en     km
en     km

​របាយការណ៍​ CCHR ៖​ ក្រុម​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​សុំ​សិទ្ធិ​រៀប​អាពាហ៍ពិពាហ៍​ស្របច្បាប់​

Share

ភ្នំពេញ៖​ក្រុម​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​សុំ​រដ្ឋាភិបាល​ឲ្យ​ផ្តល់​សិទ្ធិ​ទទួល​បាន​សំបុត្រ​អាពាហ៍ពិពាហ៍​និង​សៀវភៅ​គ្រួសារ​ដូច​ពលរដ្ឋ​ទូទៅ​ ស្រប​ពេល​ដែល​ស្ថានភាព​សង្គម​ហាក់ដូចជា​បើកចំហ​និង​ទទួលស្គាល់​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​ច្រើន​ជាង​មុន​។​

​ក្រុម​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​គឺ​ក្រុម​ស្ត្រី​ស្រលាញ់​ស្ត្រី​ឬ​ក្រុម​បុរស​ស្រលាញ់​បុរស​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​ផ្តល់​សិទ្ធិ​រៀប​អាពាហ៍ពិពាហ៍​ស្របច្បាប់​បើ​ទោះបីជា​កម្ពុជា​ពុំ​ទាន់​មានច្បាប់​សម្រាប់​ក្រុម​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​ក៏​ដោយ​។​

​ការ​រៀបរៀប​អាពាហ៍ពិពាហ៍​មិន​ផ្លូវការ​ ការ​ស្មុំ​កូន​មក​ចិញ្ចឹម​គ្មាន​លិខិត​ស្នាម​ផ្លូវច្បាប់​និង​ការ​បញ្ជាក់​អត្តសញ្ញាណ​ភេទ​មិន​សមបំណង​របស់​ក្រុម​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​ត្រូវ​បាន​រក​ឃើញ​ នៅ​ក្នុង​របាយការណ៍​ស្រាវជ្រាវ​មួយ​របស់​អង្គការ​សង្គម​ស៊ី​វិល​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​២៣​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៧​។

​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​(CCHR)​បាន​ចេញ​របាយការណ៍​ស្រាវជ្រាវ​មួយ​រក​ឃើញ​ថា​ការ​កសាង​គ្រួសារ​ដោយ​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​ត្រូវ​រារាំង​ដោយ​ច្បាប់​និង​រចនាសម្ព័ន្ធ​សង្គម​ដោយ​មិន​ទាន់​ទទួលស្គាល់​សមភាព​ជា​មូលដ្ឋាន​។​

​របាយការណ៍​ដែល​បាន​សម្ភាសន៍​ជាមួយ​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​ចំនួន​១២១​នាក់​ក្នុង​ខេត្ត​និង​ក្រុង​ចំនួន​១០​បាន​រៀបរាប់​ថា​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​ពុំ​ទាន់​ទទួល​បាន​សិទ្ធិ​ជា​មូលដ្ឋាន​ដូច​ពលរដ្ឋ​ធម្មតា​ទេ​។​

​របកគំហើញ​ពី​ការ​ស្រាវជ្រាវ​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​បង្ហាញ​ថា​កូ​ស្រករ​ភេទ​ដូច​គ្នា​ភាគច្រើន​ទទួល​បាន​សៀវភៅ​គ្រួសារ​និង​រៀប​អា​ពា​ហ៍​ពិ​ហារ​តែ​នៅ​ខ្វះ​មូលដ្ឋាន​ផ្នែក​ច្បាប់​គឺ​មាន​២១,៥០​ភាគ​រយ​​និង​៧៦,៦៤​ភាគ​គ្មាន​សៀវភៅ​គ្រួសារ​។​ ចំណែក​ការ​ផ្តល់​ព័ត៌មាន​លម្អិត​នៅ​ក្នុង​សៀវភៅ​គ្រួសារ​មាន​ឋានៈ​ជា​ប្តី​និង​ប្រពន្ធ​៣៩,១៣​និង​បងប្អូន​២១,៧៤​ភាគរយ​។​រីឯ​មេ​គ្រួសារ​១៣,០៤​ភាគ​និង​ផ្សេងៗ​២៦,០៩​ភាគរយ​។​

​ស្ត្រី​ពីរ​នាក់​បាន​រួមរស់​ជាមួយ​គ្នា​ជា​ប្តី​ប្រពន្ធ​អស់​រយៈពេល​៣២​ឆ្នាំ​និង​ទទួល​ចិញ្ចឹម​កូនចិញ្ចឹម​ ចំនួន​៣​នាក់​នៅ​បច្ចុប្បន្ន​នេះ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ស្នើ​ឲ្យ​អាជ្ញាធរ​ទទួលស្គាល់​អាពាហ៍ពិពាហ៍​ក្រុម​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​តាម​ផ្លូវច្បាប់​។​«​ចង់​ឲ្យ​រាជរដ្ឋាភិបាល​ចង់​ថា​យល់ចិត្ត​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​ធ្វើ​ច្បាប់​។​ជួយ​ធ្វើ​បញ្ជី​ជាតិ​ សៀវភៅ​គ្រួសារ​ឲ្យ​បាន​ពេញលេញ​ដូច​អ្នក​ប្តី​ប្រពន្ធ​ពិតប្រាកដ​ដែរ​»​។

​ក្នុង​វ័យ​៤៣​ឆ្នាំ​អ្នកស្រី​រូប​នេះ​បញ្ជាក់​ថា​ការ​ស្មុំ​កូន​មក​ចិញ្ចឹម​មាន​សារសំខាន់​ក្នុង​កសាង​សុភមង្គល​ក្នុង​គ្រួសារ​និង​ជួយ​មើលថែ​ទាំ​ពួក​គាត់​នៅ​ពេល​ចាស់ជរា​។​ការ​លើក​ឡើង​នេះ​ស្រប​ទៅ​ក្នុង​របាយការណ៍​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ដែល​អះអាង​ថា​គូស្រករ​ភេទ​ដូច​គ្នា​មាន​ចំនួន​៣២,៧២​ភាគរយ​បាន​ស្មុំ​កូន​មក​ចិញ្ចឹម​និង​ជាង​២​ភាគ​៣​ឬ​ជិត​ស្មើនឹង​៦៨​ភាគរយ​ស្មុំ​កូន​ដោយ​ផ្អែក​ទៅ​លើ​កិច្ចព្រមព្រៀង​ក្រៅផ្លូវការ​ និង​៤០​ភាគរយ​ស្មុំ​កូន​ពី​សាច់ញាតិ​របស់​ខ្លួន​។​

​អ្នកស្រី​ ចក់​ សុភាព​ នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​ បាន​ឲ្យ​ដឹង​នៅ​ក្នុង​កម្មវិធី​ផ្សព្វផ្សាយ​របាយការណ៍​ថ្មី​នេះ​ថា​ក្រុម​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​ហាក់​ចូល​ជា​បើកចំហ​និង​ទទួលស្គាល់​ច្រើន​ពី​សង្គម​ បើ​ទោះបីជា​កម្ពុជា​ពុំ​ទាន់​មានច្បាប់​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​ក៏​ដោយ​។​«​សិទ្ធិ​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​ត្រូវ​បាន​ទទួលស្គាល់​ច្រើន​ ចាប់ផ្តើម​ទទួលយក​នូវ​សិទ្ធិ​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​។​យើង​ឃើញ​ថា​មានការ​កាត់​បន្ថយ​នូវ​រើសអើង​ទៅ​លើ​សហគមន៍​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​។​»

​មាត្រា​៤៥​នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា​កំណត់​ថា​អាពាហ៍ពិពាហ៍​ត្រូវធ្វើ​ឡើង​រវាង​«​ប្តី​មួយ​»​និង​»​ប្រពន្ធ​មួយ​»​ចំពោះ​ភេទ​ផ្ទុយ​គ្នា​ដែល​មាន​ន័យ​ថា​អ្នកមាន​ភេទ​ដូច​គ្នា​មិន​ផ្តល់​លទ្ធភាព​រៀប​អា​ពា​ហ៍​ពី​ពា​ហ៍​ទេ​។​

​លោក​ ជិន​ ម៉ា​លី​ន​ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ បាន​ឲ្យ​ដឹង​នៅ​ក្នុង​របាយការណ៍​នេះ​ថា​ក្រុម​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​អាច​រស់នៅ​និង​ប្រកប​អាជីវកម្ម​បានជា​ធម្មតា​ប៉ុន្តែ​កម្ពុជា​ពុំ​ទាន់​មានច្បាប់​ទទួលស្គាល់​ការ​រៀប​អាពាហ៍ពិពាហ៍​ក្រុម​អ្នកមាន​ភេទ​ដូច​គ្នា​ទេ​។​

​អ្នកនាំពាក្យ​រូប​នេះ​បង្ហាញ​ទស្សន​គាំទ្រ​ចំពោះ​សិទ្ធិ​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​និង​ការ​រៀប​អាពាហ៍ពិពាហ៍​ស្រប់ច្បាប់​ប៉ុន្តែ​កម្ពុជា​ពុំ​ទាន់​អាច​បង្កើត​ច្បាប់​សម្រាប់​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​ក្នុង​ដំណាក់កាល​នេះ​ទេ​។

​«​សម្រាប់​ទស្សន​របស់ខ្ញុំ​គឺ​មាន​ទស្សន​បែប​ទំនើប​ហើយ​បើក​ទូលាយ​គាំទ្រ​ទៅ​លើ​សិទ្ធិ​ស្រលាញ់​និង​ភាព​ស្របច្បាប់​នៃ​អាពាហ៍ពិពាហ៍​ដែល​ស្រលាញ់​ភេទ​ដូច​គ្នា​។​ប៉ុន្តែ​ក្នុង​នាម​ជា​អ្នក​ច្បាប់​នៅ​ពេល​នេះ​យើង​មិន​ទាន់​អាច​ធ្វើ​ច្បាប់​ដើម្បី​ទទួល​ឲ្យ​មាន​ស្របច្បាប់​នោះ​ទេ​។​»

​យ៉ាង​ហោច​ណាស់​ប្រទេស​ចំនួន​២៥​នៅ​លើ​សកលលោក​បាន​ទទួលស្គាល់​អ្នក​ស្រលាញ់​ភេទ​ ដូច​គ្នា​។​
​បើ​តាម​របាយការណ៍​របស់​អាជ្ញាធរ​ប្រយុទ្ធ​ប្រឆាំង​ជំងឺអេដស៍​បង្ហាញ​ថា​បច្ចុប្បន្ន​ប្រទេស​កម្ពុជា​មាន​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​ជាង​៣​ម៉ឺន​នាក់​។​

​ក្នុង​ទិវា​ប្រយុទ្ធ​ប្រឆាំង​និង​ការ​រើសអើង​ការ​ស្រលាញ់​ភេទ​ដូច​គ្នា​នៅ​ថ្ងៃ​ទី​១៧​ ខែឧសភា​ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​​ជំងឺអេដស៍​បាន​បង្ហាញ​របាយការណ៍​ថា​ក្រុម​បុរស​ស្រលាញ់​បុរស​ជាង​៣៥​ភាគរយ​ឆ្លង​មេ​អេ​ដស៍​។​
​ផ្ទុយ​ទៅ​វិញ​ក្រុម​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​ជា​ស្ត្រី​មាន​ភាគរយ​តិចតួច​បំផុត​នៃ​ការ​ឆ្លង​មេរោគ​អេ​ដស៍​ព្រោះ​ក្រុម​ស្ត្រី​ហាក់ដូចជា​មានការ​យល់​ដឹង​ច្រើន​អំពី​ការ​ការពារ​ខ្លួន​ជាង​ក្រុម​បុរស​៕

Share

Image
Image
Image