en     km
en     km

​យុវ​ជន​កម្ពុជា​ ៧០ ​នាក់​ នឹង​ចូល​រួម​ដាំ​ដើម​កោង​កាង​នៅ​សហ​គមន៍​នេ​សាទ​ត្រពាំង​សង្កែ​ ខេត្ត​កំពត

Share

​ភ្នំពេញ​៖ ​ក្រុម​យុវជន​សមាគមន៍​នាវា​យុវជន​អាស៊ី​អាគ្នេយ៍​ (SSEAYP) ​ចំនួន​ ៧០ ​នាក់​ នឹង​ចូល​រួម​ដាំ​ដើម​កោង​កាង​នៅ​ក្នុង​សហ​គមន៍​នេ​សាទ​ត្រពាំង​សង្កែ​ ស្ថិត​នៅ​ភូមិ​កំពង់​កេស​ ឃុំ​ត្រពាំង​សង្កែ​ ស្រុក​ទឹក​ឈូរ​ ខេត្ត​កំពត​ រយៈ​ពេល ​៤ ​ថ្ងៃ ​ចាប់​ពី​ថ្ងៃ​ទី ​២៧​ – ​៣០​ ខែ​សីហា​ខាង​មុខ​នេះ​។​ ការ​ចូល​រួម​ដាំ​ដើម​កោង​កាង​របស់​ក្រុម​យុវជន​នេះ​ ធ្វើ​ឡើង​ក្នុង​គោល​បំណង​ស្ដារ​ព្រៃ​កោង​កាង​ដែល​បាត់​បង់​ឡើង​វិញ​ បញ្ជ្រាប​ចំណេះ​ដឹង​ពី​សារៈ​សំខាន់​ព្រៃ​កោង​កាង​ដល់​យុវ​ជន​និង​ពល​រដ្ឋ​នៅ​ក្នុង​សហ​គមន៍​ ព្រម​ទាំង​ជួយ​ដល់​ប្រជា​ពល​រដ្ឋ​ក្នុង​សហ​គមន៏​និង​អ្នក​រស់​នៅ​តំបន់​ជុំ​វិញ​ឱ្យ​មាន​ឱកាស​ក្នុង​ការ​ស្វែង​រក​ចំណូល​បន្ថែម​ពី​វិស័យ​ទេស​ចរណ៍​បែប​ធម្ម​ជាតិ​។​

SSEAYP-cover
សមានជិកក្រុមយុវជនសមាគមន៍នាវាយុវជនអាស៊ីអាគ្នេយ៍ (SSEAYP) ថតរូបជុំគ្នា

​អ្នក​សម្រប​សម្រួល​កម្ម​វិធី​ដឹក​នាំ​យុវជន​ខាង​លើ ​លោក ​ហោ ​សិទ្ធី ​បាន​ប្រាប់​មណ្ឌល​ព័ត៌​មាន​ស្រ្តី​កម្ពុជា​ថា​៖ ​«​កម្ម​វិធី​ដាំ​ដើម​កោង​នៅ​តំបន់​ខាង​លើ​ រៀប​ចំ​ឡើង​ដោយ​ក្រុម​យុវជន​របស់​សមា​គមន៍​នាវា​យុវជន​អាស៊ី​អាគ្នេយ៍​កម្ពុជា​ឆ្នាំ​ ២០១៥ ​មាន​ការ​ជួយ​ឧបត្ថម្ភ​ពី​ក្រសួង​បរិស្ថាន​ ដើម្បី​ជួយ​ស្តារ​ស្ថាន​ភាព​ព្រៃ​កោង​កាង​ដែល​កំពុង​បាត់​បង់​ដោយ​​សារ​ការ​ខ្វះ​ការ​យក​ចិត្ត​ទុក​ដាក់​អភិ​រក្ស​ពី​ពល​រដ្ឋ​ក្នុង​តំបន់​»​។​

​លោក​បាន​បន្ថែម​ថា ​ប្រ​ជា​ពល​រដ្ឋ​នៅ​ក្នុង​សហ​គមន៍​ត្រពាំង​សង្កែ​ បាន​បាត់​បង់​មុខ​របរ​របស់​ខ្លួន​បណ្តើរ​ៗ​ដោយ​សារ​ចំនួន​ដើម​កោង​កាង​មាន​ការ​ធ្លាក់​ចុះ​។ ​ប្រសិន​បើ​អាច​ស្ដារ​ស្ថាន​ភាព​ព្រៃ​​កោង​កាង​ឱ្យ​មាន​ឡើង​វិញ​ នោះ​ប្រជា​ពល​រដ្ឋ ​ជា​ពិសេស​យុវជន​នៅ​ក្នុង​តំបន់​នឹង​មិន​ធ្វើ​ចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស​ឡើយ ​ហើយ​តំបន់​នោះ ​នឹង​កាន់​តែ​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​ បា​ន​ច្រើ​នថែម​ទៀត​ផង​។​

ទីតាំងត្រូវដាំដើមកោងកាងនៅក្នុងសហគមន៍នេសាទត្រពាំងសង្កែ ស្ថិតនៅភូមិកំពង់កេស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូរ ខេត្តកំពត
ទីតាំងត្រូវដាំដើមកោងកាងនៅក្នុងសហគមន៍នេសាទត្រពាំងសង្កែ ស្ថិតនៅភូមិកំពង់កេស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូរ ខេត្តកំពត

«​រយៈពេល ​៤ ​ថ្ងៃ​នេះ ​ក្រៅ​ពី​សកម្ម​ភាព​ដាំ​ដើម​កោង​កាង​ឡើង​វិញ​ ក្រុម​យុវជ​ន​របស់​សមា​គមន៍​នា​វា​យុវជន​ នឹង​មាន​កម្ម​វិធី​បញ្ជ្រាប​ចំណេះ​ដឹង​នានា​ពាក់​​​ព័ន្ធ​នឹង​អត្ថ​ប្រយោជន៍​របស់​ដើម​កោង​កាង​ទៅ​ដល់​ពល​រដ្ឋ​និង​យុវជន​នៅ​ក្នុង​សហគមន៍​ផង​ដែល​។ ​កម្ម​វិធី​របស់​ក្រុម​យុវជន​នេះ​ មាន​ការ​រំពឹង​ទុក​ថា​ ប្រជា​ពល​រដ្ឋ​និង​យុវ​ជន​ក្នុង​សហ​គមន៍​ត្រពាំង​ស្រែ​ យល់​កាន់​តែ​ច្បាស់​ពី​សារៈ​សំខាន់​នៃ​ដើម​កោង​កាង​ ចូល​រួម​ថែ​រក្សា​ ការ​ពារ​ដើម​កោង​កាង​ ហើយ​ប្រជា​ពល​រដ្ឋ​នឹង​មាន​គំនិត​ ការ​ច្នៃ​ប្រឌិត​ថ្មី​ៗ​ក្នុង​ការ​អភិវឌ្ឍន៍​ភូមិ​ឃុំ​របស់​ខ្លួន​ ទន្និ​ផល​ត្រី​នឹ​ងមាន​​ការ​កើន​ឡើង​ ដើម្បី​ប្រែ​ក្លាយ​សហ​គមន៍​នេះ​ ទៅ​ជា​តំបន់​​អេកូ​ទេស​ចរណ៍​ដ៏​ទាក់​ទាញ​សម្រាប់​ទេសចរ​»​។ ​នេះ​បើ​តាម​លោក​ ហោ ​សិទ្ធី ​បញ្ជាក់​បន្ថែម​។​

​សូមបញ្ជាក់​ថា​ សហ​គមន៍​នេសាទ​ត្រពាំង​សង្កែ​ត្រូវ​បាន​បង្កើត​ឡើង​ កាល​ពី​ថ្ងៃ​ទី ​១០ ​ខែ​កក្កដា​ ឆ្នាំ ​២០០៩ ​គ្រប់​គ្រង​លើ​ដែន​នេសាទ ​ទំហំ​ ៣៣៧​ ហិច​តា​​ ក្នុង​នោះ​ព្រៃ​កោង​កាង​មាន​ចំនួន​ ៣១ ​ហិកតា​។ ​គោល​បំណង​នៃ​ការ​បង្កើត​សហ​គមន៍​នេះ​ឡើង​ គឺ​ដើម្បី​ការ​ពារ​តំបន់​នេ​សាទ​ ថែ​រក្សា​ព្រៃ​លិច​ទឹក​ បញ្ចៀស​ពី​ប​ទ​ល្មើស​នេសាទ​ផ្សេង​ៗ​៕​

Share

Image
Image
Image