en     km
en     km

​ចិន​ចេញ​គោលការណ៍​ណែនាំ​ថ្មី​នៃ​ដំណាំ​កៅស៊ូ​ដោយ​ផ្តោត​លើ​ការ​ការពារ​បរិស្ថាន​និង​សិទ្ធ​មនុស្ស​នៅ​កម្ពុជា​

Share

​ភ្នំពេញ​៖​គោលការណ៍​ណែនាំ​របស់​ឧស្សាហកម្ម​ចិន​ថ្មី​អាច​នឹង​ដើរតួ​នាទី​យ៉ាង​សំខាន់​ការ​ដោះស្រាយ​វិវាទ​ដីធ្លី​និង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ក្នុង​តំបន់​ទន្លេមេគង្គ​ក្នុងនោះមាន​ប្រទេស​កម្ពុ​ជាដែរ។​មន្ត្រីជាន់​ខ្ពស់​រដ្ឋាភិបាល​សាទរ​ចំពោះ​ប្រទេស​ចិន​ចេញ​គោល​ការ​ណែនាំ​ថ្មី​នេះ​ថា​អាច​នឹង​ជួយ​ការពារ​​បរិស្ថាន​​​និង​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា​និង​ប្រទេស​ទន្លេមេគង្គ​។​

​យោង​តាម​សេចក្តីជូនដំណឹង​របស់​អង្គការ​ Global​ Witness​ ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៣​ ខែតុលា​នេះ​ ក្រោម​ចំណងជើង​ថា​«​ឧស្សាហកម្ម​ចិន​ចាត់វិធានការ​ដោយ​រឹង​មាំ​ឥត​កោតក្រែង​ ដើម្បី​លៃលក​ចំពោះ​ការ​ដណ្តើម​ដីធ្លី​ដែល​ដាក់​ដំណើរការ​គោល​ការ​ណែនាំ​ថ្មី​លើ​ដំណាំ​កៅស៊ូ​»​។​

​គោលការណ៍​ណែនាំ​ថ្មី​នេះ​ បាន​សម្រេច​ដាក់​ដំណើរការ​នៅ​ក្នុង​សន្និសីទ​អន្តររដ្ឋាភិបាល​នៅ​ទីក្រុង​ហូ​ជី​មី​ញ​ ប្រទេស​វៀតណាម​កាលពី​ថ្ងៃ​ទី​២៣​ តុលា​នេះ​ គឺជា​ការ​បោះ​ជំហាន​ទៅ​មុខ​ក្នុង​ការ​ទប់ស្កាត់​ហានិភ័យ​សង្គម​និង​បរិស្ថាន​ចំពោះ​ក្រុមហ៊ុនចំការកៅស៊ូ​ទ្រង់ទ្រាយ​ធំ​ទូ​ទាំង​ពិភពលោក​។​

​បើ​តាម​របាយការណ៍​របស់​ក្រសួងកសិកម្ម​និង​រុក្ខា​ប្រមាញ​និង​នេសាទ​ក្នុង​ឆ្នាំ​២០១៦​បង្ហាញ​ថា​រដ្ឋាភិបាល​បាន​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ជាង​១,៥​លាន​ហិ​កតា​ទៅ​ឲ្យ​ក្រុមហ៊ុន​ចំនួន​២២៣​កំពុង​ប្រតិបត្តិការ​គម្រោង​ក្នុង​ខេត្ត​ចំនួន​១៨​។​

​ក្នុង​នោះ​ក្រុមហ៊ុន​វិនិយោគ​ដី​សម្បទាន​សេដ្ឋកិច្ច​ក្នុងស្រុក​ចំនួន​១២៦​។​ក្រុមហ៊ុន​វៀតណាម​ចំនួន​៤៣​ និង​ក្រុមហ៊ុន​ចិន​២៧​។​ក្រុមហ៊ុន​ទាំងនោះ​វិនិយោគ​លើ​ដំណាំ​កៅស៊ូ​ ស្វាយចន្ទីរ​ ដំឡូង​មី​ ម្រេច​ អំពៅ​ ជាដើម​។​
​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​ លោក​ សៅ​ សុភាព​ សាទរ​ចំពោះ​ប្រទេស​ចិន​ចេញ​គោល​ការ​ណែនាំ​ថ្មី​ថា​ នឹង​ជួយ​ការពារ​គោរព​សិទ្ធិ​មនុស្ស​និង​ការពារ​បរិស្ថាន​នៅ​កម្ពុជា​ រួម​ទាំង​ទូ​ទាំង​ពិភពលោក​។​

«​អប់អ​រង​សាទរ​ការ​ចេញ​គោលការណ៍​ណែនាំ​ ជា​គោលនយោបាយ​ចិន​ដែល​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​របស់​ចិន​គិតគូរ​ឲ្យ​បាន​ត្រឹមត្រូវ​និង​ច្បាស់លាស់​អំពី​សិទ្ធិ​មនុស្ស​ ពាក់ព័ន្ធ​ការ​វិនិយោគ​របស់​គាត់​។​»

​បើ​យោង​តាម​របាយការណ៍​របស់​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តី​ពី​កម្ពុជា​ហៅ​ថា​NGO​ Forum​ ចេញផ្សាយ​នៅ​ពី​ឆ្នាំ​២០១៦​បង្ហាញ​ថា​ប្រជាពលរដ្ឋ​ជាង​ប្រាំ​ម៉ឺន​គ្រួសារ​រង​គ្រោះ​នឹង​រង​ផល​ប៉ះពាល់​ក្នុង​វិវាទ​ដីធ្លី​លើ​ផ្ទៃដី​ជាង​១​លាន​៥​ម៉ឺន​ហិ​កតា​។​

​លោក​ តឹក​ សុវណ្ណ​រ៉ា​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​ មិនមែន​រដ្ឋាភិបាល​ស្តី​ពី​កម្ពុជា​ហៅ​ថា​NGO​ Forum​ក៏​បាន​សាទរ​ចំពោះ​រដ្ឋាភិបាល​ចិន​ដាក់​គោលការណ៍​ណែនាំ​ស្តី​ពី​«​ការ​អភិវឌ្ឍន៍​កៅស៊ូ​ធម្មជាតិ​»​ដែល​នឹង​ចេញផ្សាយ​ជា​សាធារណៈ​នៅ​ប្រទេស​វៀតណាម​នៅ​ថ្ងៃ​ទី​៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៧​។​

​លោក​ តឹក​ វ​ណ្ណា​រ៉ា​ បញ្ជាក់​ថា​ ក្នុង​នាម​អង្គការក្រៅរដ្ឋាភិបាល​ចង់​ឲ្យ​បកប្រែ​គោលការណ៍​ណែនាំ​នេះ​ពី​ ភាសា​ចិន​មក​ភាសា​ខ្មែរ​និង​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​ដល់​ក្រុមហ៊ុន​វិនិយោគ​ចិន​ទៅ​លើ​ដំណាំ​កៅស៊ូ​ នៅ​ប្រទេស​កម្ពុជា​ដើម្បី​ឲ្យ​ក្រុមហ៊ុន​អាជីវកម្ម​ចូលរួម​អនុវត្តន៍​តាម​គោលការណ៍​ណែនាំ​នេះ​តាម​ការ​ស្ម័​ក្រ​ចិត្ត​។​

«​គោល​ការ​ណែនាំ​នេះ​មានការ​សរសេរ​ល្អ​ពិសេស​ភាព​នៃ​ការ​ទទួលខុស​សង្គម​ចំពោះ​សាជីវកម្ម​។​អ្វី​ដែល​អង្គការ​សង្គម​ស៊ី​វិល​ចង់​ឃើញ​ឲ្យ​មានការ​បកប្រែ​គោលការណ៍​នេះ​ពី​ភាសា​ចិន​មក​ភាសា​ខ្មែរ​និង​ផ្សព្វផ្សាយ​ទៅ​ដល់​ក្រុមហ៊ុន​ចិន​ទាំងឡាយ​ដែល​ធ្វើការ​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​ ដើម្បី​ឲ្យ​គាត់​មានការ​យល់​ដឹង​ហើយ​ចូលរួម​ចំណែក​អនុវត្តន៍​តាម​គោលការណ៍​ស្ម័​ក្រ​»​។​

​សេចក្តីជូនដំណឹង​របស់​ Global​ Withness​ បង្ហាញ​អំពី​ធាតុ​សំខាន់​នៃ​គោលការណ៍​ណែនាំ​ថ្មី​ រួម​មាន​ ការ​គោរព​និង​ការពារ​សិទ្ធិ​សហគមន៍​ក្នុង​តំបន់​ទាក់ទង​និង​ដីធ្លី​និង​ធនធានធម្មជាតិ​ក្នុង​នោះ​រួម​មាន​សិទ្ធិ​របស់​ជនជាតិ​ដើម​ភាគតិច​ចំពោះ​ការ​យល់ព្រម​ប្រកបដោយ​ចេ​រី​ភាព​ជា​មុន​និង​ទទួល​បានការ​ពន្យល់​ជា​មុន​។​

​គោលការណ៍​ណែនាំ​ថ្មី​នេះ​ក៏​ អនុវត្ត​នូវ​ការ​វាយតម្លៃ​ប៉ាន់​ប្រមាណ​ពី​ផល​ប៉ះទង្គិច​បរិស្ថាន​និង​សង្គម​យ៉ាង​ទូលំទូលាយ​គ្រប់​ជ្រុងជ្រោយ​ដើម្បី​ ធានា​ឲ្យ​បាន​ថា​ផល​ប៉ះពាល់​ដែល​បង្ក​ទុក្ខទោស​ត្រូវ​បាន​កាត់​បន្ថយ​។​
​គោលការណ៍​ណែនាំ​ថ្មី​នេះ​បន្ថែម​ទៀត​ថា​ការ​អនុម័ត​យក​នូវ​គោលនយោបាយ​«​ការ​កាប់​បំផ្លាញ​ព្រៃឈើ​កម្រិត​សូន្យ​»​ ដើម្បី​ការពារ​ជីវចម្រុះ​និង​ព្រៃឈើ​ដែល​នៅ​ល្អ​មិន​រង​ការ​ប៉ះពាល់​។​តែ​ផ្ទុយ​ទៅ​វិញ​ជា​ការ​ផ្តួចផ្តើម​ បង្កើត​នូវ​យន្តការ​មួយ​គឺ​ធានា​ថា​សហគមន៍​ត្រូវ​បាន​សងជំងឺចិត្ត​ដោយ​ខាតបង់​នូវ​ការ​បាត់បង់​ធនធាន​នានា​៕​

Share

Image
Image
Image