en     km
en     km

​មូលហេតុ​ដែល​នាំ​ឱ្យ​ប្រជាជន​ខ្មែរ​ប្រារព្ធ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​

Share

ភ្នំពេញ៖ ​ប្រជាជន​ខ្មែរ​តែងតែ​ចង​ចាំ​ និង​យល់​គ្រប់ៗ​គ្នា​ថា​ “​បុណ្យ​ភ្ជុំបិណ្ឌ​”​ គឺជា​ការ​ធ្វើបុណ្យ​ដាក់​បិណ្ឌ​ ដើម្បី​ឧទ្ទិស​កុសល​ដល់​វិញ្ញ​ណ​ក្ខ​ន្ធ​បុគ្គល​ទាំងឡាយ​ដូច​ជា​ឱ​ពុក​ ម្ដាយ​ បងប្អូន​ ញាតិសន្ដាន​ ដែល​បាន​ចែក​ស្ថាន​ទៅ​ហើយ​មិនដឹង​ថា​ទៅ​ចាប់កំណើត​នៅ​លោក​ខាង​មុខជា​អ្វី​។​ ប៉ុន្ដែ​បើ​តាម​អត្ថបទ​របស់​លោក​ សុង​ ស៊ីវ​ អ្នក​ស្រាវជ្រាវ​ពិធីបុណ្យ​ប្រពៃណី​ជាតិខ្មែរ​ វិញ​ គឺ​ការ​ធ្វើបុណ្យ​ភ្ជុំបិណ្ឌ​ពុំ​មែនមាន​ន័យ​តែ​ប៉ុណ្ណឹង​ទេ​ គឺ​លោក​បាន​បកស្រាយ​ដោយ​លើកយក​អត្ថន័យ​ចំនួន​ ៣​ គឺ​៖

ben-3-thum
១.​ដើម្បី​ឧទ្ទិស​កុសល​ចំពោះ​បេ​ត​បុគ្គល​ ឬ​ប្រេត​
២.​ដើម្បី​ឲ្យ​បាន​សេចក្ដីសុខ​ចម្រើន​ សិរី​សួស្ដី​ដែល​កើត​ពី​ផល​ទាន​របស់​ខ្លួន​
៣.​ដើម្បី​បង្កើត​សាមគ្គី​របស់​ជាតិ​ គឺ​ការ​ស្រុះស្រួល​គ្នា​។​

​លោក​បន្ត​ថា​ ការ​វេច​នំគម​ នំអន្សម​ ពេញ​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា​នេះ​ គឺ​នៅ​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ ក៏​អាច​កត់សម្គាល់​នូវ​ពាក្យ​មួយទៀត​ថា​ បុណ្យ​សែនដូនតា​ ដែល​ជា​ពាក្យ​សាមញ្ញ​សម្រាប់​ប្រជារាស្ដ្រ​ខ្លះ​ ព្រោះ​មាន​ន័យ​ដូច​គ្នា​។​

​កាលពី​សម័យ​បុរាណកាល​ គេ​ធ្វើ​ពិធីបុណ្យ​នេះ​ គឺ​ ដើម្បី​រៀបចំ​ធ្វើ​សង្ឃភត្ត​ ទំនុកបម្រុង​ព្រះសង្ឃ​ដែល​គង់​ចាំ​វស្សា​ក្នុង​វត្ត​រយៈពេល​ ៣​ខែ​ ចាប់ តាំងពី​ថ្ងៃ​ចូល​វស្សា​រហូត​ដល់​ថ្ងៃ​ចេញ​វស្សា​។​ នៅ​ក្នុង​សំ​ណេ​រកា​ល​បុរាណ​បាន​ចារ​ថា​ ដោយសារ​នៅ​ក្នុង​រដូវវស្សា​មាន​ភ្លៀង​ធ្លាក់​ជោកជាំ​ រលឹម​ពព្រិច​ ធ្វើ​ឲ្យ​មានការ​លំបាក​ដល់​ព្រះសង្ឃ​ក្នុង​ពេល​ធ្វើ​គោចរ​បិណ្ឌបាត​ ហេតុ​ដូច្នេះ​ ទើប​បណ្ដា​ពុទ្ធបរិស័ទ​នាំ​គ្នា​រៀបចំ​ពិធី​នេះ​ ដើម្បី​ផ្គត់ផ្គង់​ព្រះ សង្ឃ​ប្រចាំ​ថ្ងៃ​រហូត​ដល់​ថ្ងៃ​ចេញ​វស្សា​។​ ម្យ៉ាងវិញទៀត​ នៅ​ក្នុង​ពិធីបុណ្យ​នេះ​ គឺ​ធ្វើ​ឡើង​ដើម្បី​ផ្សាយ​ឧទ្ទិស​កុសល​ដល់​ពពួក​បេ​ត​ជន​ញាតិ​ និង​ញាតិ​ទាំង​៧​សន្ដាន​ ព្រមទាំង​តំណ​ញាតិ​ច្រើន​ទៀត​ នោះ​ផង​ដែរ​ គឺ​ទៅ​តាម​រយៈ​អនុភាព​នៃ​សង្ឃ​គ​តា​ទក្ខិណាទាន​ ដែលរ​ស់រង​ទុក្ខវេទនា​ កើតជា​ប្រេត​មានកម្ម​ពៀរ​ ជាប់​ទោស​ធ្ងន់​ រងកម្ម​ក្រហល់ក្រហាយ​ អត់ឃ្លាន​ទាំង​អស់នោះ​ បាន​រួច​ផុត​ពី​ក្ដី​លំបាក​សោកសៅ​។​

​ម្យ៉ាងទៀត​ប្រជាជន​ខ្មែរ​ប្រារព្ធ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ ដោយសារ​តែ​ពួក​គេ​មាន​ជំនឿ​យ៉ាង​មុតមាំ​តាម​បណ្ដាំ​ចាស់ៗ​ ដែល​ពោល​ណែនាំ​ និង​អនុវត្ត​ជា​រៀង​រាល់​ឆ្នាំ​តៗ​គ្នា​មក​។​ គេ​ជឿ​ថា​ សាច់ញាតិ​ដែល​បាន​ចែក​ឋាន​ទៅ​ហើយ​ មាតាបិតា​ ជីដូន​ជីតា​ បងប្អូន​កូនចៅ​ ញាតិ​កា​ទាំង​ ៧ ​សន្ដាន​នោះ​ ដែល​ខ្លះ​មាន​បាបកម្ម​ត្រូវ​ទទួលទោស​នៅ​ឋាននរក​កើតជា​ប្រេត​ កើតជា​អបាយភូមិ​វេទនាណាស់​។​ ឋាន​នោះ​ស្ថិត​នៅ​ជ្រៅ​ឆ្ងាយ​ពី​ឋានមនុស្ស​មិន​អាច​មើលឃើញ​ពន្លឺព្រះអាទិត្យ​ទេ​ ហើយ​ក៏​គ្មាន​សំលៀក​បំពាក់​ គ្មាន​អាហារ​បរិភោគ​ដែរ​។​ លុះដល់​រដូវ​បុណ្យ​គេ​ដោះ​លែង​ឲ្យ​មក​ទទួល​ផល្លា​និ​សង្ឃ​ ដែល​សាច់​សា​លោក​ហិត​ ធ្វើបុណ្យ​ឧទ្ទិស​អោយ​។​

ប្រជាជន​ខ្មែរ​ជឿ​ថា​ព្រលឹង​របស់​អ្នក​ទាំងនោះ​នឹង​មក​ដល់​វត្ត​អារាម​ហើយ​ ទទួល​ការ​ផ្ដល់​ជូន​ពី​សាច់ញាតិ​ ឬ​កូនចៅ​របស់​ពួក​គេ​តាម​រយៈ​ ការ​អធិដ្ឋាន​ដោយ​ព្រះសង្ឃ​។​

ម្យ៉ាងទៀត​គេ​ខ្លាច​ជីដូន​ជីតា​ដាក់​ប្រទេច​បណ្ដាសា​ ឲ្យ​គេ​ហិនហោច​ ប្រសិនបើ​ដើរ​ស្វែងរក​គ្រប់​៧​វត្ត​ហើយ​នៅ​មិនឃើញ​សាច់ញាតិ​ធ្វើបុណ្យ​ឧទ្ទិស​ឲ្យ​។​ មួយវិញទៀត​គេ​សង្ឃឹមថា​ កុសលផល​បុណ្យ​ដែល​គេ​បាន​ធ្វើ​នៅ​ជាតិ​នេះ​នឹង​ធ្វើ​ឲ្យ​គេ​ទទួល​បាន​នូវ​សេចក្ដីសុខ​ចំរើន​រហូត​ដល់​ជាតិ​ក្រោយ​៕
ប្រភព៖ ​ប្រតិទិន​ចន្ទគតិ​ខ្មែរ​

Share

Image
Image
Image