en     km
en     km

​លោក​អ៊ុំ​ សំ​អាន​ថា​ មាន​តែ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ប៉ុណ្ណោះ​ ទើប​ធ្វើ​ឲ្យ​វៀតណាម​ប្រគល់​ដី​មក​កម្ពុជា​វិញ​

Share

តំណាងរាស្ត្រ​គណបក្ស​សង្រោះជាតិ លោក អ៊ុំ សំអាន (ពាក់​អាវ​ពណ៌​ស្វាយ) ពិនិត្យ​តម្រុយ​បង្គោល​ព្រំដែន​លេខ​៣០២ នៅ​ច្រក​ព្រំដែន​កម្ពុជា-​វៀតណាម តន់ហន់ ឃុំ​ព្រែកក្រឹស ស្រុក​កំពង់ត្រាច ខេត្ត​កំពត ថ្ងៃ​ទី​១៤ ឧសភា ឆ្នាំ​២០១៥។
លោក អ៊ុំ សំអាន (ពាក់​អាវ​ពណ៌​ស្វាយ) ពិនិត្យ​តម្រុយ​បង្គោល​ព្រំដែន​លេខ​៣០២ នៅ​ច្រក​ព្រំដែន​កម្ពុជា-​វៀតណាម តន់ហន់ ឃុំ​ព្រែកក្រឹស ស្រុក​កំពង់ត្រាច ខេត្ត​កំពត កាលពីថ្ងៃ​ទី​១៤ ឧសភា ឆ្នាំ​២០១៥។ រូបភាព៖ RFA

​ខណៈ​កម្ពុជា​ និង​វៀតណាម​ អះអាង​ថា​ ដី​នៅ​តំបន់​ដាក់​ដាំ​ ខេត្តមណ្ឌលគិរី​ ជា​របស់​ផង​ខ្លួន​រៀងៗ​ខ្លួន​ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​គឺ​លោក​អ៊ុំ​ សំ​អាន​ បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​លោក​ពី​សហរដ្ឋអាមេរិក​មក​ថា​ ក្នុង​ការ​ចរចា​ទ្វេរ​ភាគី​ជាមួយ​វៀតណាម​ រឿង​បញ្ហា​ព្រំដែន​ ដែល​វៀតណាម​បាន​រំលោភ​យក​ពី​កម្ពុជា​ គឺ​វៀតណាម​មិន​ងាយ​ប្រគល់​មក​ឲ្យ​កម្ពុជា​វិញ​ទេ​។​ លោក​អ៊ុំ​ សំ​អាន​ អះអាង​ថា​ មាន​តែ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ប៉ុណ្ណោះ​ទើប​អាច​ដោះស្រាយ​បញ្ហា​ព្រំដែន​កម្ពុជា​ វៀតណាម​បាន​។​

​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​រូប​ ដែល​អះអាង​ថា​ លោក​ទៅ​សហរដ្ឋអាមេរិក​ ដើម្បី​រក​ផែនទី​ដែល​យក​ទៅ​តម្កល់​នៅ​អង្គការសហប្រជាជាតិ​ នា​ជំនាន់​សម្ដេចព្រះ​នរោត្តម​ សីហ​នុ​នោះ​ បាន​ថ្លែង​ថា​ មាន​តែ​យន្តការ​តុលាការអន្តរជាតិ​ប៉ុណ្ណោះ​ ទើប​អាច​ទាមទារ​យក​ដី​ដែល​វៀតណាម​រំលោក​យក​ពី​កម្ពុជា​មក​វិញ​បាន​។​

​លោក​អ៊ុំ​ សំ​អាន​ បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​លោក​នៅ​ថ្ងៃ​ទី​១០​ ខែវិច្ឆិកា​ ២០១៥​ មាន​ខ្លឹមសារ​ថា​ ជា​ទម្លាប់​ កាលណា​វៀតណាម​កាន់កាប់​ដី​ខ្មែរ​ហើយ​ វៀតណាម​មិន​ដែល​ប្រគល់​ឲ្យ​ខ្មែរ​វិញ​ទេ​ ទោះ​ចរចា​ទ្វេភាគី​យ៉ាងណា​ក៏​ដោយ​។​ ដូច្នេះ​បើ​ចង់បាន​ដី​នោះ​មក​វិញ​ ជម្រើស​មាន​តែ​ម្យ៉ាង​គត់​ គឺ​ប្តឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ ICJ​។​

​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​នោះ​ លោក​អ៊ុំ​ សំ​អាន​ បាន​សរសេរ​អត្ថបទ​មួយ​មាន​ចំណងជើង​ថា​ «​ព័ត៌មាន​ពិសេស​ពី​ផែនទី​តម្កល់​នៅ​UN​ អាច​ការពារ​ដី​ខ្មែរ​នៅ​តំបន់​ដាក់​ដាំ​»​ ។​ លោក​ថា​ ផែនទី​កម្ពុជា​តម្កល់​នៅ​អង្គការសហប្រជាជាតិ​(UN)​ ដែល​លោក​បាន​ទទួល​គឺ​ផ្ទាំង​ Sre​ Khtum​ បោះពុម្ព​ឆ្នាំ​១៩៥២​ ស្រប​តាម​មាត្រា​២​នៃ​រដ្ឋធម្មនុញ្ញ​។​ លោក​បន្ត​ថា​ ខ្សែ​ព្រំដែន​ដើរ​តាម​ព្រែក​ដាក់​ហ៊ូ​ត​ មិនមែន​ខ្សែ​ព្រំដែន​ដើរ​តាម​ព្រែក​ដាក់​ដាំ​ដូច​ការ​អះអាង​របស់​វៀតណាម​នោះ​ទេ​។​

​លោក​អ៊ុំ​ សំ​អាន​ បាន​ផ្ដល់​អនុសាសន៍​ថា​ រដ្ឋាភិបាល​អាច​ប្រើ​ផែនទី​តម្កល់​នៅ​អង្គការសហប្រជាជាតិ​នេះ​ និង​សេចក្តីសម្រេច​របស់​អគ្គទេសាភិបាល​បារាំង​ប្រចាំ​ឥណ្ឌូចិន​ឆ្នាំ​១៩១៤​ ដើម្បី​ទាមទារ​ដី​ខ្មែរ​៥១​គីឡូ​ម៉ែត្រការ៉េ​ពី​វៀតណាម​មក​វិញ​។​

​លោក​អ៊ុំ​ សំ​អាន​ បាន​សរសេរ​បន្ត​ទៀត​ថា​ តំបន់​ដាក់​ដាំ​ ដាក់​ហ៊ូ​ត​ ខេត្តមណ្ឌលគិរី​ វៀតណាម​អះអាង​ថា​ជា​ទឹកដី​របស់​ខ្លួន​ ដោយ​បាន​ធ្វើ​ផ្លូវ​ក្រាល​កៅស៊ូ​មក​ដល់​ច្រក​ដាក់​ដាំ​ (​ចូល​ទឹកដី​ខ្មែរ​)​ ជាប់​ព្រែក​ដាក់​ដាំ​ សាងសង់​សាលារៀន​ និង​ប្រឡាយ​ទឹក​នៅ​តំបន់​នោះ​ ទោះបី​មានការ​តវ៉ា​ពី​ភាគី​កម្ពុជា​ក៏​ដោយ​។​

​លោក​អ៊ុំ​ សំ​អាន​ បាន​សរសេរ​បន្ថែម​ទៀត​ថា​ ពី​ព្រែក​ដាក់​ដាំ​ ទៅ​ព្រែក​ដាក់​ហ៊ូ​ត​មាន​ផ្ទៃក្រឡា​ប្រហែល​៥១​គីឡូ​ម៉ែត្រការ៉េ​ ប៉ុន្តែ​បច្ចុប្បន្ន​ដី​៥១​គីឡូ​ម៉ែត្រការ៉េ​នេះ​គ្រប់គ្រង​ដោយ​វៀតណាម​។​ ទោះជា​យ៉ាងណា​ក៏​ដោយ​ តំបន់​នេះ​មិន​ទាន់​ដោះស្រាយ​រួចរាល់​និង​បោះបង្គោល​នៅឡើយ​ទេ​។​ លោក​ថា​ សព្វថ្ងៃ​ព្រំដែន​កម្ពុជា​-​វៀតណាម​បណ្តោះអាសន្ន​នៅ​ត្រឹម​ព្រែក​ដាក់​ដាំ​។​

​បញ្ហា​ខ្សែបន្ទាត់​ព្រំដែន​ខ្មែរ​នៅ​តំបន់​ដាក់​ដាំ​ ដាក់​ហ៊ូ​ត​នេះ​ ទាំង​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ ទាំង​លោក​សុខ​ ទូច​ សុទ្ធតែ​បាន​អះអាង​ថា​ ខ្សែបន្ទាត់​ព្រំដែន​នៅ​តំបន់​នោះ​រត់​តាម​ព្រែក​ដាក់​ហ៊ូ​ត​ ដូចៗ​គ្នា​។​
​យ៉ាងនេះ​ក្ដី​ ខាង​ភាគី​វៀតណាម​ បាន​អះអាង​ថា​ ខ្លួន​មាន​អធិបតេយ្យ​ពេញលេញ​ លើ​ដី​នៅ​តំបន់​ព្រំដែន​ដាក់​ដាំ​ ក្នុង​ខេត្ត​ដាក់​ណា​ង​ ប្រទេស​វៀតណាម​ ជាប់​ព្រំដែន​ខេត្តមណ្ឌលគិរី​ប្រទេស​កម្ពុជា​។​

​វិទ្យុ​ស្ត្រី​អេ​ហ្វ​អឹ​ម​ ១០២​ នៃ​WMC​ បាន​ទាក់ទង​ទង​ទៅ​លោកស្រី​កុយ​ ពិសី​ អនុប្រធាន​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍​នៃ​អាជ្ញាធរ​ជាតិ​ ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​កម្ពុជា​ដែរ​ ដើម្បី​ចង់​ដឹង​ពី​ជំហរ​របស់​គណៈកម្មការ​ព្រំដែន​កម្ពុជា​ ប៉ុន្តែ​លោកស្រី​មិន​ទទួល​ទូរ​សព្ទ​។​

​ទោះបីជា​យ៉ាងណា​ កាលពីដើម​ខែវិច្ឆិកា​នេះ​ ប្រធាន​គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​កម្ពុជា​ លោក​ វ៉ា​ គឹ​ម​ហុង​ បាន​មាន​ប្រសាសន៍​ជាមួយ​វិទ្យុ​អាស៊ី​សេរី​ថា​ កម្ពុជា​ មាន​សេចក្តីសម្រេច​របស់​អគ្គទេសាភិបាល​បារាំង​ ឆ្នាំ​១៩១៤​ ខ្សែ​ព្រំដែន​តាម​ព្រែក​ដាក់​ហ៊ូ​ត​ ។​ ដូច្នេះ​ តំបន់​ដាក់​ដាំ​ដាក់​ហ៊ូ​ត​ ស្ថិត​ក្នុង​បូរណភាព​ទឹកដី​របស់​កម្ពុជា​៕

Share

Image
Image
Image