en     km
en     km

​និស្សិត​ស្រី​ប្រាប់​ពី​បទ​ពិសោធន៍​ខ្លះៗ​ ដែល​អាច​ជាប់​អាហារូបករណ៍​សិក្សា​នៅ​ប្រទេស​បារាំង?​

Share

​ភ្នំពេញ៖ និស្សិត​ស្រី​មួយ​ចំនួន​ ដែល​បាន​សិក្សា​ជំនាញ​ផ្សេងៗ​គ្នា​ បាន​ចូលខ្លួន​មក​បង្ហាញ​ពី​បទ​ពិសោធន៍​ដែល​ខ្លួន​មាន​ មុន​ពេល​ជាប់​អាហារ​រូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​បារាំង​។​​និស្សិត​ស្រី​ទាំងនេះ​ បាន​ធ្វើ​បទ​បង្ហាញ​ដូចនេះ​ នៅ​ក្នុង​កម្មវិធី​ជួបជុំ​មួយ​ នៅ​វិទ្យាស្ថាន​ជាតិ​ភាសា​បារាំង​ នាទី​ក្រុងភ្នំពេញ​កាលពី​ថ្មីៗ​កន្លង​មកនេះ​។​

 លោក​ ហ្ស​ង់​ ក្លូ​ដ​ ពាំ​បឺ​ហ្វ​ ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា។
លោក​ ហ្ស​ង់​ ក្លូ​ដ​ ពាំ​បឺ​ហ្វ​ ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា។

ចង់​ដឹង​ថា​ និស្សិត​ស្រី​ទាំងនោះ​ពួក​គេ​ធ្វើ​យ៉ាងណា​ខ្លះ​ទើប​អាច​ជាប់​អាហារូបករណ៍​ ទៅ​សិក្សា​នៅ​ប្រទេស​បារាំង​ បាន​ដោយ​ជោគជ័យ​?​ ជា​បន្ដ​សូម​អញ្ជើញ​ស្ដាប់​បទ​យកការណ៍​ដែល​រៀបចំ​ឡើង​ដោយ​កញ្ញា​ ជុំ​ ជោគ​ជាតា​ ដូច​តទៅ​៖

 

​នៅ​ក្នុង​កម្មវិធី​អបអរសាទរ​និស្សិត​ជាប់​អាហារូបករណ៍​ ទៅ​សិក្សា​នៅ​ប្រទេស​បារាំង​ ឆ្នាំ​២០១៦​នេះ​ និស្សិត​កម្ពុជា​ចំនួន​៥១​រូប​បាន​ទៅ​សិក្សា​នៅ​ប្រទេស​បារាំង​ លើ​មុខ​វិជ្ជា​ សេដ្ឋកិច្ច​ នីតិសាស្ដ្រ​ វិទ្យាសាស្ដ្រ​វិស្វករ​ ចិត្ត​វិទ្យា​ និង​មុខ​វិជ្ជា​ ភាសា​បារាំង​។​

​ក្នុង​ចំនោម​អ្នក​ជាប់​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​បារាំង​ទាំងនោះ​ គេ​ឃើញ​មាន​វត្តមាន​និស្សិត​ស្រី​ជាប់​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​បារាំង​ជាមួយ​ចំនួន​ បាន​ចូលខ្លួន​មក​បង្ហាញ​ពី​បទ​ពិសោធន៍​របស់​ខ្លួន​ ដែល​បាន​ត្រៀម​ និង​ហាត់រៀន​ មុន​ពេល​ជាប់​អាហារ​រូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​បារាំង​។​

​កញ្ញា​ គី​ ម៉ី​លិញ​ និស្សិត​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ដ្រ​ និង​វិទ្យាសាស្ដ្រ​សេដ្ឋកិច្ច​  ជំនាញ​សេដ្ឋកិច្ច​គ្រប់គ្រង​ នាង​បាន​ចែករំលែក​បទ​ពិសោធន៍​ដែល​ខ្លួន​មាន​មួយ​ចំនួន​ថា​ ដើម្បី​ទទួល​បាន​អាហា​រូប​ ក​រណ៍សិក្សា​នៅ​ប្រទេស​បារាំង​  ទី​មួយ​ ត្រូវ​ចេះ​ភាសា​បារាំង​ ទី​ពីរ​ ត្រូវ​មាន​ចំណាត់ថ្នាក់​ល្អ​លើ​មុខ​វិជ្ជា​ដែល​ខ្លួន​រៀន​នៅ​ក្នុង​ថ្នាក់រៀន​។​

​កញ្ញា​ គី​ ម៉ី​លិញ​ ៖«​ចា៎​ គឺ​ ដំណាក់កាល​ទី​មួយ​ ខ្ញុំ​ត្រូវ​ខំប្រឹង​រៀនសូត្រ​ម៉េច​អោយ​បាន​ចំណាត់ថ្នាក់​ល្អ​នៅ​ក្នុង​ថា្ន​ក់​ ចឹ​ង​នៅ​ពេល​ដែល​អ្នក​ដែល​បាន​ចំណាត់ថ្នាក់​ល្អ​ នៅ​ក្នុង​ថ្នាក់​ហ្នឹងហើយ​ សាលា​គាត់​ពិនិត្យ​ ហើយ​គាត់​សួរ​ពី​ចំណង់​ចំនូលចិត្ត​ ថា​យើង​ចង់​រៀន​ផ្នែក​អី​គេ​ …»​។​

​កញ្ញា​វ័យ​ ២១​ឆ្នាំ​ រូប​នេះ​បាន​រម្លឹក​ដែរ​ថា​ បើ​ចង់​រៀន​ភាសា​បារាំង​ឆាប់​ចេះ​ គឺ​ទាល់តែ​ មាន​ក្ដី​សុ​បិ​ន្ដ​និង​មាន​ឆន្ទៈ​។​

​កញ្ញា​ គី​ ម៉ី​លិញ​ ៖«​និយាយ​ទៅ​ចង់​ដឹង​ពី​វប្បធម៌​នៃ​ប្រទេស​ផ្សេង​ ព្រោះ​នៅ​ពេល​ដែល​ទៅ​ប្រទេស​បារាំង​ចឹ​ង​ យើង​អាច​ឆ្លងកាត់​ប្រទេស​ច្រើន​ ព្រោះ​វា​ស្ថិត​ក្នុង​សហភាព​អឺរ៉ុប​ ដល់​ពេល​អាច​ដឹង​ពី​ប្រទេស​ច្រើន​ យើង​អាច​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍​ជាមួយ​ ប្រជាជន​ប្រទេស​ផ្សេងៗ​នៃ​ប្រទេស​ផ្សេងៗ​…»​។​

​ដៃ​កាន់​ទឹកក្រូច​ បណ្ដើរ​ជជែក​បណ្ដើរ​ជាមួយ​និង​មិត្តភក្ដិ​ កញ្ញា​ កាង​ សុធា​នី​ និស្សិត​ច្បាប់​ឆ្នាំ​ទី​៤​ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ដ្រ​ វិទ្យាសាស្ដ្រ​សេដ្ឋកិច្ច​ នាង​ក៏​បាន​លើក​ឡើង​ដែរ​ថា​ ការ​ត្រៀមខ្លួន​សុំ​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​បារាំង​គឺ​មាន​ច្រើន​ដំណាក់កាល​។​ កញ្ញា​ ថា​ដើម្បី​ទទួល​បាន​អាហារូបករណ៍​ ជាដំបូង​ត្រូវ​ជឿជាក់​លើ​សមត្ថភាព​របស់​ខ្លួន​ បន្ទាប់​មក​ក៏​ត្រូវ​ជ្រើសរើស​យក​កម្មវិធី​ណាមួយ​ដែល​ប្រទេស​បារាំង​បាន​ផ្ដល់​អោយ​នោះ​  រួច​ហើយ​ត្រៀមខ្លួន​ទៅ​លើ​លក្ខខណ្ឌ​ដែល​គេ​តម្រូវ​ ។​

​កញ្ញា​ កាង​ សុធា​នី​៖​ «​ដើម្បី​ទទួល​បាន​អាហារូបករណ៍​ហ្នឹង​ គឺ​ យើង​ត្រូវ​ឆ្លងកាត់​ច្រើន​ដំណាក់កាល​មែនទែន​  ដំបូង​គឺ​យើង​ត្រូវ​ជ្រើសរើស​យក​ Program​  រៀន​ផ្នែក​ច្បាប់​ដែល​សិក្សា​ជា​ភាសា​បារាំង​ គឺ​មាន​ន័យ​ថា​ យើង​ត្រូវ​ប្រឡង​ចូល​ Program​ ហ្នឹង​ អោយ​ជាប់​មុន​សិន​ ហើយ​បន្ទាប់​មក​ទៀត​ …»​។​

​កាង​ សុធា​នី​ ដែល​ត្រៀម​និង​ចេញ​ទៅ​សិក្សា​បន្ដ​ថ្នាក់​បរិ​ញ្ញ​ប​ត្រ​ជាន់ខ្ពស់​នៅ​ប្រទេស​បារាំង​ លើ​ នីតិ​ពា​ណី​ជ្ជ​កម្ម​ នៅ​ថ្ងៃ​ទី​៣១​ ខែសីហា​ ២០១៦​ខាង​មុខ​នេះ​ បាន​លើក​ឡើង​បន្ដ​ទៀត​ថា​ ជំហាន​ដំបូង​ដែល​អាច​ទៅ​សិក្សា​ នៅ​ប្រទេស​បារាំង​ ចំនុច​សំខាន់​ គឺ​ ភាសា​។

«​ចា៎​ សំខាន់​បំផុត​គឺ​ភាសា​បារាំង​តែ​ម្ដង​ ព្រោះថា​ក្នុង​កម្មវិធី​ភាសា​សិក្សា​គឺ​យើង​ត្រូវការ​ចាំបាច់​ គឺ​ ភាសា​បារាំង​ ព្រោះ​រាល់​មុខ​វិជ្ជា​ដែល​យើង​រៀន​គឺ​សុទ្ធតែ​ជា​ភាសា​បារាំង​ ហើយ​លោកគ្រូ​ដែល​ជា​សាស្ដ្រ​ចា​រ្យ​មក​បង្រៀន​ សុទ្ធតែ​ជា​សាស្ដ្រ​ចា​រ្យ​បារាំង​»​។​

​នៅ​ក្នុង​កម្មវិធី​នេះ​ដែរ​ អ្នកស្រី​  ប៊ុ​ន​ ពលីការ​ បានឱ្យ​ដឹង​ដែរ​ថា​ ដើម្បី​បាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​បារាំង​គឺ​គេ​ត្រូវ​អនុវត្ត​តាម​ផែនការ​ជា​ច្រើន​។

​អ្នកស្រី​  ប៊ុ​ន​ ពលីការ​ ៖​ «​ ដំបូង​ឡើង​យើង​ត្រូវ​ខំប្រឹង​រៀន​នៅ​សាលា​យើង​អោយ​ពូកែ​សិន​ ពីព្រោះ​ដើម្បី​បាន​អាហារូបករណ៍​គេ​ត្រូវ​ ធ្វើ​Shortlist​ ទី​ពីរ​ត្រូវ​ចេះ​និយាយ​ភាសា​បារាំង​ ទី​បី​ ក៏​ត្រូវ​មាន​ទំនាក់ទំនង​ជាមួយ​និង​សាលា​ដែល​ចង់ទៅ​ធ្វើការ​សិក្សា​ហ្នឹង​ …»​។​

​អ្នកស្រី​  ប៊ុ​ន​ ពលីការ​ ក៏​បាន​បញ្ជាក់​ដែរ​ថា​ ចំនុច​សំខាន់​មួយទៀត​ដែល​មិន​អាច​ភ្លេច​បាន​ គឺ​ ចាំបាច់​ត្រូវ​ ដឹង​ពី​ដំណឹង​ផ្សេងៗ​ ដែល​ទាក់ទង​ទៅ​នឹង​ព័ត៌មាន​ អាហារូបករណ៍​របស់​ប្រទេស​បារាំង​ ផង​ដែរ​។​

​អ្នកស្រី​  ប៊ុ​ន​ ពលីការ​ ៖«​ចា៎​ត្រូវ​ដឹង​ថា​ ពេល​ណា​គេ​មាន​ចេញ​អាហារូបករណ៍​ សំរាប់​អោយ​យើង​ទាក់ទង​គេ​បាន​ទាន់​ពេលវេលា​ បើសិនណា​ ជា​យើង​អត់​ដឹង​ថា​ តើ​ទៅ​រក​អាហារូបករណ៍​នៅ​ណា​ តើ​អាហារូបករណ៍​របស់​បារាំង​ពេល​ណា​គេ​ប្រកាស​មក​ យើង​អត់​ដឹង​ និង​ក៏​យើង​អត់​ទទួល​បាន​អាហារូបករណ៍​ដែរ​»​។​

​ជុំវិញ​វត្តមាន​របស់​និស្សិត​កម្ពុជា​ដែល​ទទួល​បាន​អាហារូបករណ៍​ ទៅ​សិក្សា​នៅ​ប្រទេស​បារាំង​នេះ​ដែរ​  លោក​ ហ្ស​ង់​ ក្លូ​ដ​ ពាំ​បឺ​ហ្វ​ ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា​ ថ្លែង​តាម​រយៈ​លោក​ ហង់​ ជួនណា​រ៉ុ​ន​ រដ្ឋមន្ដ្រីក្រសួង​អប់រំ​យុវជន​និង​កីឡា​ថា​ កន្លង​មកនេះ​ ស្ថានទូត​បារាំង​បាន​ផ្ដល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​ទៅ​បន្ដ​ការ​សិក្សា​ ខាង​ផ្នែក​ច្បាប់​ ផ្នែក​សេដ្ឋកិច្ច​ ក៏​ដូច​ជា​ផ្នែក​ពេទ្យ​។​ ប៉ុន្ដែ​ឥឡូវនេះ​ស្ថានទូត​បារាំង​ក៏​ចង់​ពង្រីក​មុខ​ជំនាញ​ទាំងនេះ​ ដោយ​បន្ថែម​អាហារូបករណ៍​ឲ្យ​បាន​ច្រើន​ទៅ​លើ​មុខ​វិជ្ជា​ វិទ្យាសាស្ដ្រ​វិស្វករ​ ផង​ដែរ​។​

​លោក​ ហ្ស​ង់​ ក្លូ​ដ​ ពាំ​បឺ​ហ្វ​ ថ្លែង​បញ្ជាក់​ថា​ ៖​ «​ក៏​ប៉ុន្ដែ​ គឺថា​ដើម្បី​អាច​ជ្រើសរើស​យក​បាន​ គឺ​សំខាន់​ គឺថា​ពិន្ទុ​ដែល​និស្សិត​ដែល​ត្រូវ​ទទួល​បាន​ គឺ​សំខាន់​ បាន​ន័យ​ថា​ បាន​ទៅ​សិក្សា​នៅ​ប្រទេស​បារាំង​នៅ​សាលា​ល្អៗ​ ទាល់តែ​មាន​ពិន្ទុ​ខ្ពស់​»​។​

​បើ​តាម​ លោក​ ហ្ស​ង់​ ក្លូ​ដ​ ពាំ​បឺ​ហ្វ​ ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា​ គឺ​អាហារូបករណ៍​ដែល​បាន​ផ្ដល់​នេះ​ គឺ​លោក​មិន​ទាន់​បាន​បញ្ជាក់​ថា​ នឹង​ជ្រើសរើស​ប៉ុន្មាន​លើ​មុខ​វិជ្ជា​វិទ្យាសាស្ដ្រ​វិស្វករ​នោះ​ទេ​ គ្រាន់តែ​ថ្ងៃ​ខាង​មុខ​ស្ថានទូត​បារាំង​និង​ជំរុញ​លើ​មុខ​វិជ្ជា​មួយ​នេះ​ ឱ្យ​មានការ​កើនឡើង​។​

​ជា​រៀង​រាល់​ឆ្នាំ​ ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា​តែងតែ​ផ្ដល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​ ដែល​មាន​បំណង​ចង់ទៅ​បន្ដ​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ ឬ​ថ្នាក់អនុបណ្ឌិត​នៅ​ប្រទេស​បារាំង​។​ សម្រាប់​ឆ្នាំ​នេះ​ និស្សិត​កម្ពុជា​៥១​រូប​ គឺ​ភាគច្រើន​សិក្សា​ថ្នាក់​ភាសា​បារាំង​នៅ​តាម​សាកលវិទ្យាល័យ​ ដែល​ទ្រទ្រង់​ដោយ​វិទ្យាស្ថាន​សហប្រតិបត្តិការ​បារាំង​ និង​ភ្នាក់ងារ​ ជ្រើសរើស​និស្សិត​ទៅ​សិក្សា​នៅ​ប្រទេស​បារាំង​។​

​ក្រៅពី​នេះ​ ស្ថានទូត​បារាំង​ក៏​គាំទ្រ​ផង​ដែរ​ដល់​កម្មវិធី​ផ្ដល់​អាហារូបករណ៍​ផ្សេង​ទៀត​ ដូច​ជា​ អាហារូបករណ៍​របស់​ទីភ្នាក់ងារ​សាកលវិទ្យាល័យ​ដែល​ប្រើប្រាស់​ភាសា​បារាំង​ (AUF)​ ឬ​របស់​ សហភាព​អ៊ឺ​រ៉ុ​ប​ កម្មវិធី​អាហារូបករណ៍​ Erasmus+​ ។​

​កាលពី​ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ស្ថានទូត​បារាំង​ និង​វិទ្យាស្ថាន​បារាំង​នៅ​កម្ពុជា​ បាន​ដាក់​អោយ​ដំណើរការ​ ប្រកបដោយ​ជោគជ័យ​នូវ​បណ្ដាញ​អតីត​និស្សិត​កម្ពុជា​ មក​ពី​ប្រទេស​បារាំង​ ដែល​បាន​ប្រមូលផ្ដុំ​អតីត​និស្សិត​កម្ពុជា​៥០០​នាក់​ ដែល​បាន​ទៅ​សិក្សា​នៅ​សាកលវិទ្យាល័យ​បារាំង​ លើ​មុខ​ជំនាញ​ដូច​ជា​ នីតិសាស្ដ្រ​ វិទ្យាសាស្ដ្រ​វិស្វករ​ វេជ្ជសាស្ដ្រ​ សេដ្ឋកិច្ច​ ស្ថាបត្យកម្ម​ ទេសចរណ៍​។​

​ជា​រៀង​រាល់​ឆ្នាំ​ ប្រទេស​បារាំង​ទទួល​និស្សិត​កម្ពុជា​ជាង​៦៦​នាក់​អោយទៅ​សិក្សា​ ដែល​ធ្វើ​អោយ​ប្រទេស​បារាំង​ក្លាយជា​ប្រទេស​ទិស​ដៅ​ទី​បី​ ដែល​និស្សិត​កម្ពុជា​ចូល​ចិត្ត​ទៅ​សិក្សា​។​  

​នៅ​លើ​ពិភពលោក​ ប្រទេស​បារាំង​ជា​ប្រទេស​ទិស​ដៅ​ទី​៤​ ដែល​និស្សិត​បរទេស​ចូល​ចិត្ត​ទៅ​សិក្សា​បំផុត​ ដោយ​ទទួល​និស្សិត​៣​សែន​នាក់​ អោយទៅ​សិក្សា​ជា​រៀង​រាល់​ឆ្នាំ​៕​

Share

Image
Image
Image