en     km
en     km

​មន្ដ្រី​ CPP​ ៖​ មិន​ចាប់អារម្មណ៍​ប្ដឹង​លោក​ សម​ រ​ង្ស៉ី​ ករណី​បង្ហោះ​រឿង​ឃាតកម្ម​លើ​តារាភាពយន្ដ​ ពិសិដ្ឋ​ ពិ​លី​កា​ នោះ​ទេ​

Share

ភ្នំពេញ៖ ​លោក​ សម​ រ​ង្ស៉ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​និរទេស​នៅ​ក្រៅប្រទេស​កាលពី​ថ្ងៃ​ទី​ ០៨​ កញ្ញា​ បាន​សរសេរ​ លើ​បណ្ដាញ​សង្គម​ហេ្វ​ស​ប៊ុ​ក​ផ្លូវការ​ របស់​លោក​ថា​ ឃាតកម្ម​លើ​អ្នក​នាង​ ពិសិដ្ឋ​ ពិ​លី​កា​ ទាំង​កណ្ដាលថ្ងៃត្រង់​ ក្នុង​រាជធានី​ភ្នំពេញ​កាលពី​១៨​ឆ្នាំ​មុន​ អ្នក​នៅ​ពីក្រោយ​ខ្នង​ គឺ​ក្រុម​គ្រួសារ​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​។​

លោក សម រង្ស៉ី ប្រធានគណបក្សសង្រ្គោះជាតិ
លោក សម រង្ស៉ី ប្រធានគណបក្សសង្រ្គោះជាតិ

ទាក់ទិន​ករណី​នេះ​មន្ដ្រី​ បក្ស​កាន់​អំណាច​មាន​ប្រសាសន៍​ថា​ការ​និយាយ​រឿង​អ្នក​នាង​ ពិសិដ្ឋ​ ពិ​លី​កា​ ពុំ​មែន​ជា​រឿង​ថ្មី​ទេ​ វា​ជា​រឿង​ដដែលៗ​ ដែល​លោក​ សម​ រ​ង្ស៉ី​ តែងតែ​យក​មក​និយាយ​ទាំង​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​។​

​ករណី​នេះ​អ្នក​តាមដាន​ស្ថានការណ៍​សង្គម​បង្ហាញ​ការ​យល់​ឃើញ​ថា​ លទ្ធិប្រជាធិបតេយ្យ​ គេ​មិន​បណ្ដោយ​ឲ្យ​កើតរឿង​អយុត្ដិធម៌​ ហើយ​រឿង​ចាស់​យូរ​ឆ្នាំ​ក៏​ដោយ​ក៏​នៅ​តែ​ដក់​ជាប់​ក្នុង​ប្រ​វ​តិ្ត​សាស្ត្រ​។​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​៖

 

​មេ​បក្ស​ប្រឆាំង​ លោក​ សម​ រ​ង្ស៉ី​ ដែល​ជាប់​បណ្ដឹង​ជា​ច្រើន​នៅ​តុលាការ​ កាលពី​ថ្ងៃ​ ទី​ ០៨​ ខែ​ កញ្ញា​ ឆ្នាំ​ ២០១៦​ បាន​សរសេរ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ ហ្វេ​ស​ប៊ុ​ក​ ផ្លូវការ​របស់​លោក​ថា​ ឃាតកម្ម​លើ​តួឯក​ដ៏​ល្បីល្បាញ​អ្នក​នាង​ ពិសិដ្ឋ​ ពិ​លី​កា​ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ ទាំង​កណ្ដាលថ្ងៃត្រង់​ កាលពី​ឆ្នាំ​ ១៩៩៩​ អ្នក​ដែល​ស្ថិត​នៅ​ពីក្រោយ​ឃាតកម្ម​នេះ​គឺ​ក្រុម​គ្រួសារ​សម្ដេច​ ហ៊ុន​ សែន​។​

​លោក​ សម​ រ​ង្ស៊ី​ បាន​បង្ហោះ​រឿង​អ្នក​នាង​ ពិសិដ្ឋ​ ពិ​លី​កា​ គឺ​ស្រប​ពេល​ តុលាការ​រាជធានី​ភ្នំពេញ​ បើក​ជំនុំ​ជម្រះក្ដី​ លោក​ កឹ​ម​ សុខា​ អនុប្រធាន​របស់​លោក​ ករណី​មិន​ចូលខ្លួន​មក​កាន់​តុលាការ​ ពាក់ព័ន្ធ​នាង​ ខុ​ម​ ចាន់​តា​រ៉ា​ទី​ ដែល​គេ​ថា​ជា​ស្រី​កំណាន់ចិត្ត​លួចលាក់​របស់​លោក​។​ ការ​បង្ហោះ​រឿង​រ៉ាង​អ្នក​នាង​ ពិសិដ្ឋ​ ពិ​លី​កា​ យ៉ាង​ហោច​ណាស់​ ក៏​ត្រូវ​បាន​គេ​មើលឃើញ​ថា​ លោក​ចង់​ភ្ជាប់​ព្រឹត្តិការណ៍​ ទៅ​នឹង​ករណី​ស្នេហា​របស់​លោក​ កឹ​ម​ សុខា​។

​ពាក់ព័ន្ធ​សារ​ចោទប្រកាន់​ការ​សម្លាប់​មនុស្ស​កាលពី​ ១៨​ឆ្នាំ​មុន​  ការ​សរសេរ​ មេ​បក្ស​ប្រឆាំង​និរទេស​ខ្លួន​ រូប​នេះ​ កាលពី​ស​ប្តា​ហ៍​មុន​ រហូត​មក​ដល់​ពេល​នេះ​ គឺ​ពុំ​ឃើញ​មាន​ប្រតិកម្ម​ពី​សម្ដេច​ នាយក​រដ្ឋមន្ដ្រី​នោះ​ទេ​។​

​ប៉ុន្ដែ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​ សុខ​ ឥ​សាន្ដ​ ដែល​បាន​ផ្ដល់​បទ​សម្ភាសន៍​ ឱ្យ​ វិទ្យុ​ស្ដ្រី​FM102​ នៅ​ថ្ងៃ​ ចន្ទ​ ទី​ ១២​ ខែ​ កញ្ញា​ ឆ្នាំ​ ២០១៦​ ថា​ សម្ដី​លោក​ សម​ រ​ង្ស៉ី​ គឺជា​បុគ្គល​គ្មាន​តម្លៃ​អ្វី​ដែល​ត្រូវ​យក​មក​គិត​ពិ​រណា​ទេ​ ព្រោះ​លោក​គឺជា​ទណ្ឌិត​កំពុង​រត់គេច​ខ្លួន​ពី​ការ​ទទួលទោស​។​ លោក​បន្ថែម​ថា​ ការ​លើកយក​រឿង​ពី​អតីតកាល​ជាង​ ១៨​ ឆ្នាំ​ហួស​ទៅ​ហើយ​មក​និយាយ​ដដែលៗ​ដូច្នេះ​ គឺជា​ច​រឹក​របស់​លោក​ សម​ រ​ង្ស៉ី​។​

​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​ពន្យល់​ថា​ បើសិនជា​លោក​ សម​ រ​ង្ស៉ី​ មាន​ភស្ដុ​តាង​គ្រប់គ្រាន់​បង្ហាញមុខ​ ជន​ប្រព្រឹត្ដ​មែន​លោក​គួរតែ​ យក​ឯកសារ​ទាំងនោះ​មក​ដាក់​ពាក្យបណ្ដឹង​កុំ​បាន​ត្រឹមតែ​ដើរ​ស្រែក​ និង​ចោទប្រកាន់​លើ​អ្នក​ដទៃ​។​

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ សុខ​ ឥ​សាន្ត​។
អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ សុខ​ ឥ​សាន្ត​។

​លោក​ សុខ​ ឥ​សាន្ដ​ ក៏​បាន​បញ្ជាក់​ដែរ​ថា​ប្រ​សិន​សម្ដេច​ ហ៊ុន​ សែន​ ដាក់​ពាក្យ​ប្ដឹង​មេ​បក្ស​ប្រឆាំង​រូប​នេះ​លោក​ សម​ រ​ង្ស៉ី​ ច្បាស់​ជា​ត្រូវ​ជាប់​បណ្ដឹង​កាន់តែ​ច្រើន​ទៀត​ជាក់​ជា​ពុំខាន​។​

​លោក​ សុខ​ ឥ​សាន្ដ​៖«​ខ្ញុំ​សូម​ផ្ដាំ​ទៅ​វិញ​ថា​មិនបាច់​ប្រតិកម្ម​ មិនបាច់​ឆ្លើយ​តប​អ្វី​ទេ​ ព្រោះ​រឿង​វា​ដដែល​ទេ​ សម​ រ​ង្ស៉ី​ ភូត​កុហក់​រឿង​ហ្នឹង​វា​ ១៧​ ១៨​ឆ្នាំ​ ហើយ​វា​អត់​បានការ​អី​ ហើយ​បើ​គាត់​មាន​ ឯកសារ​មាន​ភស្ដុ​តាង​ច្បាស់លាស់​ មូលហេតុ​អ្វី​បាន​មិន​ប្ដឹង​ទៅ​ គ្រែង​បងប្អូន​ក្រុម​គ្រួសារ​ហ្នឹង​ដែរ​តើ​»​។​

​ជុំវិញ​ករណី​ឃាតកម្ម​លើ​អ្នក​នាង​ ពិសិដ្ឋ​ ពិ​លី​កា​ កាលពី​ឆ្នាំ​១៩៩៩​ អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​លោក​បណ្ឌិត​ មាស​ នី​ បាន​បង្ហាញ​ការ​យល់​ឃើញ​ថា​ វប្ប​ធ​ម៍​និទណ្ឌភាព​ នៅ​តែ​ពេញ​និយម​នៅ​ប្រទេស​កម្ពុជា​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​រង​គ្រោះ​ និង​ ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ ត្រូវ​បង្ខំចិត្ដ​វេច​បង្វិច​ចាក​ចេញពី​ប្រទេស​កំណើត​។​

​បណ្ឌិត​សិក្សា​ពី​សង្គម​រូប​នេះ​បន្ថែម​ថា​ ក្នុង​ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ​ ប្រព័ន្ធ​ច្បាប់​គឺ​ត្រូវ​តែ​ការពារ​ពលរដ្ឋ​ មិន​ឲ្យ​មានការ​ភិតភ័យ​ ឬ​ទទួល​រង​ការ​បំភិតបំភ័យ​ ពី​ជន​ណាមួយ​បាន​ឡើយ​។​ លោក​ថា​ជាង​នេះ​ទៀត​សោត​ច្បាប់​ត្រូវ​តែ​ផ្ដល់​យុត្ដិធម៌​ជូន​ជន​រង​គ្រោះ​គ្រប់​រូប​ ក៏​ដូច​ជា​គ្រួសារ​របស់​ពួក​គេ​ផង​ដែរ​។​ មិន​ថា​តែ​រឿង​អ្នក​នាង​ ពិសិដ្ឋ​ ពិ​លី​កា​ ដែល​រដ្ឋាភិបាល​ត្រូវ​រក​យុ​ត្ដ​ធម៌​ជូន​ក្រុម​គ្រួសារ​ សូ​ម្បី​តែ​រឿង​ឃាតកម្ម​លើ​លោក​បណ្ឌិត​ កែម​ ឡី​ រដ្ឋាភិបាល​ក៏​ត្រូវ​តែ​រក​អ្នក​នៅ​ពី​ខាងក្រោយ​ឲ្យ​ឃើញ​បាន​ឆាប់ៗ​ផង​ដែរ​។​

​លោក​បណ្ឌិត​ មាស​ នី​៖«​ខ្ញុំ​គិត​ថា​រាល់​ករណី​ទាំងអស់​ គឺ​សុទ្ធតែ​មានការ​ដាក់​ពាក្យបណ្ដឹង​ ប៉ុន្ដែ​នៅ​ក្នុង​ករណី​មួយ​ចំនួន​ហ្នឹង​យើង​ឃើញ​ថា​ សូ​ម្បី​តែ​អ្នក​ដាក់​ពាក្យបណ្ដឹង​ហ្នឹង​ ក៏​ទទួលលទ្ធផល​ចុង​ក្រោយ​ត្រូវ​រត់ចោលស្រុក​ទៀត​ អត់​ហ៊ាន​នៅ​ស្រុក​ទេ​ អ​ញ្ចឹ​ង​នៅ​ក្នុង​ស្ថានភាព​នេះ​ គឺ​សុទ្ធតែ​ជា​រឿង​គ្រោះថ្នាក់​ទាំង​អ្នក​រង​គ្រោះ​ ថា​រង​គ្រោះ​ហើយ​ ប៉ុន្ដែ​អ្នក​ចេញ​មុខ​ប្ដឹង​ហ្នឹង​វា​រង​គ្រោះ​ថែម​ទៅ​ទៀត​»​។​

​គួរ​រម្លឹក​ថា​ សាស្ត្រាចារ្យ​នៃ​សកល​វិទ្យាល័យ​ភូមិ​វិចិត្រសិល្បៈ​ ហើយ​ក៏​ជា​តារាភាពយន្ត​ដ៏​ឆ្នើម​មួយ​រូប​ផង​ អ្នកស្រី​ ពិសិដ្ឋ​ ពិ​លី​កា​ ត្រូវ​បាន​ខ្មានកាំភ្លើង​បាញ់​សម្លាប់​អ្នកស្រី​ នៅ​ក្បែរ​ផ្សារ​អូ​ឬ​ស្សី​ ខណៈ​ដែល​អ្នកស្រី​កំពុង​ចុះ​ពី​ឡាន​ដើម្បី​ទៅ​ ទិញ​កង់​ឲ្យ​ក្មួយ​អ្នកស្រី​ កាលពី​ថ្ងៃ​ទី​៦​ ខែកក្កដា​ ឆ្នាំ​១៩៩៩​ ៕

Share

Image
Image
Image