស​ ហើយ​ការ​និយាយ​ទាំង​អម្បាល​ន្មា​ន​អត់​មានការ​ពិត​ទេ​ ហើយ​ការ​និយាយ​របស់​គាត់​កន្លង​មក​គឺ​មានការ​ឆ្គាំឆ្គង​មែនទែន​ បញ្ជាក់​តែ​ប៉ុណ្ណឹង​មក​បាន​ហើយ​ខ្ញុំ​អត់​មាន​ចង់បាន​អី​ទេ​»​។​

​ជា​ការ​ឆ្លើយ​តប​ព្រះ​តេជគុណ​ ប៊ុត​ ប៊ុ​ន​តិ​ញ​ ស្ថាបនិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​មាន​ថេរ​ដីកា​ថា​ ព្រះ​អង្គ​មិន​ចំណាយ​ទឹកប៊ិច​ ចំណាយ​ក្រដាស​ដើម្បី​សរសេរ​សុំ​ទោស​ ឬ​កែតម្រូវ​ថេរ​ដីកា​ព្រះ​អង្គ​នោះ​ទេ​ ព្រោះ​វា​ជា​រឿង​ដែល​ខាត​ពេលវេលា​។​
​បន្ថែម​ពី​នេះ​ព្រះ​អង្គ​ថា​ ការ​រិះគន់​របស់​ព្រះ​អង្គ​ចំពោះ​លោក​ ម៉​ម​ សូណ​ង់​ដូ​ មិនមែន​ជា​ការ​បរិហា​កេរ្ដិ៍​នោះ​ទេ​ ប៉ុន្ដែ​គឺជា​ការ​បញ្ចេញមតិ​តែ​ប៉ុណ្ណោះ​។​ លើស​ពី​នេះ​ព្រះ​អង្គ​បន្ដ​រថា​ លោក​ ម៉​ម​ សូណ​ង់​ដូ​ បើ​ខ្លាច​ការ​រិះគន់​ក្នុង​នាម​ជា​មេ​បក្ស​មួយ​រូប​ គួរតែ​ឈប់​ធ្វើ​នយោបាយ​ ហើយ​ទៅ​ដាំដំឡូង​មី​ ឬ​ក៏​ទៅ​អូស​មង​ជំនួស​វិញ​។​

​ព្រះ​តេជគុណ​ ប៊ុត​ ប៊ុ​ន​ទិញ​ ប្រធាន​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​
​ព្រះ​តេជគុណ​ ប៊ុត​ ប៊ុ​ន​ទិញ​ ប្រធាន​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​

ព្រះ​តេជគុណ​ ប៊ុត​ ប៊ុ​ន​តិ​ញ​៖«​អាត្មា​ប្រើប្រាស់​ពាក្យ​សម្ដី​ប៉ុណ្ណឹង​មិន​អាច​ចាត់ទុកជា​ ការ​បរិហា​កេរ្ដិ៍​បាន​ទេ​ ហើយ​បើ​ ម៉​ម​ សូណ​ង់​ដូ​ ជា​បុគ្គល់​សាធារណៈ​ប្រធាន​បក្ស​ខ្លាច​ការ​រិះគន់​យ៉ាងនេះ​ គួរតែ​ទៅ​ដាំដំឡូង​មី​ ក៏​បាន​ទៅ​រត់​ម៉ូតូឌុប​ ក៏​បាន​ ឬ​ក៏​ទៅ​អួ​សមង​វិញ​ទៅ​បើ​ខ្លួន​ត្រី​ចង្វា​អ​ញ្ចឹ​ង​ហើយ​»​។​

​តុលាការក្រុង​ភ្នំពេញ​បាន​ចេញ​ដីកា​កោះហៅ​ព្រះ​តេជគុណ​ ប៊ុត​ ប៊ុ​ន​តិ​ញ​ ឲ្យ​បំភ្លឺ​នៅ​ចំពោះ​មុខ​តុលាការ​ នៅ​ព្រឹក​ថ្ងៃ​ទី​ ១៧​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០១៦​ បន្ទាប់​ពី​លោក​ ម៉​ម​ សូណ​ង់​ដូ​ បាន​ដាក់​ពាក្យបណ្ដឹង​ ប្ដឹង​ពី​បទ​បរិហា​កេរ្តិ៍​ថា​ ព្រះ​អង្គ​បាន​ចោទ​ លោក​ ម៉​ម​ សំណង់​ដូ​ ថា​ បង្កើត​គណបក្ស​ថ្មី​ដើម្បី​បំផ្លាញ​គណបក្ស​សង្គ្រោះ​ជាតិ​ ព្រោះ​ទៅ​ចរចា​សុំ​តំណែង​ពី​គណបក្ស​មួយ​នេះ​មិន​បាន​។​

​យ៉ាងណា​ក៏​ដោយ​ព្រះ​តេជគុណ​ ប៊ុត​ ប៊ុ​ន​តិ​ញ​ បាន​បញ្ជាក់​ថា​ ព្រះ​អង្គ​មិន​ទាន់​បាន​ទទួល​ដីកា​រកោះ​ពី​តុលាការ​នោះ​ទេ​ ប៉ុន្ដែ​ព្រះ​អង្គ​បាន​ទទួល​ទូរស័ព្ទ​ពី​តុលាការ​ ដែល​បំណង​ដើម្បី​និមន្ដ​ព្រះ​អង្គ​ឲ្យ​ចូល​បំភ្លឺ​នៅ​តុលាការ​នៅ​ថ្ងៃ​ខាង​មុខ​។​ ប៉ុន្ដែ​ព្រះ​អង្គ​សង្កត់ធ្ងន់​ថា​ ព្រះ​អង្គ​នឹង​មិន​ទៅ​តាម​ការ​កោះហៅ​របស់​តុលាការ​ឡើយ​។​ ករណី​នេះ​ ព្រះ​អង្គ​យល់​ឃើញ​ថា​ តុលាការ​កំពុង​តែ​ប្រើប្រាស់​អំណាច​របស់​ខ្លួន​ហួស​ដែន​កំណត់​ ដោយ​បាន​រំលោភ​យ៉ាងធ្ងន់ធ្ងរ​ទៅ​លើ​ព្រះពុទ្ធ​សាសនា​ដែល​ជា​សាសនា​របស់​រដ្ឋ​ថែម​ទៀត​ផង​។​

​ព្រះ​អង្គ​ ប៊ុត​ ប៊ុ​ន​តិ​ញ​៖«​ករណី​នេះ​អាត្មា​នឹង​មិន​បំភ្លឺ​តាម​ដីកា​រកោះ​ទេ​ ដោយ​យោង​ហេតុផល​ពីរ​ ហេតុផល​ទី​១​គឺ​អាត្មា​មិន​បាន​ទទួល​ដីការ​ផ្ទាល់​ដៃ​តាម​ថ្ងៃ​កំណត់​ដោយ​ដៃ​អាត្មា​ និង​ទី​២​ អាត្មា​មើលឃើញ​ថា​ តុលាការ​បាន​ប្រព្រឹត្ដ​ល្មើស​នឹង​កិច្ចការ​សាសនា​ មាន​ន័យ​ថា​ តុលាការ​ប្រើប្រាស់​អំណាច​លើស​ដែន​សមត្ថកិច្ច​របស់​ខ្លួន​»​។​

​ករណី​ដែល​ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​ ប្ដឹង​ស្ថាបនិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​នេះ​ដែរ​ ត្រូវ​បាន​អ្នកវិភាគ​យល់​ឃើញ​ថា​ លោក​ ម៉​ម​ សូណ​ង់​ដូ​ គួរ​បើក​ចិត្ដ​ឲ្យ​ទូលាយ​ដើម្បី​ទទួលយក​ការ​រិះគន់​ ព្រោះ​ខ្លួន​ជា​បុគ្គល​សាធារណៈ​។​ លើក​ពី​នេះ​អ្នកវិភាគ​យល់​ថា​ ប្រសិនបើ​លោក​ ម៉​ម​ សូណ​ង់​ដូ​ ខ្លាច​ការ​រិះគន់​គឺ​មិន​គួរ​ធ្វើ​នយោបាយ​ទេ​៕


Share

Image
Image
Image