en     km
en     km

​ខ្សាច់​ដុះ​កើនឡើង​ក្នុង​តំបន់​អភិរក្ស​អណ្តើក​ហ្លួង​ក្រោយ​ការ​បញ្ឈប់​អាជីវកម្ម​បូ​ប​ខ្សាច់​

Share

ភ្នំពេញ​៖​ អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ ឱ្យ​ដឹង​ថា​ ដីខ្សាច់​ដុះ​កើនឡើង​នៅ​តាម​តំបន់​អភិរក្ស​អណ្តើក​ហ្លួង​ក្នុង​ប្រព័ន្ធ​ព្រែក​ស្រែអំបិល​ក្រោយ​ពី​រាជរដ្ឋាភិបាល​សម្រេច​បញ្ឈប់​ការ​បូម​ខ្សាច់​។​ អង្គការ​អភិរក្ស​សត្វព្រៃ​ ឱ្យ​ដឹង​ថា​ ខ្សាច់​ដុសកើន​ឡើងជា​សញ្ញា​វិជ្ជមាន​សម្រាប់​ជា​ប្រភព​ចំណីអាហារ​និង​ជំរក​ពង​កូនអណ្តើក​ហ្លួង​ដែល​ជា​សត្វ​កម្រ​ជិត​ផុត​ពូជ​ជាស​កល​។​

​លោក​ ធូ​ វិ​រៈ​ ជូន​សេចក្តីរាយការណ៍​

ដីខ្សាច់ដុះកើនឡើងនៅតាមតំបន់អភិរក្សអណ្តើកហ្លួងក្នុងប្រព័ន្ធព្រែកស្រែអំបិលក្រោយពីរាជរដ្ឋាភិបាលសម្រេចបញ្ឈប់ការបូមខ្សាច់។ រូបភាព៖ អង្គការ WCS

​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​​​​​ ​(WCS)​​ ​បាន​បង្ហាញ​ផល​វិជ្ជា​មាន​នៃ​កំណើន​អណ្តើ​ង​ហ្លួង​ដែល​កំពុង​ប្រឈម​ទៅ​រក​ជិត​ផុត​នៅ​លើ​សកលលោក​ ក្រោយ​ពី​ក្រសួង​រ៉ែ​ និង​ថាមពល​ សម្រេច​មិន​ឱ្យ​មាន​អាជីវ​កម្ម​បូម​ខ្សាច់​សមុទ្រ​នៅ​ប្រព័ន្ធ​ព្រែក​ស្រែអំបិល​ដែល​ជាទី​ជំរក​ពក​កូនចុង​ក្រោយ​ សម្រាប់​សត្វ​អណ្តើក​ហ្លួង​។​ ការ​បញ្ឈប់​អាជីវកម្ម​បូម​ខ្សាច់​នាំ​ឱ្យ​កកើត​ឡើង​វិញ​នៅ​ជំរក​សត្វ​អណ្តើ​ង​ហ្លួង​។


​លោក​ កែន​ សេរីរ​ដ្ឋា​ ប្រធាន​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​(WCS)​ ឱ្យ​ដឹង​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា​ អណ្តើ​ង​ហ្លួង​រស់នៅ​ដោយ​ពឹងផ្អែក​ជា​ចាំបាច់​តំបន់ឆ្នេរ​ខ្សាច់​ ព្រៃ​លិច​ទឹក​ ព្រៃកោងកាង​សម្រាប់​ប្រភព​ក​ចំណី​ និង​បន្ត​ពូជ​។​

​លោក​ កែន​ សេរីរ​ដ្ឋា​៖«​ខ្ញុំ​ពិតជា​សប្បាយ​រីករាយ​ជា​អនេក​ដែល​ឆ្នេរ​ខ្សាច់​ជាទី​ជម្រក​ពង​កូន​របស់​អណ្តើក​ហ្លួង​កំពុង​កកើត​ឡើង​វិញ​នៅ​តាម​ប្រព័ន្ធ​ព្រែក​ស្រែអំបិល​ ក្រោយ​រង​ការ​បំផ្លិចបំផ្លាញ​ដោយ​ការ​បូម​ខ្សាច់​ក្នុង​មួយ​ទសវត្សរ៍​កន្លង​មក​»​។​

​រាជរដ្ឋាភិបាល​សម្រេច​ដាក់​ប​ញ្ជូ​ល​សត្វ​អណ្តើក​ហ្លួង​ជា​ប្រភេទ​សត្វ​ល្មូ​ន​តំណាង​ឱ្យ​ប្រទេស​កម្ពុជា​ កាលពី​ថ្ងៃ​ទី​ ២១​ ខែ​ មីនា​ ឆ្នាំ​ ២០០៥​។​ អណ្តើក​ហ្លួង​ស្ថិត​នៅ​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ​ IUCN​ ជា​ប្រភេទ​រង​គ្រោះ​ជិត​ផុត​ពូជ​បំផុត​ និង​ស្ថិត​នៅ​ក្នុង​ចំណោម​អណ្តើក​ ២៥​ ប្រភេទ​ កំពុង​រងគ្រោះថ្នាក់​ខ្លាំង​ជាងគេ​បំផុត​នៅ​លើ​លោក​។​

​លោក​ អ៊ុ​ក​ វិបុល​ ប្រធាន​នាយកដ្ឋាន​អភិរក្ស​ជលផល​នៃ​រដ្ឋបាល​ជលផល​ ឱ្យ​ដឹង​ថា​ រដ្ឋបាល​ជលផល​បាន​ធ្វើការ​យ៉ាង​សកម្ម​ជាមួយ​ក្រសួង​រ៉ែ​ និង​ថាមពល​ក្នុង​ការ​លុប​បំបាត់​សកម្មភាព​បូម​ខ្សាច់​នានា​ នៅ​តាម​ប្រព័ន្ធ​ព្រែក​ស្រែអំបិល​ដែល​ជា​ជម្រក​ចុង​ក្រោយ​សម្រាប់​អណ្តើក​ហ្លួង​រស់នៅ​និង​ពង​កូន​។​

​លោក​ វិបុល​ បន្ថែម​ថា​ រ​ដ្ឋា​បាល​ជលផល​កំពុង​រៀបចំសេចក្តី​ព្រាង​ប្រកាស​របស់​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​ នេសាទ​ ដើម្បី​ដាក់​តំបន់​មួយ​ចំនួន​ធំ​នៅ​តាម​ព្រែក​ស្រែអំបិល​ជា​តំបន់​គ្រប់គ្រង​សម្រាប់​សត្ង​អណ្តើក​ហ្លួង​ និង​ក្រពើ​ត្រី​។​ លោក​ថា​ សេចក្តី​ប្រកាស​នេះ​ នឹង​ចូល​ជា​ធរមាន​នៅ​ពេល​ឆាប់ៗ​នេះ​។​

​អង្គការ​ WCS​ បាន​សហការ​ជាមួយ​អាជ្ញាធរ​ព្រ​លែង​អណ្តើក​ហ្លួង​ចំនួន​ពីរ​លើក​នៅ​ឆ្នាំ​ ២០១៥​ និង​ ឆ្នាំ​ ២០១៧​ សរុប​អណ្តើក​ហ្លួង​ចំនួន​ ៤៦​ ក្បាល​។​

​ក្នុង​រយៈ​តាមដាន​ការ​បំ​លាស់​ទី​របស់​អណ្តើក​ហ្លួង​ដោយ​ភ្ជាប់​ឧបករណ៍​តាមដាន​លើ​ខ្លួន​វា​បង្ហាញ​ឱ្យ​ឃើញ​ថា​ មាន​អណ្តើក​មួយ​ក្បាល​ផ្លាស់​ទី​ទៅ​មាន​ចំណាយ​ជិត​១០០​គីឡូម៉ែត្រ​ ពី​ទីតាំង​ព្រ​លែង​ ហើយ​ក្បាល​ទៀត​ជួប​មួ​ង​អ្នកនេសាទ​តែ​ប្រគល់​ឱ្យ​អង្គការ​វិញ​។​

​អង្គការ​អភិរក្ស​សត្វព្រៃ​ បញ្ជាក់​ថា​ អណ្ដើក​ហ្លួង​ នៅ​លើ​សាកលលោក​ មាន​មិន​ដល់​ ៥០០​ក្បាល​នោះ​ទេ​។​ សម្រាប់​កម្ពុជា​អង្គការ​ WCS​ ប្រចាំ​ប្រទេស​កម្ពុជា​ មាន​ចំនួន​ប្រមាណ​ ៥០​ ក្បាល​ ប៉ុណ្ណោះ​៕

Share

Image
Image
Image