en     km
en     km

​បទ​យកការណ៍​៖​ក្រសួងសុខាភិបាល​ដាក់​ទិស​ដៅ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​លើ​ខេត្ត​ចំនួន​៦ក្នុងកម្រិតទាបបំផុត

Share

ភ្នំពេញ៖​ក្រសួងសុខាភិបាល​បាន​ជ្រើសរើស​ខេត្ត​ចំនួន​៦​ដើម្បី​លុប​បំបាត់​ជំងឺគ្រុនចាញ់​ឲ្យ​នៅ​កម្រិត​ទាប​បំផុត​ក្នុង​រយៈពេល​៣​ឆ្នាំ​។​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ ដូចនេះ​នៅ​ក្នុង​ពិធី​បើក​សន្និបាត​បូក​សរុប​ល​ទ្ធផល​ការងារ​ឆ្នាំ​ ២០១៧​និង​ទិស​ដៅ​ឆ្នាំ​២០១៨​កាលពី​ស​ប្តា​ហ៍​មុន​។​

​​​​​​​​​​​​​                    សត្វមូលដែកគោលញីជាភ្នាក់ងារចម្លងជំងឺគ្រុនចាញ់។Photo Taking from Google Image។

​ក្រសួងសុខាភិបាល​បាន​ដាក់​ទិស​ដៅ​លុប​បំបាត់​ជំងឺគ្រុនចាញ់​ក្នុង​កម្រិត​ទាប​បំផុតម្នាក់​ក្នុង​ចំណោម​មនុស្ស​១​ពាន់​នាក់​គឺ​អាច​មាន​មនុស្ស​មាន​ផ្ទុក​ជម្ងឺគ្រុនចាញ់​ ហើយ​ខេត្ត​គោលដៅ​ចំនួន​៦​មាន​ខេត្តបាត់ដំបង​ កំពង់ឆ្នាំង​ កំពង់ធំ​ សៀមរាប​ ប៉ៃលិន​និង​កំពង់ស្ពឺ​ដោយ​ចាប់ពី​ឆ្នាំ​២០១៨​រហូត​ដល់​ឆ្នាំ​២០២០​។​

​ជំងឺ​គ្រុ​ញ​ចាញ់​មិនមែន​ជា​ជំងឺឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​ទេ​ប៉ុន្តែ​ភ្នាក់ងារ​ចម្លងជំងឺគ្រុនចាញ់​គឺ​មូស​ដែក​គោល​ញី​។​ជំងឺគ្រុនចាញ់​អាច​កើត​ទៅ​លើ​មនុស្ស​គ្រប់​វ័យ​និង​មាន​រោគ​សញ្ញា​ក្នុង​រង្វង់​ពី​១​ស​ប្ដា​ហ៍​ទៅ​២​ស​ប្ដា​ហ៍​ដោយ​អ្នកជំងឺ​មាន​អាការ​គ្រុនក្ដៅ​ ឈឺក្បាល​ រងា​ញាក់​និង​ក្អូ​ត​ចង្អោរ​ជាដើម​។​

​ក្រសួងសុខាភិបាល​ត្រៀម​អនុវត្ត​យុទ្ធសាស្ត្រ​លុប​បំបាត់​ជំងឺគ្រុនចាញ់​ដោយ​សហការ​និង​ជំរុញ​ ឲ្យ​មាន​សេវា​សហគមន៍​ឬ​អ្នក​ស្ម័គ្រចិត្ត​តាម​ភូមិ​ព្យាបាល​ជំងឺគ្រុនចាញ់​និង​សេវា​ឯកជន​ដំណើរការ​ប្រក្រតី​ឡើង​វិញ​១០០​ភាគរយ​និង​ពង្រីក​បន្ថែម​។​

​ដើម្បី​លុប​បំបាត់​ជំងឺគ្រុនចាញ់​ក្រសួង​នឹង​ចែក​មុង​ជ្រលក់​ថ្នាំ​ ជាង​១​លាន​៥​សែន​និង​មុង​អង្រឹង​ជាង​៦​ម៉ឺន​ដល់​ប្រជាជន​គោលដៅ​និង​ប្រជាជន​ចល័ត​ពី​ស្រុក​មួយ​ទៅ​ស្រុក​មួយ​ឲ្យ​បាន​ជិត​១០០​ភាគរយ​និង​ផ្សព្វ​ផ្សាយ​​​ឲ្យ​បាន​ទូលំទូលាយ​ទៅ​ដល់​ក្រុម​ប្រជាពលរដ្ឋ​ងាយ​រង​គ្រោះ​ដោយ​សហការ​ជិត​ស្និទ្ធ​ជាមួយ​ភាគី​ពាក់ព័ន្ធ​។​​​ជាមួយ​គ្នា​នេះ​ក្រសួង​គ្រោង​បង្កើត​និង​ប្រើប្រាស់​កម្មវិធី​ត្រួតពិនិត្យ​គុណភាព​តាម​មូលដ្ឋាន​និង​ពង្រឹង​គុណភាព​សេវា​ឯកជន​នៅ​ទូ​ទាំង​ប្រទេស​។​ព្រមទាំង​សម្របសម្រួល​លើកកំពស់​ដំណើរការ​អនុវត្ត​ក្រុមការងារ​ពិសេស​លុប​បំបាត់​ជំងឺគ្រុនចាញ់​ថ្នាក់​ខេត្ត​ផង​ដែរ​។​

​លោក​វេជ្ជបណ្ឌិត​ ហ៊ុយ​ រ៉េ​កុ​ល​ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​ប៉ារ៉ាស៊ីត​សាស្ត្រ​និង​បាណក​សាស្ត្រ​នៃ​ក្រសួងសុខាភិបាល​ពន្យល់​ថា​មូលហេតុ​ដែល​ក្រសួង​ដាក់​ទិស​ដៅ​លុប​បំបាត់​ជំងឺគ្រុនចាញ់​ក្នុង​ខេត្ត​​ទាំង​៦​នេះ​ព្រោះ​អត្រា​អ្នក​កើត​ជំងឺគ្រុនចាញ់​ថយ​ចុះ​មិន​ទាន់​តាម​ការ​ចង់បាន​របស់​ក្រសួងសុខា​ភិបាល​​នៅឡើយ​។​

​លោក​វេជ្ជបណ្ឌិត​ ហ៊ុយ​ រ៉េ​កុ​ល​ បញ្ជាក់​ថា​ក្រសួងសុខាភិបាល​កំណត់​ទិស​ដៅ​លុប​បំបាត់​ជំងឺគ្រុនចាញ់​នៅ​ក្នុង​ឆ្នាំ​២០២៥​។​

​លោក​វេជ្ជបណ្ឌិត​ ហ៊ុយ​ រ៉េ​កុ​ល​ ៖«​ខេត្ត​អតិ​ភាព​ដែល​ចំនួន​ករណី​ជំងឺគ្រុនចាញ់​វា​នៅ​មិន​ទាន់​ធ្លាក់​ចុះ​ទាប​តាម​ការ​ដែល​យើង​ចង់បាន​អ​ញ្ចឹ​ង​យើង​ត្រូវ​ផ្តោត​ទៅ​លើ​ខេត្ត​ទាំង​៦​នោះ​មុន​។​ទិស​ដៅ​ដូច​យើង​ដឹង​ហើយ​ថា​ទិស​ដៅ​គ្រុនចាញ់​យើង​នឹង​លុប​បំបាត់​ជំងឺគ្រុនចាញ់​ឲ្យ​ក្នុង​ឆ្នាំ​២០២៥​។​អ​ញ្ចឹ​ង​ទាមទារ​ឲ្យ​យើង​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធិ​ភាព​យុទ្ធសាស្ត្រ​សកម្មភាព​របស់​យុទ្ធសាស្ត្រ​ជាតិ​ជំងឺគ្រុនចាញ់​។​»

​របាយការណ៍​ក្រសួងសុខាភិបាល​ឲ្យ​ដឹង​ថា​ក្នុង​ឆ្នាំ​២០១៧​ប្រជាពលរដ្ឋ​កើត​ជំងឺ​គ្រុ​ញ​ចាញ់​សរុប​ជាង​៤​ម៉ឺន​៥​ពាន់​ករណី​និង​បណ្តាល​ឲ្យ​អ្នកជំងឺ​ស្លាប់​ម្នាក់​។​ប៉ុន្តែ​ចំនួន​អ្នកជំងឺ​កើនឡើង​៩៥​ភាគរយ​។​បើ​គិត​ចាប់ពី​ឆ្នាំ​២០១១​ដល់​ឆ្នាំ​២០១៦​អ្នក​កើត​ជំងឺគ្រុនចាញ់​ថយ​ចុះ​គួរ​ឲ្យ​កត់សម្គាល់​មាន​ជាង​១១​ម៉ឺន​ករណី​និង​បណ្តាល​ឲ្យ​អ្នកជំងឺ​គ្រុនចាញ់​ស្លាប់​៩៣​នាក់​។​

​បើ​តាម​របាយការណ៍​ក្រសួងសុខាភិបាល​ អ្នក​កើត​ជំងឺគ្រុនចាញ់​ភាគច្រើន​ជា​បុរស​ ដែល​រស់​តាម​តំបន់​ព្រៃ​ភ្នំ​ តាម​ព្រំដែន​និង​អ្នក​ឆ្លង​ដែន​ទៅ​ក្រៅប្រទេស​ដោយ​លួចលាក់​។​

​មួយវិញទៀត​ប្រសិទ្ធិ​ភាព​មុង​ជ្រលក់​ថ្នាំ​អស់​ប្រសិទ្ធិ​ភាព​និង​មុង​រហែក​បន្ទាប់​ពី​ប្រើប្រាស់​អស់​រយៈពេល​៣​ឆ្នាំ​ក៏​ជា​កត្តា​នាំ​ឲ្យ​កើត​ជំងឺគ្រុនចាញ់​។​ក្រសួង​រក​ឃើញ​ថា​កត្តា​ប្រជាជន​ចល័ត​និង​តាំង​លំនៅ​ដ្ឋា​ន​ថ្មី​ក្នុង​តំបន់​ទើប​អភិវឌ្ឍន៍​ប្រឈម​ឆ្លង​ជំងឺគ្រុនចាញ់​ខ្ពស់​។​

​អ្នកជំងឺ​គ្រុនចាញ់​មាន​អាការ​ក្តៅខ្លួន​ ញាក់​ញរ​ បែកញើស​និង​អស់កម្លាំង​ល្ហិតល្ហៃ​ដែល​អាការ​បែប​នេះ​នៅ​ថ្ងៃ​បន្ទាប់​តាម​ម៉ោង​ដដែល​និង​ពេល​ដដែល​។​

​លោក​វេជ្ជបណ្ឌិត​ ហ៊ុយ​ រ៉េ​កុ​ល​ អំពាវនាវ​ប្រជាពលរដ្ឋ​គួរ​កុំ​បណ្ដោយ​ឲ្យ​អ្នកជំងឺ​បង្ហាញ​រោគ​សញ្ញា​បែប​នេះ​ ទើប​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ លោក​ថា​ យក​ល្អ​ ត្រឹមតែ​មាន​អាការ​ក្ដៅខ្លួន​ ហើយ​ធ្លាប់​មាន​ប្រវត្ដិ​បាន​ចេញចូល​ក្នុង​ព្រៃ​ តំបន់​ដែល​ធ្លាប់​មាន​ជំងឺគ្រុនចាញ់​ ពលរដ្ឋ​គ្រប់​រូប​ត្រូវ​ប្រញាប់​នាំ​អ្នកជំងឺ​ទៅ​ពិគ្រោះ​ជាមួយ​ក្រុម​គ្រួ​ពេទ្យ​ឬ​អ្នក​ស្ម័គ្រចិត្ដ​ភូមិ​ឲ្យ​បាន​លឿន​បំផុត​។​

​ការ​ផ្ដល់​សេវា​ព្យាបាល​ជំងឺគ្រុនចាញ់​មាននៅ​គ្រប់​មណ្ឌល​សុខភាព​រដ្ឋ​ទាំងអស់​ គឺ​មិន​ត្រូវ​បាន​គិតថ្លៃ​នោះ​ទេ​។​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​ សង្កត់ធ្ងន់​ថា​ ប្រជាពលរដ្ឋ​មិន​ត្រូវ​ទៅ​ផ្សាំ​ថ្នាំ​ដើម្បី​ព្យាបាល​ជំងឺគ្រុនចាញ់​តាម​កន្លែង​លក់​ថ្នាំពេទ្យ​ឯកជន​នានា​នោះ​ទេ​ ព្រោះថ្នាំ​ព្យាបាល​ជំងឺគ្រុនចាញ់​នេះ​មាន​តែ​ក្នុង​មន្ទីរពេទ្យ​រដ្ឋ​។​

​អ្នក​កើត​ជំងឺគ្រុនចាញ់​បាន​ថយ​ចុះ​ជា​លំដាប់​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​។​កាលពី​ឆ្នាំ​២០០៦​ ប្រជាពលរដ្ឋ​ខ្មែរ​បាន​កើត​ជំងឺគ្រុនចាញ់​ប្រមាណ​១០​ម៉ឺន​ករណី​។​នៅ​ក្នុង​ឆ្នាំ​០០៧​ មាន​ប្រមាណ​ជិត​ ៦​ម៉ឺន​ករណី​ និង​នៅ​ក្នុង​ឆ្នាំ​២០០៨​ មាន​មនុស្ស​កើត​ជំងឺគ្រុនចាញ់​ជាង​ ៥​ម៉ឺន​ ៤​ពាន់​ករណី​។​ ដោយឡែក​នៅ​ក្នុង​ឆ្នាំ​ ២០១៥​ ចំនួន​អ្នក​កើត​ជំងឺគ្រុនចាញ់​ជាង​៥​ម៉ឺន​ករណី​៕​

Share

Image
Image
Image