en     km
en     km

​តើ​ផែនទី​តម្កល់​នៅ​អង្គការសហប្រជាជាតិ​ឆ្នាំ​១៩៥៤​ ដែល​លោក​អ៊ំ​ សំ​អាន​ បាន​អះអាង​ថា​ បាន​រក​ឃើញ​នោះ​ស្រប​តាម​រដ្ឋធម្មនុញ្ញ​ឬទេ​?​

Share

​បញ្ហា​ផែនទី​ និង​ព្រំដែន​កម្ពុជា​ វៀតណាម​ បាន​ស្ងប់ស្ងាត់​មួយ​រយៈ​ ក្រោយ​ពេល​មានការ​ផ្ទៀងផ្ទាត់​ផែនទី​របស់​រដ្ឋាភិបាល​កម្ពុជា​ ជាមួយ​ផែនទី​ខ្ចី​មក​ពី​អង្គការសហប្រជាជាតិ​ និង​ផែនទី​ខ្ចី​មក​ពី​ប្រទេស​បារាំង​ និង​ក្រោយ​ពេល​មានការ​ចាប់ខ្លួន​សមាជិក​ព្រឹទ្ធសភា​បក្ស​ប្រឆាំង​ ពាក់ព័ន្ធ​នឹង​ការ​បកស្រាយ​រឿង​សន្ធិសញ្ញា​ទាក់ទង​នឹង​ព្រំដែន​នេះ​ផង​ដែរ​។​ ថ្មីៗ​នេះ​ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​រូបគឺលោកអ៊ំ សំអាន ​ បាន​អះអាង​ថា​ ខ្លួន​បាន​រក​ឃើញ​ផែនទី​បោ​ន​ខ្នាត​១/១០០​ពាន់​ ដែល​កម្ពុជា​បាន​តម្កល់​នៅ​អង្គការសហប្រជាជាតិ​នា​ឆ្នាំ​១៩៥៤​។​

Um Saman-cover
លោកអ៊ំ សំអាន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​

​តើ​ផែនទី​តម្កល់​នៅ​អង្គការសហប្រជាជាតិ​ឆ្នាំ​១៩៥៤​ នោះ​ស្រប​តាម​រដ្ឋធម្មនុញ្ញ​ឬទេ​?​ ហើយ​អាច​ប្រើប្រាស់​បាន​ឬទេ​?

​លោក​អ៊ំ​ សំ​អាន​ បាន​ផ្ដល់​បទ​សម្ភាស​ជាមួយ​វិទ្យុ​អាស៊ី​សេរី​ នា​រាត្រី​ថ្ងៃ​ទី​៧​ ខែតុលា​ថា​ លោក​បាន​រក​ឃើញ​ផែនទី​បោ​ន​ ខ្នាត​ ១/១០០.០០០​ នៅ​បណ្ណាល័យ​នៃ​អង្គការសហប្រជាជាតិ​ (​អ​.​ស​.​ប​)​ នៅ​ក្រុង​ញូ​វ​យ៉​ក​ ដែល​បាន​តម្កល់​ ឆ្នាំ​១៩៥៤​ ក្រោយ​សន្និសីទ​ក្រុង​ហ្សឺ​ណែវ​ ២​ ខែ​។​ លោក​ថា​ ផែនទី​នោះ​ ជា​ផែនទី​ ដែល​មាន​ចែង​ក្នុង​ មាត្រា​ ២​ នៃ​ច្បាប់រដ្ឋធម្មនុញ្ញ​កម្ពុជា​ ។​

​លោក​អ៊ំ​ សំ​អាន​ បញ្ជាក់​ថា​ ប្រតិភូ​រដ្ឋាភិបាល​ មិន​ទទួលយក​ផែនទី​ ឆ្នាំ​១៩៥៤​ នោះ​ទេ​ កាលពីមុន​ផ្ទៀងផ្ទាត់​ផែនទី​ ខែសីហា​ ២០១៥​ ដោយ​ប្រតិភូ​រដ្ឋាភិបាល​ តម្រូវ​យក​ផែនទី​ អា​មេ​រិ​ក​កាំ​ង​ UTM​ ១៨​ ផ្ទាំង​នោះ​ទៅ​វិញ​ ដើម្បី​ឲ្យ​ស្រប​នឹង​ផែនទី​ បោះបង្គោល​ព្រំដែន​ បច្ចុប្បន្ន​។​

​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា​ លោក​វ៉ា​ គឹ​ម​ហុង​ មាន​ប្រសាសន៍​ជាមួយ​វិទ្យុ​ស្ត្រី​ អេ​ហ្វ​អឹ​ម​ ១០២​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី​៨​ ខែតុលា​ ថា​លោក​សូម​មិន​ឆ្លើយឆ្លង​ជាមួយ​លោក​អ៊ំ​ សំ​អាន​ នោះ​ទេ​ ។​ លោក​វ៉ា​ គឹ​ម​ហុង​ បញ្ជាក់​ថា​ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ លោក​បាន​ គី​មូ​ន​ បាន​អនុញ្ញាត​ឲ្យ​កម្ពុជា​ខ្ចី​ផែនទី​ គឺ​ស្រប​តាម​សំណើ​របស់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ ដែល​បាន​ស្នើ​សុំ​ផែនទី​ ដែល​កម្ពុជា​ដាក់​តម្កល់​នៅ​អង្គការសហប្រជាជាតិ​នា​ឆ្នាំ​១៩៦៤​ មិនមែន​ផែនទី​តម្កល់​នៅ​ឆ្នាំ​១៩៥៤​ នោះ​ទេ​។​
Um Saman-01

​លោក​វ៉ា​ គឹ​ម​ហុង​បន្ត​ថា​ ផែនទី​តម្កល់​នៅ​អង្គការសហប្រជាជាតិ​ឆ្នាំ​១៩៥៤​ មិន​ពាក់ព័ន្ធ​នឹង​ការ​ធានា​បូរណភាព​ទឹកដី​នោះ​ទេ​ ប៉ុន្តែ​ជា​សន្និសីទ​បញ្ឈប់​សង្គ្រាម​នៅ​ឥណ្ឌូចិន​ រវាង​បារាំង​ និង​វៀត​មិ​ញ​។​

​សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​ និង​ជា​អ្នក​ស្រាវជ្រាវ​នយោបាយ​ លោក​សាស្ត្រាចារ្យ​ឯម​ សុ​វ​ណ្ណា​រ៉ា​ មាន​ប្រសាសន៍​ថា​ មាត្រា​២​ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា​ចែង​ថា​ ផែនទី​តម្កល់​នៅ​អង្គការសហប្រជាជាតិ​នា​ឆ្នាំ​១៩៦៤​ ។​ លោក​ថា​ បើ​ផែនទី​ឆ្នាំ​១៩៥៤​ នោះ​វា​ខុស​ពី​រដ្ឋធម្មនុញ្ញ​ ដែល​កត្តា​នេះ​ តម្រូវ​ឲ្យ​អ្នកនយោបាយ​ខ្មែរ​រក​ការ​ឯកភាព​គ្នា​ ដើម្បី​ការពារ​ផលប្រយោជន៍​ជាតិ​។​

​លោក​សាស្ត្រាចារ្យ​ ឯម​ សុ​វ​ណ្ណា​រ៉ា​ មាន​ប្រសាសន៍​បន្ថែម​ថា​ ផែនទី​តម្កល់​នៅ​អង្គការសហប្រជាជាតិ​សុទ្ធតែ​មាន​តម្លៃ​ទាំងអស់​ ឲ្យ​តែ​ការ​ដាក់​តម្កល់​នោះ​ត្រឹមត្រូវ​តាម​ច្បាប់​ ។​ លោក​ថា​ បើ​ផែនទី​តម្កល់​នៅ​អង្គការសហប្រជាជាតិ​ឆ្នាំ​១៩៥៤​ នោះ​ការពារ​ផលប្រយោជន៍​ជាតិ​បាន​ នោះ​អ្នកនយោបាយ​នៃ​គណបក្ស​ទាំង​ពីរ​ ត្រូវ​តែ​ពិនិត្យ​មើល​រដ្ឋធម្មនុញ្ញ​ខ្លួន​ឡើង​វិញ​ ។​

​សូម​ជម្រាប​ថា​ ក្រោយ​ពី​បាន​ផ្ទៀងផ្ទាត់​ផែនទី​របស់​រដ្ឋាភិបាល​កម្ពុជា​ ជាមួយ​ផែនទី​មក​ពី​អង្គការសហប្រជាជាតិ​ និង​ផែនទី​ខ្ចី​មក​ពី​ប្រទេស​បារាំង​រួច​ហើយ​ រដ្ឋាភិបាល​កម្ពុជា​ប្រកាស​ថា​ នឹង​មិន​មានការ​ផ្ទៀងផ្ទាត់​ផែនទី​ទៀត​ទេ​ ហើយ​អំពាវនាវ​ឲ្យ​បញ្ឈប់​ការ​ចោទប្រកាន់​ថា​ រដ្ឋាភិបាល​ប្រើប្រាស់​ផែនទី​ក្លែងក្លាយ​ ឬ​ផែនទី​ចោរ​បន្ត​ទៀត​ មិន​ដូច្នោះ​នឹង​មានការ​ផ្តន្ទាទោស​ដោយ​គ្មាន​ការ​លើកលែង​៕

Share

Image
Image
Image