en     km
en     km

​ឆ្នាំ​២០១៨​ ខាង​មុខ​នេះ​ កម្ពុជា​ នឹង​មាន​រោងចក្រ​ចម្រាញ់​ប្រេង​ដោយ​ខ្លួនឯង​

Share

Mine and Enegy Ministry-01មន្ត្រី​ក្រសួង​រ៉ែ​ និង​ថាមពល​ នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ឲ្យ​ដឹង​ថា​ នៅ​ឆ្នាំ​២០១៨​ ខាង​មុខ​នេះ​ កម្ពុជា​ នឹង​មាន​រោងចក្រ​ចម្រាញ់​ប្រេង​ផ្ទាល់​របស់​ខ្លួន​នៅ​ខេត្ត​ព្រះ​សីហ​នុ​ ដោយ​ចំណាយ​ទឹកប្រាក់​វិនិយោគ​១​ពាន់​៦​រយ​លាន​ដុល្លារ​។​ មន្ត្រី​ដដែល​បញ្ជាក់​ថា​ នៅ​ពេល​កម្ពុជា​មាន​រោងចក្រ​ចម្រាញ់​ប្រេង​ខ្លួនឯង​ នោះ​តម្លៃ​សាំង​នឹង​ថោក​សមរម្យ​ជាង​ពេល​បច្ចុប្បន្ន​។​

​លោក​ឌិ​ត​ ទីណា​ បាន​ថ្លែង​បែប​នេះ​កាលពី​ថ្ងៃ​ទី​៨​ ខែតុលា​ ឆ្នាំ​២០១៥​ ។​ លោក​ថា​ រោងចក្រ​ចម្រាញ់​ប្រេង​នេះ​មា​នទី​តាំងនៅ​ខេត្ត​ ព្រះ​សីហ​នុ​ ក្បែរ​ជើងភ្នំ​បូកគោ​ ដែល​ចំណាយ​ទុន​វិនិយោគ​ ១​ពាន់​៦​រយ​លាន​ដុល្លារ​។​

​លោក​ឌិ​ត​ ទីណា​ បន្ថែម​ថា​ ហេតុ​ដែល​នាំ​ជ្រើសរើស​ទីតាំង​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ ដោយសារ​ទីតាំង​ជិត​កំពុង​ផែ​ ងាយស្រួល​ក្នុង​ការ​ដឹក​ជញ្ជូន​ ព្រោះ​កម្ពុជា​ នឹង​ទិញ​ប្រេង​ឆៅ​ពី​ក្រៅប្រទេស​។​ លោក​បន្ត​ថា​ក្រុមហ៊ុន​នេះ​មានឈ្មោះ​ថា​ស៊ី​ភី​ស៊ី​ ជា​ក្រុមហ៊ុន​ដែល​មានការ​សហការ​គ្នា​ រវាង​ក្រុមហ៊ុន​ក្នុងស្រុក​ និង​ក្រៅប្រទេស​។​

​លោក​ឌិ​ត​ ទីណា​ មាន​ប្រសាសន៍​ថា​ នៅ​ពេល​ដែល​មាន​រោងចក្រ​ចម្រាញ់​ប្រេង​ដោយ​ផ្ទាល់​នៅ​ក្នុង​ប្រទេស​ នោះ​តម្លៃ​ប្រេងសាំង​នៅ​កម្ពុជា​ នឹង​មាន​តម្លៃ​ថោក​សមរម្យ​ ជាង​ពេល​បច្ចុប្បន្ន​នេះ​។​

​ចំពោះ​គម្រោងការ​បូម​ប្រេង​ឆៅ​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​វិញ​ អ្នកនាំពាក្យ​រូប​នេះ​ បានឱ្យ​ដឹង​ថា​ កម្ពុជា​កំពុង​តែ​ចរចា​សំខាន់​មួយ​ ជាមួយ​ក្រុមហ៊ុន​បូម​ប្រេង​ ដើម្បី​ធ្វើ​យ៉ាងណា​ទាមទារ​ប្រយោជន៍​ឱ្យ​បាន​កាន់តែ​ច្រើន​សម្រាប់​កម្ពុជា​។​

​សូម​ជម្រាប​ថា​ បញ្ហា​រោងចក្រ​ចម្រាញ់​ប្រេង​ត្រូវ​បាន​ពន្យារពេល​ពីរ​លើក​មក​ហើយ​ បន្ទាប់​ពី​មាន​គម្រោង​សាងសង់​ជា​លើក​ដំបូង​នៅ​ដើម​ ឆ្នាំ​ ២០១៣​ និង​លើក​ទី​ពីរ​នៅ​ខែធ្នូ​ ឆ្នាំ​ដដែល​ដោយសារ​ខ្វះ​ទុន​ និង​ទុក​ពេល​បញ្ចប់​ការ​សិក្សា​លើ​ផល​ប៉ះពាល់​បរិស្ថាន​។​ គេ​រំពឹង​ថា​ រោងចក្រ​ចម្រាញ់​ប្រេង​នោះ​ មាន​លទ្ធភាព​ចម្រាញ់​ប្រេង​បាន​ ៥​ លាន​តោន​ក្នុង​មួយ​ឆ្នាំ​ ដោយ​ការ​នាំ​ចូល​ប្រេង​ឆៅ​ ពី​ប្រទេស​អា​រ៉ាប់​៕

Share

Image
Image
Image