en     km
en     km

​ជំនឿ​ថា​សត្វព្រៃ​ជា​ប្រភព​ឱសថ​ «​ជា​ការ​យល់​ខុស​»

Share

ភ្នំពេញ​៖​ ដោយសារ​ជំនឿ​អំពី​ឱសថ​ដែល​ផ្សំ​ដោយ​សត្វព្រៃ​ បាន​ជំរុញ​ឲ្យ​មានការ​ប្រមាញ់​សត្វព្រៃ​ដែល​កំពុង​ស្ថិត​ទទួល​រង​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​ និង​ឈាន​ទៅ​រក​ការ​វិនាស​ផុត​ពូជ​។​ ប៉ុន្តែ​ក្រុម​អ្នក​អភិរក្ស​និយាយ​ថា​ ជំនឿ​របស់​ប្រជាពលរដ្ឋ​នេះ​មិន​សម​ស្រប​នោះ​ទេ​។​ដោយឡែក​ក្រសួងបរិស្ថាន​ព្រមាន​ថា​ អ្នក​បរបាញ់​ និង​អ្នក​ជួញដូរ​ ប្រភេទ​សត្វព្រៃ​កម្រ​ នឹង​ត្រូវ​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​។​

សូម​អញ្ជើញ​ស្តាប់​បទ​យកការណ៍​វគ្គ​ទី​២​ របស់​លោក​ លៀ​ ស៊ី​ណា​ ដែល​ជា​ភាគ​បញ្ចប់​ដូច​តទៅ​៖

 

​ក្រុម​អ្នក​អភិរក្ស​បរិ​ដ្ឋា​ន​បាន​អះអាង​ថា​ ជំនឿ​ដែល​ថា​សត្វព្រៃ​គឺជា​ប្រភព​ឱសថ​បុរាណ​ដ៏​សក្តិ​សិទ្ធ​នោះ​ គឺជា​ការ​យល់​ខុស​ «​ទាំងស្រុង​»​ និង​ជា​ជំនឿ​ដែល​នាំ​ឲ្យ​មានការ​បំផ្លិចបំផ្លាញ​ធនធាន​សត្វព្រៃ​ឲ្យ​វិនាស​ផុត​ពូជ​។​

​លោក​ ឈិ​ត​ សំអាត​ ប្រធាន​អង្គការ​មូលនិធិ​សកល​ សម្រាប់​ការពារ​ធនធានធម្មជាតិ​ WWF​ បាន​ផ្ដល់​បទ​សម្ភាសន៍​ឲ្យ​វិទ្យុ​ស្ដ្រី​កាលពី​ពេល​កន្លង​ទៅ​នេះ​ថា​ សត្វព្រៃ​នៅ​កម្ពុជា​កំពុង​តែ​រង​នូវ​ការ​វិនាស​បាត់បង់​ ព្រោះតែ​ពលរដ្ឋ​យល់​ខុស​ពី​យក​សត្វ​ទាំងនោះ​ ថា​ជា​ថ្នាំ​ព្យាបាល​រោគ​ច្រើន​ប្រភេទ​នោះ​។​ «​នេះ​ជា​ជំនឿ​តៗ​គ្នា​មក​ តាម​ពិត​ទៅ​វា​ជា​ជំនឿ​ទេ​ វា​អត់​មាន​ទាន់​វិ​ជ្ជ​សាស្ដ្រ​បញ្ជាក់​ថា​ អាហ្នឹង​វា​ធ្វើ​ថ្នាំ​អី​ទេ​ ឧទាហរណ៍​ដូច​ជា​ពង្រូល​អី​ ដែល​យក​ទៅ​ធ្វើ​ថ្នាំ​អី​អ​ញ្ចឹ​ង​ ហើយ​មនុស្ស​ចេះ​តែ​ជឿ​តៗ​គ្នា​ ប៉ុន្ដែ​ទាក់ទង​នឹង​ពង្រូល​តាម​ខ្ញុំ​ដឹង​ វៀតណាម​បាន​សិក្សា​ស្រាវជ្រាវ​ទៅ​ឃើញ​ថា​ វា​មិនមែន​ជា​ថ្នាំ​អី​ទេ​ នេះ​គ្រាន់តែ​ជា​ជំនឿ​អ​រូបិយ​ជឿ​ តៗ​ គ្នា​ប៉ុណ្ណោះ​»​។​

​លោក​ឈិ​ត​ សំអាត​ បាន​បញ្ជាក់​ថា​ ប្រទេស​វៀតណាម​បាន​ពិសោធន៍​លើ​ប្រសិទ្ធភាព​នៃ​ សត្វ​ពង្រូល​ហើយ​បាន​រក​ឃើញ​ថា​សត្វ​នេះ​មិន​មាន​អត្ថប្រយោជន៍​ផ្នែក​ឱសថ​ដូចដែល​ពលរដ្ឋ​ខ្មែរ​និយាយ​តៗ​គ្នា​នោះ​ទេ​។​ ផ្ទុយ​ទៅ​វិញ​សត្វព្រៃ​តែងតែមាន​ជំងឺ​ជាប់​ខ្លួន​ហើយ​វា​អាច​ជា​ហានិភ័យ​សម្រាប់​សុខភាព​មនុស្ស​។​ «​សត្វព្រៃ​វា​មាន​ជំងឺ​ ព្រោះ​វា​មិន​បាន​ចាក់​ថ្នាំ​ដូច​សត្វ​ក្នុងស្រុក​ទេ​ អ​ញ្ចឹ​ង​កាលណា​យើង​ញាំ​ទៅ​វា​នឹង​បង្ក​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​យើង​កុំ​ជឿ​ ហើយ​ករណី​ថ្នាំ​ក៏​មិន​ទាន់​មាន​វិ​ជ្ជ​សាស្ដ្រ​បញ្ជាក់​ឲ្យ​ច្បាស់លាស់​ដែរ​ ដូច្នេះ​កុំទៅ​ជឿ​ពេក​»​។​

​ជាមួយ​គ្នា​នេះ​លោក​ ឈិ​ត​ សំអាត​ បាន​អំពាវនាវ​ដល់​ពលរដ្ឋ​កម្ពុជា​ឲ្យ​ចូលរួម​អភិរក្ស​សត្វព្រៃ​និង​ឈប់​ប្រើប្រាស់​ឈើប្រណិត​ដើម្បី​ស្ថិរភាព​សត្វព្រៃ​ទៅ​អនាគត​ និង​ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​ការពារ​ប្រ​ព​ន្ធ័​បរិស្ថាន​ធម្មជាតិ​សម្រាប់​ជា​ជម្រក​ដល់​សត្វព្រៃ​។​

​ជា​យូរយា​ណាស់​មក​ហើយ​ ពលរដ្ឋ​កម្ពុជា​ក៏​ដូច​ជា​ពលរដ្ឋ​នៅ​ក្នុង​តំបន់​អាស៊ី​ជា​ច្រើន​ទៀត​ តែងតែ​ជឿ​ថា​ក្រពះ​សត្វព្រៃ​ ឆ្អឹង​ ស្នែង​ ឬ​ផ្នែក​ផ្សេង​ទៀត​នៃ​សត្វព្រៃ​ ជា​ឱសថ​ដ៏​ពូកែ​។​ នៅ​ក្នុង​ទីផ្សារ​ងងឹត​ក្នុង​ប្រទេស​កម្ពុជា​សត្វ​កម្រ​មួយ​ចំនួន​កំពុង​ចរាចរ​ជា​លក្ខណៈ​បណ្តាញ​។​ សត្វ​ទាំងនោះ​មាន​ដូច​ជា​សត្វ​ពង្រូល​ អា​ញី​ សត្វតេះ​ គោព្រៃ​ ខ្ទីង​ និង​សត្វ​អណ្តើក​ជាដើម​។​ សត្វ​ភាគច្រើន​ត្រូវ​គេ​សម្លាប់​រួច​ជា​ស្រេច​ទើប​យក​មក​លក់​ ប៉ុន្តែ​សត្វ​មួយ​ចំនួន​តូច​ត្រូវ​គេ​ដាក់​លក់​ទាំង​រស់​ដោយ​លួចលាក់​និង​ដោយ​រក្សា​ការ​សម្ងាត់​បំផុត​។​ ស្ត្រី​ជា​ឈ្មួញ​ម្នាក់​បាន​ប្រកប​មុខរបរ​នេះ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។​ អ្នកស្រី​ក៏​ជា​អ្នក​ដែល​អះអាង​ថា​មាន​ជំងឺ​និង​ទទួល​បានការ​ព្យាបាល​តាម​រយៈ​ការ​បរិភោគ​សត្វ​ពង្រូល​។​ អ្នកស្រី​បាន​អះអាង​ពី​ប្រសិទ្ធភាព​នៃ​សត្វព្រៃ​ជា​ឱសថ​មួយ​ចំនួន​។​

​លោក​ អេ​ង​ ម៉េ​ង​អ៊ី​ មន្ដ្រី​ទំនាក់ទំនង​នៃ​អង្គការ​សមា​គ​អភិរក្ស​សត្វព្រៃ​ WCS​ មាន​ប្រសាសន៍​ថា​ ការ​លើក​ឡើង​របស់​ឈ្មួញ​សត្វព្រៃ​ខាងលើ​គ្រាន់តែ​ជា​ជំនឿ​ត​គ្នា​របស់​ប្រជាពលរដ្ឋ​ខ្មែរ​តែ​ប៉ុណ្ណោះ​។​ លោក​ម៉េ​ង​អ៊ី​ បាន​បកស្រាយ​ស្របគ្នា​ទៅ​នឹង​ការ​បកស្រាយ​របស់​លោក​ ឈិ​ត​ សំអាត​ ប្រធាន​អង្គការ​មូលនិធិ​សកល​ សម្រាប់​ការពារ​ធនធានធម្មជាតិ​ WWF​ ដែរ​។​ «​កន្លង​មក​ដូច​យើង​បានលឺ​ហើយ​ ដូច​ជា​ប្រភេទ​សត្វតេះ​ ដែល​អ្នកខ្លះ​គេ​ថា​ ហូប​ឈាម​វា​ទៅ​ព្យាបាល​ជំងឺ​នេះ​ យក​ឆ្អឹង​វា​មក​ត្រាំ​ស្រា​ទៅ​ព្យាបាល​ជំងឺ​នោះ​ តាម​ពិត​ទៅ​វា​គឺជា​ជំនឿ​ខុស​ ដោយសារ​គាត់​យល់​ថា​ សត្វតេះ​វា​រស់​តាម​តំបន់​លើ​ភ្នំ​ ហើយ​ពេល​ណា​វា​មាន​ជំងឺ​អី​ គេ​និយាយ​ត​គ្នា​ថា​ កាលណា​វា​លិឍ​ជើង​វា​ទៅ​ វា​ព្យាបាល​ជា​ អី​អ​ញ្ចឹ​ង​ តាម​ពិត​វា​ជា​ជំនឿ​ខុស​ ហើយ​ជំរុញ​ឲ្យ​គាត់​ហូប​អ​ញ្ចឹ​ងៗ​»​។​

​ព្រោះតែ​ជំនឿ​ខុស​នេះ​ បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​មួយ​ចំនួន​នៅ​តែ​ឈ្លៀត​លួច​បរបាញ់​សត្វព្រៃ​ដោយ​ខុសច្បាប់​។​ សត្វព្រៃ​ជា​ច្រើន​ប្រភេទ​ដែល​កំពុង​ទទួល​រង​ការ​គំរាមកំហែង​ពី​ការ​លួច​បរបាញ់​រួម​មាន​ សត្វ​ឈ្លូស​ ប្រើស​ រមាំង​ ទន្សោង​ និង​សត្វ​ខ្ទីង​ សម្រាប់​យក​សាច់​និង​ស្នែង​។​

​លោក​ អេ​ង​ ម៉េ​ង​អ៊ី​ បាន​សង្កត់ធ្ងន់​ថា​ ប្រភេទ​សត្វព្រៃ​ ទាំងអស់​ខាងលើ​នេះ​ គឺ​ពោ​ពេញ​ទៅ​ដោយ​ជំងឺ​ ហើយ​ការ​យក​សត្វ​ទៅ​បរិភោគ​ ឬ​ក៏​ប្រើ​ជា​ឱសថ​ វា​មិន​បាន​ជួយ​ឲ្យ​ជំងឺ​បានជា​សះស្បើយ​ឡើយ​ ហើយ​មិនតែប៉ុណ្ណោះ​វា​បែរជា​បង្កើន​ជំងឺ​ក្នុង​ខ្លួន​ និង​បង្ក​ឲ្យ​បាត់បង់​សត្វព្រៃ​ទៅ​វិញ​។​ «​តាម​អ្វី​យើង​ស្រាវជ្រាវ​ ក៏​ដូច​ជា​អ្វី​ដែល​យើង​សិក្សា​កន្លង​មក​វា​ជា​ជំនឿ​ខុស​ ព្រោះថា​ សត្វ​មួយ​ចំនួន​វា​ផ្ទុក​ទៅ​ដោយ​ជំងឺ​ ហើយ​កាលណា​គាត់​យក​ទៅ​ហូប​ហ្នឹង​វា​មិន​បង្កើន​សុខភាព​ វា​បែរជា​បង្កើន​ជំងឺ​ទៅ​វិញ​ ហើយ​ការ​យល់​ខុស​ វា​មិន​ថែម​ទាំង​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​គាត់​ ហើយ​ធ្វើ​ឲ្យ​បាត់បង់​សត្វព្រៃ​ថែម​ទៀត​»​។​

​សត្វព្រៃ​បើ​ទោះជា​មានច្បាប់​ការពារ​ និង​ក្រុម​អភិរក្ស​ យ៉ាងណា​ក៏​ដោយ​ប៉ុន្ដែ​ពួក​វា​ នៅ​តែ​ងាយ​និង​ទទួល​គ្រោះថ្នាក់​ ពីព្រោះ​ទីជម្រក​សម្រាប់​លាក់ខ្លួន​មួយ​ភាគ​ធំ​ ត្រូវ​បាន​លួច​កាប់​បំផ្លាញ​។​ លោក​ អេ​ង​ ម៉េ​ង​អ៊ី​ យល់​ថា​ ការ​កាប់​បំផ្លាញ​ព្រៃឈើ​ក៏​ជា​ផ្នែក​មួយ​ដែល​ជួយ​ព​ន្លឿ​ន​ការ​សម្លាប់​សត្វព្រៃ​ពី​អ្នក​លួច​បរបាញ់​ដែរ​ ព្រោះ​បើ​គ្មាន​កន្លែង​លាក់ខ្លួន​សត្វព្រៃ​ងាយ​នឹង​ត្រូវ​គេ​រក​ឃើញ​ណាស់​ដោយសារ​ពួក​វា​ត្រូវការ​ប​ម្លា​ស់​ទី​។​ មន្ដ្រី​នៃ​អង្គការ​សមា​គ​អភិរក្ស​សត្វព្រៃ​ WCS​ និយាយ​ថា​ ដើម្បី​រក្សា​សត្វព្រៃ​ឲ្យ​នៅ​គង់វង្ស​បាន​លុះណាតែ​មានការ​ចូលរួម​ពី​ពលរដ្ឋ​ដោយ​ឈប់​បរិភោគ​សាច់​ និង​ បញ្ឈប់​ការ​ទិញ​ឬ​ជួញ​សត្វព្រៃ​។​

​កាលពី​ថ្ងៃ​ទី​១២​ ខែមិថុនា​ ឆ្នាំ​២០១៧​ បុរស​អ្នកចំការ​ពីរ​នាក់​ ដែល​រស់នៅ​ក្នុងស្រុក​កែវ​សីមា​ ត្រូវ​បាន​ចាប់​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ ខេត្តមណ្ឌលគិរី​ ក្រោម​បទ​សង្ស័យ​ថា​ បាន​សម្លាប់សត្វ​ស្វា​កន្ទុយ​ស​ ចំនួន​ពីរ​ក្បាល​ ក្នុង​តំបន់​អភិរក្ស​សត្វព្រៃ​ ជម្រក​ដែន​សីមា​ ដើម្បី​យក​ក្រពះ​ធ្វើ​ជា​ឱសថ​បុរាណ​។​

​លោក​ ជា​ សំអាង​ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ការពារ​ និង​អភិរក្ស​ធម្មជាតិ​ នៃ​ក្រសួងបរិស្ថាន​ មាន​ប្រសាសន៍​ថា​ ប្រជាពលរដ្ឋ​កម្ពុជា​គួរតែ​បោះបង់​ជំនឿ​លើ​ការ​បរិភោគ​សាច់សត្វ​ព្រៃ​ដើម្បី​ព្យាបាល​រោគ​ដោយហេតុ​ថា​ជំនឿ​នេះ​មិន​មាន​លក្ខណ​វិទ្យាសាស្ត្រ​។​ «​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​ គេ​ល្បី​រឿង​ពពែ​ភ្នំ​ (​សត្វតេះ​)​ ហើយ​បាន​នាំ​គ្នា​ទៅ​បរបាញ់​ ទៅ​ចាប់​មក​ ប៉ុន្ដែ​ក្រោយ​ពី​ការ​ប្រើ​ទៅ​គ្មាន​ប្រសិទ្ធភាព​អី​ច្បាស់លាស់​ ក៏​បាត់​ទៅ​វិញ​ទៅ​ ព្រោះ​វា​គ្រាន់​ជា​ជំនឿ​ជឿ​តៗ​គ្នា​ ប៉ុន្ដែ​អត់​មានអី​ជា​លក្ខណ​ជា​វិជ្ជា​សាស្ដ្រ​។​ទាក់ទង​ការ​យក​សត្វព្រៃ​ធ្វើ​ជា​ឱសថ​បុរាណ​នេះ​ សុំ​ឲ្យ​គាត់​គិតគូ​ចូលរួម​ការពារ​អភិរក្ស​សត្វ​ទាំងអស់​ហ្នឹង​ផង​ ព្រោះ​ឥឡូវនេះ​សត្វ​មួយ​ចំនួន​បាន​ធ្លាក់​ចូល​ក្នុង​ប្រភេទ​សត្វ​កម្រ​ជិត​ផុត​ពូជ​ ហើយ​បើ​អ​ញ្ចឹ​ង​ទេ​ បើសិន​ស្ថិត​ក្នុង​ប្រភេទ​សត្វ​ហ្នឹង​សុំ​ឲ្យ​កាត់​បន្ថយ​ ហើយ​សុំ​មក​ពិនិត្យ​ឱសថ​វិ​ជ្ជ​សាស្ដ្រ​វិញ​ អ​ញ្ចឹ​ង​កិច្ចការ​នេះ​សុំ​ឲ្យ​ចូលរួម​ទាំងអស់​គ្នា​»​។​

​ច្បាប់​ស្ដី​ពី​ព្រៃឈើ​ឆ្នាំ​២០០២​ មាត្រា​៤៩​ បាន​ចែង​ថា​ ហាមឃាត់​ដាច់ខាត​រាល់​សកម្មភាព​បរបាញ់​ យាយី​បំផ្លាញ​សត្វព្រៃ​គ្រប់​ប្រភេទ​ ជា​ពិសេស​ការ​ដឹក​ជញ្ជូន​ ការ​ធ្វើ​ពាណិជ្ជកម្ម​ និង​ការ​នាំ​ចេញ​នាំ​ចូល​។​ យោង​លើ​ច្បាប់​តំបន់​ការពារ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ការ​បរបាញ់​សត្វព្រៃ​ ប្រភេទ​រង​គ្រោះ​ជិត​ផុត​ពូជ​ អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ ចាប់ពី​ ១​ -​ ៥​ឆ្នាំ​ និង​អាច​រង​ការ​ពិន័យ​អន្តរ​ការ​ ជា​ទឹកប្រាក់​ពី​ ១៥​ទៅ​ ១០០​លាន​រៀល​ ឬ​ស្មើនឹង​ ៣,៧៥០​ដុល្លារ​ ដល់​ ២,៥០០០​ ដុល្លារ​អា​មេ​រិ​ក​។​

​ប្រទេស​កម្ពុជា​មាន​តំបន់​ព្រៃ​អភិរក្ស​ចំនួន​៤៦​ និង​តំបន់​អភិរក្ស​ជីវចម្រុះ​មួយ​ ដែល​គ្របដណ្តប់​លើ​តំបន់​មាននៅ​ខាងកើត​ទន្លេមេគង្គ​ ខាងជើង​ទន្លេសាប​ និង​តំបន់​ខាងត្បូង​ទន្លេសាប​។​ តំបន់​ការពារ​ទាំងនេះ​មាន​ផ្ទៃដី​សរុប​ចំនួន​៧,៥​លាន​ហិច​តា​។​ លោក​ ជា​ សំអាង​ បាន​អះអាង​ថា​ ពេល​នេះ​ក្រសួង​បាន​នឹង​កំពុង​ចុះ​អប់រំ​ពលរដ្ឋ​ឲ្យ​យល់​ពីសារ​សំខាន់​ នៃ​វត្ដមាន​សត្វព្រៃ​ក្នុង​ប្រទេស​កម្ពុជា​ និង​បញ្ឈប់​ការ​យល់​ខុស​ពី​ការ​យក​សត្វ​ទាំងនោះ​មក​ធ្វើ​ជា​ឱសថ​បុរាណ​បន្ដ​ទៀត​៕

Share

Image
Image
Image