en     km
en     km

​ម្ដាយ​អ្នកស្រី​ ទេព​ វ​ន្នី​៖​ កូនស្រី​ខ្ញុំ​ជា​ស្ដ្រី​ទន់ខ្សោយ​មិន​អាច​បង្ក​ហិង្សា​លើ​សមត្ថកិច្ច​បាន​ទេ​ (មានសំឡេង)

Share

ភ្នំពេញ​៖​ ម្ដាយ​អ្នកស្រី​ ទេព​ វ​ន្នី​ គឺ​អ្នកស្រី​ ស៊ី​ ហៀ​ប​ បាន​ប្រាប់​អ្នក​សារព័ត៌​មាននៅ​មុខ​តុលាការក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​ សុក្រ​ ទី​ ១៦​ ធ្នូ​ នេះ​ថា​ កូនស្រី​របស់​អ្នកស្រី​គឺជា​ស្ដ្រី​ទន់ខ្សោយ​មួយ​រូប​ដែល​មិន​បាន​ប្រព្រឹត្ដ​ហិង្សា​ទៅ​លើ​អ្នក​ណា​ម្នាក់​ ដូច​ការ​ចោទប្រកាន់​របស់​តុលាការ​នោះ​ទេ​។​

ម្ដាយ​អ្នកស្រី​ ទេព​ វ​ន្នី​ គឺ​អ្នកស្រី​ ស៊ី​ ហៀ​បអ្នកស្រី​ ស៊ី​ ហៀ​ប​ បាន​សុំ​ឲ្យ​អាជ្ញាធរ​ឈរ​លើ​គោលការណ៍​អ​ព្យា​ក្រឹត្យ​រក​យុត្ដិធម៌​ជូន​កូន​អ្នកស្រី​ផង​។​ ករណី​នេះ​សង្គម​ស៊ី​វិល​លើក​ឡើង​ថា​ រាជរដ្ឋាភិបាល​ត្រូវ​តែ​ដោះ​លែង​អ្នកស្រី​ ទេព​ វ​ន្នី​ ឲ្យ​មាន​សេរីភាព​ឡើង​វិញ​ ឲ្យ​ស្រប​តាម​ការ​អះអាង​របស់​ខ្លួន​ដែល​តែងតែ​និយាយ​ថា​ លើកកម្ពស់​សិទ្ធិ​ស្ដ្រី​ក្នុង​សង្គម​កម្ពុជា​។​ លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​៖

 

​បន្ទាប់​ពី​តុលាការក្រុង​ភ្នំពេញ​ សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​អ្នកស្រី​ ទេព​ វ​ន្នី​ ដែល​ជា​ស្ដ្រី​ឆ្នើម​ក្នុង​ការ​ចេញ​តវ៉ា​ទាមទារ​យុត្ដិធម៌​សង្គម​ រយៈពេល​ ៦​ខែ​ និង​ ៦​ថ្ងៃ​ ក្នុង​រឿង​ក្ដី​ពីរ​ដាច់​ដោយឡែក​ពី​គ្នា​រួច​មក​ នៅ​ថ្ងៃ​ សុក្រ​ ទី​ ១៦​ ធ្នូ​ នេះ​ ខណៈ​តុលាការ​កំពុង​សាកសួរ​បន្ថែម​លើ​សំណុំរឿង​របស់​អ្នកស្រី​ ក្រុម​ស្ដ្រី​បឹង​កក់​ដែល​មាន​គ្នា​ប្រមាណ​ ៥០​នាក់​ បាន​នាំ​គ្នា​ទៅ​ស្រែក​តវ៉ា​ ទាមទារ​ឲ្យ​តុលាការក្រុង​ភ្នំពេញ​ដោះ​លែង​អ្នកស្រី​ ទេព​ វ​ន្នី​ ឲ្យ​មាន​សេរីភាព​ឡើង​វិញ​។​

​នេះ​ជា​សំឡេង​នៃ​ការ​ស្រែក​ទាមទារ​របស់​ក្រុម​ស្ដ្រី​បឹង​កក់​ ដែល​ក្នុង​ចំណោម​អ្នក​ទាំង​អស់នោះ​គេ​សង្កេត​ឃើញ​មាន​ស្ដ្រី​វ័យ​ចំណាស់​ពីរ​រូប​ មួយ​រូប​គឺ​លោកយាយ​ ង៉ែត​ ឃុន​ ហៅ​ យាយ​ ម៉ា​មី​ និង​ម្នាក់​ទៀត​គឺ​ម្ដាយបង្កើត​របស់​អ្នកស្រី​ ទេព​ វ​ន្នី​ គឺ​អ្នកស្រី​ ស៊ី​ ហៀ​ប​។​ ស្ត្រី​ទាំង​២​រូប​នេះ​ មួយ​រូប​មាន​វ័យ​ប្រមាណ​ជិត​ ៧០​ឆ្នាំ​ និង​មួយ​រូប​ទៀត​មាន​វ័យ​ជាង​ ៧០​ឆ្នាំ​។​ពួក​គាត់​រូបរាង​ស្គមស្គាំង​  ដោយ​បាន​បញ្ចេញ​សំឡេង​ខ្សាវៗ​នៅ​ខាង​មុខ​តុលាការ​ ដោយ​សុំ​ឲ្យ​ដោះ​លែង​កូន​របស់​អ្នកស្រី​ត្រឡប់​មក​វិញ​។​

​អ្នកស្រី​ ស៊ី​ ហៀ​ប​ បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌​មាននៅ​ខាង​មុខ​តុលាការក្រុង​ភ្នំពេញ​ថា​ ការ​ចោទប្រកាន់​របស់​តុលាការ​លើ​កូន​អ្នកស្រី​គឺ​មិនមែន​ជា​ការ​ពិត​ ព្រោះ​កូន​អ្នកស្រី​ជា​ស្ដ្រី​ទន់ខ្សោយ​មិន​អាច​ ប្រើ​ហិង្សា​ទៅ​លើ​សមត្ថកិច្ច​ឡើយ​។​

​អ្នកស្រី​ ស៊ី​ ហៀ​ប​៖«​កូន​ខ្ញុំ​អត់​មាន​ខុស​អី​សោះ​ នេះ​គឺជា​ការ​គេ​ចោទប្រកាន់​កូន​ខ្ញុំ​ទាំងស្រុង​ហ្មង​ កូន​ខ្ញុំ​មិន​ដែល​ប្រព្រឹត្ដ​វ៉ៃ​អ្នក​ណា​ ទៅ​ប្រើ​អំពើ​ហិង្សា​លើ​អ្នក​ណា​ក៏​គ្មាន​ដែរ​ តុលាការ​គេ​ចោទប្រកាន់​កូន​ខ្ញុំ​ទាំង​គ្មាន​ភស្ដុ​តាង​ សុំ​ឲ្យ​តុលាការ​រក​យុត្ដិធម៌​ឲ្យ​កូន​ខ្ញុំ​ផង​»​។​

​ករណី​ចាប់ខ្លួន​អ្នកស្រី​ ទេព​ វ​ន្នី​ ដាក់​ពន្ធនាគារ​នេះ​ដែរ​ គេ​សង្កេត​ឃើញ​អ្នកលេង​បណ្ដាញ​សង្គម​ជា​ច្រើន​បញ្ចេញ​មតិយោបល់​ដោយ​បង្ហាញ​ការ​មិន​ពេញចិត្ដ​ ចំពោះ​ការ​ចាប់ខ្លួន​ស្ដ្រី​អ្នក​តវ៉ា​រឿង​ដីធ្លី​ដាក់គុក​ដូចនេះ​។​ ពួក​គេ​បាន​រៀបរាប់​ថា​ ការ​ចាប់ខ្លួន​អ្នកស្រី​ ទេព​ វ​ន្នី​ ដាក់គុក​ម្នាក់​ គឺ​ប្រៀប​ដូច​ជា​ដាក់គុក​មនុស្ស​បី​នាក់​ទៀត​ដែល​ជា​គ្រួសារ​របស់​អ្នកស្រី​ មាន​ដូច​ជា​ម្ដាយ​របស់​អ្នកស្រី​ ទេព​ វ​ន្នី​ និង​កូនប្រុស​ស្រី​ទាំង​ពីរ​ដែល​ប្រឈម​នឹង​ការ​បោះបង់​ការ​សិក្សា​ ខណៈ​ម្ដាយ​កំពុង​ត្រូវ​ឃុំខ្លួន​។​

​ក្នុង​ព្រឹ​ត្ដ​ការណ៍​តវ៉ា​របស់​ក្រុម​ស្ដ្រី​បឹង​កក់​ដែល​ទាមទារ​ឲ្យ​មានការ​ដោះ​លែង​អ្នកស្រី​ ទេព​ វ​ន្នី​  លោកយាយ​ ង៉ែត​ ឃុន​ និយាយ​ថា​ ការ​ចាប់ខ្លួន​អ្នកស្រី​ ទេព​ វ​ន្នី​ ដាក់​ពន្ធនាគារ​ គឺជា​រឿង​អយុត្ដិធម៌​បំផុត​ដែល​ធ្វើ​ចំពោះ​ពលរដ្ឋ​ក្រីក្រ​។​បន្ថែម​ពី​នេះ​លោកយាយ​បន្ថែម​ថា​ ព្រោះតែ​អ្នកស្រី​ ទេព​ វ​ន្នី​ ហ៊ាន​ចេញ​មុខ​តស៊ូ​ជាមួយ​ពួក​អ្នក​ ដែល​រំលោភ​យក​ដី​ប្រជាពលរដ្ឋ​ទើប​បានជា​គេ​ចាប់​អ្នកស្រី​ដាក់គុក​ ដូចនេះ​គឺ​ដើម្បី​កុំ​ឲ្យ​មាន​អ្នកប្រឆាំង​ការ​រំលោភ​យក​ដី​របស់​ពួក​គេ​ទៀត​។​

​លោកយាយ​ ង៉ែត​ ឃុន​៖«​ដោយសារ​អ្នកស្រី​ ទេព​ វ​ន្នី​ ការពារ​ប្រជាពលរដ្ឋ​មិន​ឲ្យ​ពួក​ចោរប្លន់​ដី​ (​រំលោភ​យក​ដី​បាន​)​ បានជា​ចាប់​អ្នកស្រី​ ទេព​ វ​ន្នី​ យក​មក​ដាក់​ពន្ធនាគារ​»​។​

​ជាមួយ​គ្នា​នេះ​អ្នកស្រី​ បូ​វ​ សោភា​ ដែល​ជា​សកម្មជន​ស្ដ្រី​បឹង​កក់​ដែរ​នោះ​យល់​ថា​ ព្រោះតែ​តុលាការ​ស្ថិត​ក្រោម​ឥទ្ធិពល​អ្នកមាន​អំណាច​ និង​គំនាប​នយោបាយ​ ទើប​រហូត​មក​ដល់​ពេល​នេះ​អ្នកស្រី​ ទេព​ វ​ន្នី​ នៅ​តែ​គ្មាន​ពន្លឺ​នៃ​សេរីភាព​ហើយ​ក៏​ត្រូវ​យក​មក​កាត់ទោស​តាម​បណ្ដឹង​អ្នកមាន​លុយ​មាន​អំណាច​ជា​បន្ដបន្ទាប់​។​អ្នកស្រី​ បូ​វ​ សោភា​ បន្ត​ថា​ ថ្វីបើ​ជម្លោះដីធ្លី​នៅ​តំបន់​បឹង​កក់​ត្រូវ​បាន​ដោះស្រាយ​មែន​ ក៏​ប៉ុន្ដែ​ក្រុម​ស្ដ្រី​បឹង​កក់​គឺ​នៅ​តែ​ប្រឈម​នឹង​ប្រព័ន្ធ​តុលាការ​មួយ​ដែល​គ្មាន​ឯករាជ្យ​ នៅ​ចាំ​បំភ័យ​ពលរដ្ឋ​មិន​ឲ្យ​ហ៊ាន​ចូលរួម​តវ៉ា​រឿង​អយុត្ដិធម៌​សង្គម​បន្ដ​ទៀត​។​

​អ្នកស្រី​ បូ​វ​ សោភា​៖«​បើ​ទោះបី​មានការ​ដោះស្រាយ​ដីធ្លី​មែន​ ប៉ុន្ដែ​ពួក​យើង​មិន​អាច​រត់គេច​ប្រព័ន្ធ​តុលាការ​មួយ​ដែល​ស្ថិត​នៅ​ក្រោម​អ្នកមាន​អំណាច​មាន​លុយ​ (​ឡៅ​ ប៊ុ​ន​ធី​ន​ នោះ​ទេ​)​ គឺជា​រូបភាព​មួយ​ចង់​បំភ័យ​ចង់​បន្លាច​ពលរដ្ឋ​មិន​ឲ្យ​ហ៊ាន​តវ៉ា​ហ៊ាន​ស៊ូ​និង​រឿង​អយុត្ដិធម៌​សង្គម​»​។​

tep-vanny-mother1
យ៉ាងណា​ក៏​ដោយ​ជុំវិញ​ករណី​អ្នកស្រី​ ទេព​ វ​ន្នី​ ដែល​ជា​ស្ដ្រី​មួយ​រូប​បាន​ចូលរួម​សកម្មភាព​សង្គម​ យ៉ាង​សកម្ម​កំពុង​ជាប់​ពន្ធនាគារ​ ដែល​រហូត​មក​ដល់​ពេល​នេះ​គ្មាន​សញ្ញា​ពី​នៃ​អនាគត​នៃ​សេរីភាព​ តែ​បែរជា​មាន​បណ្ដឹង​ច្រើន​ឡើង​ជុំ​ជិត​ខ្លួន​បន្ថែម​ដូចនេះ​ ត្រូវ​បាន​អង្គការ​សង្គម​ស៊ី​វិល​ សម្ដែង​ក្ដី​សោកស្ដាយ​ជា​ពន់ពេក​ចំពោះ​រាជរដ្ឋាភិបាល​ដែល​ហាក់​មិន​បាន​អើពើ​ចំពោះ​ស្ដ្រី​ដែល​ចូលរួម​ក្នុង​សង្គម​។

​លោក​ ស្រី​ ធីតា​ឃឹះ​ នាយិកា​អង្គការ​សីល​ការ​ ដែល​ធ្វើការ​ងារ​លើ​ការ​លើក​កម្ពុ​ស់​សិទ្ធិ​ស្ដ្រី​ក្នុង​វិស័យ​នយោបាយ​ បាន​មាន​ប្រសាសន៍​តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​ស្ដ្រី​អេ​ហ្វ​អឹ​ម​ ១០២​ កាលពី​ថ្មីៗ​នេះ​ថា​ លោកស្រី​សោកស្ដាយ​ជា​ខ្លាំង​ដែល​អ្នកនយោបាយ​ មិន​បាន​ពិចារណា​ពី​ការ​ដោះ​លែង​អ្នកស្រី​ ទេព​ វ​ន្នី​ ឲ្យ​មាន​សេរីភាព​ឡើង​វិញ​។​ លោកស្រី​បន្ដ​ថា​ ការ​ចាប់​សកម្មជន​ដីធ្លី​ដែល​ជា​ស្ដ្រី​ដាក់គុក​ ដូចនេះ​គឺ​នឹង​ធ្វើ​ឲ្យ​ស្ដ្រី​ដទៃ​ទៀត​កាន់តែ​មាន​ភាព​ភ័យ​ខ្លាច​ ហើយ​មិន​ហ៊ាន​ចូលរួម​កិច្ចការ​សង្គម​ ដែល​លោកស្រី​ថា​ រដ្ឋាភិបាល​គួរតែ​ធ្វើ​ការងារ​ឲ្យ​ស្រប​តាម​យន្ដការ​របស់​ខ្លួន​ ដែល​មាន​បំណង​ចង់​លើ​កម្ពស់​សិទ្ធិ​ស្ដ្រី​ក្នុង​សង្គម​ខ្មែរ​។​

​ដូច​គ្នា​ដែរ​លោក​ មឿ​ន​ តុលា​ នាយក​ប្រតិបត្ដិ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​ និង​ សិទ្ធ​មនុស្ស​ ហៅ​កាត់​ថា​ សង់​ត្រា​ល​ មាន​ប្រសាសន៍​ដោយ​ក្ដី​សោកស្ដាយ​ថា​ កន្លង​មក​រដ្ឋាភិបាល​បាន​អះអាង​ពី​គោលនយោបាយ​ របស់​ខ្លួន​ដែល​នឹង​លើ​កម្ពស់​សិទ្ធិ​ស្ដ្រី​ក្នុង​សង្គម​កម្ពុជា​ ឲ្យ​កាន់តែ​ខ្លាំង​ក៏​ប៉ុន្ដែ​បែរជា​បណ្ដោយ​ឲ្យ​ស្ដ្រី​មួយ​រូប​ដែល​ហ៊ាន​លះបង់​គ្រប់យ៉ាង​ដើម្បី​ចូលរួម​ក្នុង​សង្គម​ជាប់​ពន្ធនាគារ​ ដោយ​មិន​បាន​បង្ហាញ​ពី​អនាគត​នៃ​សេរីភាព​របស់​គាត់​ទៅ​វិញ​។​

​អ្នកស្រី​ ទេព​ វ​ន្នី​ កាលពី​ពេល​កន្លង​ទៅ​នេះ​ត្រូវ​បាន​តុលាការក្រុង​ភ្នំពេញ​ សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល​ ៦​ខែ​ និង​ ៦​ថ្ងៃ​ក្នុង​រឿង​ក្ដី​ពីរ​ដាច់​ដោយឡែក​ពី​គ្នា​ រួម​មាន​ បទ​ជេរ​ប្រមាថ​ និង​ប្រឆាំង​អ្នករាជការ​សាធារណៈ​ និង​រឿង​ក្ដី​មួយទៀត​ គឺ​ការ​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​។​ អ្នកស្រី​ ទេព​ វ​ន្នី​ កន្លង​មក​ត្រូវ​បាន​អាជ្ញាធរ​ ចាប់​ដាក់​ពន្ធនាគារ​ចំនួន​៣​ លើក​មក​ហើយ​ ដែល​ការ​ចាប់ខ្លួន​អ្នកស្រី​ គឺ​ធ្វើ​ឡើង​លើក​ទី​មួយ​នៅ​ក្នុង​ឆ្នាំ​២០១២​ ដែល​ត្រូវ​ឃុំខ្លួន​អស់​រយៈពេល​ ១​ខែ​ ៣​ថ្ងៃ​។​ លើក​ទី​២​ គឺ​នៅ​ឆ្នាំ​២០១៤​ ដែល​កាលនោះ​ត្រូវ​បាន​ឃុំខ្លួន​អស់​រយៈពេល​ ៥​ខែ​ ១​ថ្ងៃ​ និង​ការ​ឃុំខ្លួន​លើក​នេះ​គឺជា​លើក​ទី​៣​ ដែល​រហូត​មក​ដល់​ពេល​នេះ​គឺ​មាន​រយៈពេល​ជាង​ ៣​ខែ​ហើយ​គិតដល់​ថ្ងៃ​ទី​ 16​ ខែធ្នូ​ នេះ​។​

​អ្នកស្រី​ ទេព​ វ​ន្នី​ ធ្លាប់​បាន​ទទួល​ពានរង្វាន់​ជា​ច្រើន​ ក្នុង​នោះ​មាន​ ពានរង្វាន់​ដ៏​ធំ​មួយ​ ពី​សហរដ្ឋអាមេរិក​ ជា​ពានរង្វាន់​ស្ត្រី​ជា​មេដឹកនាំ​៕

Share

Image
Image
Image