en     km
en     km

​គ​.​ជ​.​ប​ ព្រមាន​មន្ត្រី​ថ្នាក់​ក្រោម​ជាតិ​ចំពោះ​ការ​រារាំង​បេក្ខជន​ស្នើ​សុំ​បំពេញបែបបទ​

Share

​ភ្នំពេញ​៖​ ស្រប​ពេល​ការ​ចុះបញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះ​ឆ្នោត​ និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះ​ឆ្នោត​នឹង​ចាប់ផ្តើម​នៅ​ចុង​ខែមេសា​នេះ​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ព្រមាន​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ចំពោះ​មន្ត្រី​ក្រុមប្រឹក្សា​ឃុំ​/​សង្កាត់​រារាំង​បេក្ខជន​មិន​ឲ្យ​ធ្វើ​បែបបទ ​ដើម្បី​ចុះបញ្ជី​ឈរឈ្មោះ​បោះ​ឆ្នោត​។​

                                                 ក្រុមប្រឹក្សាឃុំជួបប្រជុំពិភាក្សាគ្នាស្រុកព្រៃនុបខេត្តព្រះសីហនុ ជារូបតំណាង។​រូបភាព៖ Facebook

​មន្ត្រីជាន់ខ្ពស់​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(​គ​.​ជ​.​ប​)​ ព្រមាន​ថា​ ប្រសិនបើ​ ​គ​.​ជ​.​ប​ ទទួល​បាន​ពាក្យបណ្តឹង​ក្នុង​ករណី​មាន​រើសអើង​ ឬ​រារាំង​ចំពោះ​គណបក្ស​នយោបាយ​ក្នុង​ការ​បំពេញបែបបទ​លើលិខិត​នានា​ ដើម្បី​ឈរឈ្មោះ​ជា​បេក្ខជន​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្រ្ត នីតិកាល​ទី​៦​ ឆ្នាំ​ ២០១៨​នេះ​ នឹង​ប្រឈម​មុខ​ផ្លូវច្បាប់​។​

​មន្ត្រី​ គ​.​ជ​.​ប​ បាន​លើក​ឡើងដូចនេះ​ នៅ​ក្នុង​កិច្ចប្រជុំ​ស្តី​ពី​ការ​ចុះបញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះ​ឆ្នោត​ និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះ​ឆ្នោត​ នៅ​ថ្ងៃ​ទី​ ២៥​ ខែ​ មេ​សា​នេះ​។​

​លោក​ សោម​ សូលី​ដា​ អគ្គលេខាធិការ​រង​ គ​.​ជ​.​ប​ ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​នេះ​ថា​ ក្នុង​ករណី​មន្ត្រី​ក្រុមប្រឹក្សា​ឃុំ​/សង្កាត់​អសកម្ម​ ឬ​មិន​ចុះបញ្ជី​ឲ្យ​បេក្ខជន​គណបក្ស​នយោបាយ​ណាមួយ​នឹង​ប្រឈម​មុខ​ក្រោម​បទ​ចោទ​រារាំង​ដោយ​យក​ច្បាប់​របស់ ​គ​.​ជ​.​ប​ មក​ដាក់​ពិន័យ​។​

​លោក​ សោម​ សូលី​ដា​៖​ «​វិធានការ​គឺ​មាននៅ​ក្នុង​ច្បាប់​គ​.​ជ​.​ប​ អនុវត្ត​កិច្ចការ​របស់​ខ្លួន​ ហើយនឹង​ទោស​ទៅ​តាម​បញ្ញា​តិ​មាត្រា​១៤២​ បទ​រារាំង​ គឺជា​បញ្ហា​កើតឡើង​ ហើយ​ត្រូវ​ផាក់ពិន័យ​ពី​ ៥​ លាន​រៀល​ ទៅ​ ២០​ លាន​រៀល​ ហើយ​បទ​រារាំង​តាំងពី​ការ​មិន​បំពេញ​ឬ​ការ​មិន​បញ្ជាក់​អំពី​ការ​មានឈ្មោះ​នៅ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ ដើម្បី​បំពេញ​លក្ខខណ្ឌ​ជា​បេក្ខជន​។​»

​ការ​ថ្លែង​ដូចនេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​ ប្រធាន​គណបក្ស​ធ​ម្មា​ធីប​តេ​យ្យ​ លោកស្រី​ ពោធិ​តី​ សាវត្ថី​ ស្នើ​សុំ​ឲ្យ​ គ​.​ជ​.​ប​ ពិនិត្យ​មើល​មន្ត្រី​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​មួយ​នៅ​ក្នុង​ខេត្តកំពង់ស្ពឺ​ដែល​បាន​បដិសេធ​ មិន​ចុះបញ្ជី​បេក្ខជន​របស់​លោកស្រី​ ដើម្បី​ឈរឈ្មោះ​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នីតិកាល​ទី​៦​លើក​នេះ​។​

​លោកស្រី​ ពោធិ​តី​ សាវត្ថី​៖ «​ពេល​គាត់​ទៅ​ចុះ​ឈ្មោះ​គេ​សម្លុត​គំរាម​ក​គ​ហែង​គាត់​គេ​ថា​ អ្នកគ្រូ​ធ្វើ​ជា​នាយក​សាលា​គេ​គិត​ថា​សមាជិក​គណបក្ស​ប្រជាជន​បាន​គេ​ឲ្យ​អង្គុយ​កន្លែង​និង​។​ប្រសិនបើជា​ចេញពី​និង​ឈរឈ្មោះ​ឲ្យ​គណបក្ស​ផ្សេង​សុំ​លាលែង​ពី​អោយ​ហើយ​អ​ញ្ចឹ​ង​វា​ខុស​ពី​ច្បាប់​គ​.​ជ​.​ប​ សូម​ឯកឧត្តម​អធិបតី​បំភ្លឺ​បញ្ហា​នឹង​។​»

​ជាមួយ​គ្នា​នេះ​ គ​.​ជ​.​ប​ ប្រកាស​ឲ្យ​គណបក្ស​នយោបាយ​ទាំងអស់​ត្រូវ​ប្តឹង​មក​គ​.​ជ​.​ប​ ប្រសិនបើ​ជួប​មន្ត្រី​ថ្នាក់​ក្រោម​ជាតិ​អសកម្ម​ ឬ​ក៏​មានការ​អើ​ស​រើ​ង​តំណាង​របស់​ខ្លួន​នៅ​អំឡុង​ពេល​ដំណើរ​ចុះបញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះ​ឆ្នោត​ និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះ​ឆ្នោត​ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​មាន​រយៈពេល​១៥​ថ្ងៃ​ ចាប់ពី​ថ្ងៃ​ទី​ ៣០​ ខែ​ មេ​សា​ រហូត​ដល់​ថ្ងៃ​ទី​ ១៤​ ខែ​ ឧសភា​ ឆ្នាំ​ ២០១៨​។​

​ការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នីតិកាល​ទី​៦​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​ ២៩​ ខែ​ កក្កដា​ ឆ្នាំ​ ២០១៨​។​ អ​សនៈ​ក្នុង​រដ្ឋសភា​នីតិកាល​ទី​៦​នេះ​ មាន​ចំនួន​១២៥​ រូប​។​ គណបក្ស​នយោបាយ​ដែល​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ​មាន​ចំនួន​ ៣៧​ គណបក្ស​ ហើយ​គណ បក្ស​នយោបាយ​ត្រូវ​ដាក់​បេក្ខជន​យ៉ាងតិច​ ៤១​រូប​ក្នុង​ការ​ចុះបញ្ជី​ឈរ​បោះ​ឆ្នោត​៕

Share

Image
Image
Image