en     km
en     km

​ជន​ណា​លួច​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ២​ដង​នឹង​ផាកពិន័យ​ ១​ម៉ឺន​ទៅ​១០​ម៉ឺន​រៀល​ អ្នក​សង្កេតការណ៍​ថា​តិច​ណាស់​

Share

ភ្នំពេញ៖ ​អគ្គលេខាធិការ​រង​ គ​.​ជ​.​ប​ លោក​ សោម​ សូ​រី​ដា​ ថ្លែង​ថា​ ប្រ​សិន​ជន​ទុច្ចរិត​ ដែល​មាន​បំណង​ចង់​បន្លំ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ពីរ​ដង​ នឹង​ត្រូវ​ទទួល​ការ​ផាកពិន័យ​ជា​ទឹកប្រាក់​ពី​ ១​ម៉ឺន​រៀល​ ដល់​ ១០​ម៉ឺន​រៀល​ ។​ តែ​ក្រុម​សង្គម​ស៊ី​វិល​និង​អ្នក​អង្កេត​ការណ៍​បោះ​ឆ្នោត​បង្ហាញ​ការ​សាទរ​ចំណាត់ការ​ថ្មី​នេះ​ ប៉ុន្ដែ​ពួក​គេ​យល់​ថា​ ត្រឹម​ ១​ម៉ឺន​ ទៅ​ ១០​ម៉ឺន​រៀល​នេះ​ ហាក់​នៅ​តិចតួច​ណាស់​សម្រាប់​ជន​មាន​បំណង​ទុច្ចរិត​ ហើយ​គួរតែ​គុណ​ជា​ទឹកប្រាក់​ ១០​ដង​លើ​នេះ​ទៀត​ ទើប​សក្ដិ​សម​ហើយ​ត្រូវ​ដាក់​ ផ្ដន្ទាទោស​ទៀត​ផង​។​

ស្តាប់សំឡេង៖

NEC-logo

​ឆ្លើយ​តប​និង​សំនួរ​អ្នក​សារព័ត៌មាន​ក្នុង​កម្មវិធី​ កិច្ច​ពិភាក្សា​តុមូល​ស្តី​ពី​ការ​ស្វែង​«​យល់​ដិត​ដល់​ទៅ​លើ​បទបញ្ជា​ និង​នីតិវិធី​សម្រាប់​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​ ២០១៦»​ កាល​ថ្ងៃ​ទី​២២​មិថុនា​ លោក​ សោម​ សូ​រី​ដា​ បញ្ជាក់​ថា​ ជន​ណា​នក​ប្រព្រឹត្ត​គឺ​ត្រូវ​ទទួល​ការ​ផាកពិន័យ​ ។​ លោក​ សោម​ សូ​រី​ដា​៖«​នៅ​ក្នុង​ច្បាប់​គេ​ចែង​ថា​ ការ​ព្យាយាម​ដោយ​ទុច្ចរិត​ចុះ​ឈ្មោះ​លើស​ពី​ម្ដង​ នឹង​ ទទួល​ការ​ពិន័យ​ពី​ ១​ម៉ឺន​ ដល់​ ១០​ម៉ឺន​រៀល​ ប៉ុន្ដែ​បើ​គាត់​ផ្ដល់​ព័ត៌មាន​ថា​ គាត់​ចុះ​ឈ្មោះ​រូ​ច​ហើយ​បាន​ន័យ​ថា​គាត់​គេ​ផុត​ពី​ការ​ពិន័យ​»​។​

​ប៉ុន្តែ​លោក​បញ្ជាក់​ថា​ ប្រសិនជា​ពលរដ្ឋ​ដែល​ភ័ន្ដ​ច្រឡំ​ចុះ​ឈ្មោះ​ពីរ​ដង​ ហើយ​រាយការណ៍​ដល់​ស្ថាប័ន​ គ​.​ ជ​.​ ប​ ជន​នោះ​ពុំ​មាន​ទទួល​រង​ការ​ផាកពិន័យ​ឡើយ​ ។​

ចំណែក​លោក​ យ៉ង់​ គឹ​ម​អេ​ង​ ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​ និង​សន្តិភាព​ PDP​ សម្ដែង​ការ​សាទរ​ ចំពោះ​ចំណាត់ការ​របស់​ គ​.​ជ​.​ប​ ដែល​ប្រឹងប្រែង​រក្សា​តម្លាភាព​របស់​ខ្លួន​ ដើម្បី​ធ្វើ​ដំណើរ​ឆ្ពោះទៅ​រក​ការ​បោះ​ឆ្នោត​ដោយ​សេរី​ យុត្ដិធម៌​ និង​ ត្រឹមត្រូវ​ពេល​ខាង​មុខ​។​

ប្រធាន​មជ្ឈមណ្ឌល​ PDP​ រូប​នេះ​ យល់​ថា​ ប្រសិនជា​ការ​ផាកពិន័យ​ចំ​ពលរដ្ឋ​គឺ​ពិតជា​ច្រើន​ណាស់​ ក៏​ព្រោះតែ​ពលរដ្ឋ​មួយ​ចំនួន​គឺ​មួយ​ថ្ងៃ​រក​ចំណូល​ស្ទើរ​មិន​បាន​ ១​ម៉ឺន​រៀល​ទេ​ ។​  ប៉ុន្ដែ​លោក​ថា​ បើ​សម្រាប់​ជន​ដែល​ជា​សកម្មជន​នយោបាយ​ លោក​គិត​ថា​ នៅ​តិច​តូច​ណាស់​ ទោះបីជា​ច្រើន​ជាង​ ១០​ម៉ឺន​រៀល​ ក៏​មិនជា​បញ្ហា​សម្រាប់​ពួក​គេ​ដែរ​។​

លោក​ យ៉ង់​ គឹ​ម​អេ​ង​ យល់​ថា​ ប្រសិនជា​គណកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ពិតជា​ ចង់​ឲ្យ​កាន់តែ​មាន​តម្លាភាព​ គ​.​ជ​.​ប​ គួរតែ​គុណ​ចំនួន​ទឹក​ដែល​ត្រូវ​ផាកពិន័យ​ជន​ ក្លែងបន្លំ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នោះ​ យ៉ាង​ហោច​ណាស់​ ១០​ដង​ទៀត​ បើ​រក​ឃើញ​ថា​ជន​នោះ​ជា​សកម្មជន​នយោបាយ​ ។​ លោក​ យ៉ង់​ គឹ​ម​អេ​ង​៖«​សំរាប់​ខ្ញុំ​ ខ្ញុំ​យល់​ថា​ ការ​ពិន័យ​នេះ​បើ​ អ្នក​នោះ​ជា​គណ បក្ស​ចូលរួម​ប្រកួតប្រជែង​ ខ្ញុំ​គិត​ថា​ គួរតែ​ដាក់​ពិន័យ​ឲ្យ​ធ្ងន់​អាច​កុំ​ឲ្យ​មានការ​ប៉ុនប៉ង​ការ​ចុះ​លើស​ពី​ម្ដងនោះ​បាទ​ គុណ​ ៤​ ,​ ៥​ដង​ ១០​ដង​ អី​ទៅ​ធ្វើ​យ៉ង​ណា​ឲ្យ​ធ្ងន់​»​។​

ជាមួយ​គ្នា​នេះ​លោក​ ហង្ស​ ពុទ្ធា​ អ្នកនាំពាក្យ​នៃ​គណកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​មាន​ប្រសាសន៍​ជាមួយ​វិទ្យុ​ស្ដ្រី​ថា​ ចំពោះ​ការ​ផាកពិន័យ​គឺ​តម្រូវ​ដោយ​ហើយ​ស្ថាប័ន​ គ​.​ជ​.​ប​ ធ្វើការ​សំអាង​លើ​ច្បាប់​ដូច​គ្នា​ ហើយ​ចំពោះ​ការ​សម្រេច​ផាក​ ពិន័យ​ប៉ុន្មាន​នោះ​ គ​.​ជ​.​ប​ មិន​មាន​សិទ្ធិ​សម្រេច​នោះ​ទេ​។​

តែ​យ៉ាងនេះ​ក្ដី​អ្នកនាំពាក្យ​ គ​.​ជ​.​ប​ រូប​នេះ​ បង្ហាញ​ជំនឿ​ចិត្ដ​ថា​ ច្បាប់​ដែល​ចែង​ពី​ការ​ផាកពិន័យ​លើ​អ្នក​ក្លែងបន្លំ​ការ​ចុះ​ឈ្មោះ​ពីរ​ដង​នេះ​ នឹង​ជួយ​ឲ្យ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ កាន់តែ​សុ​ក្រឹត្យ​ និង​ មាន​តម្លាភាព​ទាំង​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត​ និង​ ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ផង​។​ លោក​ ហង្ស​ ពុទ្ធា​៖«​ដូច្នេះ​ហើយ​បូក​ផ្សាំ​ និង​ និ​តិ​វិធិ​ដែល​ គ​.​ជ​.​ប​ បី​ក​ន្លា​គ់​ ដើម្បី​រក​ឈ្មោះ​ស្ទូ​ន​ និង​ ការ​អប់រំ​ បូក​រួម​នឹង​ការ​ផាកពិន័យ​នេះ​ គ​.​ជ​.​ប​ ជឿជាក់​មែនទែន​ថា​ មិន​មានការ​ខុសឆ្គង​ក្នុង​ការ​ធ្វើ​ប​ញ្ជឺ​បោះ​ឆ្នោត​លើក​នេះ​ទេ​»​។​

ជុំវិញ​វិធានការ​របស់​ គ​.​ជ​.​ប​ នេះ​ដែរ​លោក​ គល់​ បញ្ញា​នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​នៅ​កម្ពុជា​ ខម​ហ្វ្រែ​ល​ (COMFREL)​ ហាក់ដូចជា​ស្ទាក់ស្ទើរ​ក្នុង​បង្ហាញ​ជំនឿ​ចិត្ដ​ លើ​វិធានការ​ផាកពិន័យ​ជន​ ដែល​ក្លែងបន្លំ​ ចុះ​ឈ្មោះ​បោះ​ឆ្នោត​ពីរ​លើក​នេះ​។​

នាយក​ប្រតិបត្ដិ​ ខម​ហ្វ្រែ​ល​ រូប​នេះ​មាន​ប្រសាសន៍​ថា​ លោក​មិន​ទាន់​អាច​វាយតម្លៃ​ថា​ ការ​អនុវត្ដន៍​នីតិវិធី​ របស់​គ​.​ជ​.​ប​ នា​ពេល​បោះ​ឆ្នោត​ខាង​មុខ​ ថា​ជា​ការ​ប្រសើរ​ ឬ​ យ៉ង​ណា​ទេ​ ។​ លោក​ថា​ រឿង​នេះ​យើង​ត្រូវការ​អ្នក​អង្កេត​ការណ៍​ពី​ការ​អនុវត្ដន៍​បន្ដ​ ព្រោះ​ប្រសិនជា​ គ​.​ជ​.​ប​ អនុវត្ដន៍​ចំ​ជន​ទុច្ចរិត​ពិត​គ្មាន​បញ្ហា​ចោទ​ទេ​ ។​ ប៉ុន្ដែ​ផ្ទុយ​ទៅ​វិញ​បើ​ គជ​ប​ អនុវត្ដន៍​ទៅ​ចំ​អ្នក​ទន់ខ្សោយ​ អ្នក​ដែល​មិន​យល់​ច្បាស់​ពី​ដំណើរការ​នេះ​ គឺជា​រឿង​ដែល​យើង​ត្រូវ​បារម្ភ​  ។​

លោក​ គល់​ បញ្ញា​ បញ្ជាក់​ថា​ រឿង​ដែល​សំខាន់​ពេល​នេះ​គឺ​ ក្រៅ​តែ​ពី​ការ​រៀបចំ​នីតិវិធី​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឲ្យ​បាន​ល្អ​ប្រ សើរ​ហើយ​ ស្ថា​ប័ណ្ណ​មួយ​នេះ​គួរតែ​បង្កើន​ការ​អំពាវនាវ​ និង​ លើកទឹកចិត្ដ​ដល់​ពលរដ្ឋ​ខ្មែរ​ ឲ្យ​មាន​ភាព​ក្លាហាន​ចូលរួម​ចុះ​បោះ​ឆ្នោត​ឲ្យ​បាន​ទាំងអស់​គ្នា​។​លោក​ គល់​ បញ្ញា​៖«​ការ​វាយតម្លៃ​របស់​យើង​ យើង​គិត​ថា​រឿង​ហ្នឹង​ថា​ វា​អាច​វិជ្ជមាន​ និង​ អវិជ្ជមាន​ តែ​យើង​មិន​អាច​អះអាង​ច្បាស់​បាន​ទេ​ នៅ​ពេល​អនុវត្ដន៍​ អ​ញ្ចឹ​ង​បាន​យើង​ ត្រូវ​មាន​អ្នក​អង្កេត​ការណ៍​ ពេល​អនុវត្ដន៍​ តើ​អនុ វត្ដន៍​លើ​អ្នក​ណា​ លើ​អ្នក​ដែល​មាន​បំណង​ទុច្ចរិត​មែន​ទេ​ យើង​ខ្លាច​អនុវត្ដន៍​ទៅ​ប៉ះ​អ្នក​ដែល​ទន់ខ្សោយ​ អត់​យល់​ទៅ​វិញ​ »​។​

​សូម​ជម្រាប​ថា​ ដំណើរការ​នៃ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ ទី​១​ ខែ​ កញ្ញា​ ឆ្នាំ​២០១៦​ ខាង​មុន​នេះ​ ហើយ​ ក្នុង​ដំណើរការ​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នេះ​ សហភាព​អ៊ឺ​រ៉ុ​ប​ និង​ ប្រទេស​ជប៉ុន​ សន្យា​ជួយ​កម្ពុជា​ផ្នែក​បច្ចេកទេស​ និង​ សម្ភារៈ​ដែល​ក្នុង​នោះ​ អ្នក​សង្កេតការណ៍​ឯករាជ្យ​មួយ​ចំនួន​ សន្យា​ថា​ពួក​គេ​ នឹង​តាមដាន​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ខាង​មុខ​នេះ​យ៉ាង​ប្រុង​ប្រ​យ័​តុ្ន​បំផុត​៕​

Share

Image
Image
Image