en     km
en     km

​មន្ត្រី​ក្រសួងមហាផ្ទៃ​៖​ បទល្មើស​នៃ​ការ​ប្រើ​អំពើ​ហិង្សា​លើ​ស្ត្រី​មានការ​ថយ​ចុះ​ (មានសំឡេង)

Share

ភ្នំពេញ៖ អនុប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​ផ្លូវភេទ​ និង​ការពារ​អនីតិជន​នៃ​ក្រសួងមហាផ្ទៃ​ លោក​ ភួង​ សុ​ភី​ បានឱ្យ​ដឹង​ថា​បទល្មើស​នៃ​ការ​ប្រើប្រាស់​អំពើ​ហិង្សា​ទៅ​លើ​ស្ត្រី​មានការ​ថយ​ចុះបើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​មុនៗ​។​ ការ​ថយ​ចុះ​ដោយសារ​ក្រសួង​ពាក់ព័ន្ធ​ អង្គការ​សង្គម​ស៊ី​វិល​ និង​វិស័យ​ឯកជន​បាន​ចូលរួម​ចំណែក​លើកកម្ពស់​ស្ត្រី​ និង​ចូលរួម​ផ្សព្វផ្សាយ​ពី​ការ​ទប់ស្កាត់​នៃ​ការ​ប្រើប្រាស់​អំពើ​ហិង្សា​លើ​ស្ត្រី​។​ ការ​ថ្លែង​ដូចនេះ​ធ្វើ​ទ្បើ​ង​នៅ​ក្នុង​សិក្ខា​លា​បូក​សរុប​លទ្ធផល​លើ​ការ​អនុវត្ត​គម្រោង​កន្លែងធ្វើការ​មាន​សុវត្ថិភាព​ សហគមន៍​មាន​សុវត្ថិភាព​ កាលពី​ព្រឹក​ថ្ងៃ​ទី​ ២៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​ នៅ​សណ្ឋាគារ​សាន់​វេ​ រាជធានី​ភ្នំពេញ​។​

លោក​ ជួន​ សា​រ៉េ​ត​ រាយការណ៍​៖

woman-violen-1អំពើ​ហិង្សា​គ្រប់​រូបភាព​លើ​ស្ត្រី​ អំពើ​ហិង្សា​ទាក់ទង​និង​យេ​ន​ឌ័​រ​ នៅ​តែ​ជា​កង្វល់​សម្រាប់​ប្រទេស​កម្ពុជា​។​ អំពើ​ហិង្សា​ច្រើន​កើត​ចេញពី​វិសមាស​ភាព​នៃ​អំណាច​រួម​ផ្សំ​ជាមួយ​ការ​ប្រើប្រាស់​អំណាច​ដោយ​គិត​ថា​ជា​សិទ្ធិ​របស់​ខ្លួន​ ហើយ​អំពើ​ហិង្សា​នេះ​ទៀត​សោត​ មាន​ ៥៤,៣%​ នៃ​បុរស​ជា​ដៃគូ​បាន​រាយការណ៍​ថា​បាន​ធ្វើបាប​ផ្លូវចិត្ត​លើ​ដៃគូ​ស្នេហា​របស់​ខ្លួន​យ៉ាង​ហោច​ណាស់​ម្តង​ក្នុង​ឆាកជីវិត​។​

​អនុប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​ផ្លូវភេទ​ និង​ការពារ​អនីតិជន​នៃ​ក្រសួងមហាផ្ទៃ​ លោក​ ភួង​ សុ​ភី​ មាន​ប្រសាសន៍​ថា​ រឿង​នេះ​ក្រសួងមហាផ្ទៃ​តែងតែ​យកចិត្តទុកដាក់​ និង​បង្កើត​វេទិកាសាធារណៈ​ ជា​រៀង​រាល់​ខែ​ដើម្បី​ផ្សព្វផ្សាយ​ពី​ការ​ទប់ស្កាត់​ការ​ប្រើប្រាស់​អំពើ​ហិង្សា​លើ​ស្ត្រី​ ជា​ពិសេស​ផ្សព្វផ្សាយ​ពី​ការ​លើកកម្ពស់​ស្ត្រី​ជាដើម​។​

​តាម​របាយការណ៍​របស់​ក្រសួងមហាផ្ទៃ​ ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​អំពើ​ហិង្សា​លើ​ស្ត្រី​រក​ឃើញ​ថា​ ការ​ប្រើប្រាស់​អំពើ​ហិង្សា​លើ​ស្ត្រី​មានការ​ថយ​ចុះ​គួរ​ឱ្យ​កត់សម្គាល់​នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។​ លោក​ ភួង​ សុ​ភី​ បន្ត​ថា​ការ​ថយ​ចុះ​នេះ​ដោយសារ​ស្ថាប័ន​ពាក់ព័ន្ធ​ដូច​ជា​ក្រសួង​កិច្ចការ​នារី​ ក្រសួងមហាផ្ទៃ​ អង្គ​សង្គម​ស៊ី​វិល​ពាក់ព័ន្ធ​ បាន​ជួយ​ផ្សព្វផ្សាយ​ក៏​ដូច​ជា​ចុះ​អនុវត្ត​ការងារ​ដោយ​ផ្ទាល់​ ទៅ​ដល់ទី​កន្លែង​ពលរដ្ឋ​ដើម្បី​ ឲ្យ​ពួក​គេ​បាន​យល់​ដឹង​ពី​ការ​ទប់ស្កាត់​នៃ​ការ​ប្រើប្រាស់​អំពើ​ហិង្សា​លើ​ស្ត្រី​។​

​អនុប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​ផ្លូវភេទ​ និង​ការពារ​អនីតិជន​នៃ​ក្រសួងមហាផ្ទៃ​ លោក​ ភួង​ សុ​ភី​
​អនុប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​ផ្លូវភេទ​ និង​ការពារ​អនីតិជន​នៃ​ក្រសួងមហាផ្ទៃ​ លោក​ ភួង​ សុ​ភី​

លោក​ មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា​៖«​នៅ​ក្នុងឆ្នាំនេះ​អគ្គ​នគរបាល​ជាតិ​គាត់​បាន​ដាក់​ផែនការ​ថ្មី​គឺ​ដាច់​ឆ្នាំ​ត្រូវធ្វើ​ស​ន្និ​បាទ​តាម​នាយកដ្ឋាន​រៀងៗ​ខ្លួន​ ធ្វើ​ស​ន្និ​បាទ​បូក​សរុប​រៀងៗ​ខ្លួន​ហើយ​ស្នងការ​រង​ទូ​ទាំង​ប្រទេស​ត្រូវ​ទ្បើ​ង​មក​ទទួល​កិច្ច​ការងារ​ហ្នឹង​ មក​ចូលរួម​ការងារ​ហ្នឹង​អ​ញ្ចឹ​ង​តាម​នាយកដ្ឋាន​មួយៗ​គេ​ត្រូវធ្វើ​ផែនការ​បូក​សរុប​អំពី​សកម្មភាព​ការងារ​ហ្នឹង​អ​ញ្ចឹ​ង​របាយការណ៍​ បាន​បង្ហាញ​ថា​អំពើ​ហិង្សា​លើ​ស្ត្រី​ អំពើ​ហិង្សា​ទាក់ទង​នឹង​ផ្លូវភេទ​ត្រូវ​បាន​ធ្លាក់​ចុះ​គួរ​ឱ្យ​កត់សម្គាល់​»​។​

​ចំណែក​ប្រធាន​កម្មវិធី​ជាន់ខ្ពស់​របស់​អង្គការ​ឃែ​រ​កម្ពុជា​ គឺ​កញ្ញា​ អ៊ា​ត​ ពិសាល​ លើក​ទ្បើ​ង​ថា​ ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​អំពើ​ហិង្សា​លើ​ស្ត្រី​ គឺ​ត្រូវ​មាន​កិច្ចសហការ​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ ដោយ​មិន​ត្រូវ​ដាក់បន្ទុក​ទៅ​លើ​តែ​ស្ថាប័ន​ណាមួយ​នោះ​ទេ​។​ មន្ត្រី​អង្គការ​ឃែ​រ​ រូប​នេះ​ក៏​ទទួលស្គាល់​ដែរ​ថា​ ការ​ប្រើប្រាស់​អំពើ​ហិង្សា​ទៅ​លើ​ស្ត្រី​ពិតជា​មានការ​ថយ​ចុះបើ​ធៀប​នឹង​ឆ្នាំ​មុនៗ​ ហើយ​ជា​ពិសេស​ស្ត្រី​ដែល​ធ្វើការ​ផ្សព្វផ្សាយ​ស្រា​បៀ​មានការ​ថយ​ចុះ​។​

​កញ្ញា​ អ៊ា​ត​ ពិសាល​៖«​ យើង​ឃើញ​ថា​ស្ត្រី​ ៨៣%​ ស្ត្រី​ផ្សព្វផ្សាយ​ស្រា​បៀ​ ទទួល​បានការ​បៀតបៀន​នៅ​កន្លែងធ្វើការ​របស់​ពួក​គេ​ជា​រៀង​រាល់​យប់​ នេះ​គឺជា​គម្រោង​នៅ​ក្នុង​ឆ្នាំ​២០០៩​ដល់​២០១៣​ នៅ​ក្នុង​ឆ្នាំ​២០១៤​ជា​ឱកាស​ម្តងទៀត​អង្គការ​ឃែ​រ​ ក៏​បាន​ទទួល​គម្រោង​ចេញពី​អង្គការសហប្រជាជាតិ​មួយ​នេះ​ដែរ​ ពី​ទីក្រុង​ញូយ៉ក​យើង​ធ្វើការ​សិក្សា​អង្កេត​មួយទៀត​ជា​មូលដ្ឋាន​សម្រាប់​គម្រោង​ថ្មី​យើង​ឃើញ​ថា​ស្ត្រី​ផ្សព្វផ្សាយ​ស្រា​បៀ​ទទួល​បានការ​បៀតបៀន​ផ្លូវភេទ​នៅ​នឹង​កន្លែងធ្វើការ​របស់​គាត់​មាន​៥៣%​ អ​ញ្ចឹ​ង​បើ​យើង​ប្រៀបធៀប​ទៅ​មានការ​ថយ​ចុះ​»​។​

​ជុំវិញ​នឹង​ការ​លើក​ទ្បើ​ង​នេះ​ដែរ​អនុរដ្ឋលេខាធិការ​ក្រសួង​កិច្ចការ​នារី​ លោកស្រី​ ប៊ុ​ន​ ប៊ុ​ទ្ធី​ មាន​ប្រសាសន៍​ថា​ អំពើ​ហិង្សា​នៅ​តែ​កើត​មាន​ប្រសិនបើ​គ្មាន​កិច្ច​សហប្រតិបត្តិការ​ពី​ដៃគូ​ពាក់ព័ន្ធ​។​ លោកស្រី​បន្ត​ថា​អំពើ​ហិង្សា​លើ​ស្ត្រី​នៅ​តែ​ជា​ការងារ​អាទិភាព​ដែល​រាជរ​ដ្ឋា​ភិ​បាល​និង​គ្រប់​អង្គការក្រៅរដ្ឋាភិបាល​តែងតែ​យកចិត្តទុកដាក់​ក្នុង​ការ​កាត់​បន្ថយ​ នឹង​ការ​ទប់ស្កាត់​ផង​ដែរ​ បញ្ហា​នេះ​លោកស្រី​ថា​អង្គការក្រៅរដ្ឋាភិបាល​ជា​ដៃគូ​មិន​អាច​ខ្វះ​។​

​អនុរដ្ឋលេខាធិការ​ក្រសួង​កិច្ចការ​នារី​ លោកស្រី​ ប៊ុ​ន​ ប៊ុ​ទ្
​អនុរដ្ឋលេខាធិការ​ក្រសួង​កិច្ចការ​នារី​ លោកស្រី​ ប៊ុ​ន​ ប៊ុ​ទ្ធី​

«​ក្នុង​បទ​ពិសោធន៍​ការ​អនុវត្ត​ការងារ​កន្លង​មក​ បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​ការ​រួម​គ្នា​សហការ​អនុវត្ត​ការ​បាន​ល្អ​ពី​គ្រប់​មជ្ឈដ្ឋាន​ នឹង​គ្រប់​កម្រិត​ទើប​អាច​ទទួល​បាន​ជោគជ័យ​ដែល​ក្នុង​នោះ​ដែរ​ក៏​មានការ​រួម​សហការ​ល្អ​ក្នុង​ការ​អនុវត្ត​ពី​ដៃគូ​អភិវឌ្ឍន៍​ និង​អង្គការក្រៅរដ្ឋាភិបាល​នានា​ដែល​តែងតែ​ជួយ​គាំទ្រ​នឹង​បច្ចេកទេស​»​។​

​យោង​តាម​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ក្នុង​ការ​កាត់​បន្ថយ​ និង​ទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី​របស់​រាជរដ្ឋាភិបាល​ ២០១៥-២០៣០​ មាន​ដូច​ជា​៖​ លុប​បំបាត់​រាល់​ទម្រង់​នៃ​ការ​រើសអើង​លើ​ស្ត្រី​ និង​កុមារ​គ្រប់​ទីកន្លែង​។​ លុប​បំបាត់​រាល់​ទម្រង់​នៃ​អំពើ​ហិង្សា​លើ​ស្ត្រី​និង​ក្មេង​ស្រី​ទាំងអស់​នៅ​ក្នុង​វិស័យ​សាធារណៈ​។​ វិស័យ​ឯកជន​ត្រូវ​ជួយ​ ធានា​ឱ្យ​មានការ​ចូលរួម​ពេញលេញ​ និង​មាន​ប្រសិទ្ធិ​ភាព​ពី​សំណាក់​ស្ត្រី​ និង​ទទួល​បាន​ឱកាស​ស្មើគ្នា​ក្នុង​ជីវភាព​ជា​អ្នកដឹកនាំ​ នៅ​គ្រប់​កម្រិត​ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេចចិត្ត​ទាក់ទង​នឹង​នយោបាយ​ សេដ្ឋកិច្ច​ និង​ជីវិត​សាធារណៈ​ជាដើម​៕​

Share

Image
Image
Image