en     km
en     km

​គ្រួសារ​ជន​រង​គ្រោះ​ស្លាប់​នៅ​ក្លឹ​ម​កំសាន្ត​ឃី​ក្លឹ​ប ស្នើ​ឲ្យ​ព​ន្លឿ​ន​ការ​ផ្តល់​សំណង​

Share

ភ្នំពេញ៖ ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ ដែល​បាន​ស្លាប់​នៅ​ក្នុង​ហេតុការណ៍​អគ្គិភ័យ​ឆាបឆេះ​ក្លឹ​ប​កម្សាន្ត​ឈ្មោះ​ ឃី​ក្លឹ​ប​ ស្ថិត​នៅ​ក្នុង​សង្កាត់​ចាក់​អង្រែ​ក្រោម​ ខណ្ឌមានជ័យ​ ស្នើ​ឲ្យ​អាជ្ញាធរ​ព​ន្លឿ​ន​ការ​ផ្ដល់​សំណង​ចំនួន​២៥០០​ដុល្លារ​ ជូន​ពួក​គេ​ឲ្យ​បាន​ឆាប់​ ។​ ពាក់ព័ន្ធ​នឹង​ករណី​នេះ​ មន្ត្រី​កម្មវិធី​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​ថា​ ការ​ផ្តល់​សំណង់​ត្រឹមតែ​២៥០០​ដុល្លារ​នេះ​គឺ​ មិន​សមរម្យ​នោះ​ទេ​ ។​

​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ ដែល​បាន​ស្លាប់​កាលពី​ស​ប្ដា​ហ៍​មុន​ ដោយសារ​ភ្លើង​ឆេះ​ក្លឹ​ប​កម្សាន្ត​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​ បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ជួយ​ព​ន្លឿ​នរក​ដំណោះស្រាយ​ផ្ដល់​សំណង​ដល់​ពួក​គាត់​ឲ្យ​បាន​លឿន​ ។​150917-Vireak-News-02-dara-ed-cover​អ្នកស្រី​ នួន​ សំអាត​ មាន​អាយុ​៥៩​ឆ្នាំ​ ត្រូវជា​ម្តាយ​របស់​ស្ត្រី​រង​គ្រោះ​ម្នាក់​ បាន​ទទូច​ឲ្យ​អាជ្ញាធរ​ឆាប់​ផ្តល់​សំណង់​ឲ្យ​បាន​លឿន​ ដើម្បី​យក​ទៅ​សងបំណុល​ថ្លៃ​ធ្វើ​បុណ្យសព​ឲ្យ​កូន​របស់​អ្នកស្រី​ដែល​បាន​ស្លាប់​នោះ​ ។​ អ្នកស្រី​បញ្ជាក់​ថា​ ចាប់តាំងពី​ថ្ងៃ​មាន​អគ្គិភ័យ​ឆាបឆេះ​ក្លឹ​ម​កម្សាន្ត​ឃី​ក្លឹ​ប​នោះ​ អ្នកស្រី​មិន​ទាន់​ឃើញ​មាន​ម្ចាស់​ក្លឹ​ប​ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ចេញ​មុខ​ផ្តល់​សំណង​នៅឡើយ​ទេ​។​ អ្នកស្រី​ត្អូញត្អែរ​ថា​ អ្នកស្រី​កំពុង​តែ​មានការ​ខ្វះខាត​ជីវភាព​យ៉ាង​ខ្លាំង​ ក្រោយ​ពី​បាត់បង់​ជំហរ​គ្រួសារ​ម្នាក់​ ។​

អ្នកស្រី​នួន​ សំអាត​ បន្ថែម​ថា​ អាជ្ញារ​ធរ​បាន​ប្រាប់​អ្នកស្រី​ថា​ ម្ចាស់​ក្លឹ​ប​កម្សាន្ត​ឃី​ក្លឹ​ម​នោះ​ ព្រម​ផ្តល់​សំណង​ត្រឹមតែ​១៥០០​ដុល្លារ​ ប៉ុន្តែ​អ្នកស្រី​ទាមទារ​ប្រាក់​ចំណង​នោះ​ចំនួន​២៥០០​ដុល្លារ​។​ អ្នកស្រី​បាន​ឲ្យ​ដឹង​ថា​ «២៥០០​ដុល្លារ​ហ្នឹង​បើ​យក​មក​បុណ្យ​កូន​ គ្រាន់តែ​ល្មមតែ​បុណ្យ​កូន​ទេ​ វា​អត់​មាន​លុយ​សង​រដ្ឋ​ ខ្ញុំ​មិនដឹង​ថា​គិត​យ៉ាង​មេច​ទេ​។​ ខ្ញុំ​មើលទៅ​ ខ្ញុំ​សុំ​ឡើង​ទៅ​មុខ​អត់​រួច​ទេ​លុយ​ហ្នឹង​ តាម​មើលទៅ​ យើង​អត់​មាន​អ្នក​ទីពឹង​អី​ផង​ យើង​អ្នក​ទន់ខ្សោយ​។​ លំបាក​ច្រើន​ណាស់​ បើ​អស់​អ្នករក​[​លុយ​]​ហើយ​ ខ្ញុំ​មាន​អ្នក​ណា​រក​[​លុយ​]​ទៀត​ ។​ ឪ​វា​ក៏​ចាស់​ ខ្ញុំ​មាន​ធ្វើ​អី​មិនកើត​ នៅ​តែ​ផ្ទះ​មើល​ចៅ​»​។​

ដូច​គ្នា​នេះ​ដែរ​ ជីតា​ជន​រង​គ្រោះ​ម្នាក់​ទៀត​ គឺ​លោក​ ស្វាយ​ វ៉ា​ន់​ បាន​ឲ្យ​ដឹង​ថា​ លោក​បាន​ទាមទារ​សំណង់​ចំនួន​៥០០០​ដុល្លារ​ ប៉ុន្តែ​ម្ចាស់​ក្លឹ​ប​ ផ្តល់​ឲ្យ​ត្រឹមតែ​ ២៥០០​ដុល្លារ​ប៉ុណ្ណោះ​។​ លោក​បន្ត​ថា​ អាជ្ញាធរ​ឲ្យ​លោក​រង់ចាំ​ពីរ​ទៅ​បី​ថ្ងៃ​ទៀត​ទើប​ម្ចាស់​ក្លឹ​បម​ យក​សំណង​មក​ជូន​លោក​ និង​អ្នក​រង​គ្រោះ​ដទៃ​ទៀត​។​ លោក​ថា​ «​ នៅ​…​ ខ្ញុំ​ទៅ​ម្សិលមិញ​ ចាំ​មើល​ពីរ​បី​ថ្ងៃ​ទៀត​។​ កាល​ខ្ញុំ​ដាក់​ថា​យក​ ៥០០០​ដុល្លារ​ ឥឡូវ​គេ​ឲ្យ​តែ​២៥០០​ដុល្លារ​ ហើយ​អ្នក​៤​នាក់​ គេ​ទទួល​ខ្ញុំ​មិន​ទទួល​វា​មិនកើត​»​។​

ជុំវិញ​បញ្ហា​នេះ​ លោក​ មឿ​ន​ តុលា​ មន្ត្រី​កម្មវិធី​សិទ្ធិ​ការងារ​របស់​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​ បាន​ឲ្យ​ដឹង​ថា​ ការ​ផ្តល់​សំណង​២៥០០​ដុល្លារ​ មិន​សមរម្យ​ឡើយ​ ។​ លោក​បន្ត​ថា​ ក្នុង​ករណី​គ្រោះថ្នាក់​ការងារ​គឺ​ ថៅកែ​ក្លឹ​ប​ជា​អ្នក​ធានា​ចេញ​សង​ទាំង​ពិធី​បុណ្យសព​ ទាំង​សំណង​ផ្សេងៗ​ទៀត​ ដល់​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ ។​ លោក​បន្ថែម​ថា​ លោក​ស្នើ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រួតពិនិត្យ​ឡើង​នូវ​ប្រព័ន្ធ​សុវត្ថិភាព​ឲ្យ​បាន​តឹងរ៉ឹង​បន្ថែម​ទៀត​។​
​លោក​មាន​ប្រសា​ស៍​ថា​«​ ក្នុង​ច្បាប់​គេ​តម្រូវ​ឲ្យ​និយោជក​ចុះបញ្ជី​ជាមួយ​ខាង​ ប​ ស​ ស​ បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ សម្រាប់​ការពារ​ហានិភ័យ​ផ្សេងៗ​។​ ប្រ​សិន​និយោជក​លោក​បាន​ចុះបញ្ជី​ហើយ​ អ​ញ្ចឹ​ង​ការ​បូជាសព​ សំណង​ផ្សេងៗ​សម្រាប់​ក្រុម​គ្រួសារ​នៃ​សព​ គឺជា​បន្ទុក​របស់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​»​។​

បើ​តាម​បណ្តាញសារព័ត៌មាន​ក្នុងស្រុក​បាន​ចុះ​ផ្សាយ​ថា​ អាជ្ញាធរ​កំពុង​តែ​ស្វែងរក​ម្ចាស់​ក្លឹ​ប​កម្សាន្ត​ឃី​ក្លឹ​ប​ ឲ្យ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ ចំពោះ​ហេតុការណ៍​ឆាបឆេះ​ក្លឹ​ប​កាលពី​ថ្ងៃ​ទី​៧​ខែកញ្ញា​កន្លង​ទៅ​ ។​ ការ​ចុះ​ផ្សាយ​នោះ​បាន​បញ្ជាក់​ទៀត​ថា​ អាជ្ញាធរ​នឹង​បិទ​ទីតាំង​ក្លឹ​ប​នេះ​ មិន​អនុញ្ញាត​ឲ្យ​បើក​ជា​កន្លែង​កម្សាន្ត​ទៀត​នោះ​ទេ​ បើ​ទោះបីជា​ម្ចាស់​ទីតាំង​បាន​ចេញ​មុខ​ទទួលខុសត្រូវ​ ចេញ​សំណង​ជូន​ជន​រង​គ្រោះ​តាម​ផ្លូវច្បាប់​ក៏​ដោយ​ ។​

គួរ​រំឭក​ថា​ កាលពី​ម៉ោង​១០​និង​៤៥​នាទី​ យប់​ថ្ងៃ​ទី​៧​ខែកញ្ញា​ អគ្គិភ័យ​បាន​ឆាបឆេះ​ក្លឹ​ប​កម្សាន្ត​មួយ​កន្លែង​ដែល​មានឈ្មោះ​ថា​ ឃី​ក្លឹ​ប​ ស្ថិត​នៅ​ក្នុង​សង្កាត់​ចាក់​អង្រែ​ក្រោម​ ខណ្ឌមានជ័យ​។​ ហេតុការណ៍​នេះ​បាន​បណ្តាល​ឲ្យ​មនុស្ស​ស្រី​៥​នាក់​ស្លាប់​ និង​មនុស្ស​ប្រុស​២​នាក់​រង​របួសធ្ងន់​។​ ជន​រង​គ្រោះ​គឺជា​បុគ្គលិក​ដែល​បម្រើ​ការងារ​នៅ​ក្នុង​ក្លឹ​ប​ និង​មាន​ភ្ញៀវ​ដែល​ចូល​ទៅ​កម្សាន្ត​នៅ​ក្នុង​ក្លឹ​ប​នេះ​ផង​ដែរ​ ៕

Share

Image
Image
Image