en     km
en     km

​លិច​ទូក​ទេសចរណ៍​នៅ​ខេត្ដកំពត​បណ្ដាល​ឲ្យ​មនុស្ស​ ៤​នាក់​ស្លាប់​(មានសំឡេង)

Share

​កំពត​៖​ កាលពី​យប់​ថ្ងៃ​ទី​ ១៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​ មាន​ករណី​ឧបទ្ទវហេតុ​លិច​ទូក​ទេសចរណ៍​មួយ​គ្រឿង​បាន​កើតឡើង​នៅ​ខេត្ដកំពត​ដែល​បណ្ដាល​ឲ្យ​មនុស្ស​ ៤​នាក់​ស្លាប់​បាត់បង់​ជីវិត​ក្នុង​នោះ​មាន​ស្ដ្រី​ ៣​នាក់​។​

 

ឧបទ្ទវេហតុលិខទូកកាលពីយប់ថ្ងៃទី ១៤ វិច្ឆិកា ប្រភពពី Freshnews
ឧបទ្ទវេហតុលិខទូកកាលពីយប់ថ្ងៃទី ១៤ វិច្ឆិកា ប្រភពពី Freshnews

​បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​ស្នងការ​នគរបាល​ខេត្តកំពត​លោក​ឧត្តមសេនីយ៍​ ម៉ៅ​ ច័ន្ទ​មធុ​រិ​ទ្ធ​ ដែល​បាន​ប្រាប់​វិទ្យុ​ស្ដ្រី​FM102​ នៅ​ថ្ងៃ​ អង្គារ​ ទី​ ១៥​ ខែ​ វិច្ឆិកា​ នេះ​ បញ្ជាក់​ថា​ ទូក​ទេ​ចរណ៍​ដែល​ដឹក​ភ្ញៀវ​ប្រមាណ​ជាង​ ៧០​នាក់​នោះ​គឺ​ដាក់​ចំនួន​មនុស្ស​លើសប្រមាណ​ ហើយ​អ្នកបើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ទើប​ធ្វើ​ឲ្យ​ទូក​គឿ​ង​នឹង​ដីខ្សាច់​ហើយ​ក៏​ផ្អៀង​ក្រឡាប់​តែ​ម្ដង​។​

​ក្នុង​ហេតុ​ការ​នេះ​ស្នងការ​នគរបាល​ខេត្ដកំពត​បញ្ជាក់​ថា​ បណ្ដាល​ឲ្យ​មនុស្ស​ ៤​នាក់​ស្លាប់​បាត់បង់​ជីវិត​ដែល​ក្នុង​នោះ​មាន​ស្ដ្រី​ ៣​នាក់​ និង​កុមារ​ម្នាក់​អាយុ​ ៩​ឆ្នាំ​។

​លោក​ ម៉ៅ​ ច័ន្ទ​មធុ​រិ​ទ្ធ​៖«​ទូក​នេះ​គឺ​បើក​ទៅ​គឿ​ង​ជាមួយនឹង​ខ្សាច់​ ហើយ​បើក​ទៅ​ប្រហែលជា​អាច​បែក​បាត​ព្រោះ​ទូក​ឈើ​ហើយ​វា​ធ្លាយ​ទឹក​ ដល់​ធ្លាយ​ទឹក​ទៅ​ប្រជាពលរដ្ឋ​អ្នកខ្លះ​ក៏​លោតទឹក​ រហូត​មក​ដល់​ពេល​នេះ​គឺ​អ្នក​ស្លាប់​គឺ​រក​ឃើញ​២​នាក់​ ហើយ​នៅ​បីនាក់​ទៀត​ អ្នក​ស្លាប់​គឺ​នៅ​កំពត​ពីរ​នាក់​នៅ​ភ្នំពេញ​ម្នាក់​»​។​

ទិដ្ឋភាពពលរដ្ឋនៅក្បែរកន្លែងមានឧបទ្ទវេហតុលិខទូកកាលពីយប់ថ្ងៃទី ១៤ វិច្ឆិកា ប្រភពពី
ទិដ្ឋភាពពលរដ្ឋនៅក្បែរកន្លែងមានឧបទ្ទវេហតុលិខទូកកាលពីយប់ថ្ងៃទី ១៤ វិច្ឆិកា ប្រភពពី

​លោក​ឧត្ដមសេនីយ៍​ ម៉ៅ​ ច័ន្ទ​មធុ​រិ​ទ្ធ​ ឲ្យ​ដឹង​បន្ដ​ថា​ ភ្ញៀវ​ទេសចរណ៍​ទាំងអស់​ដែល​ស្ថិត​លើ​ទូក​គឺ​ពុំ​មាន​ភ្ញៀវ​បរទេស​នោះ​ទេ​ ពោល​គឺ​មាន​តែ​ភ្ញៀវ​ជាតិ​តែ​ប៉ុណ្ណោះ​ដែល​អ្នកខ្លះ​ជា​អ្នក​ខេត្ដកំពត​ ហើយ​អ្នកខ្លះ​គឺ​ទៅ​ពី​ភ្នំពេញ​ និង​អ្នកខ្លះ​ទៀត​ទៅ​ខេត្ដ​ព្រះ​សីហ​នុ​។​

​បន្ថែម​ពី​នេះ​លោកស្នងការ​នគរបាល​ខេត្តកំពត​បន្ត​ថា​ ក្រោយ​ហេតុការណ៍​លិច​ទូក​ភ្លាមៗ​នគរបាល​ខេត្ដកំពត​បាន​ទៅ​ដល់​កន្លែង​កើតហេតុ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ ហើយ​ក៏​បាន​ឃាត់​ម្ចាស់​ទូក​ដើម្បី​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ផង​ដែរ​។​

​លោក​ ម៉ៅ​ ច័ន្ទ​មធុ​រិ​ទ្ធ​៖«​តៃកុង​ទូក​គឺ​រត់​បាត់​ហើយ​ប៉ុន្ដែ​យើង​បាន​ឃាត់​ម្ចាស់​ទូក​ ព្រោះ​ម្ចាស់​ទូក​ហ្នឹង​យប់មិញ​គាត់​ក៏​នៅ​លើ​ទូក​ហ្នឹង​ដែរ​ គាត់​ដាក់​ភ្ញៀវ​ច្រើន​ពេក​រហូត​ដល់​ ៧០​នាក់​ ៨០​នាក់​»​។​

​ជុំវិញ​អ្នក​បាត់​ខ្លួន​ពីរ​នាក់​ទៀត​ដែល​សមត្ថកិច្ច​ពុំ​ទាន់​រក​ឃើញ​នៅ​ព្រឹក​ថ្ងៃ​ទី​ ១៥​ នេះ​សមត្ថកិច្ច​ក៏​កំពុង​តែ​បន្ដ​ការ​ស្វែងរក​ជា​បន្ដ​ទៀត​។​ សូម​ជម្រាប​ថា​ ទូក​ទេសចរណ៍​ដែល​លិច​នេះ​គឺ​ដឹក​ភ្ញៀវ​ទេសចរណ៍​ដើម្បី​ទៅ​មើល​អំពិលអំពែក​នៅ​តាម​មាត់សមុទ្រ​ហើយ​ក្រោយ​ត្រឡប់​មក​វិញ​ដល់​ចំណុច​ជិត​ស្ពាន​ថ្មី​ក្រុង​កំ​ពង​ ស្រាប់តែ​ទូក​នេះ​ក៏​បាន​គឿ​ង​នឹង​ខ្សាច់​បណ្ដាល​ឲ្យ​បែក​បាត​ទូក​ហូរ​ទឹក​ចូល​និង​លិច​តែ​ម្ដង​៕

Share

Image
Image
Image