en     km
en     km

​គ្រួសារ​​ជន​រងគ្រោះស្នើ​ឲ្យ​ដោះ​លែងមេ​បក្សសង្រ្គោះជាតិខេត្ត​ពោធិ៍សាត់​

Share

ក្រោយពីកុមាររងគ្រោះចេញពីមន្ទីពេទ្យវិញ ឪពុកម្តាយរបស់កុមារនេះបានទាមទារឱ្យតុលាការដោះលែងប្រធានគណបក្សសង្រ្គោះជាតិប្រចាំខេត្តពោធិ៍សាត់ ដែលបានបង្កគ្រោះថ្នាក់ចរាចរណ៍ កាលពីក្នុងអំឡុងពេលឃោសនាបោះឆ្នោត។

គ្រួសាររបស់កុមាររងគ្រោះ ណាត សុវណ្ណឌី
គ្រួសាររបស់កុមាររងគ្រោះ ណាត សុវណ្ណឌី

នៅក្នុងលិខិតមួយផ្ញើជូនសាលាដំបូងខេត្តពោធិ៍សាត់ កាលពីថ្ងៃច័ន្ទទី៥ មិថុនា ដែលវិទ្យុស្ត្រី FM 102 ទទួលបាននៅថ្ងៃនេះ គ្រួសារកុមាររងគ្រោះ ណាត សុវណ្ឌី បានស្នើឲ្យដោះលែងលោក យ៉ាន់ សេងហ៊ត ប្រធានប្រតិបត្តិគណបក្សសង្រ្គោះជាតិ ខេត្តពោធិ៍សាត់ ពីការឃុំខ្លួនបណ្តោះអាសន្ន។

លោកយ៉ាន់ សេងហ៊ត ត្រូវចាប់ខ្លួនកាលពីថ្ងៃទី២៧ ឧសភា នៅក្នុងអំឡុងពេលឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ក្រោយពីប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិប្រចំាខេត្តពោធិ៍សាត់រូបនេះ បានបុកនិងបង្កឲ្យមានរបួសក្មេងប្រុសម្នាក់ ឈ្មោះ ណាត សុវណ្ណឌី អាយុ៦ឆ្នាំ ខណៈដែលក្មេងប្រុសរូបនេះ រត់ឆ្លងផ្លូវតាមឳពុករបស់ខ្លួន ស្ថិតនៅលើផ្លូវលេខ៥៥ ភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

តុលាការបានបទចោទប្រកាន់លោក យ៉ាន់ សេងហ៊តពីបទបើកបរបណ្តាល ឲ្យអ្នកដទៃមានរបួស និងសម្រេចឃុំខ្លួន។

ក្នុងលិខិតដែលចុះហត្ថលេខា ដោយឱពុកម្តាយរបស់កុមាររងគ្រោះនិងជីតារបស់កុមារដដែលនេះ បានស្នើឲ្យតុលាការដោះលែង ជនបង្ក ឱ្យមានសេរីភាព និងរួចផុតពីការចោទប្រកាន់វិញ ដោយយោងលើហេតុផលថាប្រធានគណបក្សខេត្តរបស់គណបក្សប្រឆាំងបានចេញថ្លៃព្យាបាលនិងសន្យាបន្តព្យាបាលកុមាររងគ្រោះរហូតដល់ជាសះស្បើយ។

លោក យ៉ាន់ សេងហ៊ត ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិប្រចំាខេត្តពោធិ៍សាត់
លោក យ៉ាន់ សេងហ៊ត ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិប្រចំាខេត្តពោធិ៍សាត់

ជីតារបស់កុមាររងគ្រោះ លោក សុខ ម៉ុន បានប្រាប់វិទ្យុស្រ្តីនៅថ្ងៃទី០៦ មិថុនានេះថា ចៅរបស់លោកបានចេញពីមន្ទីពេទ្យតាំងពីថ្ងៃទី២ មិថុនា ហើយរហូតមកដល់ពេលនេះ ស្ថានភាពរបួសចៅរបស់លោកបានធូស្រាលឡើងវិញហើយ បន្ទាប់ពីសម្រាកព្យាបាលនៅមន្ទីពេទ្យគន្ធបុប្ផាខេត្តសៀមរាបអស់រយៈពេល៦ថ្ងៃ។

លោកបន្ថែមថា«គ្រួសារខ្ញុំខាងជនរងគ្រោះហ្នឹង ខ្ញុំសុំតស៊ូមតិតាមផ្លូវច្បាប់តទៀត តាមរយៈផ្លូវច្បាប់ហ្នឹងខ្ញុំសូមឱ្យសាក្សីនិងមេធាវីលោកជួយពន្យល់ហេតុផលទៅពីការយល់ព្រមរបស់ខ្ញុំជនរងគ្រោះ ដោយខ្ញុំមានឆន្ទៈមិនមានការប្តឹងផ្តល់គាត់ផង ខ្ញុំសុំឱ្យតុលាការលោកដោះលែងគាត់មក ព្រោះលោកយ៉ាន់ សេងហ៊តគាត់បាន ជួយព្យាបាលខ្ញុំ..»

លោក ហេង ដូនីន អ្នកនាំពាក្យសាលាដំបូងខេត្តពោធិ៍សាត់ បានឱ្យដឹងថា តុលាការបានទទួលលិខិតរបស់គ្រួសារកុមាររងគ្រោះកាលពីថ្ងៃចន្ទ័ម្សិលមិញ។ហើយលិខិតនេះត្រូវបានបញ្ចូនទៅចៅក្រមទទួលបន្ទុករួចហើយ។

លោក បន្តថា «បានបញ្ជូនដល់ចៅក្រម ចាំគាត់ឆ្លើយជូនបាទ  ឆ្លើយជាលាយល័ក្ខអក្សរជូន ចាំមើលខ្ញុំសួរគាត់រយៈពេលគាត់ដូចជា៥ថ្ងៃ»

លោក សំ សុគង់ មេធាវីការពារក្តីឱ្យលោក យ៉ាន់ សេងហ៊ត បានប្រាប់ថា បើពិនិត្យទៅតាមផ្លូវច្បាប់ កូនក្តីរបស់លោក មិនមានទោសនោះទេ ដោយសារជនរងគ្រោះមិនមានមានពិការភាព ឬបាត់បង់ជីវិតឡើយ។

លោកមេធាវីបន្តថា កូនក្តីលោកគួរតែត្រូវបានដោះលែង និងលើកលែងការចោទប្រកាន់។ ហើយនៅថ្ងៃអង្គារនេះដែរ លោកមេធាវី សំ សុគង់ បានស្នើសុំ តុលាការខេត្តពោធិ៍សាត់ឲ្យដោះលែងកូនក្តីលោកគឺលោក យ៉ាន់ សេងហ៊តឱ្យនៅក្រៅឃុំបណ្តោះអាសន្ន៕

 

Share

Image
Image
Image