en     km
en     km

​ប្តី​ប្រពន្ធ​ថត​សកម្មភាព​ហូប​សត្វព្រៃ​បង្ហោះ​លើ​បណ្តាញ​សង្គម​សន្យា​ឈប់​ប្រព្រឹត្ត​បទល្មើស​

Share

ភ្នំពេញ​៖​ ស្វាមីភរិយា​មួយគូ​ដែល​បាន​ចូល​សារភាព​កំហុស​នៅ​ក្រសួងបរិស្ថាន​កាលពី​ម្សិលមិញ​ចំពោះ​សកម្មភាព​ចំអិន​សាច់សត្វ​ព្រៃ​ដែល​ទិញ​ត​ពី​គេ​ហើយ​មក​បង្ហោះ​នៅ​ក្នុង​បណ្តាញ​យូ​ធូប​ បាន​សន្យា​ ឈប់​ប្រព្រឹត្ត​បទល្មើស​ទៀត​ហើយ​។​ មន្ត្រី​ក្រសួងបរិស្ថាន​ អះអាង​ថា​ ប្តី​ប្រពន្ធ​នេះ​រង​ការ​ពិន័យ​ទៅ​តាម​ច្បាប់​ជា​ធរមាន​។​

លោក ភួង រ៉ាទី និង អ្នកស្រី ចាន់ ប៉ូលីន ជាស្វាមីភរិយាលើក​ដៃសំពះសំទោសនិងសន្យាបញ្ឈប់សកម្មភាពចំអិនសាច់សត្វព្រៃ។ រូបភាព៖ facebook ក្រសួងបរិស្ថាន។

​អ្នក​ពីរ​បាន​ទៅ​សារភាព​នៅ​ក្រសួងបរិស្ថាន​កាលពី​ថ្ងៃ​ទី​ ១០​ ខែ​ ឧសភា​ ឆ្នាំ​ ២០១៨​នេះ​ បន្ទាប់​ប្តី​ប្រពន្ធ​មួយគូ​នេះ​រង​ការ​រិះគន់​ជា​ខ្លាំង​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។​

​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រសួងបរិស្ថាន​ ឲ្យ​ដឹង​ថា​ អ្នកស្រី​ ចាន់​ ប៉ូ​លី​ន​ និង​ស្វាមី​ បាន​ សារភាព​កំហុស​ដោយ​សន្យា​បញ្ឈប់​សកម្មភាព​ហូប​សត្វព្រៃ​កម្រ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ ការពារ​ និង​អភិរក្ស​ធនធានធម្មជាតិ​។​ អ្នកស្រី​បញ្ជាក់​ថា​ សត្វព្រៃ​ទាំងនោះ​អ្នកស្រី​បាន​ទិញ​ត​ពី​ឈ្មួញ​ដោយ​មិន​បាន​បរបាញ់​ដោយ​ខ្លួនឯង​ទេ​។​

លោក ភួង រ៉ាទី ៖​ «​ថ្ងៃក្រោយ​កុំ​ឲ្យ​ធ្វើ​ដូច​ពួក​ខ្ញុំ​ទៀត​ ហើយ​វិ​ដេ​អូ​នេះ​ខ្ញុំ​សង្ឃឹមថា​ នឹង​អាច​បំផុស​ទៅ​ដល់​បងប្អូន​ទាំងអស់​គ្នា​ទូ​ទាំង​ប្រទេស​កុំ​សម្លាប់​សត្វព្រៃ​ទៀត​ដូច​ពួក​ខ្ញុំ​។​ខ្ញុំ​ពី​នាក់​ប្តី​ប្រពន្ធ​គឺ​ឈប់​អ្វី​ប៉ះពាល់​ខូចខាត​ធនធានធម្មជាតិ​ខាង​សត្វព្រៃ​ទៀត​ហើយ​។​»

​ក្នុង​គណនី​យូ​ធូប​របស់​អ្នក​ពីរ​បាន​ថត​បង្ហាញ​សកម្មភាព​ហូប​សត្វព្រៃ​កម្រ​ដូច​ជា​ សត្វ​ខ្លាត្រី​ ពស់វែក​ សត្វ​ត្រកួត​ និង​សត្វ​កម្រ​មួយ​ចំនួន​ទៀត​។​

​មន្ត្រី​ក្រសួងបរិស្ថាន​ ឲ្យ​ដឹង​ថា​ បើ​តាម​ច្បាប់​ស្តី​ពី​តំបន់ការពារធម្មជាតិ​គឺ​ប្តី​ប្រពន្ធ​ទាំង​ពីរ​នេះ​នឹង​រង​ការ​ពី​ន័យ​ជា​អន្តរកាល​ដោយសារ​សត្វព្រៃ​ទាំងនោះ​មិន​ស្ថិត​ក្នុង​បញ្ជី​នៃ​សត្វ​កម្រ​ជិត​ផុត​នោះ​ទេ​។​ ម្យ៉ាង​សកម្មភាព​អ្នក​ទាំង​ពីរ​ពុំ​មាន​ទិស​ដៅ​ជួញដូរ​ និង​ជា​អ្នក​បរបាញ់​សត្វ​ដោយ​ផ្ទាល់​ទេ​។​

​មន្ត្រី​ក្រសួងបរិស្ថាន​៖​ «​បើ​តាម​ច្បាប់​ស្តី​ពី​តំបន់ការពារធម្មជាតិ​យើង​មិន​អាច​ដោះស្រាយ​សម្របសម្រួល​ក្រៅ​ប្រព័ន្ធ​តុលាការ​ទេ​។​យើង​ពិនិត្យ​មើលទៅ​លើ​ប្រភេទ​សត្វព្រៃ​ដែល​គាត់​ធ្វើ​នេះ​ មិនមែន​ជា​ប្រភេទ​សត្វ​ដែល​ស្ថិត​នៅ​ក្នុង​ប្រភេទ​ជិត​ផុត​ពូជ​ទេ​ ប្រភេទ​មាន​ដោយ​បង្គួរ​។​ច្បាប់​អនុញ្ញាត​ឲ្យ​យើង​គឺ​ដាក់ទោស​ទាន​ទណ្ឌ​គាត់​ពិន័យ​អន្តរកាល​ ហើយ​ចាត់វិធានការ​ចងក្រង​សំណុំរឿង​តាម​នីតិវិធី​។​»

​លោក​ កែន​ សេរីរ​ដ្ឋា​ ប្រធាន​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​(WCS)​ សាទរ​ចំពោះ​វិធានការ​ របស់​ក្រសួងបរិស្ថាន​ និង​ប្តី​ប្រពន្ធ​ដែល​សម្រេចចិត្ត​ចូល​សារភាព​ទោស​កំហុស​។​លោក​យល់​ថា​ ការ​សម្រេច​ផាកពិន័យ​របស់​ក្រសួង​ជា​រឿង​ត្រឹមត្រូវ​។​

​លោក​ កែន​ សេរីរ​ដ្ឋា​៖​ «​បុគ្គល​នោះ​បាន​សារភាព​ថា​គាត់​មិនជា​អ្នក​បរបាញ់​ទេ​ គ្រាន់តែ​ជា​អ្នកទិញ​ យក​មក​ធ្វើ​ម្ហូបអាហារ​ក្នុង​គោលបំណង​បម្រើ​ផលប្រយោជន៍​ឲ្យ​គាត់​។​គោលដៅ​របស់​គាត់​ មិនមែន​ធ្វើ​ពាណិជ្ជកម្ម​ជួញដូរ​សត្វព្រៃ​ ដោយ​យល់​ឃើញ​ថា​ ប្រហែលជា​ស្ត្រី​មិន​យល់​ពី​បទល្មើស​នៃ​ការ​ជួញដូរ​សាច់​ព្រៃ​ អ​ញ្ចឹ​ង​ក្រសួង​ប្រហែលជា​យក​វិធាន​ដំបូង​ នៅ​ក្នុង​ច្បាប់​នៃ​ក៏​គេ​បាន​ចែក​គេ​ថា​ អាច​ព្រមាន​ជាដើម​។​»

​អ្នក​ទាំង​ពីរ​បាន​ប្រាប់​សមត្ថកិច្ច​ថា​ សត្វព្រៃ​ទាំងនោះ​ពួក​គាត់​បាន​ទិញ​នៅ​ស្រុក​បា​ធា​យ​ ខេត្តកំពង់ចាម​។​បន្ទាប់​ពី​អ្នកស្រី​សារភាព​ដូចនេះ​ភ្លាម​ អាជ្ញា​ធរមាន​សមត្ថកិច្ច​បាន​ចុះ​ទៅ​ចាប់​អ្នកលក់​សត្វព្រៃ​ដោយ​រឹបអូស​សត្វ​ស្លាប​ដែល​បាន​ក្លា​សេ​ទុក​លក់​នៅ​ផ្លូវជាតិ​លេខ​ ៦​អា​ ជា​ច្រើន​ក្បាល​៕

Share

Image
Image
Image