en     km
en     km

​មន្ត្រី​ CNRP ​ស្នើ​សាលា​រាជធានី​ភ្នំពេញ​បំភ្លឺ​ពី​ភាព​យឹត​យ៉ាវ​ ឆ្លើយ​តប​សំណើសុំ​តម្កល់​រូបសំណាក់​លោក​បណ្ឌិត ​កែម ​ឡី

Share

​ ភ្នំពេញ៖ ​លោក​ អ៊ូ​ ច័ន្ទ​រ័​ត្ន​ អ្នកតំណាង​រាស្ដ្រ​មណ្ឌល​ខេត្ដតាកែវ​ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​ទី​ ២៦​ ខែ​ កញ្ញា​ ឆ្នាំ​ ២០១៦​ បាន​សរសេរ​លិខិត​មួយ​ច្បាប់​ដាក់​ជូន​អភិបាល​ នៃ​គណៈ​អភិបាល​ រាជធានី​ភ្នំពេញ​លោក​ ប៉ា​ សុ​ជាតិ​វង្ស​ ដោយ​ សុំ​ឲ្យ​បំភ្លឺ​លើ​លិខិត​របស់​លោក​ដែឡ​ចុះ​ថ្ងៃ​ទី​ ១៧​ ខែ​ សីហា​ ឆ្នាំ​ ២០១៦​ ស្ដី​ពី​សំណើសុំ​តម្កល់​រូបសំណាក់​លោក​បណ្ឌិត​ កែម​ ឡី​ នៅ​ក្នុង​បរិវេណ​ទីលាន​ប្រជាធិបតេយ្យ​ ។​

kem-highលិខិត​ដែល​ដដែល​នេះ​បាន​ឲ្យ​ដឹង​ថា​ ក្រោយ​ពី​បាន​ដាក់​លិខិតស្នើ​សុំ​តម្កល់​រូបសំណាក់​លោក​បណ្ឌិត​ កែម​ ឡី​ តាំងពី​ថ្ងៃ​ទី​ ១៧​ ខែ​ សីហា​ ឆ្នាំ​ ២០១៦​ រហូត​មក​ដល់​ថ្ងៃ​ទី​ ២៦​ កញ្ញា​ គឺ​នៅ​តែ​មិន​ទាន់​ទទួល​បានការ​ឆ្លើយ​តប​ពី​អភិបាល​រាជធានី​ភ្នំពេញ​នៅឡើយ​ ។​ បន្ថែម​ពី​នេះ​លិខិត​បន្ដ​ថា​ទាំង​ លោក​ អូ​ ច័ន្ទ​រ័​ត្ន​ ក៏​ដូច​ជា​យុវជន​ និង​ ប្រជាពលរដ្ឋ​ដែល​គោរព​ស្រលាញ់​លោក​បណ្ឌិត​ កែម​ ឡី​ សង្ឃឹមថា​ លោក​អភិបាលរាជធានីភ្នំពេញ​នឹង​ឯកភាព​លើ​សំណើ​នេះ​ ឲ្យ​បាន​មុន​កម្មវិធី​បុណ្យខួប​គម្រប់​ ១០០​ថ្ងៃ​ នៃ​មរណភាព​លោក​បណ្ឌិត​ ដែល​នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី​ ១៤​ ដល់​ថ្ងៃ​ទី​ ១៧​ ខែ​ តុលា​ ឆ្នាំ​ ២០១៦​ ខាង​មុខ​ ។

​ទាក់ទិន​លិខិត​នេះ​ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​លោក​ មាន​ ចាន់​យ៉ា​ដា​ បាន​ប្រាប់​វិ​ទ្យ​ស្ដ្រី​FM102​ នៅ​ថ្ងៃ​ទី​ ២៧​ កញ្ញា​នេះ​ដោយ​លោក​មាន​ប្រសាសន៍​ថា​ នៅ​រយៈពេល​នេះ​សាលា​រាជធានី​ភ្នំពេញ​នៅ​មិន​ទាន់​អាច​ឆ្លើយ​តប​នឹង​លិខិត​របស់​លោក​ អ៊ូរ​ ច័ន្ទ​រ័​ត្ន​ បាន​ទេ​ ដោយ​ត្រូវ​រង់ចាំ​ការ​ប្រជុំ​ពិភាក្សា​គ្នា​ជា​មុន​សិន​ ។​ ប៉ុន្ដែ​លោក​បញ្ជាក់​ថា​ សាលា​រាជធានី​ភ្នំពេញ​នឹង​ឆ្លើយ​តប​ចំពោះ​សំណើ​នេះ​ បន្ទាប់​ពីសា​លា​រាជធានី​ភ្នំពេញ​បាន​ជួប​ប្រជុំ​គ្នា​រួចរាល់​ ។​ ​លោក​ មាន​ ចាន់​យ៉ា​ដា​«​បាទ​យើង​នឹង​ឆ្លើយ​តប​ចំពោះ​រឿង​ហ្នឹង​បាទ​ ប៉ុន្ដែ​យើង​មិន​ទាន់​កំណត់​ថា​ពេលវេលា​ណា​នោះ​ទេ​ ដោយ​យើង​រវល់​កម្មវិធី​ការងារ​អាទិភាព​របស់​សាលា​រាជធានី​ភ្នំពេញ​ជា​ច្រើន​យើង​មិន​ទាន់​បាន​ប្រជុំ​រឿង​ហ្នឹង​ទេ​បាទ​»​។​

​គួរ​ជម្រាប​ដែរ​ថា​ កាលពី​ថ្ងៃ​ទី​ ២៣​ ខែ​ កញ្ញា​ គណៈកម្មការ​បុណ្យខួប​គម្រប់​ ១០០​ថ្ងៃ​ របស់​លោក​បណ្ឌិត​គឺ​ លោក​ សៅ​ កុសល់​ បាន​ឲ្យ​វិទ្យុ​ស្ដ្រី​ដឹង​ថា​ រហូត​មក​ដល់​ពេល​នេះ​ ពុំ​ទាន់​មាន​សម្បុរ​សជន​ណា​សន្យា​ផ្ដល់​ដំណឹង​ដល់​គណៈកម្មការ​បុណ្យ​ក្នុង​ការ​ជួល​ទីតាំង​ប្រារព្ធ​ពិធីបុណ្យ​នេះ​នៅឡើយ​ទេ​ ។ ​លោក​បញ្ជាក់​ថា​ កន្លែង​មួយ​ចំនួន​ធំ​ដែល​ក្រុម​គណៈកម្មការ​បុណ្យ​ ស្នើ​សុំសុទ្ធសឹងតែ​ត្រូវ​បាន​បដិសេធ​ ៕ ​

Share

Image
Image
Image