en     km
en     km

​លោកនាយក​រដ្ឋមន្ត្រី​ថា​ ទាំង​អ្នកគាំទ្រ​បក្ស​ប្រឆាំង​ ទាំង​អ្នកគាំទ្រ​រដ្ឋាភិបាល​មាន​សិទ្ធិ​ធ្វើ​បាតុកម្ម​ដូច​គ្នា

Share

រូបតំណាង

ភ្នំពេញ៖ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​សម្ពោធ​ «​គម្រោង​ការពារ​ទឹកជំនន់​ និង​កែ​លម្អ​ប្រព័ន្ធ​ប្រឡាយ​លូ​»​ ដែល​រៀបចំ​នៅ​ទីតាំង​សួនច្បារ​ មុខ​វត្ត​បទុម​វ​ត្តី​ នា​ព្រឹក​ថ្ងៃ​ទី​០៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នេះ​ថា​ ក្នុង​ការ​ធ្វើ​បាតុកម្ម​គឺ​មាន​សិទ្ធិ​ដូច​គ្នា​ រវាង​អ្នកគាំទ្រ​បក្ស​ប្រឆាំង​ និង​អ្នកគាំទ្រ​រដ្ឋាភិបាល​។​

​លោកនាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​បែប​នេះ​ ក្រោយ​ពី​មាន​បាតុកម្ម​ប្រឆាំង​លោក​ជា​បន្តបន្ទាប់​ ពេល​លោក​ទៅ​បំពេញបេសកកម្ម​នៅ​អង្គការសហប្រជាជាតិ​ និង​នៅ​ប្រទេស​បារាំង​ ក៏​ដូច​ជា​បាតុកម្ម​ទាមទារ​ដក​លោក​ កឹ​ម​ សុខា​ ពី​អនុប្រធាន​រដ្ឋសភា​ បណ្ដាល​ឱ្យ​មាន​របួស​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ពីរ​រូប​ ។​

​លោកនាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា​ គណបក្សកាន់អំណាច​មាន​អ្នកគាំទ្រ​ច្រើន​ជាង​គណបក្សប្រឆាំង​ ប្រសិនបើ​គណបក្សប្រឆាំង​មាន​សិទ្ធិ​ធ្វើ​បាតុកម្ម​ គណបក្សកាន់អំណាច​ក៏​មាន​សិទ្ធិ​ធ្វើ​បាតុកម្ម​ដែរ​។​ ទោះបី​យ៉ាងណា​ក៏​ដោយ​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បញ្ជាក់​ថា​ លោក​មិន​បាន​លើកទឹកចិត្ត​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើ​បាតុកម្ម​ឡើយ​ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ លោក​បាន​ប្រកាស​ប្រឆាំង​ជា​ដាច់ខាត​ទៅ​នឹង​ការ​ប្រើប្រាស់​អំពើ​ហិង្សា​ផង​ដែរ​។​

​លោកនាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​បន្ត​ថា​៖​ «​សូម​អស់លោក​ត្រូវ​ចាំ​មួយ​មាត់​ ចាំ​ចំណុច​មួយ​ឱ្យ​ច្បាស់​ ថា​រាជរដ្ឋាភិបាល​ គេ​ធ្វើ​រាជរដ្ឋាភិបាល​ អ្នកគាំទ្រ​ច្រើន​ជាង​បក្ស​ប្រឆាំង​ និយាយ​គ្នា​ឱ្យ​ច្បាស់​។​ បើ​អ្នកឯង​មាន​សិទ្ធិ​ធ្វើ​បាតុកម្ម​ គេ​ក៏​មាន​សិទ្ធិ​ដូច​អ្នកឯង​ដែរ​ គេ​ក៏​មាន​សិទ្ធិ​ដូច​អ្នកឯង​ដែរ​។​ អ្នកប្រឆាំង​មាន​សិទ្ធិ​ធ្វើ​បាតុកម្ម​ អ្នកគាំទ្រ​ក៏​មាន​សិទ្ធិ​ធ្វើ​បាតុកម្ម​។​ ខ្ញុំ​មិន​លើកទឹកចិត្ត​ឱ្យធ្វើ​បាតុកម្ម​ទេ​ ហើយ​ខ្ញុំ​កាន់តែ​ប្រឆាំង​ជាមួយ​អ្នក​ហិង្សា​»​ ។​

​គួរ​រំឭក​ថា​ ក្នុង​ដំណើរ​បេសកកម្ម​របស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ទៅ​ចូលរួម​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​អង្គការសហប្រជាជាតិ​ នៅ​សហរដ្ឋអាមេរិក​ មាន​បាតុករ​រាប់រយ​នាក់​បាន​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក​នៅ​ទីនោះ​។​ ជា​បន្ត​មក​ទៀត​ ពេល​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ អញ្ជើញ​ទៅ​ប្រទេស​បារាំង​ ដើម្បី​ជួប​ជាមួយ​លោក​ប្រធានាធិបតី​ ហ្វ្រ​ង់​ស័​រ​ ហូ​ឡង់​ដ៍​ (François​ Hollande)​  អំពី​បញ្ហា​ផ្ដល់​ជំនួយ​ជាង​ ១០០​ លាន​ដុល្លារ​ មក​កម្ពុជា​នោះ​ ក៏​មាន​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​បារាំង​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក​នៅ​ទីនោះ​ដែរ​។​

ករណី​បាតុកម្ម​ប្រឆាំង​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ពេល​លោក​អញ្ជើញ​ទៅ​ក្រៅប្រទេស​នេះ​ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ចោទប្រកាន់​ថា​ ជា​ការ​រៀបចំ​ដោយ​បក្ស​ប្រឆាំង​ ប៉ុន្តែ​បក្ស​ប្រឆាំង​បាន​ឆ្លើយ​តប​ថា​ ការ​ធ្វើ​បាតុកម្ម​ទាំងនោះ​ ជា​សិទ្ធិ​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅប្រទេស​។​

​មួយ​ថ្ងៃមុន​ការ​ធ្វើ​បាតុកម្ម​នៅ​រាជធានី​ភ្នំពេញ​ ដើម្បី​ទាមទារ​ដក​តំណែង​លោក​ កឹ​ម​ សុខា​ ពី​អនុប្រធាន​ទី​១​ នៃ​រដ្ឋសភា​ លោកនាយក​រដ្ឋមន្ត្រី​បាន​គំរាម​នៅ​ប្រទេស​បារាំង​ថា​ នៅ​កម្ពុជា​អាច​នឹង​មាន​បាតុកម្ម​ប្រឆាំង​នឹង​បក្ស​ប្រឆាំង​វិញ​។​ ពេល​នោះ​លោក​ថា​៖​ «​បើ​លេង​កុំ​ខឹង​ បើ​ខឹង​កុំ​លេង​ ហើយ​លេង​លើក​នេះ​អាច​នឹង​របូត​តំណែង​អនុប្រធាន​រដ្ឋសភា​»៕

Share

Image
Image
Image