en     km
en     km

​គណៈកម្មការ​នៃ​ក្រុម​អ្នកជំនាញ​ច្បាប់​អន្តរជាតិ​ទទូច​ឲ្យ​កម្ពុជា​ធានា​សិទ្ធិ​សម្តែង​មតិ​

Share

ភ្នំពេញ​៖​គណៈកម្មការ​នៃ​ក្រុម​អ្នកជំនាញ​ច្បាប់​អន្តរជាតិ​របស់​អង្គការសហប្រជាជាតិ​(ICJ)​បាន​ចេញ​សេច ក្តីថ្លែងការណ៍​ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ធានា​ពី​សិទ្ធិ​បញ្ចេញមតិ​ជា​មូលដ្ឋាន​ដោយ​កែតម្រូវ​ច្បាប់​ បទបញ្ជា​ និង​គោលនយោបាយ​ដែល​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​។​ តែ​សម្រាប់​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ច្រាន​ចោល​សេចក្តីថ្លែងការណ៍​របស់​ ICJ​ដោយ​ចាត់​ទុក​ថា​ក្រុម​នេះ​ធ្វើការ​វិនិច្ឆ័យ​ខុស​ពី​ការ​ពិត​។​

​យោង​តាម​សេចក្តីថ្លែងការណ៍​របស់​គណៈកម្មការ​នៃ​ក្រុម​អ្នកជំនាញ​ច្បាប់​អន្តរជាតិ​ (ICJ)​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​ ២០​ ខែ​ មិថុនា​នេះ​ បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ប្រតិបត្តិ​គោរព​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​ដោយ​អនុវត្ត​តាម​អនុសាសន៍​របស់​អ្នករាយការណ៍​ពិសេស​ និង​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ​។

​គណៈកម្មការ​នៃ​ក្រុម​អ្នកជំនាញ​ច្បាប់​អន្តរជាតិ​មានការ​ព្រួយបារម្ភ​ទាក់​ទង​នឹង​ការ​បន្ត​យក​ច្បាប់​ធ្វើ​ជា​ អាវុធ​ក្នុង​ការ​ចោទប្រកាន់​ពី​បទឧក្រិដ្ឋ​ ហើយ​ឈាន​ដល់​ការ​រឹត​ត្បឹ​ត​ធ្ងន់ធ្ងរ​លើ​សេរីភាព​សម្តែង​មតិ​នៅ​ អាស៊ី​អាគ្នេយ៍​ ក្នុង​នោះ​ក៏​មាន​កម្ពុជា​ផង​ដែរ។​ ជា​ពិសេស​ ច្បាប់​ទាំងនោះ​ បង្កើត​ឡើង​ ដើម្បី​ធ្វើ​ទុក​បុក​ម្និញ​ និង​បំភិតបំភ័យ​ ទៅ​លើ​អង្គការ​សង្គម​ស៊ី​វិល​ អ្នក​សារព័ត៌មាន​ អ្នកនយោបាយ​ និង​ប្រជាពលរដ្ឋ​។

​គណៈកម្មការ​នេះ​បាន​បង្ហាញ​ថា​ ជាក់ស្តែង​មនុស្ស​បី​នាក់​ត្រូវ​បាន​ចាប់ខ្លួន​ ក្នុង​នោះ​ពីរ​នាក់​ត្រូវ​បាន​ចោទប្រកាន់​ កាលពី​ខែ​ ឧសភា​ ហើយ​ម្នាក់​ទៀត​ទើបត្រូវ​បាន​ចាប់ខ្លួន​កាលពី​ស​ប្តា​ហ៍​មុន​ ក្រោម​បទ​ចោទ​«​ប្រមាថ​ព្រះមហាក្សត្រ​»​ នៅ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។​ ករណី​ស្រ​ដៀង​គ្នា​នេះ​ តុលាការ​សម្រេច​ចោទប្រកាន់​ស្ត្រី​ម្នាក់​ទៀត​ដែល​ត្រូវ​បាន​និរទេស​ពី​ប្រទេស​ថៃ​មក​កម្ពុជា ​ដើម្បី​ឃុំខ្លួន​ ដោយសារ​បង្ហោះ​សារ​រិះគន់​រដ្ឋាភិបាល​។​

​កាលពី​ថ្មី​នេះ​ បទបញ្ជា​អន្តរក្រសួង​បាន​ចុះហត្ថលេខា​កាលពី​ខែ​មុន​អនុញ្ញាត​ឱ្យ​ភ្នាក់ងារ​រដ្ឋាភិបាល​ធ្វើការ​តាមដាន​ និង​ត្រួតពិនិត្យ​ព័ត៌មាន​នៅ​លើ​វេ​ប​សាយ​ និង​បណ្តាញ​សង្គម​នានា​ដែល​អង្គការ​នេះ​ចាត់ទុកជា​ការ​រឹតត្បិត​ថែម​ទៀត​។​នេះបើតាមគណៈកម្មការ​នៃ​ក្រុម​អ្នកជំនាញ​ច្បាប់​អន្តរជាតិ។

​ករណី​នេះ​គណៈកម្មការ​នៃ​ក្រុម​អ្នកជំនាញ​ច្បាប់​អន្តរជាតិ​ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព​តាម​អនុសាសន៍​នៅ​ក្នុង​របាយការណ៍​របស់​អ្នករាយការណ៍​ពិសេស​ ដើម្បី​ធានា​នូវ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​ដោយ​កែតម្រូវ​ច្បាប់​ បទបញ្ជា​ គោលនយោបាយ​ និង​សកម្មភាព​ផ្សេង​ទៀត​ ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​សម្តែង​មតិ​ជា​មូលដ្ឋាន​ដោយ​អយុត្តិធម៌​។​

​ការ​ព្រួយបារម្ភ​ពី​សិទ្ធិ​មនុស្ស​នេះ​ ធ្វើ​ឡើង​ប៉ុន្មាន​ថ្ងៃ​ បន្ទាប់​ពី​ក្រសួង​រតនាគារ​អា​មេ​រិ​ក​សម្រេច​ដាក់​ទណ្ឌកម្ម​ដោយ​បង្កក​ទ្រព្យសម្បត្តិ​លោក​ឧត្តមសេនីយ៍​ ហ៊ីង​ ប៊ុ​ន​ហៀ​ង​អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពល​ខេ​ម​ភូមិន្ទ​ និង​ជា​មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​អង្គរក្ស​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ជាប់​ពាក់ព័ន្ធ​នឹង​ការ​រំលោភសិទ្ធិ​មនុស្ស​។​

​ប៉ុន្តែ​លោក​ឧត្តមសេនីយ៍​ ហ៊ីង​ ប៊ុ​ន​ហៀ​ង​ បដិសេធ​ថា​ គ្មាន​លុយ​តម្កល់​នៅ​អា​មេ​រិ​ក​ ហើយ​ពន្យុះ​ឲ្យ​អា​មេ​រិ​ក​រឹបអូស​លុយ​ទាំងនោះ​បើ​អា​មេ​រិ​ករក​ឃើញ​។​ ជ​មួយ​គ្នា​នេះ​ ក្រសួងការពារជាតិ​ និង​ក្រសួង​មួយ​ចំនួន​ទៀត​ថ្កោលទោស​អា​មេ​រិ​ក​ក្នុង​ករណី​នេះ​។​

​លោក​ ជិន​ ម៉ា​លី​ន​ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ ច្រានចោល​សេចក្តីថ្លែងការណ៍​របស់​គណៈកម្មការ​នៃ​ក្រុម​អ្នកជំនាញ​ច្បាប់​អន្តរជាតិ​(ICJ)​ ដោយ​ការពារ​យន្តការ​របស់​រដ្ឋាភិបាល​ថា​ ជា​ការពារ​សន្តិសុខ​សុវត្ថិភាព​ និង​សណ្តាប់ធ្នាប់​សាធារណៈ​។​

​ចំពោះ​ច្បាប់​ស្តី​ពី​«​ប្រមាថ​ព្រះមហាក្សត្រ​»​ លោក​ ជិន​ ម៉ា​លី​ន​ ពន្យល់​ថា​ ច្បាប់​នេះ​គឺជា​ការពារ​ព្រះ​ចេស្តារ​របស់​ព្រះមហាក្សត្រ​ជា​និមិត្តរូប​របស់​កម្ពុជា​។​

​លោក​ ជិន​ ម៉ា​លី​ន​៖​ «​អ្វី​ដែល​កម្ពុជា​យើង​ធ្វើ​នេះ​អត់​មាន​អ្វី​ខុស​ពី​គេ​ទេ​ គឺថា​ ការ​ប្រមាថ​ ការ​មាក់ងាយ​ បង្ខូច​កេ​រ្តី៍​គឺ​ត្រូវ​តែ​ទប់ស្កាត់​ បើ​មិន​អ​ញ្ចឹ​ង​ទេ​សង្គម​នឹង​ទៅ​ជា​អណាធិបតេយ្យ​ ហើយ​អាច​ទៅ​ជា​នាំ​ឲ្យ​មាន​ភាព​ហិង្សា​ចលាចល​ក្នុង​សង្គម​ហើយ​មធ្យោបាយ​ដែល​ទប់ស្កាត់​គឺ​ ការ​អនុវត្តន៍​ច្បាប់​។​រៀបចំ​ច្បាប់​ហើយ​អនុវត្តន៍​ឲ្យ​បាន​ម៉ឺន​ម៉ាត់​តឹង​រឹង​ ហើយ​ចំណែក​កម្ពុជា​ ការ​ប្រមាថ​ព្រះមហាក្សត្រ​គឺ​យើង​ចាត់ទុកជា​បទល្មើស​ ដោយសារ​យើង​ជា​របប​រាជា​និយម​។​»​

​ចាប់តាំងពី​ច្បាប់​ដាក់ទោស​ អ្នក​ប្រមាថ​ព្រះមហាក្សត្រ​ត្រូវ​បាន​វិសោធនកម្ម​កាលពី​ខែ​ កុម្ភៈ​ ឆ្នាំ​ ២០១៨​នេះ​ យ៉ាងតិច​ជនសង្ស័យ​បី​នាក់​ត្រូវ​បាន​ចាប់​និង​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ក្រោម​បទ​ចោទ​«​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ​»​ នៅ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ តាម​មាត្រា​ ៤៣៧​ ស្ទួន​នៃ​ច្បាប់​ស្តី​ពី​វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ​។​

​ជាមួយ​គ្នា​នេះ​លោក​ សម​ រ​ង្ស៊ី​ ប្រធាន​ចលនា​សង្គ្រោះ​ជាតិ​ត្រូវ​បាន​តុលាការ​ចេញ​ដីកា​កោះហៅ​ មក​ចូល​បំភ្លឺ​ក្នុង​សំណុំរឿង​ប្រមាថ​ព្រះមហាក្សត្រ​។​

​ក្នុង​មាត្រា​ ៤៣៧​ ស្ទួន​ នៃ​ក្រុម​ព្រហ្មទណ្ឌ​ស្តី​ពី​បទ​ប្រមាថ​ព្រះមហាក្សត្រ​ ជនជាប់ចោទ​អាច​នឹង​ប្រឈម​ជាប់​ពន្ធនាគារ​ពី​ ១​ ឆ្នាំ​ ទៅ​ ៥​ ឆ្នាំ​ ហើយ​ពិន័យ​ជា​ប្រាក់​ពី​ ២​ លាន​រៀល​ ដល់​ ១០​ លាន​ រៀល​៕

Share

Image
Image
Image