ភ្នំពេញ៖ ទោះរស់នៅស្ថិតក្នុងស្ថានភាពជាអ្នកនយោបាយបាត់បង់សេរីភាពនៃការដើរហើរក្ដី ប៉ុន្ដែប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ នៅតែប្រើវោហារសាស្ដ្រចំអកឡកឡឺយទៅគូប្រកួតរបស់ខ្លួន (គណបក្សប្រជាជនកម្ពុជា) ដោយនិយាយថា យើងមិនធ្វើបដិវត្ដន៍ ហើយក៏មិនធ្វើរដ្ឋប្រហារដែរ សូមអ្នកដឹកនាំប្រទេសដល់ថ្ងៃបោះឆ្នោតសភាឆ្នាំ ២០១៨ ទៅចុះ។
ការថ្លែងរបស់លោក កឹម សុខា ធ្វើឡើងនៅស្នាក់កណ្ដាលគណបក្សសង្គ្រោះជាតិ នៅសង្កាត់ចាក់អង្រែលើ ជាទីដែលលោកទៅជ្រកកោននៅទីនោះ ពីការកោះហៅឡើងតុលាការ។ តែយ៉ាងនេះក្ដីអ្នកនាំពាក្យបក្សកាន់អំណាចបានចំអកវិញថា លោក កឹម សុខា ពេលនេះខ្នងដល់ជញ្ជាំងហើយ គឺនៅរងចាំតែថ្ងៃតុលាការចាប់ញេចតែប៉ុណ្ណោះ ។
ថ្លែងនៅចំពោះមុខយុវជនគណបក្សសង្គ្រោះជាតិ រាជធានីភ្នំពេញប្រមាណជាង ១ ពាន់នាក់ នាព្រឹកថ្ងៃ សៅរ៍ ទី ១៧ កញ្ញា នេះ លោក កឹម សុខា ក្នុងឋានៈជាប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ដែលមេបក្សរបស់គណបក្សប្រឆាំងនេះ កំពុងភៀសខ្លួននៅក្រៅប្រទេស លោកបានថ្លែងថា គ្មានអ្វីដែលធ្វើឲ្យលោកចុះចាញ់និងសមរភូមិដែលលោកកំពុងប្រយុទ្ធនេះទេ។
មើលទៅមានមោទនភាពចំពោះអ្វីដែលមជ្ឈដ្ឋានមួយចំនួនគិតថា បក្សសង្គ្រោះជាតិអាចនឹងធ្វើឲ្យមានការផ្លាស់ប្ដូរទស្សនៈរបស់ម្ចាស់ឆ្នោតនៅក្នុងការបោះឆ្នោតខាងមុខនេះ ប្រធានស្ដីទីគណបក្សប្រឆាំងរូបនេះ មិនបានភ្លេចទេនៃការនិយាយដៀមដាមលើគូរប្រកួតរបស់ខ្លួន។
លោកបាននិយាយដោយទឹកមុខ ស្វាហាប់ថា ការបោះឆ្នោតខាងមុខគឺគ្មានបក្សណាមានកម្លាំងធំជាងគណបក្សសង្គ្រោះជាតិដែលត្រូវផ្ដូលគូ ប្រកួតនោះទេ។ លោកបញ្ជាក់ថា សង្គ្រោះជាតិគឺជាដៃគូដែលមានតុល្យភាពអាចធ្វើឲ្យមានការផ្លាស់ការដឹកនាំមួយនៅកម្ពុជាតាមរយៈការបោះឆ្នោតនៅឆ្នាំ ២០១៧ ២០១៨ ខាងមុខនេះ ។ លោកបន្ដថាដើម្បីឲ្យមានការផ្លាស់ប្ដូរប្រព្រឹត្ដទៅប្រកដដោយភាពរលូន និងសន្ដិភាពគឺគូប្រកួតមួយ ទៀត (គណបក្សប្រជាជនកម្ពុជា) ត្រូវដឹកនាំប្រទេសឲ្យបានដល់ថ្ងៃបោះឆ្នោត ដែលលោកថា សង្គ្រោះជាតិមិនធ្វើរដ្ឋប្រហារ សម្លាប់ខ្លួនឯងនោះទេ ។ លោក កឹម សុខា៖«ខ្ញុំចង់បញ្ជាក់ពីគោលជំហរបស់យើងឲ្យបានច្បាស់លាស់ យើងមិនធ្វើបដិវត្ដន៍ទេ យើងមិនធ្វើរដ្ឋប្រហារទេ អញ្ចឹង!ដឹកនាំឲ្យចប់អាណត្ដិចុះ»។
ការបោះឆ្នោតដ៏មានសារៈសំខាន់ជាប្រវត្ដិសាស្ដ្រថ្មីម្ដងទៀត នៃរាជាណាចក្រកម្ពុជា គឺការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នៅថ្ងៃទី ០៤ មិថុនា ឆ្នាំ ២០១៧ និង ការបោះឆ្នោតសភាឆ្នាំ ២០១៨ ។ ដំណាក់កាលនៃការបោះឆ្នោតទាំងពីរនេះ កំពុងស្ថិតនៅក្នុងក្រសែភ្នែកនៃសហគមន៍អន្ដរជាតិយ៉ាងខ្លាំង ។ សហគមន៍អន្ដរជាតិជាពិសេសសហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិ ថ្មីៗនេះបានចេញសេចក្ដីថ្លែងការណ៍ និង សេចក្ដីសម្រេចដោយទាមទារឲ្យមានបរិយាកាសសន្ថិភាពសម្រាប់ការបោះឆ្នោតខាងមុខពោល គឺគ្មានធ្វើទុក្ខបុកម្នេញទៅលើគណបក្សប្រឆាំង និង អង្គការសង្គមស៊ីវិល ។
ក្នុងន័យនេះប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក កឹម សុខា បានថ្លែងអបអរសាទសហគមន៍អន្ដរជាតិដែលបានបន្ដដាក់ការគាបសង្កត់មកលើរដ្ឋាភិបាលកម្ពុជា បើកឲ្យមានភាពសេរីដើម្បីប្រកួតគ្នាក្នុងការបោះឆ្នោតខាងមុខនេះ ដោយភាគីពាក់ព័ន្ធមានសិទ្ធិសេរីភាពគ្រប់គ្រាន់ ។ តែយ៉ាងណាក៏ដោយអ្វីដែលលោក កឹម សុខា បានឡកឡឺយចំអកឲ្យគូប្រកួតនោះ ត្រូវបានមន្ដ្រីបក្សកាន់អំណាចវាយបកភ្លាមៗ ដោយប្រើវោហារសាស្ដ្រចំអកតបវិញ។
លោក សុខ ឥសាន្ដ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាព្រមានថា លោក កឹម សុខា គ្មានអ្វីដែលត្រូវគេចពីការចាប់ខ្លួនបានទេ នាពេលខាងមុខនេះ ដោយលោកប្រើពាក្យថា តុលាការនឹងចាប់ញេចមិនខានឡើយ ។ លោក សុខ ឥសាន្ដ៖«នេះត្រឹមជាករវើរ វាយ យល់សប្តិទាំងថ្ងៃ ព្រោះនៅ ២ឆ្នាំទៀតបានបោះឆ្នោតសភា អញ្ចឹងគាត់ទាយទុកមុនអាហ្នឹងគ្រាន់ជាកម្លាចិត្ដប៉ុណ្ណោះព្រោះឥឡូវនេះកំពុងតែខ្នងទល់ជញ្ជាំងហើយ នៅរងចាំតែថ្ងៃគេញិចទេ»។
យ៉ាងណាក៏ដោយលោក សុខ ឥសាន្ដ ថាគណបក្សកាន់អំណាចគ្មានខ្លាចញញើត និងគណបក្សសង្គ្រោះជាតិអ្វីឡើយ។
សូមជម្រាបថា បើតាមរបាយការណ៍ក្រសួងមហាផ្ទៃមកដល់ថ្ងៃនេះ មានគណបក្សដែលបានចុះបញ្ជីជាគណបក្សនយោបាយមានប្រមាណជាង ៥០ គណបក្សប៉ុន្ដែបើតាមអ្នកជំនាញកិច្ចការបោះឆ្នោត គឺគណបក្សដែលប្រជាជនចាប់អារម្មណ៍ និងមានទំនុកចិត្ដច្រើនជាងគេគឺមានគណបក្សចំនួនពីរប៉ុណ្ណោះ គឺគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន ដែលកាន់អំណាចជាង ៣០ ឆ្នាំ មកនេះ និង គណបក្សសង្គ្រោះជាតិដឹកនាំដោយលោក សម រង្សី និងលោក កឹម សុខា ។
ការបោះឆ្នោតលើកនេះត្រូវគេរំពឹងថា នឹងមានតម្លាភាពច្រើនជាងការបោះឆ្នោតអណត្ដិមុនៗ ដោយប្រព័ន្ធចុះឈ្មោះបោះឆ្នោតប្រើប្រាស់ដោយទិន្នន័យកុំព្យូទ័រ និង មានការសង្កេតការណ៍ដោយភ្នាក់ងារសង្កេតការណ៍អន្ដរជាតិ យ៉ាងច្រើនទៀតផង ៕