អត្រានៃការឆ្លងមេរោគអេដស៍ ក្នុងចំណោមប្រជាជនទូទៅបានធ្លាក់ចុះ គឺនៅសល់០,៦ភាគរយ ក្នុងចំណោមប្រជាជនពេញវ័យ បើប្រៀបធៀបជាមួយនិងឆ្នាំ២០១៣ មាន០,៧ភាគរយ។ នេះបើតាមការលើកឡើងរបស់មន្ដ្រីនៃមជ្ឈមណ្ឌលជាតិ ប្រយុទ្ធជំងឺអេដស៍សើស្បែក និងកាមរោគ ថ្លែងប្រាប់វិទ្យុស្ដ្រី នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៥នេះ។
ព័ត៌មាននេះរាយការណ៍ដោយកញ្ញាជុំជោគ ជាតា!
លោក វេជ្ជបណ្ឌិត សេង សុភាព បានប្រាប់បន្ដថា មូលហេតុ នៃអ្នកឆ្លងមេរោគ អេដស៍ ភាគច្រើន កើតឡើងដោយសារ ការរួមភេទ និងការប្រើប្រាស់ម្ជុល និងសារ៉ាង ដែលមានផ្ទុក មេរោគអេដស៍។
ទាក់ទងនឹងការលើកឡើងរបស់ លោក វេជ្ជបណ្ឌិត សេង សុភាព នេះដែរ អ្នកស្រាវជ្រាវផ្នែក អភិវឌ្ឍសង្គម លោកកែម ឡី មានប្រសាសន៍ថា តួលេខរបស់រដ្ឋាភិបាលនេះមិនខុសទេ។ ប៉ុន្ដែគ្រាន់តែថា តួលេខដែលរដ្ឋាភិបាលបញ្ចេញនាពេលនេះ ជាទិន្នន័យចាស់ ដែលនៅមិនទាន់គ្រប់គ្រាន់សម្រាប់ធ្វើការព្យាករនោះទេ វៀរលែងតែ រដ្ឋាភិបាលធ្វើការសិក្សាទូលំទូលាយទៅលើប្រជាជន ដែលមានអាយុពី១៥ ទៅ ៤៩ ឆ្នាំឡើងវិញ ។
«តាមពិតទៅ ការប៉ាន់ប្រមាណអំពីអត្រាប្រេវ៉ាឡង់នៃអ្នកផ្ទុកមេរោគអេដស៍ ដែលចុះមកនៅ ក្រោម១ភាគរយនេះ វាជាការប៉ាន់ប្រមាណយូរហើយ ហើយខ្សែកោណហ្នឹង វាចុះតាំងពីប្រាំ ឆ្នាំមុន ។ យើងអត់មានធ្វើការសិក្សាថ្មីៗ ទៅលើប្រជាជនទូទៅ ដូចកាលពីឆ្នាំ១៩៩៨, ១៩៩៩ទេ ។ អ៊ីចឹងទៅ គេហៅថា អភូតហេតុថ្មីៗ ដែលទាក់ទងទៅនឹងគ្រឿងញៀន ទាក់ទង ដូចចំណាកស្រុក ទាក់ទងទៅនឹងសេវាកម្សាន្ដអី វាអាចនឹងមានការផ្ទុះឡើង ហើយដូចនៅឃុំ រកាអីហ្នឹង គឺវាអាចមានការផ្ទុះឡើង»។
ជុំវិញអត្រានៃការឆ្លងមេរោគអេដស៍ដែរ សារលិខិតមួយរបស់ លោកស្រី ប៊ុនរ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា ផ្ញើជូនប្រជាពលរដ្ឋ ចំថ្ងៃទិវាពិភពលោក ប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០១៥នេះ បានសរសេរថា អត្រាអ្នកផ្ទុកមេរោគអេដស៍នៅឆ្នាំ២០១៥ បានធ្លាក់ចុះ មកត្រឹម០.៦ ភាគរយ បើប្រៀបធៀបនៅឆ្នាំ១៩៩៨ អត្រាអ្នកផ្ទុកមេរោគអេដស៍មាន ១.៦ភាគរយ ក្នុងចំណោម ប្រជាពលរដ្ឋទូទៅ អាយុពី ១៥ ទៅ ៤៩ ឆ្នាំ៕